បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ប្រមាណជា៦០ភាគរយ នៅមិនទាន់បានចូលធ្វើការខណៈបុគ្គលិកគ្រោងធ្វើយុទ្ធនាការលើបណ្តាញសង្គម សុំឲ្យមានដំណោះស្រាយពីក្រុមហ៊ុន និងក្រសួងការងារ។ នេះបើតាមតំណាងសហជីពប្រចាំក្រុមហ៊ុនណាហ្គាវើលដ៍។
អ្នកស្រី ឈឹម ស៊ីថរ ប្រធានសហជីពក្រុមហ៊ុនណាហ្គាវើលដ៍លើកឡើងថា ក្រុមហ៊ុនមានបុគ្គលិកសរុប៨,៦០០នាក់ តែមកទល់ពេលនេះបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ប្រមាណ៤០ភាគរយប៉ុណ្ណោះដែលបានចូលបម្រើការងារវិញ។ អ្នកស្រីបន្ថែមថា បុគ្គលិកទាំង៤០ភាគរយនោះ ធ្វើការតែ១០ថ្ងៃប៉ុណ្ណោះក្នុងមួយខែ ហើយក្រុមហ៊ុនផ្តល់ប្រាក់ខែទៅតាមចំនួនថ្ងៃដែលបានធ្វើការ។
ប្រធានសហជីពក្រុមហ៊ុនណាហ្គាវើលដ៍រូបនេះបន្តថា ទាំងបុគ្គលិកដែលមិនទាន់បានចូលធ្វើការងារវិញ និងបុគ្គលិកដែលបានចូលធ្វើវិញតែមិនពេញម៉ោង សុទ្ធតែត្រូវប្រឈមនឹងបញ្ហាជីវភាពដូចគ្នា។
អ្នកស្រីថា បុគ្គលិកទាំងអស់ដែលបានទាមទាររកដំណោះស្រាយពីក្រុមហ៊ុន និងក្រសួងការងារ កំពុងរងចាំការឆ្លើយតប ប៉ុន្តែអ្នកស្រីថា ក្រុមហ៊ុនប្រាប់កម្មករឲ្យរង់ចាំ ប៉ុន្តែពន្យារពេលជាច្រើនដង ចាប់តាំងពីបើកដំណើរការមក។
អ្នកស្រីបញ្ជាក់ថា៖ «ក្រុមហ៊ុនកំពុងតែពិចារណាលើសំណើ អត់ទាន់បានឆ្លើយថាឲ្យ ឬក៏មិនឲ្យទេ បានត្រឹមតែឲ្យរង់ចាំ មួយសប្តាហ៍ហើយ មួយសប្តាហ៍ទៀត សរុបទៅជាងមួយខែហើយ»។
អ្នកស្រី ឈឹម ស៊ីថរ ប្រាប់ Newsroom Cambodia បន្ថែមថា អ្នកស្រី និងបុគ្គលិកផ្សេងទៀតនឹងធ្វើយុទ្ធនាការផ្សេងៗទៀតជាបន្តបន្ទាប់ ប្រសិនបើក្រុមហ៊ុននៅតែពុំមានដំណោះស្រាយ ទាក់ទងនឹងប្រាក់ឧបត្ថម្ភដល់បុគ្គលិក។
អ្នកស្រីថា៖ «យើងនឹងមានយុទ្ធនាការបន្តបន្ទាប់ទៀតដូចជា ការដូរប្រូហ្វាល់ហ្វេសប៊ុក ដោយយើងសរសេរជាសារថា ក្រុមហ៊ុនបើកដំណើរការ តែជីវភាពបុគ្គលិកមិនទាន់ដំណើរការ ហើយនឹងមានការផ្ញើរជាអ៊ីមែល និងផ្ញើរសារទៅ What app របស់ថ្នាក់គ្រប់គ្រងកំពូលរបស់ក្រុមហ៊ុន ពីសំណាក់បុគ្គលិកទាំងអស់ ដើម្បីឲ្យគាត់ពិចារណាពីសំណើរបស់បុគ្គលិក»។
អ្នកស្រី ញាន ដាវី បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍មួយរូបលើកឡើងថា មកទល់ពេលនេះ អ្នកស្រីមិនទាន់បានចូលធ្វើការនៅឡើយ ហើយក៏មិនបានធ្វើការនៅកន្លែងផ្សេងដែរ ដោយថា អ្នកស្រីរង់ចាំក្រុមហ៊ុនបើកដំណើរការធម្មតាវិញ។ អ្នកស្រីបន្តថា សម្រាប់សំណើសុំប្រាក់ឧបត្ថម្ភរបស់កម្មករ ក្រុមហ៊ុនហាក់មានចេតនាមិនចង់ដោះស្រាយឲ្យ ដោយព្យាយាមពន្យារពេលពីមួយសប្តាហ៍ ទៅមួយសប្តាហ៍។
ចំណែកអ្នកស្រី រី សុវណ្ណឌី បុគ្គលិកកាស៊ីណូណាហ្គាវើលដ៍ម្នាក់ទៀតលើកឡើងដែរថា ចាប់តាំងពីក្រុមហ៊ុនណាហ្គាវើលដ៍បើកដំណើរការឡើងវិញ មកទល់ពេលនេះ អ្នកស្រីទើបតែបំពេញការងារបាន៧ថ្ងៃប៉ុណ្ណោះ ហើយថា ចំណូលដែលទទួលបានតិចតួច ស្ទើតែបង់ថ្លៃផ្ទះជួលមិនគ្រប់។
