លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​បញ្ជាក់​ជាថ្មី​នូវ​ការគាំទ្រ​របស់​លោក ចំពោះ​ប្រទេស​ទីម័រ​ក្នុង​ការចូល​ជា​សមាជិក​អាស៊ាន ដោយ​​ថា​ ​នឹង​ជំរុញ​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​សម្រេច​ក្តី​​សុបិន្ត​របស់​បិតា​ស្ថាបនិក​អាស៊ាន តែ​អ្នកវិភាគ​លើកឡើង​ថា សេដ្ឋកិច្ច​របស់​ប្រទេស​លើ​កោះ​ដ៏​តូច​មួយ​នេះ នៅ​តែ​ជា​ឧបសគ្គ​នៅ​ឡើយ។

ថ្លែង​ក្នុង​ពិធី​បើកកិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៦ កាលពីខែមុន លោក​នាយក​រដ្ឋមន្ត្រី មាន​ប្រសាសន៍​ថា កម្ពុជា​នៅ​តែ​បន្ត​គាំទ្រ​ក្នុង​ការដាក់​បញ្ចូល​ទីម័រ​ឡេស្ត​ជា​សមាជិក​ពេញ​សិទ្ធិ​អាស៊ាន​។

លោកបាន​ថ្លែង​ថា៖ «ខ្ញុំ​សូម​បញ្ជាក់​ឡើង​វិញ​នូវ​ការគាំទ្រ​យ៉ាង​ពេញ​ទំហឹង​របស់​កម្ពុជា និង​ទន្ទឹង​រង់ចាំ​ការដាក់​បញ្ចូល​ទីម័រឡេស្ត​ជា​សមាជិក​ពេញ​សិទ្ធិ​អាស៊ាន»។

លោក​នាយក​រដ្ឋមន្ត្រី​បន្ថែម​ថា៖ «ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា សមាជិកភាព​របស់​ទីម័រឡេស្ត មិន​ត្រឹម​តែ​មាន​សារសំខាន់​ជា​យុទ្ធសាស្ត្រ​សម្រាប់​យើង ក្នុង​ប​រិបទ​នៃ​ការប្រកួត​ប្រជែង​ភូមិសាស្ត្រ​នយោបាយ​រវាង​មហា​អំណាច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​សម្រាប់​ការសម្រេច​ក្តី​សុបិន្ត​របស់​បិតា​ស្ថាបនិក​អាស៊ាន​ ក្នុង​ការបង្រួប​បង្រួម​ប្រទេស​ទាំងអស់​នៅ​ក្នុង​តំប​ន់អាស៊ី​អាគ្នេយ៍​ក្រោម​ឆ័ត្រ​អាស៊ាន»។

លោក សេក សុផល អ្នកស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ​នៃ​សាកល​វិទ្យា​ល័យ Ritsumeikan ប្រទេស​ជប៉ុន​មាន​ប្រសាសន៍​ថា ការគាំទ្រ​របស់​ប្រទេស​កម្ពុជា​ចំពោះ​បេក្ខភាព​ប្រទេស​ទីម័រ​ គឺ​ផ្តោត​ខ្លាំង​ទៅ​លើ​ទីតាំង​ភូមិសាស្ត្រ និង​នយោបាយ ជាជាង​អត្ថប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច។

លោក សុផល បញ្ជាក់​ថា៖ «បើ​តាម​ទីតាំង​ភូមិសាស្ត្រ​ ទីម័រ​គួរ​តែ​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​អាស៊ាន។ ដោយកត់​សម្គាល់​ថា​ប្រទេស​នេះទ​ទួល​បាន​ឯករាជ្យ​ពី​ឥណ្ឌូណេស៊ី​តាំង​ពី​ឆ្នាំ១៩៩៩ ហើយ​ទីម័រ​ក៏​ជា​ផ្នែក​មួយ​នៃ​អាស៊ី​អាគ្នេយ៍​ដែរ។ ហើយ​ម៉្យាង​ទៀត ប្រទេស​ទីម័រ​អាច​ដើរ​តួនាទី​សំខាន់​លើ​កិច្ចការ​ការទូត និង​ភូមិសាស្ត្រ​នយោបាយ​ជាមួយ​អាស៊ាន​បាន»។

