ក្រសួងសាធារណៈការ និងដឹកជញ្ជូន ត្រៀមចេញបណ្ណបើកបរថ្មី ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលមានតម្រូវការទៅក្រៅប្រទេស។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន។
តាមវីដេអូដែលបង្ហោះលើអង្គភាពព័ត៌មាន Fresh News កាលពីថ្ងៃទី០៧ ខែកក្កដាកន្លងទៅ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ នៃឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃថា ក្រសួងសាធារណៈការ និងដឹកជញ្ជូន ត្រៀមចេញបណ្ណបើកបរថ្មីជូនប្រជាពលរដ្ឋនៅខែសីហានេះ។ លោកបន្តថា បណ្ណបើកបរថ្មីនេះ ជាប្រភេទបណ្ណបើកបរអន្តរជាតិ បង្កើតឡើងដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលត្រូវការចាំបាច់បើកបរនៅបរទេស ព្រោះកន្លងមកប្រជាពលរដ្ឋដែលមានប័ណ្ណបើកបរខ្មែរ មិនអាចបើកបរនៅប្រទេសជិតខាងបាន។
លោកមានប្រសាសន៍ថា៖ «យើងជាសមាជិកអង្គការសហប្រជាជាតិដែរ អីចឹងយើងអាចចេញបណ្ណបើកបរអន្តរជាតិជូនបងប្អូនប្រជាពលរដ្ឋយើង ដែលលោកមានបណ្ណបើកបរ ហើយយកមកដូរ មកសុំ មកសុំបណ្ណបើកបរបណ្តោះអាសន្ន»។
លោក ស៊ុន ចាន់ថុល បន្ថែមថា លោកថា សម្រាប់ប្រជាពលរដ្ឋដែលមានបណ្ណបើកបរស្រាប់ ក្រសួងនឹងចេញបណ្ណបើកបរថ្មីនេះជាបណ្តោះអាសន្ន ចាប់ពីខែសីហាខាងមុខ។
លោក គង់ រតនះ នាយកវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍លើកឡើងថា គម្រោងបង្កើតបណ្ណបើកបរអន្តរជាតិរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន ជារឿងមួយល្អសម្រាប់ប្រជាពលរដ្ឋខ្មែរ ដោយថា អាចជួយសម្រួលក្នុងការប្រើប្រាស់ និងមិនមានការព្រួយបារម្ភថាខុសច្បាប់នៅពេលត្រូវបើកបររថយន្តនៅប្រទេសណាមួយ។ លោកបន្តថា គម្រោងនេះគឺជាគោលការណ៍សេដ្ឋកិច្ចសកលភារូបនីយកម្ម និងមានភាពចាំបាច់សម្រាប់សម្រួលដល់ប្រព័ន្ធសេដ្ឋកិច្ច។
លោកថា៖ «វាជួយសម្រួលការងារច្រើនមែនទែន ហើយខ្ញុំគិតថានេះវាគឺជាឱកាសសម្រាប់យើងបង្ហាញសមត្ថភាព ថាតើយើងអាចចូលប្រកួតជាមួយគេបានកម្រិតណា ហើយគុណភាពរបស់យើងកម្រិតណា»។
លោកបន្ថែមថា ប្រជាពលរដ្ឋជាច្រើនក៏ចង់ឲ្យមានបណ្ណបើកបរអន្តរជាតិនេះដែរ ជាពិសេសអ្នកដែលធ្វើពាណិជ្ជកម្មបែបអន្តរជាតិ។ ហើយលោកសំណូមពរឲ្យក្រសួងត្រូវគិតគូរពីលក្ខខណ្ឌសុវត្ថិភាពជាចម្បង មុននឹងចេញបណ្ណបើកបរ។
លោកបញ្ជាក់ថា៖ «សូមឲ្យការប្រឡងហ្នឹង យើងកុំភ្លេចលក្ខខណ្ឌសុវត្ថិភាពដែរ ព្រោះថាបើមានតែបណ្ណបើកបរ ហើយបណ្ណបើកបរហ្នឹង អ្នកដែលកាន់បណ្ណបើកបរហ្នឹងអត់មានសមត្ថភាព ក៏យើងអាចនឹងបង្កបញ្ហា បង្កគ្រោះថ្នាក់ដែរ»។
បើតាមលោក ស៊ុន ចាន់ថុល ក្រសួងបានផ្តល់សេវាសាធារណៈនៅពីរទីតាំង ក្នុងការប្តូរបណ្ណបើកបរជាអន្តរជាតិនេះ ដោយទីតាំងទីមួយនៅផ្សារទំនើបអ៊ីអន១ និងទីពីរ នៅផ្សារទំនើបអ៊ីអន២៕