អាជ្ញាធរខណ្ឌ៧មករាប្រើអំពើហិង្សា និងចាប់អូសក្រុមស្ត្រីដែលជាគ្រួសារអតីតសកម្មជនគណបក្សសង្គ្រោះជាតិចេញពីខាងមុខសាលាដំបូងរាជធានីភ្នំពេញ ខណៈពួកគេកំពុងតវ៉ាទាមទារឲ្យមានការដោះលែងសមាជិកគ្រួសាររបស់ពួកគេដែលកំពុងជាប់ឃុំ។
នៅព្រឹកថ្ងៃសុក្រនេះ ក្រុមគ្រួសារអតីតសកម្មជនគណបក្សសង្គ្រោះជាតិ និងអ្នកគាំទ្រប្រមាណ៥០នាក់ដែលភាគច្រើនជាស្រ្តី បានប្រមូលផ្តុំគ្នាតវ៉ានៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឲ្យតុលាការដោះលែងអតីតសកម្មជនចំនួន១៧នាក់ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ។
ខណៈកំពុងតវ៉ាដោយមានកាន់បដា និងស្រែកទាមទារឲ្យមានការដោះលែង អាជ្ញាធរខណ្ឌ៧មករា ប្រមាណជា២០នាក់បាន រារាំង រុញច្រាន ចាប់អូសក្រុមអ្នកតវ៉ាមួយចំនួននោះ មិនឲ្យឈរនៅមុខបរិវេណសាលាដំបូងរាជធានីភ្នំពេញ បណ្តាលឲ្យអ្នកតវ៉ាមួយចំនួនធ្វើឲ្យមានរបួសរលាត់ដៃ និងថ្លោះជើងជាដើម។
អ្នកស្រី សំ បូលីម៉ា ភរិយាអតីតសកម្មជនគណបក្សសង្គ្រោះជាតិគឺលោក ឃីម ភាណា លើកឡើងថា អ្នកស្រី និងក្រុមគ្រួសារអតីតសកម្មជនផ្សេងទៀតប្រមាណជា៥០នាក់ មកតវ៉ានៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឲ្យតុលាការដោះលែងស្វាមីរបស់អ្នកស្រី និងអតីតសកម្មជនគណបក្សសង្គ្រោះជាតិ១៦នាក់ផ្សេងទៀតដែលកំពុងជាប់ឃុំ។ អ្នកស្រីបន្តថា អ្នកស្រីនឹងនៅតែបន្តការតវ៉ា ប្រសិនបើមិនមានការដោះលែង។
អ្នកស្រីថា៖ «បើអត់មានដំណោះស្រាយ ខ្ញុំនឹងតតាំងដល់ទីបញ្ចប់ ទោះបីខ្ញុំស្លាប់នៅនឹងតុលាការក៏ខ្ញុំតតាំងដែរ»។
ចំណែកអ្នកស្រី ព្រំ ចន្ថា ភរិយាលោក កាក់ គន្ធា និងត្រូវថ្លោះជើងដោយសារការរុញច្រាន និងអូសពីសំណាក់អាជ្ញាធរ លើកឡើងថា ទោះបីជាត្រូវរងការឈឺចាប់ដោយសារការអូស និងលើកទម្លាក់ខ្លាំងៗរបស់អាជ្ញាធរក្តី អ្នកស្រីនឹងបន្តការតវ៉ាជារៀងរាល់ថ្ងៃសុក្ររហូតមានការដោះលែងអតីតសកម្មជនទាំង១៧នាក់នោះ។ អ្នកស្រីបន្ថែមថា សកម្មជនបក្សប្រឆាំងដែលកំពុងជាប់ឃុំទាំងនោះមិនមានកំហុស ហើយសុទ្ធតែមានវ័យចំណាស់។
អ្នកស្រីថា៖ «ប្រឹងស៊ូដើម្បីតទៅមុខទៀត ទោះជាខ្ញុំឈឺចិត្ត ឈឺកាយប៉ុណ្ណាក៏ដោយ ក៏ខ្ញុំនៅស៊ូប្រឹង ដើម្បីឲ្យដោះលែងពួកគាត់ឆាប់ៗ»។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក លើកឡើងថា អាជ្ញាធរគួរសម្របសម្រួលក្រុមគ្រួសារអតីតសកម្មជនទាំងនោះ ជៀសវាងការប្រើអំពើហិង្សាធ្វើឲ្យពួកគាត់រងរបួស។
លោកថា៖ «ការចាប់គ្រវាត់គ្រវែងអីទាំងអស់ហ្នឹង វាជារូបភាពអត់ល្អទេ នៅពេលដែលការផ្សព្វផ្សាយតាមបណ្តាញសង្គម ឬក៏សារព័ត៌មានជាដើម បើសិនជារារាំងមិនឲ្យគាត់តវ៉ានៅដល់មុខសាលាដំបូង»។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីសុំមិនធ្វើអត្ថាធិប្បាយជុំវិញករណីនេះ។
បើតាមក្រុមគ្រួសារអតីតសកម្មជនទាំងនោះអះអាងថា អតីតសកម្មជនគណបក្សសង្គ្រោះជាតិទាំង១៧រូបនោះ កំពុងជាប់ឃុំពីបទញុះញង់ និងក្បត់ជាតិ។ សកម្មជនខ្លះជាប់ឃុំជាង៣ខែ និងខ្លះទៀតមានរយៈពេល២ឆ្នាំ ហើយថា រហូតមកដល់ពេលនេះ ក្រុមគ្រួសារបានតវ៉ាចំនួន៦ដងមកហើយ៕