នៅ​​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០​ គឺ​ជា​​​ថ្ងៃ​រំឮក​ខួប៤​ឆ្នាំនៃ​ការបាត់បង់​អ្នកវិភាគ​បញ្ហា​សង្គម​មួយ​រូប គឺលោកបណ្ឌិត កែម ឡី ​ដោយសារ​​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ទាំង​កណ្តាល​ថ្ងៃ​ត្រង់​។ មិន​ខុស​ពី​ឆ្នាំមុនៗ​នោះ​ទេ ពិធី​នេះ​ត្រូវ​បាន​ក្រុម​គ្រួសារ​លោក​រៀបចំជារៀងរាល់ឆ្នាំ ​​នៅ​ស្រុកត្រាំកក់ ខេត្ត​តាកែវ​ ដែល​ជា​ស្រុក​កំណើត​របស់​លោក​។​​ ​

ក្នុង​រោង​ពិធី មាន​អ្នកចូលរួម​ជា​បន្តបន្ទាប់ ខ្លះ​មក​អុជ​ធូប ដើម្បី​ជា​ការគោរព និង ដឹង​គុណ​ដល់​រូប​លោក​កាល​នៅ​មាន​ជីវិត ក្នុងនោះ​មាន​យុវជន អ្នកជិតខាង និង​​​មន្រ្តី​សង្គម​ស៊ីវិល​មួយ​ចំនួន​យក​កម្រង​​ផ្កា ដាក់​​​ពីមុខចេតិយ​​របស់​លោក​។

កំពុង​មមា​ញឹក​ទទួល​ភ្ញៀវ​ដែល​មក​ចូលរួម​ក្នុង​​ពិធី​នោះ​ អ្នកស្រី កែម ថាវី ​បងស្រី​បង្កើត​របស់​លោក កែម ឡី លើក​ឡើងថា ក្នុង​ឆ្នាំនេះ​អ្នកស្រី​សង្កេត​ឃើញ​ថា​មាន​មនុស្ស​មក​ចួលរួម​ច្រើន​ជាង​ឆ្នាំ​មុន ដោយ​ខ្លះ​មក​ចូលរួម​តាំង​ពី​ថ្ងៃ​ទី​៨ និង​ថ្ងៃ​ទី៩​ មក។​ អ្នកស្រី​បានប្រែទឹក​មុខ​ទៅ​ជា​ក្រៀមក្រំ នៅ​ពេល​និយាយ​​ដល់​​​​លោក ​កែម ឡី ត្រូវ​បាន​គេ​បាញ់​សម្លាប់ ដោយ​មាន​ហូរ​ទឹកភ្នែក​ផង​​ថា ប្អូន​ប្រុស​របស់​អ្នកស្រី មិន​ទាន់​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ​ទេ ដោយ​ថា ឃាតក​​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​​បច្ចុប្បន្ន ​ជា​ឃាតក​ក្លែងក្លាយ។

អ្នកស្រី ថាវី​ មាន​ប្រសាសន៍​ថា‍‌៖ «នៅ​ពេល​ដែល​ប្អូន​ខ្ញុំ​ស្លាប់​មក​ដល់​ថ្ងៃនេះ ខ្ញុំ​មិន​ដែល​ស្រាកស្រាន្ត​ទុក្ខ​សោក​ទេ។ ដោយសារ​ខ្ញុំ​មិន​បាន​ទទួល​យុត្តិធម៌​ទាល់​តែ​សោះ។ ខ្ញុំ​មិន​ទាន់​មាន​ពន្លឺ​ថា អ្នកណា​អ្នក​សម្លាប់​ប្អូន​ខ្ញុំ​ហ្នឹង​។ ទោះបី​រាប់​រយ​ឆ្នាំ​ទៀត​ក៏​ដោយ បើ​ជីវិត​ខ្ញុំ​នៅ​រស់​ ខ្ញុំមិន​អាច​ទទួល​យក​បាន​ទេ »។

