រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអះអាងថា អង្គការសហប្រជាជាតិផ្តល់មូលនិធិ១លានដុល្លារដល់កម្ពុជា ដើម្បីចូលរួមជួយប្រជាពលរដ្ឋ៣ខេត្ត ដែលជាពលករទើបវិលត្រឡប់ពីប្រទេសជិតខាង និងជួបផលប៉ះពាល់ និងក្នុងស្ថានភាពនៃការរាតត្បាតជំងឺកូវីដ១៩។
ក្នុងកិច្ចប្រជុំជាន់ខ្ពស់រវាងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃពុធនេះ លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃថ្លែងថា ការអនុវត្តគាំទ្រដល់ប្រជាពលរដ្ឋដែលជួបផលប៉ះពាល់ក្នុងអំឡុងមានកូវីដ១៩លើកទីមួយនេះ មានរយៈពេល៦ខែ គិតចាប់ផ្តើមពីថ្ងៃទី០១ ខែកក្កដា និងបញ្ចប់នៅចុង ខែធ្នូ ឆ្នាំ២០២០ ដោយជ្រើសយកតែ៣ខេត្តប៉ុណ្ណោះគឺ ខេត្តបន្ទាយមានជ័យ បាត់ដំបង និង សៀមរាប ។
លោកបន្តថា កម្មវិធីរួមគ្នានេះនឹងជ្រើសរើសតាមតំបន់ក្នុងខេត្តទាំង៣ ហើយនឹងមានការរៀបចំជាសេដ្ឋកិច្ចបុគ្គលនៅក្នុងសហគមន៍នីមួយៗ ដើម្បីបង្កើនប្រាក់ចំណូល ព្រមទាំងលើកកម្ពស់ជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋដែលធ្វើមាតុភូមិនិវត្តន៍ពីក្រៅប្រទេស ដែលងាយរងគ្រោះ ជាពិសេសស្រី្ត និងស្រ្តីមានផ្ទៃពោះជាដើម។
លោកថា ប្រសិនបើយុទ្ធនាការនេះជោគជ័យ អង្គការសហប្រជាជាតិ និងអាចងាយផ្តល់មូលនិធិ ប្រសិនបើកម្ពុជាស្នើសុំបន្តទៀត។
លោកមានប្រសាសន៍ថា៖ «ប្រសិនបើយើងអាចអនុវត្តន៍កម្មវិធីនេះបានជោគជ័យ យើងមានលទ្ធភាពស្នើមូលនិធិពីអង្គការសហប្រជាជាតិជាបន្តទៀត ដើម្បីពង្រីកវិសាលភាពកម្មវិធីនេះទៅរដ្ឋបាលថ្នាក់ក្រោមជាតិផ្សេងៗទៀត»។
បើតាមលោក ស ខេង អង្គការសហប្រជាជាតិមានគោលការណ៍សំខាន់ៗដើម្បីផ្តល់ព័ត៌មានអំពីជំងឺកូវីដ១៩ នៅតាមច្រកព្រំដែន ព្រមទាំងតាមដានបញ្ហាសុខភាព និងចូលរួមផ្តល់សេវាសុខាភិបាលផ្សេងៗ ដូចជាការថែទាំសុខភាពផ្លូវចិត្ត សុខភាពមាតា និងទារកជាដើម ដើម្បីសម្រាលហានិភ័យបញ្ហាហិង្សាក្នុងគ្រួសាររបស់ប្រជាពលរដ្ឋដែលទើបត្រឡប់ពីបរទេស និងងាយរងផលប៉ះពាល់។
លោក ឌី ថេហូរ៉ា មន្ត្រីកម្មវិធីនៃអង្គការសង់ត្រាល់លើកឡើងថា កម្មវិធីរួមគ្នាដើម្បីជួយដល់ប្រជាពលរដ្ឋចំណាកស្រុកដែលត្រូវត្រឡប់មកវិញដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ គឺជាការចូលរួមចំណែកជួយសម្រាលបន្ទុកជីវភាពរបស់ពលរដ្ឋ។ ប៉ុន្តែលោកថា លោកមានការបារម្ភពីការអនុវត្តមិនចំគោលដៅ ដោយសារប្រជាពលរដ្ឋដែលចំណាកស្រុកភាគច្រើនសុទ្ធតែមានជីវលំបាក។
លោកបញ្ជាក់ថា៖ «តាមការជួបអ្នកស្រុកអ្នកភូមិ ឬអ្នកដែលត្រឡប់មកពីថៃវិញហ្នឹង គឺអ្វីដែលគាត់ប្រឈមខ្លាំងគឺការដែលគាត់ត្រូវសងបំណុលធនាគារ ឬមីក្រូហិរញ្ញវត្ថុជាដើម អីចឹងបើសិនជារដ្ឋមានគោលនយោបាយក្នុងការផ្អាកបង់ ឬមួយបង់ផ្នែកមួយដែលតិច ដែលគាត់មានលទ្ធភាព អាចជួយសម្រាលបាន »។
កាលពីចុងខែមីនា រដ្ឋាភិបាលថៃបានសម្រេចបិទព្រំដែនជាមួយកម្ពុជាជាបណ្តោះអាសន្ន ក្រោមហេតុផលដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ហើយរហូតមកទល់ពេលនេះភាគីថៃនៅមិនទាន់ឯកភាពបើកព្រំដែនជាមួយកម្ពុជាឡើងវិញនៅឡើយទេ។
ក្នុងកិច្ចប្រជុំជាន់ខ្ពស់នោះដែរអ្នកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លើកឡើងថា កម្មករចំណាកស្រុកដែលត្រឡប់មកកម្ពុជាវិញក្នុងអំឡុងជំងឺកូវីដនេះ មានប្រមាណជាជាង១០ម៉ឺននាក់ (១០១,០០០នាក់)។ ក្នុងនោះស្រី្តប្រមាណជាជិត៥០ភាគរយ និងកុមារប្រហែល៥ភាគរយ ហើយអ្នកចំណាកស្រុកប្រមាណជិត៦០ភាគរយ គឺនៅខេត្តបន្ទាយមានជ័យ បាត់ដំបង និងសៀមរាប។
បើតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកាលពីឆ្នាំ២០១៩ បានឱ្យដឹងថា ពលករខ្មែរប្រមាណជាង ១លាន ២សែននាក់ កំពុងធ្វើការងារស្របច្បាប់នៅប្រទេសថៃ៕