អង្គការសង្គមស៊ីវិលអន្តជាតិចំនួន៣៣ បានចេញសេចក្តីថ្លែងការរួមមួយដោយអំពាវនាវដល់ប្រទេសប្រជាធិបតេយ្យចំនួន១៣ ចូលរួមជាមួយសហភាពអឺរ៉ុប ក្នុងការជំរុញឲ្យមានការគោរពសិទ្ធិមនុស្សនៅកម្ពុជា ដើម្បីរក្សាទុក ប្រព័ន្ធអនុគ្រោះពន្ធអ្វីគ្រប់យ៉ាងលើកលែងតែសព្វាវុធ (EBA)។
បើតាមលិខិតចំហរួមគ្នាមួយចេញនៅថ្ងៃទី២១ ខែកក្កដា ដោយអង្គការសង្គមស៊ីវិលអន្តរជាតិ និងសមាគមអ្នកបញ្ជាទិញចំនួន៣៣ រួមមានអង្គការ Human Rights Watch និង អង្គការ Global Witness ជាដើម បានស្នើសុំឲ្យប្រទេសចំនួន១៣ ដែលក្នុងនោះរួមមានសហរដ្ឋអាមេរិក អាឡឺម៉ង់ និងប្រទេសបារាំង ចូលរួមជាមួយសហភាពអឺរ៉ុប ក្នុងការជំរុញឲ្យរដ្ឋាភិបាលកម្ពុជាចាត់វិធានការយ៉ាងឆាប់រហ័ស ក្នុងការដោះស្រាយបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។
លិខិតនោះបញ្ជាក់ថា៖ «កម្ពុជាគប្បីចាត់វិធានការឲ្យបានពេញលេញក្នុងន័យកែប្រែស្ថានភាពសិទ្ធិមនុស្សដែលកំពុងធ្លាក់ចុះខ្លាំង ដើម្បីរក្សាឲ្យបាននូវការអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្ម ឬបញ្ឈប់ការព្យួរជំនួយក្នុងលក្ខខណ្ឌទ្វេរភាគីជាមួយនឹងម្ចាស់ជំនួយនានា»។
ក្នុងលិខិតដដែលក៏បានស្នើទៅកាន់រដ្ឋាភិបាលប្រទេសទាំង១៣ថា៖ «យើងខ្ញុំសូមស្នើឱ្យរដ្ឋាភិបាលប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យទាំង១៣ខាងលើ មេត្តាអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឲ្យគោរពតាមកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងដើម្បីគាំទ្រដល់កិច្ចប្រឹងប្រែងរបស់សហភាពអឺរ៉ុបក្នុងការនាំមកនូវសិទ្ធិមនុស្ស នីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យជូនប្រជាពលរដ្ឋខ្មែរទាំងអស់»។
លោក Chad Roedemeier អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំបានលើកឡើងថា សហរដ្ឋអាមេរិកគាំទ្រប្រជាជនកម្ពុជាដើម្បីទទួលបានសិទ្ធិ និងសេរីភាព ព្រមទាំងបានលើកឡើងពីកង្វល់ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាជាបន្តបន្ទាប់។
លោក Chad Roedemeier បានសរសេរតាមសារអេឡិចត្រូនិចក្នុងន័យដើមថា៖ «សហរដ្ឋអាមេរិកបានលើកឡើងពីកង្វល់អំពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាជាបន្តបន្ទាប់ ហើយបានជំរុញឲ្យរដ្ឋាភិបាលចាត់វិធានការតាមមាគ៌ាដ៏ត្រឹមត្រូវ ដើម្បីបើកឡើងវិញនូវសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ហើយគាំទ្រប្រជាជនកម្ពុជាដើម្បីទទួលសិទ្ធិ និងសេរីភាព»។
លើក Chad បញ្ជាក់ទៀតថា៖ «យើង (សហរដ្ឋអាមេរិក) គាំទ្រប្រជាជនកម្ពុជា និងសិទ្ធិមានក្នុងរដ្ឋធម្មនុញ្ញរបស់ពួកគេ ដើម្បីលទ្ធិប្រជាធិបតេយ្យ និងសេរីភាពមូលដ្ឋាន»។
យោងតាមឯកសារស្តីពីការដកសិទ្ធិពីកម្ពុជាលើកាទទួលបានការអនុគ្រោះនៅទីផ្សារអឺរ៉ុប ដែលបានអនុម័តនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ បញ្ជាក់ថា គណៈកម្មការនៃសភាអឺរ៉ុបបានសម្រេចដកចាប់ពីថ្ងៃទី១២ ខែសីហា ២០២០ លើផ្នែកខ្លះនៃពាណិជ្ជកម្មសម្រាប់ផលិតផលដែលនាំចូលពីប្រទេសកម្ពុជាដោយហេតុផលថា «កម្ពុជារំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាលក្ខណៈប្រព័ន្ធ»។ ផលិតផលដែលរងផលប៉ះពាល់មាននៅក្នុងវិស័យដូចខាងក្រោម ផលិតផលកាត់ដេរតម្លៃបន្ថែមទាប ស្បែកជើង ទំនិញទាក់ទិននឹងការធ្វើដំណើរ និងស្ករស។
នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ញូវស៍រូមខេមបូឌា (Newsroom Cambodia) បានព្យាយាមសុំការអត្ថាធិប្បាយជុំវិញការដាក់លិខិតរួមនេះ ពីស្ថានទូតមួយចំនួនទៀត ដូចជាស្ថានទូតអាឡឺម៉ង់ និងបារាំង ជាដើម ប៉ុន្តែមិនទាន់មានការឆ្លើយតប។
អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ជិន ម៉ាលីន លើកឡើងថា អង្គការសង្គមស៊ីវិលទាំងនោះគឺជាក្រុមដែលប្រឆាំងរដ្ឋាភិបាលកម្ពុជា។ លោកបន្តថា រដ្ឋាភិបាលកម្ពុជា នៅតែប្រកាន់គោលការណ៍អធិបតេយ្យភាព នីតិរដ្ឋ និងការអនុវត្តច្បាប់ជាចម្បង។
លោក ម៉ាលីន មានប្រសាសន៍ថា៖ «យើងឃើញមានតែប៉ុន្មានទេ ដែលសុទ្ធតែជាអ្នកធ្វើសកម្មភាពប្រឆាំងទៅហ្នឹងរដ្ឋាភិបាល ដោយមានគំនុំគុំគួនជាមួយរដ្ឋាភិបាលនាពេលកន្លងមក។ គេប្រមូលសម្ព័ន្ធមិត្តរបស់គេ។ ជារឿងធម្មតាដែលគេតែងតែធ្វើ»។
សហភាពអឺរ៉ុបគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសកម្ពុជាដែលស្មើនឹង ៤៥ភាគរយនៃការនាំចេញសរុបរបស់ខ្លួន នៅក្នុងឆ្នាំ២០១៨។ ការនាំចេញពីប្រទេសកម្ពុជាទៅកាន់សហគមន៍អឺរ៉ុបបានឈានដល់៥,៤ពាន់លានអឺរ៉ូ នៅឆ្នាំ២០១៨ ច្រើនជាងពីរដងនៃទឹកប្រាក់២,៥ ពាន់លានអឺរ៉ូដែលត្រូវបានកត់ត្រាទុកក្នុងឆ្នាំ២០១៣។ ៩៥.៧ភាគរយនៃការនាំចេញទាំងនេះ បានចូលទីផ្សារសហភាពអឺរ៉ុបក្រោមការអនុគ្រោះពន្ធលើមុខទំនិញទាំងអស់លើកលែងតែសព្វាវុធ EBA៕