អង្គុយលើ​​កៅអី​ផ្អែក​ក្រោម​រោង​ប្រក់​ស័ង្កសី​ខាង​​មុខ​ចេតិយ​របស់​លោក កែម ឡី ជាមួយ​ភ្ញៀវ​ផ្សេង​ទៀត អ្នកស្រី ភោគ សេ ​ម្តាយ​បង្កើត​លោក កែម ឡី មានប្រសាសន៍​ថា ទោះបី​ជា​លោក កែម ឡី បាត់បង់​ជីវិត​ទៅ​ក៏ដោយ តែ​លោក​នៅ​តែ​មា​ន​អ្នក​ស្រលាញ់ និងចូលចិត្ត និង​មក​គោរព​វិញ្ញាណ​ក្ខ័ន្ធ​លោក​ជា​បន្ត​បន្ទាប់។ អ្នកស្រី​​បន្ថែម​ទាំង​ទឹក​មុខ​ក្រៀមក្រំ​ថា ​ តាំងពី​កូនប្រុស​​របស់​អ្នកស្រី​ទទួល​មរណភាព​ទៅ អ្នកស្រី​តែង​ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​ជូន​កូន និង​និមន្ត​ព្រះសង្ឃ​ឆាន់ចង្ហាន់​​ជាដើម។ ស្រ្តីវ័យ​៧៩ឆ្នាំ​រូប​នេះបន្ថែម​ថា អ្នកស្រី​នៅ​តែ​នឹក​រឮក​ដល់​កូន ទោះបីជា​លោក កែម ឡី ទទួល​មរណៈភាព​អស់​រយៈពេល​៤ឆ្នាំ​ទៅហើយ​ក្តី។​

អ្នកស្រីថា៖ «នឹក​ឃើញ​គ្រប់​សព្វ​ទាំងអស់ ដែល​ជីវភាព​យើង​អាច​រស់នៅ យើង​គិត​ឃើញ​ទាំងអស់ គិត​ឃើញ​ថា​អត់​ពី​កូន​ទៅ​យើង​ដុនដាប​ខ្លាំង ចាស់​ក៏​ចាស់​ទៀត ហើយ​សម្រាប់​ធ្វើ​បុណ្យ​រាល់​ឆ្នាំ អត់​មាន​គិត​អី​ទៀត​ទេ»។

អ្នកស្រីបន្តថា៖ «នឹក​ម្តងៗ​អញ្ចឹង​ទៅ​យើង​ចេះ​តែ​ទ្រាំ មិនដឹង​ធ្វើ​ម៉េច អាហ្នឹង​កម្ម​ផល​របស់​កូន​ខ្ញុំ កសាង​មក​អីចឹង​ កសាង​ម​កគេ​បាញ់​សម្លាប់​អីចឹង​។ គេយក​កម្មពារ​ទៅគេ​វិញ​ទៅ»។

កាលពី​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ២០១៦ លោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់​សម្លាប់​ក្នុង​ហាង​ទំនិញ​មួយ នៅ​ស្ថានីយ៍​ប្រេង​សាំង ​ម្តុំ​ស្តុប​បូកគោ ​រាជធានី​ភ្នំពេញ។  នៅពេល​នោះ​លោក​ស្លៀក​ខោ​ជើង​វែង​ពណ៌​ខ្មៅ  អាវ​ពណ៌​ឈាមជ្រូក និង​ពាក់ស្បែក​ជើង​កីឡា​ពណ៌ស។

ភ្លាមៗ បន្ទាប់ពី​បាញ់​សម្លាប់ ឃាតក​ដែល​មានឈ្មោះថា​ អឿត អាង និង​ហៅ​ខ្លួនឯង​ថា ជួប សម្លាប់ ត្រូវ​សមត្ថកិច្ច​ចា​ប់បាន ហើយ​បញ្ជូនទៅ​តុលាការ កាត់​ទោស​ដាក់ពន្ធគារ​អស់​មួយ​ជីវិត ក្រោយ​សារភាព​ថា ខ្លួន​ជា​អ្នក​បាញ់​លោក កែម ឡី ក្រោម​ហេតុផល​ថា​ លោក កែម ឡី ជំពាក់​លុយ​ខ្លួន​​៣,០០០ដុល្លារ។

