នៅព្រឹក​ថ្ងៃពុធ​នេះ អាជ្ញាធរ​​ខណ្ឌ​ចំការមន​បាន​​​​ហាមឃាត់​​យុវជន​ និង​ព្រះ​សង្ឃ​ជាង​២០​អង្គនាក់ មិន​ឲ្យ​ដាក់​កម្រង​ផ្កា​​​គោរព​វិញ្ញាណក្ខន្ធ​​លោក​បណ្ឌិត កែម ឡី ក្នុង​ខួប​​បួន​​ឆ្នាំនៃ​ការ​បាញ់​សម្លាប់​លោក នៅ​​​ស្ថានីយ៍ប្រេងឥន្ទនៈ​កាល់​តិច ស្តុប​បូកគោ​។

យុវជនដែលគាំទ្រលោកបណ្ឌិត កែម ឡី និងព្រះសង្ឃជាង​២០អង្គនាក់ ​ នៅព្រឹកថ្ងៃទី០៨ ខែកក្កដា​នេះ បានប្រមូលផ្តុំគ្នា​​​​ម្តុំ​​ស្ថានីយ៍​ប្រេង​ឥន្ធនៈកាល់តិច ​ស្តុប​បូកគោ រាជធានី​ភ្នំពេញ ដើម្បី​គ្រោង​​​ធ្វើពិធីបង្សុកូល​​រំឮ​ក​ខួប​នៃ​ការបាត់​បង់​ជីវិត​របស់​លោកបណ្ឌិត កែម ឡី ដែល​ជា​អ្នកវិភាគ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​ស្ថានីយ៍​ប្រេង​ឥន្ធនៈនោះ​ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ កន្លង​ទៅ។ 

​ខណៈពួកគេ​កំពុង​ប្រមូល​ផ្តុំ​ដើម្បី​ត្រៀម​ចូល​​ទៅ​ស្ថានីយ៍​ប្រេង​ឥន្ធនៈនោះ កង​សន្តិសុខ​ខណ្ឌរាប់​សិប​នាក់​បាន​​​ហាមឃាត់ និង​ដេញ​ពួកគេ​ចេញ​ពី​បរិវេណ​នោះ  មិន​​ឲ្យ​ពួកគេ​ចូល​ធ្វើពិធី ​​ដោយ​មូលហេតុ​ថា​ ​មាន​ការ​ស្នើ​សុំ​​ពី​​ម្ចាស់​ស្ថានីយ និង​​ដើម្បី​​រក្សា​​សណ្តាប់​ធ្នាប់​សន្តិសុខ​​សាធារណៈ​​។

កញ្ញា ភឿន កែវរស្មី យុវជន​ម្នាក់​ដែល​បាន​ចូលរួម​ក្នុង​គម្រោង​គោរព​វិញ្ញាណក្ខន្ធ​នោះ ​លើក​ឡើង​ថា ការប្រមូល​ផ្តុំគ្នា​ដែ​ល​មាន​ទាំង​យុវជន និង​ព្រះសង្ឃ គឺ​ចង់​ធ្វើ​ពិធី​គោរព​វិញ្ញាណក្ខ័ន្ធ​របស់​លោក​បណ្ឌិត កែម ឡី។ កញ្ញាបន្តថា ការរារាំង​ពី​សំណាក់​អាជ្ញាធរ​គឺជា​ការបង្ហាញ​ឲ្យ​ឃើញ​ពី​ការរឹតត្បិត​សិទ្ធិ​សេរីភាព ដែល​ធ្វើ​ឲ្យ​យុវជន​មាន​ការភ័យ​ខ្លាច និង​មិន​ហ៊ាន​ធ្វើអ្វី​ដែល​ខ្លួន​ចង់​ធ្វើ។​ 

កញ្ញា​បញ្ជាក់​ថា៖ «​អ្វី​ដែល​យើង​ធ្វើរាល់ថ្ងៃនឹង ហើយ​ក៏​ដូចជា​ព្រឹក​នឹង​ អត់​មាន​ខុស​ច្បាប់​ទេ ប៉ុន្តែ​ខាង​អាជ្ញាធរ​ទេ​ដែល​គាត់​ខុស​ច្បាប់ ហើយ​ក៏​ដូចជា​ប្រមូល​ផ្តុំគ្នា​ច្រើន​ជាង​យើង​យុវជន​យើង​មក​ធ្វើ​ផ​ង។ អីចឹង​ទៅ​អ្នក​ខ្លះ​ក៏​មាន​ម៉ាស​អ្នក​ខ្លះក៏​អត់ម៉ាស​ ហើយ​មើល​ទៅ​វា វា​បង្ក​ទៅ​ជា​គ្រោះថ្នាក់​ដល់​យើង​ដែល​ជា​យុវជន​មក​ចូលរួម​វិញ​»។

កញ្ញា​បន្ថែម​ដោយ​សំណូមពរ​ឲ្យ​អាជ្ញាធរ​ចូលរួម​គោរព ធ្វើការ​តាម​នីតិវិធី និង​អនុវត្តន៍​ច្បាប់ ជៀសវាង​ការធ្វើអ្វី​មួយ​តាមថ្នាក់លើ​ដោយ​បំពាន​ច្បាប់។

