មន្ត្រីការទូតជាន់ខ្ពស់នៅស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា២រូប រកឃើញវិជ្ជមានជំងឺកូវីដ១៩ ក្រោយធ្វើដំណើរពីសហរដ្ឋអាមេរិក មកកាន់កម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយនៅព្រឹកថ្ងៃទី១៧ ខែកក្កដានេះ ដោយបញ្ជាក់ថា ជនជាតិអាមេរិកាំងទាំងពីរនាក់ បានធ្វើដំណើរពីសហរដ្ឋអាមេរិក មកដល់ប្រទេសកម្ពុជានៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ហើយនៅថ្ងៃទី១៦ ខែកក្កដា ការវិភាគវត្ថុសំណាករបស់ពួកគាត់ ទទួលបានលទ្ធផលវិជ្ជមានផ្ទុកជំងឺ កូវីដ១៩។
«បច្ចុប្បន្ននេះអ្នកជំងឺទាំងពីរនាក់ ស្ថិតនៅបន្ទប់ដាច់ដោយឡែកក្នុងស្ថានទូតអាមេរិក រាជធានីភ្នំពេញ»។
សេចក្តីប្រកាសព័ត៌មានដដែលបន្ថែមថា តាមរយៈលទ្ធផលដែលទទួលបានពីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបញ្ជាក់ថា ជនជាតិអាមេរិកទាំងពីរជាមន្ត្រីកាទូតជាន់ខ្ពស់សហរដ្ឋអាមេរិក ដែលមានអាសយដ្ឋានស្នាក់នៅបន្ទប់ដោយឡែកពីគ្នា ក្នុងស្ថានទូតអាមេរិក នៅរាជធានីភ្នំពេញ។ មន្រ្តីការទូតទាំងពីររូបនោះ បានធ្វើដំណើរពីសហរដ្ឋអាមេរិក ឆ្លងកាត់ជើងហោះហើរលេខ KE689 នៅប្រទេសកូរ៉េ ដោយមានអ្នកដំណើរសរុបចំនួន៩១នាក់ ស្រ្តី៣២ នាក់ កុមារ០៧នាក់ និងបុរស៥២នាក់ ដែលជាអ្នកដំណើរចេញមកពីប្រទេសខុសៗគ្នា។
លោក Arend Zwartjes អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ប្រាប់ Newsroom Cambodia ថា មន្ត្រីស្ថានទូតពីរនាក់ អាចបញ្ជាក់បានថា មានវិជ្ជមានផ្ទុកជំងឺកូវីដ១៩ បន្ទាប់ពីមកដល់កម្ពុជា។ លោកថា មន្រ្តីស្ថានទូតទាំងពីរបានធ្វើតេស្តអវិជ្ជមាន មុនពេលធ្វើដំណើរពីសហរដ្ឋអាមេរិក មកកម្ពុជា និងកំពុងត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក។
លោកសរសេរថា៖ «អនុលោមតាមវិធានការរបស់ក្រសួងសុខាភិបាលកម្ពុជា មន្រ្តីទាំងពីរត្រូវបានបំបែកចេញបន្ទាប់ពីមកដល់ ហើយត្រូវធ្វើតេស្តម្តងទៀត។ ស្ថានទូតអាមេរិកបានជូនដំណឹងនេះភ្លាមៗទៅក្រសួងសុខាភិបាល នៅពេលដែលការធ្វើតេស្តបញ្ជាក់ថាវិជ្ជមាន»។
លោក Arend បន្តថា ស្ថានទូតអាមេរិកនឹងគោរពតាមតម្រូវការរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការមកដល់ការធ្វើតេស្ត និងការដាក់ឲ្យនៅដាច់ដោយឡែកពីបុគ្គលិកការទូត និងសមាជិកគ្រួសាររបស់ពួកគេ។
បើតាមសេចក្តីប្រកាសជូនព័ត៌មានរបស់ក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃសុក្រនេះ អ្នកមានវីរុសកូវីដ១៩ ដែលបានរកឃើញទាំងអស់ទូទាំងប្រទេសសរុបចំនួន១៧១នាក់ ក្នុងនោះជាសះស្បើយចំនួន១៣៣នាក់ និងកំពុងស្ថិតក្នុងការព្យាបាលចំនួន៣៦នាក់៕