បុគ្គលិក​ក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍​​មួយ​ចំនួន​អះអាងថា ពួកគេ​ត្រូវ​បាន​​ជូន​ដំណឹង​ពី​ការ​បើក​​ដំណើរការកាស៊ីណូ​​​​​​​​ផ្នែក​ខ្លះ​ឡើង​វិញ​​​នៅ​សប្តាហ៍​នេះ ខណៈ​បុគ្គលិក​មួយ​ចំនួន​ទៀតគ្រោង​​បន្ត​ទាម​ទារ​ប្រាក់​ឧបត្ថម្ភ​៤០ដុល្លារ​ពីរដ្ឋាភិបាល និង​ប្រាក់​ខែ​៥០​ភាគ​រយ​​​ក្នុង​ខែ​មិថុនា​ពី​ក្រុម​ហ៊ុន​។  

ដំណឹង​ពី​ការ​ប្រកាស​បើក​ឡើង​វិញ​នេះ ធ្វើ​ឡើង​បន្ទាប់​​រដ្ឋាភិបាល​ប្រកាស​ឲ្យ​កាស៊ី​ណូ និង​ក្លឹប​កំសាន្ត​ផ្សេងៗ​ អាច​បើក​ទ្វារ​ឡើង​វិញ​បាន ក្រោយ​ផ្អាក​មួយ​រយៈ​ដោយសារ​ជំ​ងឺ​កូវីដ​១៩។​

អ្នកស្រី ឈឹម​ ស៊ីថរ ប្រធាន​​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​ក្នុង​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​​លើក​​ឡើង​ថា ​​ក្រុម​បុគ្គលិក​ត្រូវ​បាន​ផ្នែក​គ្រប់​គ្រង​ហៅ​ទៅ​ប្រជុំ​កាល​ពី​ថ្ងៃ​ចន្ទ ដោយ​ប្រាប់​ថា ក្រុមហ៊ុន​​នឹង​បើក​ទ្វារ​ឡើង​វិញ​នៅ​ថ្ងៃ​ទី​៨​ ខែ​មិនថុនា​ នេះ។​ អ្នកស្រី​បន្ត​ថា អ្នកស្រី​នៅ​តែ​បារម្ភ​​ពី​ជីវ​ភាព និងការប្រឈម​នានា​​ក្នុងការរស់នៅរបស់បុគ្គលិកទាំងអស់ ដោយសារ​ការបើក​ដំណើរ​ការ​ឡើង​វិញ​​នេះ​គឺមិនទាន់បើកមួយរយភាគរយនោះទេ ពោលគឺបើកតែផ្នែកដែលសំខាន់​ និង​ចាំបាច់​ប៉ុណ្ណោះ ដូចជា​កាស៊ីណូ និងសណ្ឋាគារជាដើម។

អ្នកស្រី​បញ្ជាក់​ថា៖ «បញ្ហា​​របស់​​ពលរដ្ឋ​ បញ្ហា​​របស់​​បុគ្គលិក​​ដែល​​បម្រើ​​ការ ពាក់ព័ន្ធ​នឹង​ជីវភាព បំណុល​ធនាគារ និង​ប្រាក់​ឈ្នួល គឺ​នៅ​តែ​ជា​បញ្ហា​ដដែល ដោយ​ហេតុ​ថា​ក្រុមហ៊ុន​មិន​ទាន់​បាន​បើក​ដំណើរការ​មួយ​រយ​ភាគរយ​ ដើម្បី​ឲ្យ​បុគ្គលិក​ទាំងអស់​ចូល​ធ្វើការ​បាន​ទេ​»។

