សកម្មជនការពារសិទ្ធិដីធ្លី និងសម្បត្តិធម្មជាតិម្នាក់ ធ្វើ​សន្និសីទ​សារព័ត៌មាន​​នៅ​ថ្ងៃ​ព្រហស្បតិ៍​​នេះ ដោយ​ស្នើឲ្យ​តុលា​ការ និងថ្នាក់ដឹកនាំរកយុត្តិធម៌ជូនលោក ពាក់ព័ន្ធ​នឹង​ការប្រើ​អំពើ​ហិង្សាលើរូបលោក និងការគំរាមកំហែងពីសំណាក់អាជ្ញាធរ។

លោក ឆន ផល្លា សម្មជនការពារសិទ្ធិដីធ្លី និងបរិស្ថាន​ក្នុងខេត្តរតនៈគិរី ថ្លែង​ក្នុង​សន្និ​សីទ​​​សារព័ត៌មាន​​មួយ​​នៅ​រាជធានី​ភ្នំពេញ​ នាព្រឹកថ្ងៃព្រហស្បតិ៍​នេះថា កាលពីថ្ងៃទី​០៨ ខែកក្កដា កន្លងទៅ បន្ទាប់ពី​លោក​បាន​លើកឡើង​ក្នុង​វេទិកា​សាធារណៈ​មួយ​ប្រាប់​អាជ្ញាធរ​ពី​ការីករាល​ដាលនៃ​បទល្មើស​ព្រៃឈើ លោក​ត្រូវ​បាន​គេ​ព្រួត​វាយ នៅនឹងមុខអាជ្ញាធរ​។ លោក​បន្ត នៅ​ពេល​នោះ​​អាជ្ញាធរ​បាន​​បណ្តោយឲ្យ​គេ​វាយលោក​​រហូត​​រងរបួសយ៉ាងដំណំ​​ ដោយ​មិនមាន​ការអន្តរាគមន៍​ណាមួយ​ឡើយ​។

លោក ឆន ផល្លា បន្ថែមថា អាជ្ញាធរខេត្ត​រតនៈគិរីបាន​បង្ខំ និង​គំរាម​កំហែង​លោក​ឲ្យដក​ពាក្យ​បណ្តឹង​ចាស់ៗ ដែល​លោក​បាន​ប្តឹ​ងទៅ​តុលាការ​ពាក់ព័ន្ធនឹងបទល្មើស​ព្រៃឈើ។ ចំណែក​ប្រជា​ពលរដ្ឋ​៣០នាក់ទៀត​ដែល​ចូលរួម​ដាក់​ពាក្យ​បណ្តឹង ក៏​ត្រូវបានអាជ្ញាធរបង្ខំ​ឲ្យ​ដក​ពាក្យ​បណ្តឹង និងគំរាមចាប់ដាក់​ពន្ធនាគារ​ផង​ដែរ។  

លោក​បន្ថែមថា លោកបាន​ចាក​ចេញ​ពី​ផ្ទះ​នៅ​ខេត្ត​រតនៈ​គិរី ដោយសារ​​បារម្ភ​ថា ​លោក​នឹង​ត្រូវ​រង​ការ​ប្រើ​ហិង្សា​ម្តង​ទៀត​។​​

លោក​បញ្ជាក់​​ថា​៖​ «ខ្ញុំ​ទ្រោម​ហើយ ខ្ញុំ​លែង​នៅ​រក​ដំណោះស្រាយ​ហើយ​ ព្រោះ​រក​ដំណោះ​ស្រាយ​អី​ទៀត បើ​ទៅ​ដល់​កន្លែង​ប៉ូលីស ទាហាន​ហើយ​នៅ​តែ​ឲ្យ​គេ​វាយខ្ញុំ​បាន​ទៀត ឲ្យ​មាន​របួស​ស្នាម»។

លោក ឆន ផល្លា បន្ថែម​ដោយ​សំណូមពរ​ឲ្យ​តុលាការ និង​ប្រមុខ​ថ្នាក់​ដឹកនាំ ជួយ​ដោះស្រាយ និង​ចាត់វិធានការ​ទៅ​តាម​នីតិវិធី​ច្បាប់​ទៅ​លើ មន្រ្តី​ថ្នាក់ក្រោម​រូបណា​ដែល​បំពាន​សិទ្ធិ​ប្រជា​ពលរដ្ឋ និង​ទ្រព្យ​សម្បត្តិ​ជាតិ។

លោក​បន្ថែម​ថា៖ «ខ្ញុំ​សំណូមព​រឲ្យ​ថ្នាក់ដឹ​កនាំ​កំពូលៗ​ទាំងអស់​ហ្នឹង គាត់​ធ្វើការ​ស៊ើប​អង្កេត​ដល់​ទីតាំង កន្លែង​ដែល​ពាក់ព័ន្ធ​ហ្នឹង ហើយ​ឲ្យ​គាត់​វះ​កាត់​មន្ត្រី​របស់​គាត់​ដែល​​ខិល​ខូច យក​ដី​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ហ្នឹង ហើយ​យក​ទៅ​លក់​ខុស​ច្បាប់ ឲ្យ​គាត់​ធ្វើ​តាម​នីតិវិធី​ច្បាប់ »។

