មន្ត្រីការទូតជាន់ខ្ពស់នៅ​ស្ថាន​ទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​​២រូប រកឃើញ​​វិជ្ជមាន​ជំងឺ​កូវីដ​១៩ ក្រោយ​ធ្វើ​ដំណើរ​ពី​សហរដ្ឋ​អាមេរិក មក​កាន់​កម្ពុជា​។ នេះបើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​។

ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួ​យ​នៅ​ព្រឹក​ថ្ងៃទី១៧ ខែកក្កដា​នេះ​ ដោយ​បញ្ជាក់​​ថា​ ជនជាតិ​អាមេរិកាំង​ទាំងពីរនាក់​ បាន​ធ្វើដំ​ណើរពីសហរដ្ឋអាមេរិក មក​ដល់​ប្រទេស​កម្ពុជា​នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ហើយនៅថ្ងៃទី១៦ ខែកក្កដា ការវិភាគ​វត្ថុ​សំណាក​របស់​ពួក​គាត់ ទទួល​បាន​លទ្ធផល​វិជ្ជមាន​ផ្ទុក​ជំងឺ កូវីដ​១៩​​។

«បច្ចុប្បន្ន​នេះ​អ្នកជំងឺទាំង​ពីរនាក់​​​ ស្ថិតនៅ​បន្ទប់​ដាច់​ដោយឡែកក្នុង​ស្ថានទូតអាមេរិក រាជធានី​ភ្នំពេញ»។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បន្ថែម​ថា តាមរយៈ​លទ្ធផល​ដែល​ទទួល​បាន​ពី​ស្ថានទូត​អាមេរិក​ប្រចាំ​នៅកម្ពុជា​បញ្ជាក់​ថា ជនជាតិ​អាមេរិក​ទាំងពីរ​ជា​មន្ត្រី​កាទូត​ជាន់ខ្ពស់​សហរដ្ឋ​អាមេរិក ដែល​មាន​អាសយដ្ឋាន​ស្នាក់នៅ​បន្ទប់​ដោយ​ឡែក​ពីគ្នា ក្នុង​ស្ថាន​ទូត​អាមេរិក នៅ​​រាជធានី​ភ្នំពេញ។​ មន្រ្តី​ការទូត​ទាំងពីរ​រូប​នោះ​ បាន​ធ្វើដំណើរ​ពី​សហរដ្ឋ​អាមេរិក ​ឆ្លង​កាត់​ជើង​ហោះ​ហើរ​លេខ KE689 នៅ​ប្រទេស​កូរ៉េ ដោយ​មាន​​អ្នក​ដំណើរ​សរុ​ប​ចំនួន​៩១នាក់ ស្រ្តី​៣២ នាក់ កុមារ០៧នាក់ និងបុរស​៥២នាក់ ដែល​ជា​អ្នក​ដំណើរ​ចេញ​មក​ពី​ប្រទេស​ខុសៗ​គ្នា។

លោក Arend Zwartjes អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ប្រាប់ Newsroom Cambodia ថា មន្ត្រីស្ថានទូតពីរនាក់ អាចបញ្ជាក់​បាន​ថា មាន​វិជ្ជមាន​ផ្ទុក​ជំងឺ​កូវីដ​១៩ បន្ទាប់ពី​មក​ដល់កម្ពុជា។ លោក​ថា មន្រ្តី​​ស្ថានទូត​ទាំងពីរបាន​ធ្វើ​តេស្ត​អវិជ្ជមាន មុន​ពេល​ធ្វើ​ដំណើរ​ពី​សហរដ្ឋ​អាមេរិក មក​កម្ពុជា និង​កំពុង​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​​ឡែក។

លោក​សរសេរ​ថា៖ «​អនុលោម​តាម​វិធានការ​​របស់​ក្រសួង​សុខា​ភិបាល​កម្ពុជា មន្រ្តី​ទាំងពីរ​ត្រូវ​បាន​បំបែក​ចេញ​បន្ទាប់ពី​មក​ដល់ ហើយ​ត្រូវ​ធ្វើតេស្ត​​ម្តង​ទៀត។ ស្ថានទូត​អាមេរិក​បាន​ជូន​ដំណឹង​នេះភ្លាមៗ​​​​ទៅក្រសួងសុខាភិបាល នៅពេល​ដែល​ការធ្វើតេស្តបញ្ជាក់ថាវិជ្ជមាន»។

លោក Arend បន្តថា ស្ថានទូត​​អាមេរិក​នឹង​គោរព​តាម​តម្រូវការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​សម្រាប់​ការមក​ដល់កា​រធ្វើ​តេស្ត និងការដាក់ឲ្យនៅដាច់ដោយឡែកពីបុគ្គលិកការទូត និង​សមាជិកគ្រួសាររបស់ពួកគេ។​

បើតាម​សេចក្តី​ប្រកាស​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខា​ភិបាល​ គិតត្រឹម​ព្រឹក​ថ្ងៃសុក្រ​នេះ​ អ្នក​មាន​​វីរុស​​កូវីដ១៩ ដែល​បាន​រកឃើញ​ទាំងអស់​ទូទាំង​ប្រទេស​សរុប​ចំនួន១៧១​នាក់ ក្នុង​នោះ​ជាសះស្បើយ​ចំនួន​១៣៣​នាក់ និង​កំពុង​ស្ថិត​ក្នុងការ​ព្យាបាល​ចំនួន​៣៦​នាក់៕​