កញ្ញា​ថា៖ «​​បើ​គាត់កាន់ច្បាប់ គាត់ចេះច្បាប់ សូមឲ្យគាត់គោរពច្បាប់ មែន​គាត់​ជា​អ្នក​កាន់​ច្បាប់​ គាត់​ចេះច្បាប់​ តែ​ទង្វើរ​ដែល​គាត់​ធ្វើ​មក​ធ្វើតាម​មេ​តាម​កើយ តាម​បញ្ជា​ថ្នាក់​លើ​ មិន​ដែល​លើក​ច្បាប់​មក​និយាយ​ទេ។​ ហើយ​នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​លើក​ច្បាប់​មក​និយាយ​គឹគាត់​មិន​ទទួល​ស្គាល់​ថា ស្អី​ដែល​យើង​ធ្វើ​ហ្នឹង​ត្រូវ​ច្បាប់​ដែរ​។ គាត់​នៅ​តែរឹតត្បិត​សិទ្ធិ​សេរី​ភាព​យើង»។

ចំណែក​ព្រះ​តេជគុណ កើត សារ៉ាយ ព្រះសង្ឃ​មួយ​អង្គ​ដែលបាន​ចូលរួម​ជាមួយ​យុវជន មាន​សង្ឃ​ដីកា​ថា ការរារាំង​យុវជន និង​ព្រះសង្ឃ​​នាព្រឹក​ថ្ងៃពុធ​នេះ ជាការ​រំលោភ​បំពាន​សិទ្ធិ​ធ្ងន់ធ្ងរ​ដល់​ប្រជាពលរដ្ឋ។​ ព្រះតេជគុណ​បន្ត​ថា​ សិទ្ធិ​សេរីភាព​ដែល​ចែង​ដោយ​ច្បាប់ និង​បាន​មក​ពី​ការច្បាំង​ដោយ​ចំណេះដឹង​ ទើប​ជាសិទ្ធិ​សេរីភាព​ពិតប្រាកដ​សម្រាប់​ប្រជាពលរដ្ឋ​ទាំងអស់។ 

តេជគុណ​មានសង្ឃដីកា​ថា៖ «​មិនមាន​ការរំពឹង​ខ្ពស់​នៅឡើ​យទេ​ដែល​អាច​ធ្វើ​ឲ្យ​សង្គម​ខ្មែរ​មាន​សុចរិតភាព ដរាបណា​ការអនុវត្ត​ច្បាប់​នៅ​តែ​ប្រកាន់​និន្នាការ​នយោបាយ»។ 

ចំណែក​លោក ហ៊ុន វណ្ណៈ យុវជន​ម្នាក់​ទៀត​ដែល​ចូលរួម​ប្រារព្ធ​ពិធី​នោះ​ដែរ​ លើកឡើងថា​សកម្មភាព​​របស់​អាជ្ញាធរ​ធ្វើឲ្យ​ប្រជាពលរដ្ឋ និង​យុវជន​ចាប់ផ្តើម​មើល​រំលង និង​មិន​ឲ្យ​តម្លៃ​ពួកគាត់​​ទៅវិញ​។

លោកថា៖​ «បើយើងសិក្សាពីផ្លូវច្បាប់ គឺលិខិតហ្នឹង [លិខិត​ចេញដោយ​រដ្ឋបាល​ខណ្ឌ​ចំការ​មន ហាម​​មិនឲ្យ​ពលរដ្ឋ​ប្រារព្ធ​ពិធី​រំឮកវិញ្ញាណក្ខន្ឌ​លោក​បណ្ឌិត​ កែម ឡី] ក៏​គាត់​រំលោភ​សិទ្ធិ​សេរី​ភាព​​ប្រជាពលរដ្ឋ ក៏​​ធ្វើ​​ខុស​​នឹង​​ច្បាប់​​រដ្ឋធម្មនុញ្ញ​ដែរ។ អីចឹង​របស់​ដែល​គាត់ធ្វើ​កន្លងម​ក ដូច​បង្រៀន​ឲ្យ​ប្រជាពលរដ្ឋ​ចាប់ផ្តើម​លែង​គោរព​គាត់​ »។

លោក ស៊ឹង សែនករុណា មន្ត្រីជាន់ខ្ពស់ និង​ជាអ្នកនាំពាក្យ​​​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លើក​ឡើង​ថា ការ​​ហាមឃាត់​ព្រះសង្ឃ និងក្រុម​យុវជន​ដែល​គាំទ្រលោកបណ្ឌិត កែម ឡី មិប​ឲ្យ​ធ្វើ​ពិធី​រំលឹក​វិញ្ញាណក្ខ័ន្ធ​​​​លោក​នៅ​ក្នុង​បរិវេណ​ម៉ាត​កាល់តិច​បូកគោ ក្រោមហេតុ​ផល​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ និង​មាន​បណ្តឹង​ពី​ខាង​ម្ចាស់​ម៉ាត​កាល់តិច គឺ​ជា​រឿង​មិនសម​ហេតុ​ផល​។ លោក​បន្ថែម​ថា អាជ្ញាធរ​គួរ​តែ​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​​ដែឡ​ជា​អ្នកគាំទ្រ​លោកល​បណ្ឌិត​ កែម ឡី ទាំង​នោះ​​បាន​ធ្វើ​កម្មវិធី​ ដើម្បី​គោរព​​វីរៈ​ភាព​របស់​លោក​។ 

