ក្រុម​សហជីព និង​សង្គមស៊ីវិល​​​ការពារ​សិទ្ធិ​កម្មករជាង​៤០​នាក់ នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ដាក់​លិខិត​​​សុំ​អន្តរាគមន៍​ពី​​នាយក​រដ្ឋមន្ត្រី​​ បន្ទាប់​ពី​ក្រសួង​ការងារ​សម្រេច​ពន្យារ​ពេល​បើកប្រាក់​បំណាច់​អតីតភាព​ជូន​កម្មករ។

នៅព្រឹកថ្ងៃ​ទី​១៣​ ខែកក្កដា នេះ អង្គការ​សង្គមស៊ីវិល និង​តំណាង​សហភាព​សហជីព​ទាំង​ជាង​៤០​ បាន​ដាក់​​លិខិត​​ទៅ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​វត្ត​បុទុមវត្តី រាជធានីភ្នំពេញ ស្នើ​​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អន្តរាគមន៍​ជំរុញ​ឲ្យ​និយោជក​អនុវត្ត​ការបើកប្រាក់​រំឮក​អតីតភាព​ដល់​កម្មករ​និយោជិត ក្នុង​​អំឡុង​ពេល​​កើត​មាន​ជំងឺ​កូវីដ​១៩។

អ្នកស្រី យ៉ាង សុភ័ណ្ឌ តំណាងសហភាព​ សហជីព បាន​លើកឡើង​ថា កម្មករ​​ដែល​ត្រូវ​បាន​ព្យួរ​ការងារ​កំពុង​ប្រឈម​នឹង​បញ្ហា​ជីវភាព​យ៉ាង​ខ្លាំង​ស្រាប់ ប៉ុន្តែ​ក្រសួង​ការងារ​ក៏​សម្រេច​ពន្យារពេល​បើក​ប្រាក់​បំណាច់​អតីត​ភាព​ដល់​ពួកគេ​ ដែល​នេះ​ធ្វើ​ឲ្យ​ពួកគេ​កាន់តែ​ប្រឈម​នឹង​បញ្ហា​ធ្ងន់ធ្ងរ។​

អ្នកស្រី​បញ្ជាក់ថា៖ «សេដ្ឋកិច្ច​របស់​ពួកគាត់​សព្វថ្ងៃ​នេះ ក្រុមហ៊ុន​មួយ​ចំនួនធំ​គឺ ព្យួរការងារ ចឹង​គាត់​បាន​ប្រាក់​នៃ​ការព្យួរ​ការងារ​នឹង​គឺ​តិចតួច​ ទី១​គាត់​បាន​៣០​ដុល្លារ​ពី​ក្រុមហ៊ុន គាត់​បាន​៤០ដុល្លារ​ពីរដ្ឋាភិបាល អីចឹង​គាត់​បាន​តែ​លុយ​ប៉ុណ្ណឹង​ទេ សួរថា​លុយ​ប៉ុណ្ណឹងអា​ច​ដោះស្រាយ​ជីវភាព​គាត់​បាន​ទេ?»។

អ្នកស្រី សុភ័ណ្ឌ ​បន្ត​ថា កន្លងទៅ​នេះ ក្រសួង​ការងារ និង​ស្ថាប័នរដ្ឋ​​តែង​គិតគូរ​តែ​វិស័យ​ឯកជន តែ​មិន​សូវ​យកចិត្ត​ទុក​ដាក់​លើ​កម្មករ​ ហើយ​ថ្មីៗ​នេះ​ក្រុមហ៊ុន​បាន​បិទទ្វារ​ជា​បន្ត​បន្ទាប់ ធ្វើ​ឲ្យ​កម្មករ​បាត់បង់​ចំណូល និង​អត្ថប្រយោជន៍​ជាច្រើន។​ អ្នកស្រី​​​ថា ក្រុម​សង្គម​ស៊ីវិល និង​សហជីព ស្នើ​ឲ្យនាយករដ្ឋមន្រ្តី ចូលរួម​ដោះស្រាយ​​ជូន​កម្មករ​ទាំងអស់​បន្ថែម​ទៀត។​