ទោះបី​ជា​ខ្មាន់​កាំភ្លើង​ត្រូវ​បាន​ផ្តន្ទាទោស ប៉ុន្តែ​ក្រុម​​អង្គការ​សង្គម​ស៊ីវិល និង​អ្នកគាំទ្រ​រូប​លោក​ នៅ​តែ​ទាមទារ​ឲ្យ​មាន​ការស៊ើប​អង្កេត​លើ​ករណី​ឃាតកម្ម​នេះ។

បន្ទាប់ពីថតរូប​ជាមួយរូប​សំណាក​លោក កែម ឡី នៅ​ក្នុង​ពិធី​បុណ្យ​នោះ​រូច​ កញ្ញា សាក់ កន្និការ មក​ពី​រាជធានី​​ភ្នំពេញ​​ម្នាក់​​ និយាយ​ថា លោក កែម ឡី ជាបុគ្គល​ដែល​គួរ​ឲ្យ​គោរព​ ដោយសារ​លោក​ជាអ្នក​ផ្តល់​ចំណេះ​ដឹង​ដល់​យុវជន និង​​ពលរដ្ឋ​ទូទៅ​។ នៅពេលនិយាយដល់រឿងបាញ់សម្លាប់លោក កែម ឡី ស្រ្តី​វ័យ​២៩​ឆ្នាំ​រូបនេះ​​និយាយ​ថា នាង​មិន​ជឿ​លើ​ការ​សារភាព​របស់​ឃាតក​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ នោះ​ទេ ដោយនាង​និយាយ​ថា​ហេតុផល​ដែល​ឃាតក​សារភាព​ថា លោក កែម ឡី ជំពាក់​លុយ​​៣០០០​ដុល្លារនោះ​ មិន​អាច​ទទួលយក។

កន្និការ​​និយាយ​ថា៖ «វា​ហាក់បី​ដូចជា​គួរឲ្យ​ហួសចិត្ត​មែន​ទែន គាត់​ខឹង​លោក​បណ្ឌិត​ត្រង់​ខ្ចីលុយ​៣​ពាន់​។ ប៉ុន្តែ​គាត់​មាន​លុយ​រាប់​ម៉ឺន​ទិញ​កាំភ្លើង​ទំនើប ដែល​មាន​តម្លៃ​លើស​ហ្នឹ​ងទៅ​ទៀត​។ អញ្ចឹង​សម្រាប់​ខ្ញុំ​ផ្ទាល់​នៅ​តែ​គិត​ថា​​មិនមាន​ភាព​យុត្តិធម៌​សម្រាប់​រឿង​នេះ​ទេ»។

យុវតីរូបនេះបន្ត​ថា​​តុលាការ​គួរ​ស៊ើបអង្កេត​លើ​ឃាតកម្ម​នេះ​ជា​បន្តទៀត។

នាង​និយាយថា៖ «តុលាការ​គួរ​តែ​ចាប់ផ្តើម​បន្ត​ការស៊ើប​អង្កេត​រឿង​នេះ​បន្ត​ទៀត​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​គ្នា ក៏​ដូចជាក្រុម​គ្រួសារ​នៃ​លោក​បណ្ឌិត​បាន​ទទួលភា​ពយុត្តិធម៌​ និង​ស្ងប់ចិត្ត»។

លោក កែម ឡី ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​ក្នុង​វ័យ​៤៦​ឆ្នាំ​។ កាល​នៅ​មាន​ជីវិត អ្នក​ស្រាវជ្រាវ​បញ្ហា​ស​ង្គម​រូប​នេះ តែងតែ​វិភាគ​អំពី​បញ្ហា​ជាច្រើន​ក្នុង​សង្គម​ដូចជា ការកាប់​បំផ្លាញព្រៃ​ឈើ បញ្ហា​ព្រំដែន អំពើ​ពុករលួយ បក្សពួក​និយម​ក្នុងជួររដ្ឋាភិបាលជាដើម។

