សកម្មជនការពារសិទ្ធិដីធ្លី និងសម្បត្តិធម្មជាតិម្នាក់ ធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះ ដោយស្នើឲ្យតុលាការ និងថ្នាក់ដឹកនាំរកយុត្តិធម៌ជូនលោក ពាក់ព័ន្ធនឹងការប្រើអំពើហិង្សាលើរូបលោក និងការគំរាមកំហែងពីសំណាក់អាជ្ញាធរ។
លោក ឆន ផល្លា សម្មជនការពារសិទ្ធិដីធ្លី និងបរិស្ថានក្នុងខេត្តរតនៈគិរី ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍នេះថា កាលពីថ្ងៃទី០៨ ខែកក្កដា កន្លងទៅ បន្ទាប់ពីលោកបានលើកឡើងក្នុងវេទិកាសាធារណៈមួយប្រាប់អាជ្ញាធរពីការីករាលដាលនៃបទល្មើសព្រៃឈើ លោកត្រូវបានគេព្រួតវាយ នៅនឹងមុខអាជ្ញាធរ។ លោកបន្ត នៅពេលនោះអាជ្ញាធរបានបណ្តោយឲ្យគេវាយលោករហូតរងរបួសយ៉ាងដំណំ ដោយមិនមានការអន្តរាគមន៍ណាមួយឡើយ។
លោក ឆន ផល្លា បន្ថែមថា អាជ្ញាធរខេត្តរតនៈគិរីបានបង្ខំ និងគំរាមកំហែងលោកឲ្យដកពាក្យបណ្តឹងចាស់ៗ ដែលលោកបានប្តឹងទៅតុលាការពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ។ ចំណែកប្រជាពលរដ្ឋ៣០នាក់ទៀតដែលចូលរួមដាក់ពាក្យបណ្តឹង ក៏ត្រូវបានអាជ្ញាធរបង្ខំឲ្យដកពាក្យបណ្តឹង និងគំរាមចាប់ដាក់ពន្ធនាគារផងដែរ។
លោកបន្ថែមថា លោកបានចាកចេញពីផ្ទះនៅខេត្តរតនៈគិរី ដោយសារបារម្ភថា លោកនឹងត្រូវរងការប្រើហិង្សាម្តងទៀត។
លោកបញ្ជាក់ថា៖ «ខ្ញុំទ្រោមហើយ ខ្ញុំលែងនៅរកដំណោះស្រាយហើយ ព្រោះរកដំណោះស្រាយអីទៀត បើទៅដល់កន្លែងប៉ូលីស ទាហានហើយនៅតែឲ្យគេវាយខ្ញុំបានទៀត ឲ្យមានរបួសស្នាម»។
លោក ឆន ផល្លា បន្ថែមដោយសំណូមពរឲ្យតុលាការ និងប្រមុខថ្នាក់ដឹកនាំ ជួយដោះស្រាយ និងចាត់វិធានការទៅតាមនីតិវិធីច្បាប់ទៅលើ មន្រ្តីថ្នាក់ក្រោមរូបណាដែលបំពានសិទ្ធិប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិជាតិ។
លោកបន្ថែមថា៖ «ខ្ញុំសំណូមពរឲ្យថ្នាក់ដឹកនាំកំពូលៗទាំងអស់ហ្នឹង គាត់ធ្វើការស៊ើបអង្កេតដល់ទីតាំង កន្លែងដែលពាក់ព័ន្ធហ្នឹង ហើយឲ្យគាត់វះកាត់មន្ត្រីរបស់គាត់ដែលខិលខូច យកដីសម្បត្តិសាធារណៈរបស់រដ្ឋហ្នឹង ហើយយកទៅលក់ខុសច្បាប់ ឲ្យគាត់ធ្វើតាមនីតិវិធីច្បាប់ »។
លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតសមាគមសិទ្ធិមនុស្សអាដហុក លើកឡើងថា ដោយសារតែមានការកាប់បំផ្លាញព្រៃឈើ ការឈូសឆាយដីព្រៃ និងការលក់ដីធ្លីនៅតំបន់ភូមិសមុទ្រលើ ខេត្តរតនៈគិរី ទើបធ្វើឲ្យលោក ឆន ផល្លា និងពលរដ្ឋមួយចំនួនទៀតដាក់ពាក្យបណ្តឹងទៅតុលាការឲ្យជួយដោះស្រាយលើជនបង្កទៅតាមផ្លូវច្បាប់ ដើម្បីចូលរួមថែរក្សាសម្បត្តិសហគមន៍។ លោក សុខា បន្តថា លោកខកចិត្តចំពោះអាជ្ញាធរដែលធ្វើទង្វើនេះ មកលើអ្នកដែលជួយថែរក្សាសម្បត្តិធម្មជាតិ បែរជាត្រូវក្លាយជាជនរងគ្រោះទៅវិញ។
លោកបញ្ញាក់ថា៖ «អ្នកដែលហ៊ានចេញមុខក្នុងការការពារនូវទ្រព្យសម្បត្តិទាំងអស់ហ្នឹង បែរជាក្លាយទៅជាអ្នករងគ្រោះ ដោយសារតែខ្លួនហ៊ានលះបង់ព្យាយាមក្នុងការតស៊ូដើម្បីការពារទ្រព្យសម្បត្តិជាតិទៅវិញ។ នេះគឺជារឿងមួយ អយុត្តិធម៌បំផុតហើយសម្រាប់អ្នកការពារធនធានធម្មជាតិ អ្នកការពារព្រៃឈើ អ្នកការពារសម្បត្តិរបស់ជាតិនេះ គិតថាវាជារឿងអយុត្តិធម៌បំផុតដោយសារតែទង្វើររបស់អាជ្ញាធរនៅមូលដ្ឋានរបស់គាត់»។
លោក សុខា ស្នើឲ្យមានការស្រាវជ្រាវរកការពិតពីការដកពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តដាក់ពាក្យបណ្តឹងពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ ប៉ុន្តែ បានដកពាក្កយបណ្តឹងវិញនៅពេលដែលលោក ឆន ផល្លា រងការប្រើហិង្សា ពលរដ្ឋទាំងនោះក៏បានដក ពាក្យបណ្តឹងរបស់ពួកគេទាំងយប់។
លោកបញ្ជាក់ថា៖ «ខ្ញុំមិនចោទប្រកាន់ថាមានការគំរាមទេ ប៉ុន្តែត្រូវរកឲ្យឃើញថាតើការដកពាក្យបណ្តឹងនឹង ដកដោយឆន្ទៈ ឬក៏ដកដោយស្មារតីនៃការគំរាមកំហែងណាមួយ»។
Newsroom Cambodia មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីលោក ខាំ ផ សារ៉ាត់ ប្រធានភូមិសាមបុត្រក្រោម និងលោក អង់ ប៊ុនធៀង ប្រធានឃុំសេដា បានទេ ដោយពួកលោកមិនលើកទូរស័ព្ទ។
បើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី០៣ ខែកក្កដា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាឲ្យ អង្គភាពប្រឆាំងអំពើពុករលួយត្រូវស្វែងរក និងចាត់វិធានការរាល់ជនខិលខូចទាំងឡាយណាដែលឃុបឃិតគ្នាយកដីរបស់រដ្ឋ និងដីប្រជាពលរដ្ឋ ដែលវិធានការទាំងនោះអាចជាការផ្តន្ទាទោស ការដកហូតមុខដំណែង ឬនឹងត្រូវបណ្តេញចេញពីគណបក្សប្រជាជនតែម្តង៕