ក្រសួង​សាធារណៈ​ការ និង​ដឹក​ជញ្ជូន​ ត្រៀម​ចេញ​បណ្ណ​បើកបរ​ថ្មី ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​តម្រូវការ​ទៅ​​ក្រៅ​ប្រទេស។ នេះ​បើ​តាម​ការ​លើកឡើង​​​របស់​រដ្ឋមន្ត្រី​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន។​

តាម​វីដេអូ​ដែល​បង្ហោះ​​លើ​​អង្គភាព​ព័ត៌មាន​ Fresh News ​កាលពីថ្ងៃទី០៧ ខែកក្កដា​កន្លង​ទៅ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួងសាធារណៈការ និង​ដឹកជញ្ជូន ថ្លែង​​ក្នុង​​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំ​ឆមាស​ទី១ និង​ទិសដៅ​ការងារ​ឆមាស​ទី២ នៃ​ឆ្នាំ២០២០ នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ​ថា ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​ ត្រៀម​ចេញ​បណ្ណ​បើកបរ​ថ្មី​ជូន​ប្រជាពលរដ្ឋ​នៅខែសីហានេះ។ លោក​បន្ត​ថា បណ្ណ​បើក​បរ​ថ្មី​នេះ ជាប្រភេទ​បណ្ណ​បើកបរ​អន្តរជាតិ​ បង្កើត​ឡើង​ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ដែល​ត្រូវការ​ចាំបាច់​បើកបរ​នៅ​បរទេស ព្រោះកន្លងមកប្រជាពលរដ្ឋដែលមានប័ណ្ណបើកបរខ្មែរ មិនអាចបើកបរនៅប្រទេសជិតខាងបាន។

លោក​មាន​ប្រសាសន៍​ថា៖​ «​យើង​ជា​សមាជិក​អង្គការ​សហប្រជាជាតិ​ដែរ អីចឹង​យើង​អាច​ចេញ​បណ្ណ​បើកបរ​អន្តរជាតិ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​យើង ដែល​លោក​មាន​បណ្ណ​បើកបរ ហើយ​យក​មក​ដូរ មក​សុំ មក​សុំ​បណ្ណ​បើកបរ​បណ្តោះ​អាសន្ន»។

លោក​ ស៊ុន ចាន់ថុល បន្ថែម​ថា លោកថា សម្រាប់​ប្រជាពលរដ្ឋ​ដែល​មាន​បណ្ណ​បើកបរ​ស្រាប់ ក្រសួង​នឹង​ចេញ​បណ្ណ​បើកបរ​ថ្មី​​នេះ​ជា​បណ្តោះអាសន្ន ចាប់​ពី​ខែសីហា​ខាងមុខ​។

លោក​ គង់ រតនះ នាយក​វិទ្យាស្ថាន​សុវត្ថិ​ភា​ព​ចរាចរណ៍​​លើកឡើង​ថា​ គម្រោង​បង្កើត​បណ្ណ​បើកបរ​អន្តរជាតិ​របស់​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន ​ជារឿង​មួយ​ល្អ​សម្រាប់​ប្រជា​ពលរដ្ឋ​​ខ្មែរ ដោយថា​​ អាច​ជួយ​សម្រួល​ក្នុង​​ការប្រើប្រាស់ និង​មិនមាន​ការព្រួយ​បារម្ភ​ថា​ខុសច្បាប់​នៅ​ពេល​ត្រូវ​បើកបរ​រថយន្ត​នៅ​ប្រទេស​ណាមួយ​។ លោក​បន្ត​ថា គម្រោង​នេះ​គឺជា​​គោល​ការណ៍​សេដ្ឋកិច្ច​​សកល​ភារូបនីយកម្ម ​​និង​មាន​ភាព​ចាំបាច់​សម្រាប់​សម្រួល​ដល់​ប្រព័ន្ធ​សេដ្ឋកិច្ច​​។

លោកថា៖ «វា​ជួយ​សម្រួល​ការងារ​ច្រើន​មែនទែន ហើយ​ខ្ញុំ​គិត​ថា​នេះ​វា​គឺ​ជា​ឱកាស​សម្រាប់​យើង​បង្ហាញ​សមត្ថភាព ថា​តើ​យើង​អាច​ចូល​ប្រកួត​ជាមួយ​គេ​បាន​កម្រិត​ណា​ ហើយ​គុណភាព​របស់​យើង​កម្រិត​ណា​»។

លោក​បន្ថែម​ថា ប្រជាពលរដ្ឋ​ជាច្រើន​ក៏​ចង់​ឲ្យ​មាន​បណ្ណបើកបរ​អន្តរជាតិ​នេះ​ដែរ ជាពិសេស​អ្នក​ដែល​ធ្វើ​ពាណិជ្ជកម្ម​បែប​អន្តរជាតិ។ ​​​ហើយ​​លោក​សំណូមពរ​ឲ្យ​​ក្រសួង​​ត្រូវ​គិត​គូរ​ពី​លក្ខខណ្ឌ​សុវត្ថិភាព​ជា​ចម្បង ​មុន​នឹង​​ចេញបណ្ណ​បើកបរ។​

លោក​បញ្ជាក់​ថា៖ «សូម​ឲ្យ​ការប្រឡង​ហ្នឹង យើង​កុំភ្លេច​លក្ខខណ្ឌ​សុវត្ថិភាព​ដែរ ព្រោះ​ថា​បើ​មាន​តែ​បណ្ណ​បើកបរ ហើយ​បណ្ណ​បើកបរ​ហ្នឹង អ្នក​ដែល​កាន់​បណ្ណ​បើកបរ​ហ្នឹង​អត់​មាន​សមត្ថភាព ក៏​យើង​អាច​នឹង​បង្ក​បញ្ហា បង្ក​គ្រោះថ្នាក់​ដែរ​»។

បើតាម​លោក ស៊ុន ចាន់ថុល ក្រសួង​បាន​ផ្តល់​សេវា​សាធារណៈ​នៅ​ពីរ​ទីតាំង​ ក្នុង​ការប្តូរ​បណ្ណ​បើកបរ​​ជា​អន្តរជាតិ​នេះ ដោយ​​ទីតាំង​ទីមួយ​នៅផ្សារ​ទំនើប​អ៊ីអន១ និង​ទីពីរ នៅ​ផ្សារ​ទំនើប​អ៊ីអន​២៕​