មាន​មនុស្ស​តិចតួច​ដែល​បន្ត​ពាក់​ម៉ាស​នៅ​ភ្នំពេញ និង​កន្លែង​ផ្សេង​ទៀត​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗនេះ បើទោះបីជា​មាន​ករណី​ឆ្លង​វីរុស​ថ្មី​នៅ​ក្នុង​ប្រទេស​ក៏​ដោយ មនុស្ស​ម្នា​ជាច្រើន​នាំគ្នា​និយាយ​​ថា ពួកគេ​មាន​អារម្មណ៍​ថា​ការឆ្លង​នៃ​ជំងឺ​នេះ​បា​នកន្លង​ផុត​ទៅ​ហើយ ហើយ​ថា ការពាក់​ម៉ាស់​ធ្វើឲ្យ​គាត់​មាន​អារម្មណ៍​ថា​ក្តៅ និង​ធុញ​ថប់។

ការណែនាំ​ជា​ផ្លូវការ​របស់​​ក្រសួង​សុខាភិបាល នៅ​តែ​បន្ត​ណែនាំ​ឲ្យ​ប្រជាជន​ពាក់ម៉ាស់​ពេល​ដែល​មាន​អារម្មណ៍​ថា​ខ្លួន​ឈឺ ខណៈ​ពេល​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​ឱ្យ​ប្រជាជន​ទាំង​អស់​បន្ត​ពាក់ម៉ាស់។

លោក នឿន ណារិទ្ធិ វេជ្ជបណ្ឌិត​នៅ​តំបន់​កោះដាច់​នៃ​រាជធានី​​ភ្នំពេញ​ប្រាប់​ថា ចំនួន​មនុស្ស​ដែល​ពាក់ម៉ាស់​នៅ​ក្នុង​ភូមិ​របស់​គាត់​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ។

លោកវេជ្ជបណ្ឌិតមានប្រសាសន៍​ថា៖ «ចំនួន​អ្នក​ពាក់ម៉ាស​ពិត​ជាមាន​ការថយ​ចុះ។ ខ្ញុំ​សង្កេត​ឃើញ​ថា ប្រជាជន​ប្រហែល ៧០ ទៅ ៨០ ភាគរយ​នៅ​ក្នុង​ភូមិ​របស់​ខ្ញុំ​មិនមាន​ពាក់​ម៉ាស់​ទេ»។

វេជ្ជបណ្ឌិត​​ ណារិទ្ធិ ​បន្ថែមថា នៅ​ពេល​ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ជំងឺ លោក​ព្យាយាម​ណែនាំ​ពី​អនាម័យ​ល្អ​ជាមួយ​ពួកគេ ជៀសវាង​ការ​និយាយធ្វើ​​ឲ្យ​ពួកគេ​មាន​ភាព​ភិតភ័យ​ដោយសារ​ជំងឺ​នេះ។

វេជ្ជបណ្ឌិត ​ណារិទ្ធិ​ ប្រាប់ថា៖ «រាល់ថ្ងៃ​ពេល​ជួប​ពួក​គាត់ ខ្ញុំ​តែងតែ​លើក​ទឹកចិត្ត​ដល់​អ្នក​ជំងឺ និង​អ្នក​ជិត​ខាង​ខ្ញុំ​កុំ​ឲ្យ ព្រួយបារម្ភ និងស្ត្រេសពេក។ តែខ្ញុំ​ប្រាប់​គាត់​ឲ្យ​យកចិត្តទុក​ដាក់​​លើ​រឿង​អនាម័យ​ផ្ទាល់​ខ្លួន ដែល​​ជា​រឿ​ង​​គួរ​តែ​ត្រូវ​ធ្វើឲ្យ​បាន​ជាប់​ជានិច្ច»។​

លោក​បញ្ជាក់ដែរ​ថា រូប​លោក​ផ្ទាល់​ក៏​ពាក់ម៉ាស់​​តែ​ក្នុង​ស្ថានភាព​ដែល​គិត​ថា​មាន​ហានិភ័យ​ខ្ពស់ ដូចជា​កន្លែង​ដែល​មាន​មនុស្ស​ច្រើនជាដើម ប៉ុន្តែលោក​ព្យាយាម​ចៀសវាង​ការចាប់ដៃ​គ្នា។

លោក​ថា៖ «និយាយ​ត្រង់​ទៅ ក្រៅពី​ជួប​អ្នក​ជម្ងឺ និង​ទៅ​កន្លែង​សាធារណៈ ឬ​កន្លែង​ជួបជុំ​គ្នា​ច្រើន ខ្ញុំ​ក៏​អត់​ពាក់​ម៉ាស់​ដែរ»។

