ក្រុមសហជីព និងសង្គមស៊ីវិលការពារសិទ្ធិកម្មករជាង៤០នាក់ នៅថ្ងៃចន្ទនេះ បានដាក់លិខិតសុំអន្តរាគមន៍ពីនាយករដ្ឋមន្ត្រី បន្ទាប់ពីក្រសួងការងារសម្រេចពន្យារពេលបើកប្រាក់បំណាច់អតីតភាពជូនកម្មករ។
នៅព្រឹកថ្ងៃទី១៣ ខែកក្កដា នេះ អង្គការសង្គមស៊ីវិល និងតំណាងសហភាពសហជីពទាំងជាង៤០ បានដាក់លិខិតទៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដែលមានទីតាំងនៅទល់មុខវត្តបុទុមវត្តី រាជធានីភ្នំពេញ ស្នើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អន្តរាគមន៍ជំរុញឲ្យនិយោជកអនុវត្តការបើកប្រាក់រំឮកអតីតភាពដល់កម្មករនិយោជិត ក្នុងអំឡុងពេលកើតមានជំងឺកូវីដ១៩។
អ្នកស្រី យ៉ាង សុភ័ណ្ឌ តំណាងសហភាព សហជីព បានលើកឡើងថា កម្មករដែលត្រូវបានព្យួរការងារកំពុងប្រឈមនឹងបញ្ហាជីវភាពយ៉ាងខ្លាំងស្រាប់ ប៉ុន្តែក្រសួងការងារក៏សម្រេចពន្យារពេលបើកប្រាក់បំណាច់អតីតភាពដល់ពួកគេ ដែលនេះធ្វើឲ្យពួកគេកាន់តែប្រឈមនឹងបញ្ហាធ្ងន់ធ្ងរ។
អ្នកស្រីបញ្ជាក់ថា៖ «សេដ្ឋកិច្ចរបស់ពួកគាត់សព្វថ្ងៃនេះ ក្រុមហ៊ុនមួយចំនួនធំគឺ ព្យួរការងារ ចឹងគាត់បានប្រាក់នៃការព្យួរការងារនឹងគឺតិចតួច ទី១គាត់បាន៣០ដុល្លារពីក្រុមហ៊ុន គាត់បាន៤០ដុល្លារពីរដ្ឋាភិបាល អីចឹងគាត់បានតែលុយប៉ុណ្ណឹងទេ សួរថាលុយប៉ុណ្ណឹងអាចដោះស្រាយជីវភាពគាត់បានទេ?»។
អ្នកស្រី សុភ័ណ្ឌ បន្តថា កន្លងទៅនេះ ក្រសួងការងារ និងស្ថាប័នរដ្ឋតែងគិតគូរតែវិស័យឯកជន តែមិនសូវយកចិត្តទុកដាក់លើកម្មករ ហើយថ្មីៗនេះក្រុមហ៊ុនបានបិទទ្វារជាបន្តបន្ទាប់ ធ្វើឲ្យកម្មករបាត់បង់ចំណូល និងអត្ថប្រយោជន៍ជាច្រើន។ អ្នកស្រីថា ក្រុមសង្គមស៊ីវិល និងសហជីព ស្នើឲ្យនាយករដ្ឋមន្រ្តី ចូលរួមដោះស្រាយជូនកម្មករទាំងអស់បន្ថែមទៀត។
អ្នកស្រីបញ្ជាក់ថា៖ «មានតែបងប្អូនកម្មករប្រជាពលរដ្ឋនឹងហើយដែលអាចផ្តល់នូវសិទ្ធិអំណាចជូនគាត់បាន ពីព្រោះយើងដូចតាមរយៈការបោះឆ្នោត ចឹងហើយបានយើងស្នើសុំឲ្យពួកគេគិតគូរឲ្យបានពិតប្រាកដទៅដល់ពួកគាត់ទាំងអស់គ្នា ហើយពួកគាត់នឹងឆ្លើយតបមកវិញតាមរយៈនៃការបោះឆ្នោត»។
អ្នកស្រី ឈឹម ស៊ីថរ ប្រធានសហជីពប្រចាំក្រុមហ៊ុនណាហ្គាវើលដ៍ លើកឡើងថា គិតមកដល់សប្តាហ៍ទី៣នៃការដំណើរការកាស៊ីណូណាហ្គាវើលដ៍ឡើងវិញបុគ្គលិកដែលធ្វើការនៅទីនោះ ទើបតែបំពេញការងារបានមួយសប្តាហ៍ប៉ុណ្ណោះ ហើយក្រុមហ៊ុនពុំទាន់បានដោះស្រាយសំណើ៣ចំណុចរបស់បុគ្គលិកនៅឡើយ។ អ្នកស្រីបន្ថែមថា ដំបូងក្រុមហ៊ុនសន្យាថានឹងឆ្លើយតបនៅសប្តាហ៍ទីមួយនៃការដំណើរឡើងវិញ ប៉ុន្តែក្រោយមកក្រុមហ៊ុនសន្យាថានឹងឆ្លើយតបនៅសប្តាហ៍នេះ តែមិនទាន់កំណត់ថ្ងៃណានៅឡើយ។
