បុគ្គលិក​​ក្រុមហ៊ុន​ណាហ្គាវើលដ៍​​ប្រមាណជា​៦០​​ភាគរយ​​​ នៅ​មិន​ទាន់​បាន​ចូល​ធ្វើការ​ខណៈ​បុគ្គលិក​គ្រោង​ធ្វើ​យុទ្ធនាការ​លើ​បណ្តាញ​សង្គម សុំ​ឲ្យ​មាន​ដំណោះ​ស្រាយ​ពី​​​ក្រុមហ៊ុន និង​ក្រសួង​ការងារ។ នេះ​បើ​តាម​តំណាង​សហជីព​ប្រចាំ​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍។​

អ្នកស្រី ឈឹម ស៊ីថរ ប្រធាន​សហជីព​ក្រុមហ៊ុន​ណាហ្គាវើលដ៍​លើកឡើង​ថា ក្រុមហ៊ុន​​មាន​​បុគ្គលិក​សរុប​៨,៦០០នាក់ តែ​​មក​ទល់​ពេល​នេះ​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ប្រមាណ​៤០​ភាគរយ​ប៉ុណ្ណោះ​​ដែល​​បាន​​ចូល​​បម្រើ​​ការងារ​​វិញ។  អ្នកស្រី​បន្ថែម​ថា បុគ្គលិក​​ទាំង​៤០​ភាគ​រយ​​នោះ​ ធ្វើការ​​តែ១០​ថ្ងៃ​​ប៉ុណ្ណោះ​​ក្នុង​មួយ​ខែ ហើយ​ក្រុម​ហ៊ុ​ន​ផ្តល់​ប្រាក់ខែ​ទៅតាម​ចំនួន​ថ្ងៃដែល​បាន​ធ្វើការ។

ប្រធាន​សហជីព​ក្រុមហ៊ុន​ណាហ្គាវើលដ៍​រូប​នេះ​បន្ត​ថា ទាំង​បុគ្គលិក​ដែល​មិន​ទាន់​បាន​ចូលធ្វើ​ការងារ​វិញ និង​បុគ្គលិក​ដែល​បាន​ចូល​ធ្វើ​វិញ​តែ​មិនពេញ​ម៉ោង សុទ្ធ​តែ​ត្រូវ​ប្រឈម​នឹង​បញ្ហា​ជីវភាព​ដូចគ្នា។

អ្នកស្រី​ថា ​បុគ្គលិក​ទាំង​អស់ដែល​​បាន​ទាមទារ​រក​ដំណោះ​ស្រាយ​ពី​ក្រុម​ហ៊ុន និង​ក្រសួង​ការងារ​ ​កំពុង​រង​ចាំ​ការ​ឆ្លើយ​​តប​ ប៉ុន្តែ​អ្នកស្រី​ថា ក្រុមហ៊ុនប្រាប់កម្មករឲ្យរង់ចាំ ប៉ុន្តែ​​​​ពន្យារ​​ពេល​ជាច្រើន​ដង​ ចាប់​តាំងពីបើកដំណើរការមក។​

អ្នកស្រីបញ្ជាក់ថា៖ «​ក្រុមហ៊ុន​កំពុង​តែ​ពិចារណា​លើ​សំណើ អត់ទាន់​បាន​ឆ្លើយ​ថា​ឲ្យ ឬ​ក៏​មិន​ឲ្យ​ទេ​ បាន​ត្រឹមតែ​ឲ្យ​រង់ចាំ មួយសប្តាហ៍ហើយ មួយសប្តាហ៍ទៀត សរុបទៅជាងមួយខែហើយ​»។

អ្នកស្រី ឈឹម ស៊ីថរ ប្រាប់ Newsroom Cambodia បន្ថែម​ថា អ្នកស្រី និង​បុគ្គលិក​ផ្សេង​ទៀត​​នឹង​ធ្វើ​យុទ្ធនាការ​ផ្សេងៗ​ទៀត​​ជា​បន្តបន្ទាប់ ប្រសិនបើ​ក្រុម​ហ៊ុន​នៅ​តែ​ពុំ​មាន​ដំណោះស្រាយ​ ទាក់ទង​នឹង​ប្រាក់​ឧបត្ថម្ភ​ដល់​បុគ្គលិក។

អ្នកស្រីថា៖ «​យើងនឹងមានយុទ្ធនាការបន្តបន្ទាប់ទៀតដូចជា ការដូរប្រូហ្វាល់​ហ្វេសប៊ុក ដោយ​យើង​សរសេរ​ជា​សារ​ថា ក្រុមហ៊ុន​បើក​ដំណើរការ តែ​ជីវភាព​បុគ្គលិក​មិនទា​ន់​ដំណើរការ ហើយ​នឹង​មាន​ការផ្ញើរ​ជា​អ៊ីមែល និង​ផ្ញើរសារ​ទៅ What app របស់​ថ្នាក់​គ្រប់គ្រង​កំពូល​របស់​ក្រុមហ៊ុន ពី​សំណាក់​បុគ្គលិក​ទាំងអស់ ដើម្បី​ឲ្យ​គាត់​ពិចារណា​ពី​សំណើ​របស់​បុគ្គលិក»។