ព្រះមហា​វិមល​ធម្មធារ៍ ស៊ូ តារា លេខា​គណក្រុង​សួង ព្រះគ្រូសូត្រស្ដាំ​វត្តវិហារ​ទន្ទឹម មាន​សង្ឃដីកា​ថា ព្រះចៅ​អធិការ​របស់​ព្រះអង្គ​​បាន​ណែនាំ​ទៅ​កាន់​ព្រះសង្ឃ​ទាំងអស់ឱ្យពាក់ម៉ាស់ក្នុងពិធីបុណ្យផ្សេងៗ ជាពិសេស​នៅពេល​និម​ន្ត​ទៅសូត្រ​មន្ត។

ព្រះអង្គ​មាន​សង្ឃ​ដីកា​បន្ត​ថា វត្ត​ភាគច្រើន​ក៏​បាន​រក្សា​អនាម័យ​ដោយ​មាន​ទឹក​អាល់​កុល​លាង​ដៃ និង​កន្លែង​សម្រាប់​លាង​ដៃ​ផងដែរ។ ទោះជាយ៉ាងនេះក្តី​ ឧបាសក ឧបាសិកា​​មក​វត្ត​​បច្ចុប្បន្ន មិន​សូវ​​​មាន​ពាក់ម៉ាស់​នោះទេ​។

ព្រះតេជគុណ តារា ​មានសង្ឃដីកា​ថា៖ «អាត្មា​កត់សម្គាល់​ឃើញ​ថា បច្ចុប្បន្ន​នេះ​មាន​ញាតិញោម​ជាច្រើន​ដែល​អញ្ជើញ​​មក​វត្ត មិន​មាន​​ពាក់​ទេ។ ឧទាហរណ៍​នៅក្នុង​កម្មវិធី​ដង្ហែ​ទៀន​វស្សា និង​បច្ច័យ​ដល់​ព្រះសង្ឃ​នៅថ្ងៃ​ច័ន្ទ​នេះ អាត្មា​ឃើញ​ថា ញាតិញោម​ដែល​ចូលរួម​ហ្នឹង​មាន​ជាង​ពាក់​កណ្តាល​មិន​បាន​ពាក់​ម៉ាស់​ទេ។»

នៅ​រាជធានី​ភ្នំពេញ មនុស្ស​ម្នា​ជាច្រើ​នបាន​បង្ហាញ​ពី​ទំនោរ​នៃ​ការឈប់​ចង់​ពាក់​ម៉ាស់ ដោយ​លើក​ឡើង​ថា ពួកគេ​លែង​មាន​ការព្រួយបារម្ភ​ខ្លាំង​ទៀតហើ​យ​ចំពោះ​ជំងឺ​កូវីដ​នេះ។

ជំងឺ​កូវីដ​១៩​​​​ បានសម្លាប់​មនុស្ស​ចំនួន​ប្រមាណ ៥៦០.៨១៤នាក់ នៅទូទាំងពិភពលោក ក្នុង​ប្រ​ទេស​ចំនួន​២១៦ ក្នុង​នោះ​មាន​អ្នក​​​ឆ្លង​ជំងឺ​នេះ​រហូតដល់ទៅ ១២.៤៨៦.៤៨៤ករណី។ នេះ​បើ​យោង​តាម​ការ​ធ្វើ​​បច្ចុប្បន្នភាពចុងក្រោយរបស់អង្គការសុខភាពពិភពលោកកាលពីថ្ងៃ១២ ខែកក្កដា ឆ្នាំ២០២០។

សម្រាប់​កម្ពុជា ក្នុង​ពេល​បច្ចុប្បន្ន​​​មាន​ករណី​អ្នក​កំពុង​ផ្ទុក​ជំងឺ​កូវីដ​ចំនួន​២៣​ករណី​ប៉ុណ្ណោះ​ ដែលករណី​ទាំង​នោះ​​ជា​ករណី​នាំចូល​ពី​ក្រៅ​ប្រទេស។​

យុវតី មុន្នី រិទ្ធត្យា ដែល​មក​ជួយ​លក់​កាហ្វេ​ជាមួយ​ឪពុកម្តាយ​របស់​នាង​នៅ​ឯហាង​កាហ្វេ​ កៅ​ហេង បាន​និយាយថា​ នាង​បាន​ឈប់​ពាក់ម៉ាស់​ពី​ព្រោះនា​ង​គិ​ត​ថា​ស្ថានភាព​នៃ​ជំងឺ​រាតត្បាត​នេះ​មាន​ភាពប្រសើរ​ឡើង​។