អ្នកស្រី ចក់​ សុភាព  នាយិការមជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​​កម្ពុជា ដែល​ ​បាន​ចូលរួម​ក្នុង​ពិធី​រំឮក​ខួប​របស់​លោក កែមឡី ដែរ​នោះ លើកឡើង​ថា ក្នុង​រយៈ​ពេល​២ឆ្នាំ​​ចុងក្រោយ​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជា​ច្រើន​បានអំពាវនាវ​ឲ្យ​​រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​មួយ​ដោយ​ឯករាជ្យ ក្នុង​ការស៊ើប​អង្កេត​លើ​ករណី​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី ។

កំពុង​អង្គុយ​លើ​កៅអី​​ទល់​មុខ​រូបសំណាក​លោក កែម ឡី ​ក្នុ​ង​រោង​ពិធី និង​ជាមួយ​សំលៀក​បំពាក់​អាវ​ពណ៌ស​ដោយ​មាន​សរសេរអក្សរ កែម ឡី នៅ​ពី​មុខ​អាវ អ្នកស្រី សុភាព មានប្រសាសន៍​ថា៖ «មក​ដល់​ពេល​នេះ យើង​មិន​ទាន់​ឃើញ​មាន​ភាព​យុត្តិធម៌​ពេញលេញ​សម្រាប់​គាត់​នោះ​ទេ​ យើង​ឃើញ​មាន​ការចោទ​ប្រកាន់​ទៅ​លើ​បុគ្គល​ឈ្មោះ ជួប សម្លាប់ ឬឈ្មោះ ​អួត អាង ហ្នឹង យើង​មើល​ពុំ​មាន​ពលរដ្ឋ​ជឿជាក់​លើ​ករណី​នេះ​ទេ​»។

មុន​ថ្ងៃ​រំឮក​ខួប​​បួន​ឆ្នាំ​នៃ​ការ​ស្លាប់​របស់​លោក កែម ឡី ក្រុម​​អង្គការ​​សង្គ​ម​​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ចំនួន​៣០​ស្ថាប័ន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​នៅ​ថ្ងៃទី៩ ខែ​កក្កដា ដោយ​ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា​បង្កើត​គណៈកម្មការ​ឯករាជ្យមួយ ដើម្បីស៊ើបអង្កេត​លើ​ករណី​ឃាតកម្មនេះ។​

ក្នុង​សេចក្តី​ថ្លែងការណ៍​ដែល​មាន​ចំនួន​៣ទំព័រ បាន​រៀបរាប់​ពី​ភាព​មិន​ប្រក្រតី​នៃ​ដំណើរការ​កាត់ក្តី ដោយ​មិនមាន​ភាព​ម៉ត់ចត់ និង​ឯករាជ្យ។ ក្នុង​សេចក្តី​ថ្លែងការណ៍​​នោះ​បន្តថា គួរ​តែ​មាន​ការចូលរួម​ពី​អង្គការ​សហ​ប្រជាជាតិ។

សេចក្តី​ថ្លែងការណ៍​សរសេ​ថា៖ «យើង​ខ្ញុំជា​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៣០​ដែល​មាន​រាយនាម​ខាង​ក្រោម នឹង​​នៅ​តែ​បន្ត​ការអំពាវនាវ​​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ មិន​លម្អៀង មាន​ប្រសិទ្ធ​ភាព និង​ម៉ត់ចត់​ក្នុង​ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី រហូត​ទាល់តែ​ជន​ទាំងឡាយ​ដែល​មាន​ចំណែក​ទទួល​ខុស​ត្រូវ​ចំពោះ​ឃាតកម្ម​លើ​លោក ត្រូវ​បាន​នាំ​ខ្លួន​មក​ផ្តន្ទាទោស»។​