អ្នកស្រីបញ្ជាក់​ថា៖ «​មាន​តែ​បងប្អូន​កម្មករ​ប្រជាពលរដ្ឋ​នឹង​ហើយ​ដែល​អាច​ផ្តល់​នូវ​សិទ្ធិ​អំណាច​ជូន​គាត់​បាន ពីព្រោះយើ​ង​ដូច​តាមរយៈ​ការបោះឆ្នោត ចឹង​ហើយ​បាន​យើង​ស្នើ​សុំ​ឲ្យ​ពួកគេ​គិតគូរ​​ឲ្យ​បាន​ពិតប្រាកដ​ទៅ​ដល់​ពួកគាត់​ទាំងអស់​គ្នា ហើយ​ពួកគាត់​នឹង​ឆ្លើយ​តប​មក​វិញ​តាមរយៈ​នៃការ​បោះឆ្នោត​​»។

អ្នកស្រី ឈឹម ស៊ីថរ ប្រធាន​សហជីពប្រចាំ​​ក្រុម​ហ៊ុន​​ណាហ្គាវើលដ៍ លើក​ឡើង​ថា គិត​មក​ដល់​សប្តាហ៍​ទី៣​នៃ​​ការដំណើរការ​​​កាស៊ីណូ​ណាហ្គា​វើលដ៍​​ឡើង​វិញ​​បុគ្គលិក​​ដែល​ធ្វើការនៅ​ទីនោះ​ ទើបតែ​បំពេញ​ការងារ​បាន​មួយសប្តាហ៍ប៉ុណ្ណោះ ហើយ​ក្រុមហ៊ុន​ពុំទាន់​បាន​ដោះស្រាយ​សំណើ​៣ចំណុច​របស់​បុគ្គលិក​​នៅឡើយ។ អ្នកស្រី​បន្ថែម​ថា​ ដំបូង​ក្រុមហ៊ុន​សន្យា​ថា​​នឹង​​ឆ្លើយ​​តប​​នៅ​​​សប្តាហ៍​​​ទីមួយ​​​នៃ​ការដំណើរ​​​ឡើង​​​វិញ ប៉ុន្តែ​​ក្រោយ​​មក​​ក្រុមហ៊ុន​សន្យាថា​នឹង​ឆ្លើយ​តប​នៅស​ប្តាហ៍​នេះ តែ​មិន​ទាន់​កំណត់​ថ្ងៃណា​នៅ​ឡើយ។​ 

អ្នកស្រី​ ឈឹម ស៊ីថរ បន្ថែមថា បុគ្គលិក​កាស៊ីណូ​ណាហ្គាវើលដ៍​ ក៏​បាន​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ពី​ក្រសួង​ការងារ​​ដើ​ម្បី​ឲ្យ​ជំរុញ​ម្ចាស់​ក្រុម​ហ៊ុន​ដោះ​ស្រាយ​សំណើ​ជូន​​បុគ្គលិក ប៉ុន្តែ​មិនមាន​ការ​ឆ្លើយ​តប ទើប​អ្នកស្រី​មក​ដាក់​ញត្តិ​នៅ​ខុទ្ទកាល័យ​នាយករដ្ឋមន្រ្តី​វិញ​។  

អ្នកស្រីថា៖ «បើទោះបីជា​រាជរដ្ឋាភិបាល​ប្រកាស​ឲ្យ​បើក​កាស៊ីណូ ប្រកាស​ឲ្យ​បើក​ក្លឹប​កំសាន្ត ខារ៉ា​អូខេ​ឡើង​​វិញ​មែន ប៉ុន្តែ​ជាក់ស្តែង​ដូច​នៅ​ណា​ហ្គាវើលដ៏​អីចឹង​ បុគ្គលិក​ធ្វើការ​អត់​ទាន់​បាន​ចូល​ធ្វើការ​វិញ​ទាំងអស់​គ្នា​ទេ ហើយ​អ្នក​ដែល​បាន​ចូលធ្វើការ​វិញ​នឹង ក៏​ធ្វើការ​បាន​ត្រឹម​តែ​មួយ​សប្តាហ៍​ប៉ុណ្ណោះ​មក​ទល់​នឹង​ពេល​នេះ​»។ 