នាង​និយាយ​ថា៖ «ខ្ញុំមិ​ន​ចូលចិត្ត​ម៉ាស់​ទេ។ ខ្ញុំ​មានអារម្មណ៍​មិន​ស្រួល​សោះ ពេល​ដែល​ខ្ញុំ​ពាក់​វា​ហើយ​ខ្ញុំ​​គិត​ថា​ជំងឺ​កូវី​ដ​ឥឡូវ​មិនមែន​​ជា​ជំងឺ​ធ្ងន់ធ្ងរ​​ខ្លាំង​ទេ»។

បរិស័ទ្ធម្នាក់យកចង្ហាន់ប្រគេនលោកនៅវត្តវិហារទន្ទឹមក្នុងខេ្តត្បូងឃ្មុំ ពាក់ម៉ាស់ពេលគោរពប្រណិបត្តិថ្វាយបង្គុំលោក ក្នុងខែមេសាឆ្នាំ២០២០។ (ដោយព្រតេជគុណ យិន ឧត្តម)

រីឯយុវជន​វ័យ​៣០​ឆ្នាំ​ លោក ចិន សុខ ជាសន្តិសុខ​ក្រុមហ៊ុន​ឯកជន​​​នៅក្លឹប​ស្នូឃឺរ​ដាត ឲ្យ​ដឹង​ដែរ​ថា ​អាកាស​ធាតុ​ក្តៅ លោក​​មិន​ចូលចិត្ត​ពាក់ម៉ាស​ទេ​ ​ដោយ​ថា ធ្វើឲ្យ​លោក​​​មាន​អារម្មណ៍​មិន​ស្រួល​។ ប៉ុន្តែ​លោក​ថា លោក​ត្រូវ​បង្ខំ​ចិត្ត​ពាក់​ដោយសារ​ការងារ​។​

«ក៏ប៉ុន្តែ​ខ្ញុំ​ត្រូវ​តែ​ពាក់​វា ព្រោះ​នោះ​ជា​អ្វី​ដែល​មេ (អ្នកគ្រប់គ្រងក្លឹប) បញ្ជា។ បើ​មេ​ឃើញ​ខ្ញុំ​អត់​ពាក់​ម៉ាស់ គាត់​នឹង​ពិន័យ​ម្តង​១០​ដុល្លារ​។ រឿង​ពិន័យ​នេះ​ធ្វើ​ឡើង​មិនមែន​តែ​ខ្ញុំ​ទេ គឺជា​មួយ​បុគ្គលិក​ទាំងអស់ ព្រោះ​នៅ​ទីនេះ​មនុស្ស​ភ្ញៀវ​ចេញចូល​ច្រើន​ណាស់»។​

ចំណែក​យុវជន​វ័យ២១ អាត អ៊ាត់ ជា​និស្សិត​ឆ្នាំទី១​ផ្នែក​គីមីវិទ្យា​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញ និយាយ​ថា តម្លៃ​ម៉ាស់​ក៏ជា​ហេតុផល​ដែល​លោក​ឈប់​ពាក់​​វា​ដែរ។

លោក​និយាយថា៖ «ពីមុន​ខ្ញុំ​អាច​ទិញ​ម៉ាស់​បាន​បី​ក្នុង​តម្លៃ​៥០០រៀល ប៉ុន្តែ​ឥឡូវ​នេះ​ម៉ាស់​មួយ​២​,០០០ ទៅ ២,៥០០រៀល។​ អង្កាល់​កូវីដ​ផ្ទុះ ខ្ញុំ​ធ្លាប់​បាន​​ពាក់​ម៉ាស់​ជាប់​ដែរ តែ​ឥឡូវ​ខ្ញុំ​អត់​ពាក់​ទេ ព្រោះ​ខ្ញុំ​គិតថា​ស្ថានភាព​កូវីដ​១៩​​រាល់ថ្ងៃហ្នឹង​លែង​អី​ហើយ។»

ការណែនាំ​ស្តីពី​ការពាក់ម៉ាស់​មាន​ភាព​ស្រពិច​ស្រពិល​ ចាប់តាំង​ពី​ការរីករាល​ដាល​នៃ​ជំងឺ​រាតត្បាត​នេះ​កាល​ពីដើមឆ្នាំ​មក​ម៉្លេះ។

អង្គការសុខភាពពិភពលោកបាន​បញ្ជាក់​ថា ម៉ាស់​គួរ​តែ​ត្រូវ​បាន​ប្រើ «ជាផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ»។

«ម៉ាស់​តែឯង​នឹង​មិន​អាច​ការពារ​អ្នកពីជំងឺ​កូវីដ​១៩​ទេ។ ប្រជាជន​ក៏​គួរ​តែ​លាង​សម្អាត​ដៃ​របស់​ពួកគេ​ឱ្យ​បាន​ញឹកញាប់ និង​រក្សា​គម្លាត​យ៉ាង​តិច​១ម៉ែត្រ​ពី​អ្នក​ដទៃ»។

បើ​តាមការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល អ្នក​ដែល​មិនមាន​រោគ​សញ្ញា​ផ្លូ​វ​ដង្ហើម​មិនចាំបាច់​ពាក់​ម៉ាស់​ពេទ្យ​ឡើយ ដោយសារ​តែ​គ្មាន​ភស្តុតាង​ណាមួយ​បញ្ជាក់​ថា ម៉ាស់​អាច​មាន​សារប្រយោជន៍​សម្រាប់​ការការពារ​អ្នក​ដែល​គ្មាន​ជំងឺ​ឡើយ។ ទោះយ៉ាងណា ក្រសួង​បាន​ស​ង្កត់​ធ្ងន់​ថា អ្នក​ដែល​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ (ក្នុងគម្លាត​១ម៉ែត្រ) ពី​អ្នក​ដែល​មាន​រោគ​សញ្ញាផ្លូ​វដង្ហើម ដូចជា​កណ្តាស់ និងក្អក គឺ​មាន​ហានិភ័យ​ប្រឈម​នឹង​ការស្រូប​ចូល​នូវ​ដំណក់​ទឹក​តូចៗ​ចេញ​តាម​ផ្លូវ​ដង្ហើម​រប​ស់​អ្នក​ជំងឺ​ដែល​អាច​ចម្លង​ជំងឺ​បាន។ ក្រសួង​បញ្ជាក់​ថា អ្នក​ដែល​មាន​រោគស​ញ្ញាផ្លូ​វ​ដង្ហើម​គួរ​តែពាក់​ម៉ាស់​ពេទ្យ និង​ស្វែងរក​ការ​ថែទាំ​សុខភាព​ឲ្យ​បាន​ឆាប់​រហ័ស​បំផុត ប្រសិនបើ​ពួ​កគេ​មាន​រោគសញ្ញា​ដូ​ចជា​ក្តៅខ្លួន ក្អក និង​ពិបាក​ដក​ដង្ហើម។

ខែមិថុនា​កន្លង​ទៅ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​លោក​ដោយ​ជំរុញ​ឱ្យប្រជាជន​ទាំង​​នៅ​ក្នុង​ទីក្រុង និងជនបទ​ ត្រូវ​បន្ត​ពាក់​ម៉ាស់ និង​ឧស្សាហ៍​លាង​សម្អាត​ដៃ​ជាមួយ​ទឹកអាល់​កុល ឬ​ជែល​សម្លាប់​មេរោគ​ឲ្យ​បាន​ជា​ប្រចាំ។

លោក​ក៏បាន​សរសេរ​បន្ថែម​ថា ចំពោះ​ទីកន្លែង​ប្រមូល​ផ្តុំ​ដែល​មាន​មនុស្ស​ច្រើន​ ដូចជា​ផ្សារ ផ្សារទំនើប ភោជនីយដ្ឋាន ហាងកាហ្វេ តូបលក់ដូរ ហាងលក់ទំនិញ ជាពិសេស​មន្ទីរព្យាបាល និង​មន្ទីរពេទ្យ​ទាំង​រដ្ឋ និង​ឯកជន ត្រូវតែ​មាន​ម៉ាស ទឹកអាល់កុល ឬ​ជែល ដើម្បីឲ្យ​ពលរដ្ឋ​ប្រើប្រាស់​ការពារ​ កុំឲ្យ​មាន​ការ​ចម្លង​​ជំងឺ​កូវីដ​១៩​ពីម្នាក់​ទៅម្នាក់។

យោងតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានឲ្យដឹងថា ករណីឆ្លង​នៃ​ជំងឺ​កូវីដ​សរុប​មាន​១៥៦​ករណី ត្រូវបាន​គេរក​ឃើញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​គិតត្រឹម​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ២០២០។ រហូត​មក​ដល់​ពេល​នេះ មិនមានសេចក្តីរាយការណ៍​ណាមួយ​ពីការស្លាប់​នៅ​ការ​ស្លាប់​ដោយ​ជំងឺ​នេះ​ នៅ​កម្ពុជា​​នៅ​ឡើយ៕