អ្នកស្រី ឈឹម ស៊ីថរ បន្ថែមថា បុគ្គលិកកាស៊ីណូណាហ្គាវើលដ៍ ក៏បានដាក់ញត្តិសុំអន្តរាគមន៍ពីក្រសួងការងារដើម្បីឲ្យជំរុញម្ចាស់ក្រុមហ៊ុនដោះស្រាយសំណើជូនបុគ្គលិក ប៉ុន្តែមិនមានការឆ្លើយតប ទើបអ្នកស្រីមកដាក់ញត្តិនៅខុទ្ទកាល័យនាយករដ្ឋមន្រ្តីវិញ។
អ្នកស្រីថា៖ «បើទោះបីជារាជរដ្ឋាភិបាលប្រកាសឲ្យបើកកាស៊ីណូ ប្រកាសឲ្យបើកក្លឹបកំសាន្ត ខារ៉ាអូខេឡើងវិញមែន ប៉ុន្តែជាក់ស្តែងដូចនៅណាហ្គាវើលដ៏អីចឹង បុគ្គលិកធ្វើការអត់ទាន់បានចូលធ្វើការវិញទាំងអស់គ្នាទេ ហើយអ្នកដែលបានចូលធ្វើការវិញនឹង ក៏ធ្វើការបានត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះមកទល់នឹងពេលនេះ»។
ចំណែកលោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារ នៃអង្គការសង់ត្រាល់ លើកឡើងថា ការដាក់សំណើទៅខុទ្ទកាល័យនាយករដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី១៣ ខែកក្កដានេះ មន្ត្រីខុទ្ទកាល័យបានទទួលហើយ ប៉ុន្តែមិនបានសន្យា និងមិនមានការឆ្លើយតបជាផ្លូវការនៅឡើយទេ។ លោកថា ការពន្យាពេលបើកប្រាក់បំណាច់អតីតភាពការងារដល់កម្មករនិយោជិត ធ្វើឲ្យប៉ះពាល់ដល់បញ្ហាជីវភាពក្នុងការរស់នៅរបស់កម្មករយ៉ាងខ្លាំង ដូច្នេះលោកសង្ឃឹមថា លោកនាយករដ្ឋមន្ត្រីអាចដោះស្រាយប្រាក់បំណាច់អតីតភាពជូនកម្មករនៅក្នុងឆ្នាំ២០២០នេះបាន។
លោកថា៖ «យើងសង្ឃឹមថា នាយករដ្ឋមន្រ្តី លោកនឹងធ្វើការពិចារណាឲ្យល្អិតល្អន់ ដោយសារការពន្យាពេលការបើកប្រាក់បំណាច់អតីតភាពការងារដល់កម្មករនិយោជិតឆ្នាំ២០២១ហ្នឹង វាខាតបង់នូវផលប្រយោជន៍របស់កម្មករ ខណៈពេលដែលកម្មករក្នុងកាលៈទេសៈនេះគាត់ត្រូវការថវិកាដើម្បីទ្រទ្រង់នូវជីវភាពរស់នៅ និងផ្នែកសេដ្ឋកិច្ចរបស់ពួកគាត់»។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីដើមខែមិថុនា បានសម្រេចលើកពេលបើកប្រាក់បំណាច់អតីតភាពការងារសម្រាប់កម្មករទៅឆ្នាំ២០២១ ក្នុងគោលបំណងជួយដល់រោងចក្រដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីការរាលដាលជំងឺកូវីដ១៩។
លោក គង់ ចំរើន មន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រី ប្រាប់ Newsroom Cambodia សំណើរបស់សហភាពសហជីព និងអង្គការសង្គមស៊ីវិលទាំងនោះយ៉ាងខ្លីថា៖ «ពាក្យហ្នឹងខ្ញុំទទួលហើយ ខ្ញុំបញ្ជូនទៅលើបាត់ទៅហើយ»។
ចាប់តាំងពីរោងចក្រព្យួរការងារកម្មករ ដោយសាររោងចក្របិទទ្វារមិនមិនមានអ្នកបញ្ជាទិញ ដោយសារវិបត្តិជំងឺកូវីដ១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា រោងចក្រផ្តល់ប្រាក់៣០ដុល្លារក្នុងមួយខែឲ្យកម្មករ។ ចំណែករដ្ឋាភិបាលថា ផ្តល់ឲ្យ៤០ដុល្លារ៕