អង្គការសង្គមស៊ីវិលអន្តជាតិចំនួន​៣៣ បាន​ចេញ​សេចក្តី​ថ្លែង​ការ​រួម​មួយ​ដោយ​អំពាវនាវ​ដល់​ប្រទេស​ប្រជាធិបតេយ្យ​ចំនួន​១៣ ចូលរួម​ជាមួយ​សហភាព​អឺរ៉ុប ក្នុង​ការជំរុញ​ឲ្យ​មាន​ការគោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដើម្បី​រក្សា​ទុក ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ្វី​គ្រប់​យ៉ាង​លើកលែង​តែ​សព្វាវុធ (EBA)។

បើ​តាមលិខិតចំហរួមគ្នា​មួយ​ចេញ​នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា ដោយ​អង្គការសង្គមស៊ីវិលអន្តរជាតិ និង​សមាគម​​អ្នក​បញ្ជា​ទិញ​​ចំនួន​​៣៣ ​រួម​​មាន​​អង្គការ Human Rights Watch​ និង អង្គការ​ Global Witness ជាដើម​ បានស្នើ​សុំឲ្យប្រទេសចំនួន​១៣ ដែល​ក្នុងនោះរួមមានសហរដ្ឋអាមេរិក អាឡឺម៉ង់ និង​ប្រទេសបារាំង​ ចូលរួម​ជាមួយ​សហភាព​អឺរ៉ុប ក្នុង​ការជំរុញ​​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ចាត់​វិធានការ​យ៉ាង​ឆាប់​រហ័ស ក្នុង​ការដោះស្រាយ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

លិខិត​នោះ​បញ្ជាក់​ថា៖​ «កម្ពុជា​គប្បី​ចាត់​វិធានការ​ឲ្យ​បាន​ពេញលេញ​ក្នុង​ន័យ​កែប្រែ​ស្ថានភាព​សិទ្ធិ​មនុស្ស​ដែល​កំពុង​ធ្លាក់​ចុះខ្លាំ​ង ដើម្បី​រក្សា​ឲ្យ​បាន​នូវ​ការអនុគ្រោះពន្ធ​ផ្នែក​ពាណិជ្ជកម្ម ឬ​បញ្ឈប់​ការព្យួរ​ជំនួយ​ក្នុង​លក្ខខណ្ឌ​ទ្វេរ​ភាគី​ជាមួយ​នឹង​ម្ចាស់​ជំនួយ​នានា»។

ក្នុង​លិខិត​ដដែល​ក៏​​បានស្នើទៅ​កាន់​រដ្ឋាភិបាល​ប្រទេសទាំង​១៣​ថា៖ «យើង​ខ្ញុំ​សូម​ស្នើ​ឱ្យ​រដ្ឋាភិបាល​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ទាំង​១៣​ខាងលើ មេត្តា​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​គោរព​តាម​កាតព្វកិច្ច​របស់​ខ្លួន​ក្រោម​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ និង​ដើម្បី​គាំទ្រ​ដល់​កិច្ច​ប្រឹងប្រែង​របស់​សហភាព​អឺរ៉ុប​ក្នុង​ការនាំមក​នូវ​សិទ្ធិ​មនុស្ស នីតិរដ្ឋ និង​លទ្ធិប្រជាធិបតេយ្យ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់​»។

លោក Chad Roedemeier អ្នកនាំពាក្យ​​ស្ថានទូត​សហរដ្ឋ​អាមេរិក​​ប្រចាំ​​បាន​លើក​ឡើង​ថា សហរដ្ឋ​អាមេរិក​គាំទ្រ​ប្រជាជន​កម្ពុជា​ដើម្បី​ទទួល​បាន​សិទ្ធិ និង​សេរីភាព ព្រមទាំង​​បាន​លើកឡើង​ពីកង្វល់​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិមនុស្ស​នៅកម្ពុជា​ជា​បន្តប​ន្ទាប់។

លោក Chad Roedemeier បានសរសេរតាមសារអេឡិចត្រូនិច​ក្នុង​ន័យ​ដើម​​ថា៖ «សហរដ្ឋ​អាមេរិក​បាន​លើកឡើង​ពីកង្វល់​អំពី​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ជា​បន្តបន្ទាប់ ហើយ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ចាត់វិធានការ​តាម​មាគ៌ាដ៏​ត្រឹមត្រូវ ដើម្បី​បើក​ឡើង​វិញ​នូវ​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ហើយ​គាំទ្រ​ប្រជាជន​កម្ពុជា​ដើម្បី​ទទួល​សិទ្ធិ និង​សេរីភាព»។