លោកបន្តថា​៖ ​«អាជ្ញាធរ​គួរ​តែ​សម្រួល​ឲ្យគា​ត់ធ្វើពិធីបាន​ចប់​សព្វគ្រប់ នៅម៉ាតបូកគោ​ហ្នឹង គឺ​មិនមាន​ភាពច្របូក​ច្របល់​ទេ។ ​អាជ្ញាធរ​ធ្វើ​អីចឹង​អាច​នឹង​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ វា​មិន​អាច​មក​ពី​ពួកគាត់​ទេ អាច​មក​ពី​អាជ្ញាធរ​ទាំងអស់​ហ្នឹងវិញ»។

នៅព្រឹកនេះ​​ដែរ ក៏​មានការ​ឃា៦ត់​ខ្លួន​យុវជនម្នាក់​ដែល​មាន​ពាក់អាវ​យឺត​រូប​លោក​បណ្ឌិត​ កែម ឡី នៅ​ស្តាម៉ាត ក្នុង​ស្ថានីយ៍​ប្រេង​ឥន្ធនៈ​នោះ​ផង​ដែរ។ 

លោក ថេង សុថុល អភិបាលខណ្ឌ​ចំការមន​មាន​ប្រសាសន៍ អាជ្ញាធរ​មិនបាន​ចាប់ខ្លួន​យុវជន​នោះ​ទេ គ្រាន់តែ​ហៅ​សាកសួរ​តែប៉ុណ្ណោះ។ លោក​បន្ត​ថា មូលហេតុ​គឺ​ «ដោយសារ​យុវជន​នោះ​ពាក់អាវ​យឺត​ដែល​គួរ​ឲ្យសង្ស័យ»។ ប៉ុន្តែលោក​ថា អាជ្ញាធរក៏​បាន​ឲ្យ​យុវជន​នោះ​ត្រឡប់​ទៅ​វិញ​ផង​ដែរ​នៅ​ព្រឹក​មិញ​នេះ។ 

សម្រាប់ការ​ហាម​ឃាត់​ក្រុម​យុវជន និង​ព្រះ​សង្ឃ​មិន​ឲ្យ​ធ្វើ​ពិធី លោក ថេង សុថុល ​លើកឡើង​​ថា ដោយសារ​​ក្រុម​យុវជន​ទាំងនោះ​មិន​បាន​សុំច្បាប់​អនុញ្ញាត និង​ថា នោះ​ក៏​ជា​សំណូមពរ​របស់​ម្ចាស់​ស្ថានីយ៍​អោយ​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ និង​ដោយការ​ជូនដំណឹង​រប​ស់រដ្ឋាភិបាល និង​ក្រសួង​ធម្មការ​មិន​ឲ្យជួបជុំ​ក្នុង​កំឡុង​ពេល​មាន​ជំងឺ​កូវីដ​។ 

លោកថា៖ «ខ្ញុំមើលឃើញ​ថា​វា​អត់​មាន​ប៉ះពាល់សិទ្ធិ​អី​ផង ព្រោះអីក​ន្លែង​គោរព​ពិធី កន្លែង​អី​ អឺ ចង់និ​យាយ​ថា ខ្ញុំ​ជា​អាជ្ញាធរ ខ្ញុំ​គិត​រឿង​បញ្ហា​សុខ​សុវត្ថិភាព សណ្តាប់​ធ្នាប់​សង្គម​ »។

លោកបណ្ឌិត កែម ឡី អ្នកវិភាគ​នយោបាយ​ ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​ទាំង​កណ្តាល​ថ្ងៃ នៅ​ក្នុង​ហាង​លក់​ទំនិញ​មួយ​កន្លែង​ ក្នុង​ស្ថានីយ៍​ប្រេងឥន្ធនៈកាល់តិច​ ស្តុបបូកគោ នៅ​រាជ​ធានី​ភ្នំពេញ កាលពីថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០១៦​។ ជារៀងរាល់ឆ្នាំ នៅថ្ងៃទី១០ ខែកក្កដា តែង​មាន​ក្រុម​យុវជន​ និង​អ្នក​គាំទ្រលោក​​ចូលរួម​ប្រារព្ធ​ពិធី​គោរព​វិញ្ញាក្ខន្ធ​ ដោយ​មានដាក់​កម្រង​ផ្កា និង​រៀបចំ​ពិធី​បែប​សាសនា​ផ្សេងៗ​ ប៉ុន្តែ​រាល់​ការ​ជួបជុំ​នោះ អាជ្ញាធរ​តែង​​​​​រារាំង​​ដោយ​​​មូលហេតុ​ផ្សេងៗ៕ ​​