ចំណែក​​លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រង​កម្មវិធី​ការងារ នៃ​អង្គការ​សង់ត្រាល់ លើក​ឡើង​ថា ការដាក់​សំណើ​ទៅ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​នៅព្រឹកថ្ងៃទី១៣ ខែកក្កដា​នេះ មន្ត្រី​ខុទ្ទកាល័យ​បាន​ទទួល​ហើយ ប៉ុន្តែ​មិន​បាន​សន្យា និង​មិនមាន​ការឆ្លើយ​តប​ជា​ផ្លូវការ​នៅឡើយទេ។​​ លោក​ថា  ​​ការពន្យា​ពេល​បើក​ប្រាក់​បំណាច់​អតីតភាព​ការងារ​ដល់​កម្មករ​និយោជិត ធ្វើ​ឲ្យ​​ប៉ះពាល់​ដល់​បញ្ហា​ជីវភាព​ក្នុង​ការរស់នៅ​របស់​កម្មករ​យ៉ាង​ខ្លាំង ដូច្នេះ​លោក​សង្ឃឹម​ថា  លោក​នាយក​រដ្ឋមន្ត្រី​អាច​ដោះស្រាយ​ប្រាក់​បំណាច់​អតីតភាព​ជូន​កម្មករ​នៅក្នុ​ង​ឆ្នាំ២០២០​នេះ​បា​ន។

លោកថា៖​ «​យើងសង្ឃឹម​ថា នាយក​រដ្ឋមន្រ្តី លោកនឹង​ធ្វើការ​ពិចារណា​ឲ្យ​ល្អិត​ល្អន់ ដោយសារ​ការពន្យា​ពេល​ការបើកប្រាក់​បំណាច់​អតីតភាពការងារ​ដល់កម្មករ​និយោជិត​ឆ្នាំ២០២១​ហ្នឹង វា​ខាត​បង់​នូវ​ផល​ប្រយោជន៍​របស់​កម្មករ ខណៈ​ពេល​ដែល​កម្មករ​ក្នុង​កាលៈទេសៈ​នេះ​គាត់​ត្រូវការ​ថវិកា​ដើម្បី​ទ្រទ្រង់​នូវ​ជីវភាព​រស់នៅ និង​​ផ្នែក​សេដ្ឋកិច្ច​របស់​ពួកគាត់​»។

ក្រសួង​ការងារ ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ កាល​ពី​ដើម​ខែ​មិថុនា​​ បាន​សម្រេច​លើក​ពេលបើក​ប្រាក់​បំណាច់​អតីត​ភាព​ការងារ​សម្រាប់​កម្មករ​ទៅ​ឆ្នាំ​២០២១ ​ក្នុង​គោល​បំណង​ជួយ​ដល់​រោងចក្រ​​ដែល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ការ​រាលដាល​ជំងឺ​កូវីដ១៩។​

លោក គង់ ចំរើន មន្ត្រី​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី ប្រាប់ Newsroom Cambodia សំណើ​របស់​សហភាព​សហជីព និងអង្គការ​សង្គម​ស៊ីវិល​ទាំងនោះ​យ៉ាងខ្លីថា៖ «​ពាក្យ​ហ្នឹង​ខ្ញុំ​ទទួល​ហើយ ខ្ញុំ​​បញ្ជូន​ទៅ​​​លើបាត់​ទៅ​​ហើ​យ»។

ចាប់​តាំង​ពី​រោងចក្រ​ព្យួរ​ការងារ​កម្មករ ដោយសារ​រោង​ចក្រ​បិទ​ទ្វារ​មិនមិនមានអ្នកបញ្ជា​ទិញ ដោយ​សារ​វិបត្តិ​ជំងឺ​កូវីដ​១៩​ ​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ បាន​លើក​ឡើង​ថា​ រោងចក្រ​ផ្តល់​ប្រាក់​៣០​ដុល្លារ​ក្នុង​មួយ​ខែ​ឲ្យ​កម្មករ។​ ចំណែក​រដ្ឋាភិបាល​ថា​ ផ្តល់​ឲ្យ​៤០​ដុល្លារ៕