លើក​ Chad បញ្ជាក់​ទៀត​ថា៖ «យើង (សហរដ្ឋ​អាមេរិក) គាំទ្រ​ប្រជាជន​កម្ពុជា និង​សិទ្ធិ​មាន​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ពួកគេ​ ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ និង​សេរីភាព​មូលដ្ឋាន»។

យោង​តាម​ឯកសារ​ស្តីពីការ​ដក​សិទ្ធិ​ពីកម្ពុជា​លើ​កា​ទទួល​បាន​ការ​អនុគ្រោះ​​នៅ​ទីផ្សារ​អឺរ៉ុប ដែល​​បាន​អនុម័ត​នៅ​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២០ បញ្ជាក់​ថា  គណៈ​កម្ម​ការ​នៃ​សភា​អឺរ៉ុប​បាន​សម្រេច​ដក​ចាប់​ពីថ្ងៃទី១២​ ខែសីហា ២០២០ លើផ្នែក​ខ្លះ​នៃ​ពាណិជ្ជកម្ម​សម្រាប់​ផលិតផល​ដែល​នាំ​ចូល​ពី​ប្រទេស​កម្ពុជា​ដោយ​ហេតុផល​ថា «កម្ពុជា​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ និង​ជា​លក្ខណៈ​ប្រព័ន្ធ»។ ផលិត​ផល​ដែល​រង​ផល​ប៉ះពាល់​មាន​នៅ​ក្នុង​វិស័យ​ដូច​ខាងក្រោម ផលិតផល​កាត់ដេរ​តម្លៃ​បន្ថែម​ទាប​ ស្បែកជើង ទំនិញ​ទាក់ទិន​នឹង​ការធ្វើ​ដំណើរ និង​ស្ករស​។

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ញូវស៍រូម​ខេម​បូឌា (Newsroom Cambodia) បាន​ព្យាយាម​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញការដាក់លិខិតរួមនេះ ​ពី​ស្ថាន​ទូត​មួយ​ចំនួន​ទៀត​​ ដូចជា​​ស្ថានទូត​អាឡឺម៉ង់ និង​បារាំង ជាដើម ប៉ុន្តែ​មិន​ទាន់​មានការ​ឆ្លើយ​តប។

អនុប្រធាន​គណៈកម្មាធិការសិទ្ធិមនុស្ស​កម្ពុជា លោក ជិន ម៉ាលីន លើក​ឡើង​ថា អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះគឺ​ជា​ក្រុម​ដែល​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា​។ លោក​បន្ត​ថា រដ្ឋាភិបាល​កម្ពុជា នៅតែ​ប្រកាន់​គោលការណ៍​អធិបតេយ្យ​ភាព នីតិរដ្ឋ និង​ការអនុវត្ត​ច្បាប់​ជា​ចម្បង។

លោក ម៉ាលីន មាន​ប្រសាសន៍​ថា៖ «យើង​ឃើញ​មាន​តែ​ប៉ុន្មាន​ទេ ដែល​សុទ្ធ​តែ​ជា​អ្នក​ធ្វើ​សកម្មភាព​ប្រឆាំង​ទៅ​ហ្នឹង​រដ្ឋាភិបាល ដោយ​មាន​គំនុំ​គុំគួន​ជាមួយ​រដ្ឋាភិបាល​នា​ពេល​កន្លង​មក។ គេ​ប្រមូល​សម្ព័ន្ធ​មិត្ត​របស់​គេ។ ជា​រឿង​ធម្មតា​ដែល​គេ​តែងតែ​ធ្វើ»។

សហភាព​អឺរ៉ុប​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំបំផុត​របស់​ប្រទេស​កម្ពុជា​ដែល​ស្មើនឹង ៤៥​ភាគរយ​នៃ​ការនាំ​ចេញ​​សរុប​​របស់ខ្លួន នៅ​ក្នុង​ឆ្នាំ២០១៨។ ការនាំ​ចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​សហគមន៍​អឺរ៉ុប​បាន​ឈាន​​ដល់​​៥,៤ពាន់​លាន​អឺរ៉ូ ​​នៅ​​ឆ្នាំ២០១៨ ច្រើនជាង​ពីរដង​នៃ​ទឹក​ប្រាក់២,៥ ពាន់​លាន​អឺរ៉ូ​ដែល​ត្រូវ​បាន​កត់ត្រា​ទុក​ក្នុង​ឆ្នាំ​២០១៣។ ៩៥.៧​ភាគរយ​នៃ​ការនាំចេញ​ទាំង​នេះ បាន​ចូល​ទីផ្សារ​សហភាព​អឺរ៉ុប​ក្រោម​​ការអនុគ្រោះ​​ពន្ធ​​​លើ​​មុខ​ទំនិញ​ទាំងអស់លើក​លែង​តែ​​សព្វាវុធ EBA​៕​