ក្នុងអំឡុង​ពេល​ដែល​ក្រុម​គ្រួសារ​លោក កែម ឡី ប្រារព្ធ​ពិធី​រំឮក​ខួប​៤ឆ្នាំ ឯក​​អគ្គ​រដ្ឋ​ទូត​សហរដ្ឋ​ប្រចាំ​នៅ​កម្ពុជា លោក Partrik Murphy ក៏​បាន​បង្ហោះសារ​​តា​ម​បណ្តាញ​​សង្គម​ហ្វេសប៊ុក​​របស់​​ស្ថានទូត ​និង​​ធ្វីតថឺ (Twitter) ​ផ្ទាល់ខ្លួន​​របស់​​លោក​ ​ដោយ​អំពាវនាវ​​ឲ្យ ​ប្រទេស​កម្ពុជា​បើក​ការស៊ើប​​អង្កេត​សារ​ជា​ថ្មី លើ​ករណី​ឃាតកម្ម​​លោក កែមឡី ផង​ដែរ។

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​​បាន​ផ្តល់​យុត្តិធម៌​ឲ្យ​អ្នកដែល​ត្រូវ​បាន​គេ​សម្លាប់​ទៅតាម​ផ្លូវច្បាប់ តាម​រយៈ​ការ​ចាប់​ខ្លួន​ជនដៃដល់ ឈ្មោះ ជួន សម្លាប់ និង​ផ្តន្ទាទោស​តាមច្បាប់​រួច​ហើយ​។ លោក​បន្ត​ថា សម្រាប់​អ្នកពាក់ព័ន្ធផ្សេង​ទៀត តុលាការ​បាន​បំបែក​សំណុំរឿ​ង និង​​កំពុង​ស្ថិត​ក្នុង​ដំណើរ​ស៊ើបអង្កេត។​

លោក ជិន ម៉ាលីន បន្ថែម​​ថា ប្រសិនបើ​មាន​ភាគី​ណា​អះអាង​ថា ការស្លាប់​របស់ លោក កែម ឡី មិនមាន​យុត្តិធម៌ សូម​ចូលរួម​សហការ​ដើម្បី​ស្វែង​រក​ភស្តុតាង​ជាក់លាក់។

លោក​ថា៖ «ប្រសិនបើ​ភាគី​ណាមួយ​យល់​ថា ជន​ដែល​ត្រូវ​ផ្តន្ទាទោស​នេះ មិនមែន​ជា​ឃាតករ​ពិត សុំ​ចូលរួម​សហការ ហើយ​ផ្តល់​ភស្តុតាង និង​មូលដ្ឋាន​ឱ្យ​បាន​ច្បាស់លាស់ ដើម្បី​បញ្ជាក់​ថា ជន​ដៃ​ដល់ គឺជា​បុគ្គល​ផ្សេង មិនមែន​បុគ្គល​ដែល​បាន​ចាប់​ខ្លួន និង​ផ្តន្ទាទោស​​»។

ស្របពេល​ដែល​​ឃាតកម្ម​លើលោក កែម ឡី នៅ​តែ​មាន​ភាព​ប្រទាំង​ប្រទើស​រវាង​រដ្ឋាភិបាល និង​អ្នកគាំទ្រ​លោក​ពាក់ព័ន្ធ​នឹង​បញ្ហា​យុត្តិធម៌ កញ្ញា សាក់ កន្និការ ដែលជា​អ្នក​​​ចូលរួម​ម្នាក់​​ក្នុង​​ពិធី​​បុណ្យ​​ខួប​បួន​ឆ្នាំ​នោះ និយាយ​ថា លោក​ កែម ឡី ​បាន​ជួយ​កម្ពុជា​ច្រើន តាម​រយៈការ​ស្រាវ​ជ្រាវ និង​វិភាគ​របស់​លោក  ហើយថា​ ​យុវជន​គួរ​តែ​គោរព និង​ចងចាំ​​ជា​រៀង​រហូត។

«យើង​គួរ​នាំ​គ្នា​​ច​ងចាំ​​ពី​​លោក​​បណ្ឌិត មិន​មែន​​ត្រឹម​​តែ​​ថ្ងៃ​​នេះ​​ទេ គឺ​​គ្រប់​​ពេល​​វេលា ឬ​​អាច​​ថា មួយ​​ជីវិត​យើង។ យើង​គួរ​​តែ​​ធ្វើអ្វី​​ដើម្បី​​តបស្នង​​ទៅ​​គាត់​​វិញ»៕