រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ​អះអាងថា អង្គការ​សហប្រជាជាតិ​ផ្តល់មូ​ល​និធិ​១លាន​ដុល្លារ​​ដល់​កម្ពុជា ដើម្បី​ចូលរួម​ជួយ​ប្រជា​ពលរដ្ឋ​​៣ខេត្ត ដែល​ជា​ពលករ​ទើប​វិល​ត្រឡប់​ពី​ប្រទេស​ជិត​ខាង និង​ជួប​ផល​ប៉ះពាល់ និង​ក្នុង​ស្ថានភាព​នៃ​ការរាតត្បាត​ជំងឺកូវីដ​១៩។

ក្នុងកិច្ច​ប្រជុំ​ជាន់​ខ្ពស់​រវាង​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រាជ​រដ្ឋាភិបាល និង​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា នាព្រឹក​ថ្ងៃពុធ​នេះ លោក​ ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ថ្លែង​ថា ការអនុវត្ត​គាំទ្រ​ដល់​ប្រជាពលរដ្ឋ​ដែល​ជួប​ផល​ប៉ះពាល់​ក្នុង​អំឡុង​​មាន​កូវីដ​១៩​លើក​ទីមួយ​​​នេះ ​មាន​រយៈពេល​៦ខែ​ គិត​ចាប់ផ្តើម​ពី​ថ្ងៃទី​០១​​ ខែ​កក្កដា និង​បញ្ចប់​នៅ​ចុង ខែធ្នូ ឆ្នាំ២០២០ ដោយ​​ជ្រើស​​យក​តែ​៣ខេត្តប៉ុណ្ណោះគឺ ខេត្ត​បន្ទាយ​មានជ័យ បាត់ដំបង និង សៀមរាប ។

លោកបន្ត​ថា កម្មវិធី​រួមគ្នា​នេះ​នឹង​ជ្រើសរើស​តាម​តំបន់​ក្នុង​ខេត្ត​ទាំង​៣ ហើយ​នឹង​មាន​ការរៀបចំ​ជា​សេដ្ឋកិច្ច​បុគ្គល​នៅ​ក្នុង​សហគមន៍​នីមួយៗ ដើម្បី​បង្កើន​ប្រាក់​ចំណូល ព្រមទាំង​លើក​កម្ពស់​ជីវភាព​គ្រួសារ​របស់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​មាតុភូមិ​និវត្តន៍​ពី​ក្រៅ​ប្រទេស ដែល​ងាយ​រងគ្រោះ ជាពិសេស​ស្រី្ត​ និង​ស្រ្តី​មាន​ផ្ទៃពោះ​ជាដើម។

លោក​ថា ប្រសិនបើ​យុទ្ធនាការ​នេះ​ជោគជ័យ អង្គការ​សហប្រជាជា​តិ និង​អាច​ងាយ​ផ្តល់​មូល​និធិ ប្រសិន​បើ​កម្ពុជា​ស្នើ​សុំ​បន្ត​ទៀត។

លោក​មាន​ប្រសាសន៍​ថា៖ «ប្រសិនបើ​យើង​អាច​អនុវត្តន៍​កម្មវិធី​នេះ​បាន​ជោគជ័យ យើង​មាន​លទ្ធភាព​ស្នើ​មូលនិធិ​ពី​អង្គការ​សហប្រជាជាតិ​ជា​បន្ត​ទៀត ដើម្បី​ពង្រីក​វិសាលភាព​កម្មវិធី​នេះ​ទៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ផ្សេងៗ​ទៀត»។

បើតាម​លោក​ ស ខេង អង្គការ​សហប្រជាជាតិ​មាន​គោលការណ៍​សំខាន់ៗ​ដើម្បី​ផ្តល់​ព័ត៌មាន​អំពី​ជំងឺ​កូវីដ​​១៩ នៅ​តាម​ច្រកព្រំដែន ព្រមទាំង​តាមដាន​បញ្ហា​សុខភាព និង​ចូលរួម​ផ្តល់​សេវា​សុខា​ភិបាល​​ផ្សេងៗ ដូចជា​ការថែទាំ​សុខភាព​ផ្លូវចិត្ត សុខភាព​មាតា និង​ទារក​ជាដើម ដើម្បី​សម្រាល​ហានិភ័យ​បញ្ហាហិ​ង្សា​ក្នុង​គ្រួសារ​របស់​ប្រជាពលរដ្ឋ​ដែល​ទើប​ត្រឡប់​ពី​បរទេស និង​​ងាយ​រង​ផល​ប៉ះពាល់​។