ទោះជាយ៉ា​ង​ណា ហេដ្ឋា​រចនា​សម្ព័ន្ធ និង​សេដ្ឋកិច្ច​ប្រទេស​នេះ នៅ​មិន​ទាន់​អភិវឌ្ឍន៍​នៅ​ឡើយ ហើយ​ទាំង​នេះ​ជា​ក្តី​កង្វល់​សម្រាប់​ប្រទេស​អភិវឌ្ឍន៍​មួយ​ចំនួន​ចំពោះ​ការ​គាំទ្រ​​ដល់​ការស្នើ​សុំ​របស់​ប្រទេស​នេះ​ឲ្យ​ចូល​ជា​សមាជិក​អាស៊ាន។

លោក សុផល បាន​​បន្ថែម៖ «ដោយសារ​ជា​ប្រទេស​ថ្មី និង​តូច សេដ្ឋកិច្ច​របស់​ទីម័រ​នៅ​មាន​ទំហំ​តូច ហើយ​សមត្ថភាព​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់ប្រទេសនេះក៏នៅមានកម្រិតនៅឡើយ ពិសេស​នៅ​ពេល​ខ្លួន​​ធ្វើ​​​ជា​​ម្ចាស់​​ផ្ទះ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ ពេល​ក្លាយជា​ប្រធា​ន​អាស៊ាន។ ប្រធាន​របស់​អាស៊ាន​ត្រូវ​បាន​ប្តូរ​វេន​តាម​អក្ខរក្រម​ជា​ភាសា​អង់គ្លេស​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​នីមួយៗ ​ជា​រៀង​រាល់​ឆ្នាំ»។

យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​ប្រធាន​អាស៊ាន​លើ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើកទី៣៦ នៅថ្ងៃទី ២៦ ខែមិថុនា បេសកកម្ម​លើ​ករណី​សិក្សា​ស្រាវជ្រាវ​នឹង​ត្រូវ​បាន​អនុវត្ត​ដោយ​ការវាយ​តម្លៃ​យ៉ាង​ទូលំ​ទូលាយ​​លើ​សមាជិកភាព​របស់​ប្រទេស​ទីម័រ។ ក្នុង​ពេល​កំពុង​វាយ​តម្លៃ​នេះ​ដែរ ទីម័រ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឱ្យ​ចូលរួម​ក្នុង​សកម្មភាព ​ឬ​កិច្ចប្រជុំ​ដែល​មិន​ពាក់ព័ន្ធ​នឹង​ការធ្វើ​គោល​នយោបាយ​របស់​អាស៊ាន។

ចំណែក​ទីម័រ​បាន​ស្វាគមន៍​ចំពោះ​ដំណើរការ​នេះ។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ចេញ​ដោយ​ក្រសួងការ​បរទេស​របស់​ខ្លួន។

លោក លឹម ម៉េងហួ អនុប្រធាន​មជ្ឈមណ្ឌល​មេគង្គ​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​ដែល​ជា​ផ្នែក​មួយ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​នៅរាជធានី​ភ្នំពេញ​​លើកឡើង​ថា ប្រទេស​កម្ពុជា និង​ប្រទេស​សមាជិក​ដទៃ​ មើល​ឃើញ​ពី​ភាព​សក​ម្ម​របស់​ប្រទេស​ទីម័រ​ក្នុង​ការ​ចង់​​ក្លាយ​ជា​រដ្ឋ​សមាជិក​របស់​អាស៊ាន​។