លោក នី សុខា ប្រធាន​​ផ្នែក​​ស៊ើប​​អង្កេត​​សមាគម​​សិទ្ធិ​​មនុស្ស​​អាដហុក លើក​ឡើង​ថា​ ដោយ​សារ​តែ​មាន​ការកាប់​បំផ្លាញ​ព្រៃឈើ ការ​ឈូសឆាយ​ដីព្រៃ និង​ការលក់​ដីធ្លី​នៅ​តំបន់​ភូមិ​សមុទ្រ​លើ ខេត្ត​រតនៈគិរី ទើប​ធ្វើ​ឲ្យ​លោក ឆន ផល្លា និង​ពលរដ្ឋ​មួយចំនួន​ទៀត​​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​​ឲ្យ​ជួ​យ​​​ដោះស្រាយ​លើ​ជន​បង្ក​ទៅតា​ម​ផ្លូវ​ច្បាប់ ដើម្បី​ចូលរួម​ថែរក្សា​សម្បត្តិ​សហគមន៍។ លោក សុខា បន្ត​ថា ​លោក​ខកចិត្ត​ចំពោះ​អាជ្ញាធរ​ដែល​ធ្វើ​ទង្វើ​នេះ មក​លើ​អ្នក​ដែល​ជួយ​ថែរក្សា​សម្បត្តិ​​ធម្មជាតិ បែរ​ជា​ត្រូវ​ក្លាយ​ជា​ជន​រងគ្រោះ​ទៅវិញ។

លោកបញ្ញាក់ថា៖ «អ្នកដែលហ៊ានចេញមុខក្នុងការការពារនូវទ្រព្យសម្បត្តិទាំងអស់ហ្នឹង​ បែរ​ជា​ក្លាយ​ទៅ​ជា​អ្នក​រងគ្រោះ ដោយសារ​តែ​ខ្លួន​ហ៊ាន​លះបង់​ព្យាយាម​ក្នុង​ការតស៊ូ​ដើម្បី​ការពារ​ទ្រព្យ​​សម្បត្តិ​ជាតិ​ទៅវិ​ញ។ នេះ​គឺជា​រឿង​មួយ អយុត្តិធម៌​បំផុត​ហើយ​សម្រាប់​អ្នក​ការពារ​ធន​ធាន​ធម្មជាតិ អ្នក​ការពារ​ព្រៃឈើ អ្នក​ការពារ​សម្បត្តិ​របស់​ជាតិ​នេះ ​ គិត​ថា​វា​ជា​រឿង​អយុត្តិធម៌​បំផុត​ដោយសារ​តែ​ទង្វើរ​របស់​អាជ្ញាធរ​នៅ​មូលដ្ឋាន​របស់​គាត់»។

លោក សុខា ​ស្នើ​ឲ្យ​មាន​ការស្រាវជ្រាវ​រក​ការពិត​ពី​ការដក​ពាក្យ​បណ្តឹង​របស់​ប្រជាពលរដ្ឋ ​ដែល​បាន​​​​ស្ម័គ្រចិ​ត្ត​​ដាក់​​ពាក្យ​​បណ្តឹង​​ពាក់ព័ន្ធ​នឹង​​បទល្មើស​ព្រៃឈើ ប៉ុន្តែ បាន​ដក​ពាក្កយ​បណ្តឹង​វិញ​នៅ​ពេល​ដែល​​លោក ឆន ផល្លា រងការ​​ប្រើ​ហិង្សា ពល​រដ្ឋ​ទាំង​នោះ​ក៏​បាន​ដក ពាក្យ​បណ្តឹង​របស់​ពួកគេ​ទាំងយប់។

លោក​បញ្ជាក់​​ថា៖ «​​ខ្ញុំមិនចោទ​ប្រកាន់​ថា​មាន​ការគំរាម​ទេ ប៉ុន្តែ​ត្រូវ​រក​ឲ្យ​ឃើញ​ថា​តើ​ការ​ដក​ពាក្យ​បណ្តឹង​នឹង​ ដក​​ដោយ​ឆន្ទៈ ឬ​ក៏​ដក​ដោយ​ស្មារតី​នៃ​ការគំរាម​កំហែង​ណាមួយ»។

Newsroom Cambodia មិនអាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ខាំ ផ សារ៉ាត់ ប្រធាន​ភូមិ​សាម​បុត្រ​ក្រោម និងលោក អង់ ប៊ុនធៀង ប្រធានឃុំ​សេដា បាន​ទេ ដោយ​ពួក​លោក​មិន​លើក​ទូរស័ព្ទ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​នៃ​សម័យ​ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី​ កាលពី​ថ្ងៃ​ទី០៣ ខែ​កក្កដា លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន​ បញ្ជា​ឲ្យ​ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ត្រូវ​​ស្វែងរក និង​ចាត់​វិធានការ​រាល់ជនខិលខូចទាំងឡាយណា​ដែល​ឃុបឃិតគ្នា​យក​ដី​របស់​រដ្ឋ និង​​ដី​ប្រជាពលរដ្ឋ​ ដែល​វិធានការ​ទាំង​នោះ​អាច​ជា​ការ​ផ្តន្ទាទោស ការដកហូតមុខដំណែង ឬ​នឹង​​ត្រូវ​បណ្តេញ​ចេញពីគណបក្សប្រជាជនតែម្តង៕​