លោក ឌី ថេហូរ៉ា មន្ត្រី​កម្មវិធី​នៃ​អង្គការ​សង់ត្រាល់​លើ​ក​ឡើង​ថា កម្មវិធី​រួមគ្នា​ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ចំណាក​ស្រុក​ដែល​ត្រូវ​ត្រឡប់​មក​វិញ​ដោយសារ​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​១៩ គឺ​ជា​ការ​ចូលរួម​ចំណែក​ជួយ​សម្រាល​បន្ទុក​ជីវភាព​របស់​ពលរដ្ឋ។ ប៉ុន្តែលោក​​ថា លោក​មាន​ការ​បារម្ភ​ពី​​ការអនុវត្ត​មិនចំ​គោលដៅ ដោយសារ​​ប្រជាពលរដ្ឋ​ដែល​ចំណាក​ស្រុក​ភាគច្រើន​សុទ្ធ​តែ​​មាន​ជីវ​លំបាក។

លោក​បញ្ជាក់​ថា៖ «តាម​ការជួប​អ្នក​ស្រុក​អ្នកភូមិ ឬ​អ្នក​ដែល​ត្រឡប់​ម​ក​ពី​ថៃ​វិញ​ហ្នឹង គឺ​អ្វី​ដែល​គាត់​ប្រឈម​ខ្លាំង​គឺ​ការ​ដែល​គាត់​ត្រូវ​សង​បំណុល​ធនាគារ ឬ​មីក្រូ​ហិរញ្ញវត្ថុ​ជាដើម អី​ចឹង​បើសិនជា​រដ្ឋ​មាន​គោល​នយោបាយ​ក្នុង​ការផ្អាក​បង់ ឬ​មួយ​បង់​ផ្នែក​មួយ​ដែល​តិច​ ដែល​គាត់​មាន​លទ្ធភាព ​អាច​ជួយ​សម្រាលបា​ន »។

កាលពី​ចុងខែ​មីនា រដ្ឋាភិបាល​ថៃ​បានសម្រេច​បិទ​ព្រំដែន​ជាមួយ​កម្ពុជាជា​បណ្តោះអាសន្ន ក្រោម​​ហេតុផល​ដើម្បី​បង្ការ និង​ទប់ស្កាត់​ជំងឺ​កូ​វីដ១៩ ហើយ​រហូត​មកទល់​ពេលនេះ​ភាគី​ថៃ​នៅ​មិនទាន់​ឯកភាព​បើក​ព្រំដែន​ជាមួយ​កម្ពុជា​ឡើងវិញ​នៅឡើយ​ទេ។

ក្នុងកិច្ច​ប្រជុំ​ជាន់​ខ្ពស់​នោះដែរ​​អ្នកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លើក​ឡើង​ថា​ ​កម្មករ​ចំណាក​ស្រុក​ដែល​ត្រឡប់​មក​កម្ពុជាវិញ​ក្នុង​អំឡុង​ជំងឺ​កូវីដ​នេះ មាន​ប្រមាណ​​ជា​ជាង​១០​ម៉ឺននាក់ (១០១,០០០នាក់)។ ​​ក្នុង​នោះ​​​ស្រី្ត​ប្រមាណ​ជា​ជិត​៥០​ភាគរយ និង​កុមារ​ប្រហែល​៥ភាគរយ ហើយ​អ្នក​ចំណាក​ស្រុក​ប្រមាណ​ជិត​៦០​ភាគរយ​ ​គឺ​នៅ​​ខេត្ត​បន្ទាយ​មានជ័យ បាត់ដំបង និង​សៀមរាប។

បើតាម​របាយការណ៍​រ​បស់ក្រ​សួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​កាលពី​ឆ្នាំ២០១៩ បានឱ្យ​ដឹង​ថា ពលករ​ខ្មែរ​ប្រមាណ​ជាង ១លាន ២សែន​នាក់ កំពុងធ្វើការ​ងារ​ស្របច្បាប់​នៅ​ប្រទេស​ថៃ​៕