លោក​បាន​លើកឡើង​ក្នុង​សារ​អេឡិច​ត្រូនិច​ថា៖ «ទោះបីជា​ប្រទេស​នេះ​មាន​ទំហំ​តូច​ក៏​ដោយ ក៏​ទីម័រ​អាច​បង្កើន​សំឡេង​​របស់​អាស៊ាន និង​រដ្ឋ​ជា​សមាជិក​នីមួយៗ​នៅ​លើ​ឆាក​អន្តរជាតិ ព្រោះ​ទីម័រ​ជា​ប្រទេស​ឯករាជ្យ និង​ជា​រដ្ឋ​សមាជិក​មួយ​របស់​អង្គការ​សហប្រជាជាតិ​ផង​ដែរ»។

លោក ម៉េង ហួ បាន​បន្ថែម​ថា ប្រទេស​ជា​សមាជិក​អាស៊ាន​ភាគច្រើន​បាន​គាំទ្រ​ដោយផ្ទាល់ និង​ដោយ​ប្រយោល​ដល់​សមាជិក​ភាព​របស់​ប្រទេស​ទីម័រ ប៉ុន្តែ «ប្រទេស​សិង្ហបុរី​បាន​បង្ហាញ​ការជំទាស់​របស់​ខ្លួន​ចំពោះ​សមាជិក​ភាព​នេះ»។ លោក​​​ថា ប្រទេស​សិង្ហបុរី​មាន​ការព្រួយបារម្ភ​ថា សេដ្ឋកិច្ច​ទីម័រ​ដែល​មិន​ទាន់​មាន​ការអភិវឌ្ឍ​នៅ​ឡើយ អាច​ក្លាយ​ជា​បន្ទុក​មួយ​របស់​អាស៊ាន។

ទោះជាយ៉ាងនេះ​ក្តី ការ​ចូល​ជា​សមាជិក​អាស៊ាន​របស់​ទីម័រ នឹង​ផ្តល់​ផល​ប្រយោជន៍​ដល់​សេដ្ឋកិច្ច​ក្នុង​តំបន់​ ទោះបីជា​ទីផ្សារ​របស់​ប្រទេស​នេះ​នៅ​តូច ក៏​វា​មិន​ទាន់​មាន​ការផ្គត់ផ្គង់​នៅឡើយ​ទេ។ នេះ​បើតាម​ប្រសាសន៍​លោក​ ម៉េង ហួ។

លោក​បន្ថែម​ថា ប្រទេសទីម័រ​អាច​នឹង​ជំរុញ​ឲ្យ​មាន​ការទទួល​ស្គាល់​ជា​អន្តរជាតិ​របស់​អាស៊ាន​ក៏​ដូចជា​ផ្តល់​តុល្យភាព​អំណាច​បន្ថែម​ទៀត​នៅ​ក្នុង​អាស៊ាន។  «ជា​ឧទាហរណ៍ ប្រទេស​កម្ពុជា​ និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ផ្សេង​ទៀត​នៅ​ក្នុង​អាស៊ាន អាច​​​មាន​តុល្យភាព​ជាមួយ​ទីម័រ​ដើម្បី​បង្កើន​សំឡេង​កាន់​តែច្រើន​នៅ​ក្នុង​អង្គភាពមួយ​នេះ»​។

ប្រទេស​ទីម័រ​មាន​ប្រជាជន​ប្រមាណ ១,៣​លាន​នាក់​ប៉ុណ្ណោះ បើ​យោង​តាម​របាយការណ៍​ធនាគារ​ពិភពលោក។ ប្រទេស​នេះ​​បាន​ចូល​ជា​សមាជិក​របស់​អង្គកា​សហប្រជាជាតិ​នៅឆ្នាំ​២០០២ និង​បា​ន​សុំចូល​ជា​សមាជិក​អាស៊ាន​ជា​ផ្លូវ​ការ​នៅ​ថ្ងៃទី៤​ ខែ​មីនា ​ឆ្នាំ២០១១៕​