បើតាម​អ្នកស្រី ឈឹម ស៊ីថរ សហជីពបុគ្គលិកណាហ្គាវើលដ៍​រូបនេះបន្ថែមថា  បុគ្គលិក​ប្រមាណ​ជា​៣,៥០០នាក់​ត្រូវ​បាន​ព្យួរ​កាងារ​បន្ទាប់ពី​ក្រុមហ៊ុន​ណាហ្គាវើល​បាន​ផ្អាក​កាល​ពី​ថ្ងៃទី០១ ខែមេសា ហើយ​មក​ទល់​ពេល​នេះ​មាន​រយៈ​ពេល​​ជាង៣​ខែ​ហើយ។ អ្នកស្រីបន្តថា បុគ្គលិក​កាស៊ីណូ​ទាំងនោះ​បាន​​ដាក់ញត្តិ​ទៅ​ក្រសួង​ការងារ ទាមទារ​​ប្រាក់ឧបត្ថម្ភ​៤០ដុល្លារ​ពីរដ្ឋាភិបាល ប៉ុន្តែ​អ្នកស្រី​ថា​ បុគ្គលិក​ទាំងអស់​មិនទាន់​ទទួល​បាន​​នៅ​ឡើយ។​ ចំណែក​​ក្នុងអំឡុងពេល៣ខែ​ដែលក្រុមហ៊ុនបិទ​ទ្វារ​បណ្តោះ​អាសន្ន ក្រុមហ៊ុន​បាន​ផ្តល់​ប្រាក់​ពាក់​កណ្តាលនៃប្រាក់ខែតែប៉ុណ្ណោះ ពោលគឺ៥០%​នៃប្រាក់ខែ ហើយ​ក្រុមហ៊ុន​​បាន​ផ្តល់​ឲ្យ​តែ​២​ខែ​ដំបូង ខណៈខែចុងក្រោយ ដែល​ជា​ខែ​មុថិនា​នេះ​មិន​ទាន់​មាន​ការដោះ​ស្រាយ​​នៅ​ឡើយ។

ចំណែក​អ្នកស្រី រី សុវណ្ណឌី ​បុគ្គលិក​មួយ​រូប​ធ្វើ​ការ​​នៅ​​កាស៊ីណូណាហ្គាវើលដ៍​ និយាយ​​ថា បើ​ទោះ​បី​ជា​ក្រុមហ៊ុន​ត្រៀម​បើក​ដំណើរ​វិញ តែ​អ្នកស្រី​មាន​ការព្រួយ​បារម្ភ​ពី​ជីវភាព​នៅ​អំឡុង​ពេល​ដែល​ការងារ​មិន​ទាន់​ដំណើរ​ការ​ទាំងស្រុង ដោយសារ​ចំណូល​អាច​ទទួល​បាន​តិច ខណៈ​ចំណាយ​ដែល​ត្រូវ​ប្រើប្រាស់​ចាំបាច់​ច្រើន។ អ្នកស្រី​បាន​សំណូមពរ​ឲ្យ​រដ្ឋាភិបាល​ជួយ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ណា​ហ្គា​វើលដ៍​​ផ្តល់​ប្រាក់​៥០​ភាគ​រយ​ដល់​បុគ្គលិក​ និង​ជួយ​ជំរុញ​ឲ្យ​ធនាគារ​​ពន្យារពេល​បង់​សង​ក្នុង​អំឡុង​វិបត្តិ​​​ជំងឺ​កូវីដ​១៩​។

អ្នកស្រី​បញ្ជាក់ថា៖ «​ធ​​នាគារ​ភាគច្រើន​គឺអ​​ត់យោគយល់​ពួកយើង​ទេ ហើយ​ធនាគារ​ខ្លះ​គឺ​គាត់​នៅ​តែ​ទាមទារ​ឲ្យ​បុគ្គលិក នៅ​ពេល​ដែល​បង់​ទៅ​វិញ​គឺ​បង់​ការប្រាក់​សរុប​ អីចឹង​ហើយ​ធ្វើ​ឲ្យ​ពួក​យើង​អត់​មាន​លទ្ធភាព ព្រោះ​ដោយសារ​ចន្លោះ​ពេល​នឹង​យើង​គ្មាន​លុយ​ឯណា​សន្សំ​ទេ សូម្បី​តែ​ប្រាក់ខែ​គ្រាន់តែ​យើង​ចាយ​ក៏​សឹង​តែ​មិន​គ្រប់​ផង​»។ 

Newsroom Cambodia បាន​ព្យាយាម​ទាក់ទង​ទៅ​លោក Hein Dames ប្រធានផ្នែក​ធនធានមនុស្ស​​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ជាច្រើន​ដង ប៉ុន្តែ​លោក​ប្រាប់​ថា​រវល់ជាប់​ប្រជុំ។

ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្រ្តី កាលពីថ្ងៃ​ទី​៣ ខែ​មិថុនា លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាស​​អនុញ្ញាតឲ្យ​កាស៊ីណូ​នៅ​ទូទាំង​ប្រទេស​ ដែល​ត្រូវ​បាន​បញ្ជា​ឲ្យ​បិទ​ដោយសារ​ជំងឺ​កូវីដ​១៩ បើក​ដំណើរ​​ការ​​ឡើង​វិញ។ លោក​បន្ថែមថា ម្ចាស់​កាស៊ីណូ​ទាំងអស់តម្រូវ​ឲ្យ​​​មានកិច្ច​ព្រមព្រៀង​ជាមួយ​ក្រសួង​ ឬ​ក៏​មន្ទីរ​សុខាភិបាល ដើម្បី​មាន​វិធានការ​ទប់​ស្កាត់​ក្នុង​អំឡុង​ពេល​បើក​ឡើង​វិញ ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​សុវត្ថិភាព​ទាំង​បុគ្គលិក និង​ភ្ញៀវ។​

លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាស់ លើកឡើងថា ការសម្រេច​បើក​កាស៊ីណូ​ណាហ្គាវើលដ៍​ អាច​ជួយ​សម្រាល​ដល់​កម្មករ ខណៈ​ដែល​ពួកគាត់​មិន​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​​គាំពារ​​ពី​រដ្ឋ​ដូច​កម្មករ​ផ្នែក​ផ្សេងៗ។ 

លោកបញ្ជាក់ថា៖ «វា​អត់​មាន​ជម្រើស​អី​ក្រៅពី​ត្រូវ​តែ​បង្ខំ​ចិត្ត​ទៅ​ធ្វើការងារ​ទេ​ ព្រោះ​ការងារ​ហ្នឹង​ជា​ឆ្នាំង​បាយ​គាត់ ជា​ល​​ទ្ធភាព​ដែល​គាត់​អាច​ដោះស្រាយ​ជី​វភាព​រស់នៅ គាត់​អាច​សង​ទៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ធនាគារ ឬក៏កម្ចីឯកជន»។ 

លោកបន្តថា រដ្ឋាភិបាល និង​និយោជក​គួរ​ពិចារណា​ក្នុង​ការផ្តល់​ប្រាក់​ឧបត្ថម្ភ​គាំពារ​ដល់​បុគ្គលិក​ទាំង​នោះ ​ដូច​វិស័យ​ដទៃ​ទៀត​។

លោក​ថា៖ «​​ពេលដែលរាជរដ្ឋាភិបាលមិនមានលទ្ធភាពផ្តល់ប្រាក់ឧបត្ថម្ភអោយកម្មករ យើង​គិត​ថា​ខាង​ណាហ្គា​នៅ​តែ​មាន​លទ្ធភាព​ក្នុង​ការផ្តល់​នូវ​ប្រាក់​ឧបត្ថម្ភ​គាំទ្រ​កម្មករ​នយោជិត​ ក្នុង​អំឡុង​ពេល​អត់​មាន​ការងារ​ធ្វើ ព្រោះ​លុយ​ដែល​ចំណេញ​ម​​ករាប់​លាន​ដុល្លារ បើក​ឲ្យ​កម្មករ​និយោជិត​ក្នុង​ស្ថាន​ភាព​​កូវីដ​មួយ​ខែ​ពីរ​ខែហ្នឹ​ង វាមិនស្មើ​មួយ​ភាគរយ​នៃ​ផល​ចំណេញ​នៃ​ណាហ្គាវើលដ៍​ផង​»។

បុគ្គលិក​កាស៊ីណូ​ណាហ្គាវើលដ៍​​កាលពី​ពាក់កណ្តាល​ខែ​មិថុនា បាន​ដាក់ញត្តិ​ទៅ​ក្រសួងការងារ​ដើម្បី​ស្នើ​ឲ្យ​មានការ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាលក្នុង​អំឡុង​ជំងឺ​កូវីដ​១៩​ បន្ទាប់​ពី​​ក្រសួង​ការងារ​បាន​ប្រកាស​ថា​រដ្ឋាភិបាល​​បាន​បើក​ប្រាក់​ឧបត្ថម្ភ​ដល់​កម្មករ​ក្នុង​វិស័យ​កាត់​ដេរ​ និង​ទេស​ចរណ៍​ចំនួនជិ​ត​​ពីរម៉ឺន​នាក់​​ ​នៃ​រោងចក្រ​សហគ្រាស​ទាំង​៥០​ក្នុង​វិស័យ​កាត់​ដេរ ​និង​ទេសចរណ៍។​ ប្រាក់​ឧបត្ថម្ភ​នោះ​មាន​ចាប់​ពី​១៥​ដុល្លារ ទៅ​៤០​ដុល្លារ​ក្នុង​មួយ​ខែ ទៅ​តាម​ពេល​វេលានៃការ​ព្យួរ៕