លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់លោក ចំពោះប្រទេសទីម័រក្នុងការចូលជាសមាជិកអាស៊ាន ដោយថា នឹងជំរុញសេដ្ឋកិច្ចក្នុងតំបន់ និងសម្រេចក្តីសុបិន្តរបស់បិតាស្ថាបនិកអាស៊ាន តែអ្នកវិភាគលើកឡើងថា សេដ្ឋកិច្ចរបស់ប្រទេសលើកោះដ៏តូចមួយនេះ នៅតែជាឧបសគ្គនៅឡើយ។
ថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ កាលពីខែមុន លោកនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា កម្ពុជានៅតែបន្តគាំទ្រក្នុងការដាក់បញ្ចូលទីម័រឡេស្តជាសមាជិកពេញសិទ្ធិអាស៊ាន។
លោកបានថ្លែងថា៖ «ខ្ញុំសូមបញ្ជាក់ឡើងវិញនូវការគាំទ្រយ៉ាងពេញទំហឹងរបស់កម្ពុជា និងទន្ទឹងរង់ចាំការដាក់បញ្ចូលទីម័រឡេស្តជាសមាជិកពេញសិទ្ធិអាស៊ាន»។
លោកនាយករដ្ឋមន្ត្រីបន្ថែមថា៖ «ខ្ញុំមានសុទិដ្ឋិនិយមថា សមាជិកភាពរបស់ទីម័រឡេស្ត មិនត្រឹមតែមានសារសំខាន់ជាយុទ្ធសាស្ត្រសម្រាប់យើង ក្នុងបរិបទនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ការសម្រេចក្តីសុបិន្តរបស់បិតាស្ថាបនិកអាស៊ាន ក្នុងការបង្រួបបង្រួមប្រទេសទាំងអស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក្រោមឆ័ត្រអាស៊ាន»។
លោក សេក សុផល អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៃសាកលវិទ្យាល័យ Ritsumeikan ប្រទេសជប៉ុនមានប្រសាសន៍ថា ការគាំទ្ររបស់ប្រទេសកម្ពុជាចំពោះបេក្ខភាពប្រទេសទីម័រ គឺផ្តោតខ្លាំងទៅលើទីតាំងភូមិសាស្ត្រ និងនយោបាយ ជាជាងអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច។
លោក សុផល បញ្ជាក់ថា៖ «បើតាមទីតាំងភូមិសាស្ត្រ ទីម័រគួរតែត្រូវបានដាក់បញ្ចូលក្នុងអាស៊ាន។ ដោយកត់សម្គាល់ថាប្រទេសនេះទទួលបានឯករាជ្យពីឥណ្ឌូណេស៊ីតាំងពីឆ្នាំ១៩៩៩ ហើយទីម័រក៏ជាផ្នែកមួយនៃអាស៊ីអាគ្នេយ៍ដែរ។ ហើយម៉្យាងទៀត ប្រទេសទីម័រអាចដើរតួនាទីសំខាន់លើកិច្ចការការទូត និងភូមិសាស្ត្រនយោបាយជាមួយអាស៊ានបាន»។
ទោះជាយ៉ាងណា ហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចប្រទេសនេះ នៅមិនទាន់អភិវឌ្ឍន៍នៅឡើយ ហើយទាំងនេះជាក្តីកង្វល់សម្រាប់ប្រទេសអភិវឌ្ឍន៍មួយចំនួនចំពោះការគាំទ្រដល់ការស្នើសុំរបស់ប្រទេសនេះឲ្យចូលជាសមាជិកអាស៊ាន។
លោក សុផល បានបន្ថែម៖ «ដោយសារជាប្រទេសថ្មី និងតូច សេដ្ឋកិច្ចរបស់ទីម័រនៅមានទំហំតូច ហើយសមត្ថភាពហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសនេះក៏នៅមានកម្រិតនៅឡើយ ពិសេសនៅពេលខ្លួនធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ាន ពេលក្លាយជាប្រធានអាស៊ាន។ ប្រធានរបស់អាស៊ានត្រូវបានប្តូរវេនតាមអក្ខរក្រមជាភាសាអង់គ្លេសនៃបណ្តាប្រទេសជាសមាជិកនីមួយៗ ជារៀងរាល់ឆ្នាំ»។
យោងតាមសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានលើកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ នៅថ្ងៃទី ២៦ ខែមិថុនា បេសកកម្មលើករណីសិក្សាស្រាវជ្រាវនឹងត្រូវបានអនុវត្តដោយការវាយតម្លៃយ៉ាងទូលំទូលាយលើសមាជិកភាពរបស់ប្រទេសទីម័រ។ ក្នុងពេលកំពុងវាយតម្លៃនេះដែរ ទីម័រត្រូវបានលើកទឹកចិត្តឱ្យចូលរួមក្នុងសកម្មភាព ឬកិច្ចប្រជុំដែលមិនពាក់ព័ន្ធនឹងការធ្វើគោលនយោបាយរបស់អាស៊ាន។
ចំណែកទីម័របានស្វាគមន៍ចំពោះដំណើរការនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលចេញដោយក្រសួងការបរទេសរបស់ខ្លួន។
លោក លឹម ម៉េងហួ អនុប្រធានមជ្ឈមណ្ឌលមេគង្គសម្រាប់ការសិក្សាយុទ្ធសាស្ត្រដែលជាផ្នែកមួយនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ីនៅរាជធានីភ្នំពេញលើកឡើងថា ប្រទេសកម្ពុជា និងប្រទេសសមាជិកដទៃ មើលឃើញពីភាពសកម្មរបស់ប្រទេសទីម័រក្នុងការចង់ក្លាយជារដ្ឋសមាជិករបស់អាស៊ាន។
លោកបានលើកឡើងក្នុងសារអេឡិចត្រូនិចថា៖ «ទោះបីជាប្រទេសនេះមានទំហំតូចក៏ដោយ ក៏ទីម័រអាចបង្កើនសំឡេងរបស់អាស៊ាន និងរដ្ឋជាសមាជិកនីមួយៗនៅលើឆាកអន្តរជាតិ ព្រោះទីម័រជាប្រទេសឯករាជ្យ និងជារដ្ឋសមាជិកមួយរបស់អង្គការសហប្រជាជាតិផងដែរ»។
លោក ម៉េង ហួ បានបន្ថែមថា ប្រទេសជាសមាជិកអាស៊ានភាគច្រើនបានគាំទ្រដោយផ្ទាល់ និងដោយប្រយោលដល់សមាជិកភាពរបស់ប្រទេសទីម័រ ប៉ុន្តែ «ប្រទេសសិង្ហបុរីបានបង្ហាញការជំទាស់របស់ខ្លួនចំពោះសមាជិកភាពនេះ»។ លោកថា ប្រទេសសិង្ហបុរីមានការព្រួយបារម្ភថា សេដ្ឋកិច្ចទីម័រដែលមិនទាន់មានការអភិវឌ្ឍនៅឡើយ អាចក្លាយជាបន្ទុកមួយរបស់អាស៊ាន។
ទោះជាយ៉ាងនេះក្តី ការចូលជាសមាជិកអាស៊ានរបស់ទីម័រ នឹងផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចក្នុងតំបន់ ទោះបីជាទីផ្សាររបស់ប្រទេសនេះនៅតូច ក៏វាមិនទាន់មានការផ្គត់ផ្គង់នៅឡើយទេ។ នេះបើតាមប្រសាសន៍លោក ម៉េង ហួ។
លោកបន្ថែមថា ប្រទេសទីម័រអាចនឹងជំរុញឲ្យមានការទទួលស្គាល់ជាអន្តរជាតិរបស់អាស៊ានក៏ដូចជាផ្តល់តុល្យភាពអំណាចបន្ថែមទៀតនៅក្នុងអាស៊ាន។ «ជាឧទាហរណ៍ ប្រទេសកម្ពុជា និងប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀតនៅក្នុងអាស៊ាន អាចមានតុល្យភាពជាមួយទីម័រដើម្បីបង្កើនសំឡេងកាន់តែច្រើននៅក្នុងអង្គភាពមួយនេះ»។
ប្រទេសទីម័រមានប្រជាជនប្រមាណ ១,៣លាននាក់ប៉ុណ្ណោះ បើយោងតាមរបាយការណ៍ធនាគារពិភពលោក។ ប្រទេសនេះបានចូលជាសមាជិករបស់អង្គកាសហប្រជាជាតិនៅឆ្នាំ២០០២ និងបានសុំចូលជាសមាជិកអាស៊ានជាផ្លូវការនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០១១៕