​អ្នកស្រី ញាន ដាវី បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍​មួយ​រូប​​លើក​ឡើង​​​ថា​ មក​ទល់​ពេល​នេះ អ្នកស្រី​មិន​ទាន់​បាន​ចូល​ធ្វើការ​នៅ​ឡើយ ហើយ​ក៏​មិន​បាន​ធ្វើការ​នៅ​កន្លែង​ផ្សេង​ដែរ ដោយថា អ្នកស្រី​រង់ចាំ​ក្រុម​​ហ៊ុន​បើក​​ដំណើរការ​ធម្មតា​វិញ។​ អ្នកស្រី​បន្ត​ថា សម្រាប់​សំណើ​សុំ​ប្រាក់​ឧបត្ថម្ភ​របស់​កម្មករ ក្រុមហ៊ុន​ហាក់​មាន​ចេតនា​មិនចង់ដោះស្រាយឲ្យ ដោយ​ព្យាយាម​ពន្យារ​ពេល​ពី​មួយ​សប្តាហ៍ ទៅ​មួយ​សប្តាហ៍។

ចំណែក​អ្នកស្រី រី សុវណ្ណឌី បុគ្គលិក​កាស៊ីណូ​ណាហ្គាវើលដ៍​ម្នាក់​ទៀត​​លើក​ឡើង​ដែរ​ថា ចាប់​តាំង​ពី​ក្រុមហ៊ុន​​ណាហ្គាវើលដ៍​បើក​ដំណើរ​ការ​ឡើង​វិញ មកទល់​ពេល​នេះ អ្នកស្រី​ទើប​តែ​បំពេញ​ការងារ​បាន​៧ថ្ងៃ​ប៉ុណ្ណោះ ហើយ​ថា ចំណូល​ដែល​ទទួល​បាន​តិចតួច ​ស្ទើ​តែ​បង់ថ្លៃផ្ទះជួល​មិនគ្រប់​។

អ្នកស្រីថា៖ «ធ្វើការ​តិច​ថ្ងៃពេកយើង​ត្រូវ​ប្រឈម​មុខ មិន​ខុសគ្នា​ពី​យើង​នៅផ្ទះ​ទេ​ អត់​លុយ​ទេ ព្រោះអី​យើង​មក​ធ្វើការ ត្រូវ​រក​ផ្ទះ​ជួ​ល ហើយ​ផ្ទះ​ជួល​យើង​គេ​មិន​ដែល​កាត់​ភាគរយ​ទេ យើង​ត្រូវ​បង់​ផ្ទះ​ជួល​ពេញ »។

បុគ្គលិក​កាស៊ីណូ​ណាហ្គាវើលដ៍ រូបនេះ សំណូមពរ​ឲ្យ​​រដ្ឋាភិបាល​ជួយ​សម្រួល​បញ្ហា​ជំពាក់​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​របស់​ប្រជាពលរដ្ឋ នៅ​ពេល​ប្រជាពលរដ្ឋ​កំពុង​ជួប​ផល​លំបាក​។​

អ្នកស្រី​ថា៖ «ខ្ញុំ​សំណូមព​រ​ឲ្យ​រា​ជរដ្ឋា​ភិបាល​ជួយ​សម្រួល​រឿង​ធនាគារ​ឲ្យ​ពួក​យើង ព្រោះធ​នាគារ​លក្ខខណ្ឌ​គេ​ដូច​អត់​ប្រែប្រួល​ទេ គេ​នៅ​តែ​ទាមទារ គេ​នៅ​តែ​យក​លុយ​ការប្រាក់ ត្រូវ​តែ​ឲ្យ​យើង​ទៅ​សរុប»។

Newsroom Cambodia មិនអាចសុំការបកស្រាយពីលោក Hein Dames ប្រធានផ្នែក​ធនធានមនុស្ស​​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​បានទេ។​

លោក ហេង សួរ អ្នកនាំពាក្យ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រាប់ Newsroom Cambodia ថា រដ្ឋាភិបាល​បាន​ផ្តល់​ចម្លើយ​ជូន​បុគ្គលិក​កាស៊ីណូណាហ្គាវើលដ៍​​ជា​យូរ​មក​ហើយ​ថា គឺ​មាន​​តែ​វិស័យ​កាត់ដេរ និង​ទេសចរណ៍​ប៉ុណ្ណោះ​ដែល​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ៤០​ដុល្លារពី​រាជ​រដ្ឋា​ភិបាល។

