សំណុំរឿងព្រហ្មទណ្ឌនៅតាមសាលាដំបូងរាជធានី ខេត្ត ដែលកកស្ទះជិត៣,៥០០ ករណី ត្រូវបានដោះស្រាយ បន្ទាប់ពីអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងអស់រយៈពេល៤២ថ្ងៃ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព័ត៌មាន ចេញនៅថ្ងៃទី២ ខែកក្កដា នេះ បញ្ជាក់ថា យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលារាជធានី ខេត្ត បានចាប់ផ្តើមអនុវត្តកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ដោយមានគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុះរឿងនៅតាមសាលាដំបូងរាជធានីខេត្ត (គ.យ.ក.ស) ជាអ្នកអនុវត្ត។ គិតត្រឹមថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០នេះ សំណុំរឿងព្រហ្មទណ្ឌនៅតាមសាលារាជធានី ខេត្ត បានជំនុំជម្រះរួចប្រមាណ៣,៤៥៤ សំណុំរឿង ស្មើនឹង២៧ ភាគរយនៃសំណុំរឿងសរុប។
សេចក្តីប្រកាសព័ត៌មានដដែលនោះបញ្ជាក់ថា៖ «(គ.យ.ក.ស) រំពឹងថា សាលាដំបូងរាជធានី ខេត្ត ទូទាំងប្រទេស នឹងបន្តខិតខំដោះស្រាយសំណុំរឿងកកស្ទះទាំងនោះ ឲ្យបានចប់សព្វគ្រប់នៅបំណាច់ឆ្នាំ២០២០នេះ ដោយប្រកាន់ខ្ជាប់នូវអភិក្រមការងារក្នុងយុទ្ធនាការ គឺលឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ»។
Newsroom មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានទេ។
លោក អំ សំអាត នាយករងផ្នែកទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ មានប្រសាសន៍ថា ការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមបណ្តាសាលារាជធានី ខេត្ត នេះ គឺជាជំហានវិជ្ជមានដែលក្រសួងយុត្តិធម៌បានបើកយុទ្ធនាការនេះឡើង ដើម្បីពន្លឿននីតិវិធី ដំណើរការជំនុំជម្រះ និងដំណើរការតុលាការឲ្យមានភាពប្រសើរឡើង។ លោកបន្តថា ទោះបីជាក្រសួងយុត្តិធម៌អនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងបានល្អប្រសើរក៏ដោយ តែលោកនៅតែសំណូមពរឲ្យក្រសួងពង្រឹងការជំនុំជម្រះដោយយុត្តិធម៌។
លោកបញ្ជាក់ថា៖ «យើងនៅតែទទូចថា ធ្វើយ៉ាងណាគឺត្រូវតែពឹងផ្អែកទៅលើនីតិវិធី ទៅលើច្បាប់ ទៅលើបញ្ហាតម្លាភាព និងយុត្តិធម៌»។
លោកបន្ថែមទៀតថា ការពន្លឿននីតិវិធីនៅតុលាការនឹងបានចូលរួមកាត់បន្ថយការកកស្ទះនៅក្នុងពន្ធនាគារ និងមានអត្ថប្រយោជន៍ដល់ជនជាប់ចោទជាដើម។
លោកបញ្ជាក់ថា៖ «ការពន្លឿននីតិវិធីនៅតុលាការ ការកកស្ទះសំណុំរឿង ទីមួយវាមានប្រយោជន៍ដល់ជនជាប់ចោទ បានន័យថា ជនជាប់ឃុំ អីចឹងអាចកាត់បន្ថយនៃភាពចង្អៀតណែននៅក្នុងពន្ធនាគារបានមួយផ្នែក ព្រោះករណីខ្លះអាចនឹងមានការឲ្យនៅក្រៅឃុំបណ្តោះអាសន្ន រឿងខ្លះអាចមានការលើកលែងចោទ រឿងខ្លះអាចមានការព្យួរទោសជាដើម»។
កាលពីដើមខែឧសភា អង្គការការពារសិទ្ធិមនុស្សអន្តរជាតិ Amnesty International បានចេញផ្សាយរបាយការណ៍មួយ ក្រោយបានសម្ភាស៍អ្នកធ្លាប់មានបទពិសោធន៍នៃការចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ដោយក្នុងនោះរកឃើញអំពើពុករលួយ និងការរំលោភសិទ្ធិមនុស្ស ដោយមានការបង្ខំឲ្យឆ្លើយសារភាពជាដើម៕