អ្នកស្រីថា៖ «ធ្វើការតិចថ្ងៃពេកយើងត្រូវប្រឈមមុខ មិនខុសគ្នាពីយើងនៅផ្ទះទេ អត់លុយទេ ព្រោះអីយើងមកធ្វើការ ត្រូវរកផ្ទះជួល ហើយផ្ទះជួលយើងគេមិនដែលកាត់ភាគរយទេ យើងត្រូវបង់ផ្ទះជួលពេញ »។
បុគ្គលិកកាស៊ីណូណាហ្គាវើលដ៍ រូបនេះ សំណូមពរឲ្យរដ្ឋាភិបាលជួយសម្រួលបញ្ហាជំពាក់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ នៅពេលប្រជាពលរដ្ឋកំពុងជួបផលលំបាក។
អ្នកស្រីថា៖ «ខ្ញុំសំណូមពរឲ្យរាជរដ្ឋាភិបាលជួយសម្រួលរឿងធនាគារឲ្យពួកយើង ព្រោះធនាគារលក្ខខណ្ឌគេដូចអត់ប្រែប្រួលទេ គេនៅតែទាមទារ គេនៅតែយកលុយការប្រាក់ ត្រូវតែឲ្យយើងទៅសរុប»។
Newsroom Cambodia មិនអាចសុំការបកស្រាយពីលោក Hein Dames ប្រធានផ្នែកធនធានមនុស្សនៃក្រុមហ៊ុនណាហ្គាវើលដ៍បានទេ។
លោក ហេង សួរ អ្នកនាំពាក្យ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រាប់ Newsroom Cambodia ថា រដ្ឋាភិបាលបានផ្តល់ចម្លើយជូនបុគ្គលិកកាស៊ីណូណាហ្គាវើលដ៍ជាយូរមកហើយថា គឺមានតែវិស័យកាត់ដេរ និងទេសចរណ៍ប៉ុណ្ណោះដែលទទួលបានប្រាក់ឧបត្ថម្ភ ៤០ដុល្លារពីរាជរដ្ឋាភិបាល។
លោកថា៖ «រាជរដ្ឋាភិបាលមានចម្លើយជូនយូរហើយ គឺអ្នកវិស័យកាត់ដេរ និងទេសចរណ៍គឺទទួលបាន បងប្អូនដែលនៅក្រៅវិស័យផ្សេងទៀតអាចទទួលបានការជួយឧបត្ថម្ភតាមកម្មវិធីជំនួយសង្គម »។
លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់ លើកឡើងថា ក្រុមហ៊ុនដែលមានបុគ្គលិកច្រើន ក៏ជាបញ្ហាធំផងដែរក្នុងរយៈពេលមានជំងឺកូវីដ១៩នេះ ប៉ុន្តែលោកថា ក្រុមហ៊ុនអាចផ្តល់ប្រាក់ខែឲ្យបុគ្គលិកសមរម្យដោយមិនយោងទៅតាមចំនួនថ្ងៃ និងជំនួសវិញដោយការធ្វើការបំពេញឲ្យក្រុមហ៊ុននៅពេលដែលស្ថានភាពកូវីដ១៩មានភាពប្រសើរឡើង។
លោកថា៖ «នៅក្នុងកាលទេសៈនឹង វិធានការទីមួយគឺក្រុមហ៊ុនគួរពិនិត្យអំពីលក្ខខណ្ឌធ្វើយ៉ាងណា ឲ្យកម្មករនិយោជិតគាត់មានការងារខ្លះ ហើយបន្ទាប់មកគិតអំពីវិធាននៅក្នុងការរកវិធីសាស្រ្តរបៀបម៉េច ដើម្បីបុគ្គលិកគាត់អាចមាននូវប្រាក់ឈ្នួល ឬក៏ប្រាក់ចំណូលរបស់គាត់ពេញលេញ»។
លោក ឃុន ថារ៉ូ បន្ថែមថា ដើម្បីឲ្យមានវិសាលភាពនៃការផ្តល់ជូននូវប្រាក់ឧបត្ថម្ភដល់កម្មករ គឺអាស្រ័យលើឆន្ទៈរបស់រដ្ឋ ក៏ដូចជារាជរដ្ឋាភិបាល។
លោកថា៖ «ចង់មិនចង់រដ្ឋក៏ត្រូវស្តាប់ពីទុក្ខកង្វល់ បញ្ហាប្រឈមរបស់កម្មករ ហើយប្រសិនបើការមិនឆ្លើយតប នៅក្នុងស្ថានភាពមួយដែលកម្មករគាត់ប្រឈមហ្នឹង ខ្ញុំគិតថាអាហ្នឹង យើងវាមិនបានគិតទៅដល់គេហៅថា ប្រជាពលរដ្ឋហ្នឹង ជីវភាពរស់នៅ ហើយនិងសុខមាលភាពរបស់គាត់ទេ»។
រដ្ឋាភិបាលបានប្រកាសឲ្យកាស៊ីណូទូទាំងប្រទេសបិទកាលពីថ្ងៃទី០១ ខែមេសា ដើម្បីការពារការរីករាលដាលជំងឺកូវីដ១៩។ កាស៊ីណូណាហ្គាវើលដ៍ បានចាប់បើកដំណើរការឡើងវិញនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ បន្ទាប់ពីរដ្ឋាភិបាលប្រកាសឲ្យកាស៊ីណូទាំងអស់អាចបើកដំណើរការឡើងវិញនៅថ្ងៃទី៣ ខែមិថុនា។