លោក​ថា៖ «រាជ​រដ្ឋាភិបាល​មាន​ចម្លើយ​ជូនយូរ​ហើយ គឺ​អ្នក​វិស័យ​កាត់ដេរ និង​ទេសចរណ៍​គឺ​ទទួល​បាន បងប្អូន​ដែល​នៅ​ក្រៅ​វិស័យ​ផ្សេង​ទៀត​អាច​ទទួល​បាន​ការជួយ​ឧបត្ថម្ភ​តាម​កម្មវិធី​ជំនួយ​សង្គម »។

លោក ឃុន ថារ៉ូ​ អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​អង្គការ​សង់ត្រាល់ លើកឡើង​ថា ក្រុមហ៊ុន​ដែល​មាន​បុគ្គលិក​ច្រើន ក៏ជា​បញ្ហា​ធំផ​ងដែរក្នុង​រយៈពេល​មាន​ជំងឺ​កូវីដ១៩​នេះ ប៉ុន្តែ​លោក​ថា ក្រុមហ៊ុន​អាច​ផ្តល់​ប្រាក់ខែ​ឲ្យ​បុគ្គលិក​សមរម្យ​ដោយ​មិន​យោង​ទៅ​តាម​ចំនួ​នថ្ងៃ ​និង​ជំនួស​វិញ​ដោយការ​ធ្វើការ​បំពេញ​ឲ្យ​ក្រុមហ៊ុន​នៅពេល​ដែ​លស្ថានភាព​កូវីដ​១៩​មាន​ភាព​ប្រសើរ​ឡើង​។

លោកថា៖ «​នៅក្នុងកាលទេសៈ​នឹង វិធានការ​ទីមួយ​គឺ​ក្រុមហ៊ុន​គួរ​ពិនិត្យ​អំពី​លក្ខខណ្ឌ​ធ្វើ​យ៉ា​ងណា ឲ្យ​កម្មករ​និយោជិត​គាត់​មាន​ការងារ​ខ្លះ ហើយប​ន្ទាប់​មក​គិត​អំពី​វិធាន​នៅ​ក្នុង​ការរក​វិធីសាស្រ្ត​របៀប​ម៉េច ដើម្បី​បុគ្គលិក​គាត់​អាច​មាន​នូវ​ប្រាក់​ឈ្នួល ឬ​ក៏​ប្រាក់ចំ​ណូល​របស់​គាត់​ពេញលេញ​»។

លោក ឃុន ថារ៉ូ បន្ថែម​ថា ដើម្បីឲ្យ​មានវិសាលភាព​នៃ​ការផ្តល់​ជូន​នូវ​ប្រាក់​ឧបត្ថម្ភ​ដល់​កម្មករ គឺ​អាស្រ័យ​លើ​ឆន្ទៈ​របស់​រដ្ឋ ក៏​ដូចជា​រាជ​រដ្ឋាភិបាល។​​

លោក​ថា៖ «ចង់​មិន​ចង់​រដ្ឋ​ក៏​ត្រូវ​ស្តាប់​ពី​ទុក្ខ​កង្វល់​ បញ្ហាប្រឈម​របស់​កម្មករ ហើយ​ប្រសិនបើ​ការមិន​ឆ្លើយ​តប នៅ​ក្នុង​ស្ថានភាព​មួយ​ដែល​កម្មករ​គាត់​ប្រឈម​ហ្នឹង​ ខ្ញុំ​គិតថាអា​ហ្នឹង​​ យើង​វា​មិន​បាន​គិត​ទៅ​ដល់​គេ​ហៅថា ប្រជាពលរដ្ឋ​ហ្នឹង ជីវភាព​រស់នៅ ហើយ​និង​សុខមាលភាព​របស់​គាត់ទេ​»។

​រដ្ឋាភិបាល​​បាន​​​ប្រកាស​ឲ្យ​កាស៊ីណូ​ទូទាំង​ប្រទេស​បិទ​កាល​ពីថ្ងៃទី០១ ខែ​មេសា ដើម្បី​ការពារ​ការរីករាល​ដាល​ជំងឺកូវីដ​១៩។ កាស៊ីណូណាហ្គាវើលដ៍ បាន​ចាប់​បើក​ដំណើរការ​ឡើងវិញ​នៅ​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ២០២០នេះ បន្ទាប់​ពី​រដ្ឋាភិបាល​ប្រកាស​ឲ្យ​កាស៊ីណូ​ទាំង​អស់​អាច​បើក​ដំណើរ​ការ​ឡើង​វិញ​​​នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា។