អាជ្ញាធរខណ្ឌ​៧មករា​ប្រើអំពើហិង្សា និង​ចាប់អូស​ក្រុម​​ស្ត្រី​ដែល​ជាគ្រួសារ​​អតីត​​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​​​ចេញ​ពី​ខាង​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ខណៈពួកគេ​កំពុង​តវ៉ា​ទាម​ទារ​ឲ្យ​មានការ​ដោះ​លែង​​សមាជិក​គ្រួសារ​​​របស់​ពួកគេ​ដែល​​​កំពុង​ជាប់​ឃុំ។

នៅព្រឹកថ្ងៃសុក្រនេះ ក្រុមគ្រួសារ​អតីត​សកម្មជន​គណបក្ស​សង្គ្រោះជាតិ និង​អ្នកគាំទ្រ​ប្រមាណ​៥០​នាក់​ដែល​ភាគ​ច្រើន​ជា​ស្រ្តី​ បាន​ប្រមូល​ផ្តុំ​គ្នា​​តវ៉ា​​នៅ​​ខាង​មុខ​​សាលា​ដំបូង​រាជធានី​​ភ្នំពេញ ដើម្បី​​ឲ្យ​​តុលាការ​ដោះ​លែង​​អតី​ត​សកម្មជ​ន​​ចំនួន​​១៧នាក់​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ។

ខណៈ​កំពុង​តវ៉ា​ដោយ​មាន​កាន់​បដា និង​ស្រែក​ទាមទារ​ឲ្យ​មានការ​ដោះ​លែង​​ ​​អាជ្ញាធរខណ្ឌ​៧មករា ​ប្រមាណជា​២០​នាក់​បាន រារាំង រុញច្រាន ​ចាប់​​អូស​ក្រុម​អ្នកតវ៉ា​​មួយចំនួន​​នោះ​ មិន​ឲ្យ​ឈរ​នៅ​មុខ​បរិវេណ​សាលាដំបូង​រាជធានី​ភ្នំពេញ បណ្តាល​ឲ្យ​អ្នកតវ៉ា​មួយ​ចំនួន​ធ្វើ​ឲ្យ​មាន​របួស​រលាត់​ដៃ និង​ថ្លោះជើង​ជាដើម។

អ្នកស្រី សំ បូលីម៉ា ភរិយា​អតីត​សកម្មជនគណ​បក្សសង្គ្រោះជាតិ​​គឺ​លោក ឃីម ភាណា លើក​ឡើង​​ថា អ្នកស្រី និង​ក្រុមគ្រួសារ​អតីត​សកម្មជន​ផ្សេង​ទៀត​ប្រមាណ​​ជា​៥០​នាក់ មក​តវ៉ា​នៅ​សាលា​ដំបូង​​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​តុលាការ​ដោះលែង​ស្វាមីរបស់អ្នកស្រី និង​អតីត​សកម្មជន​​​គណបក្ស​​សង្គ្រោះជា​តិ​​​១​៦​នាក់​ផ្សេង​ទៀត​​​ដែល​កំពុងជាប់​ឃុំ។ អ្នក​ស្រី​បន្ត​ថា អ្នកស្រី​​នឹង​នៅតែបន្តការតវ៉ា ប្រសិន​បើ​មិនមាន​ការ​ដោះ​លែង។​

អ្នកស្រីថា៖ «បើ​អត់​មាន​ដំណោះស្រាយ ខ្ញុំ​នឹង​តតាំង​ដល់​ទី​បញ្ចប់ ទោះបី​ខ្ញុំ​ស្លាប់​នៅ​នឹង​តុលាការ​ក៏​ខ្ញុំ​តតាំង​ដែរ»។

ចំណែក​​អ្នកស្រី ព្រំ ចន្ថា ភរិយា​លោក កាក់ គន្ធា និង​ត្រូវ​​ថ្លោះជើង​ដោយសារ​ការ​រុញ​ច្រាន និង​អូស​ពី​សំណាក់​​អាជ្ញាធរ ​លើកឡើងថា ទោះបីជា​ត្រូវ​រងការឈឺចាប់​ដោយសារ​ការអូស និង​លើក​ទម្លាក់​ខ្លាំងៗ​របស់អាជ្ញាធរ​​​​ក្តី អ្នកស្រី​នឹង​បន្ត​ការតវ៉ា​ជារៀងរាល់​ថ្ងៃសុក្រ​រហូត​មាន​​ការ​ដោះ​លែង​​អតីត​សកម្មជន​ទាំង​១៧នាក់​នោះ។ អ្នកស្រី​បន្ថែម​ថា ​សកម្មជន​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ​ទាំងនោះមិ​នមាន​កំហុស ហើយ​សុទ្ធ​តែ​មាន​វ័យចំណាស់។​

អ្នកស្រីថា៖ «​​ប្រឹង​ស៊ូ​ដើម្បី​តទៅ​មុខ​ទៀត ទោះជាខ្ញុំ​ឈឺ​ចិត្ត ឈឺកាយ​ប៉ុណ្ណា​ក៏​ដោយ ក៏​ខ្ញុំ​នៅ​ស៊ូ​ប្រឹង ដើម្បី​ឲ្យ​ដោះលែង​ពួកគាត់​ឆាប់ៗ​»។

លោក ស៊ឹង សែនករុណា អ្នកនាំពាក្យ​ស​មាគម​សិទ្ធិ​មនុស្ស​អាដហុក លើក​ឡើង​ថា អាជ្ញាធរ​គួ​រ​សម្រប​​សម្រួល​​ក្រុម​គ្រួសារ​អតី​តសកម្មជន​ទាំងនោះ​ ជៀសវាង​ការប្រើអំពើ​ហិង្សា​ធ្វើ​​ឲ្យ​ពួក​គាត់​រង​របួស។​

លោកថា៖ «ការចាប់​គ្រវា​ត់គ្រវែង​អី​ទាំងអស់​ហ្នឹង វាជា​រូបភាព​អត់​ល្អទេ នៅ​ពេល​ដែល​ការផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម ឬក៏​សារព័ត៌មា​ន​ជាដើ​ម បើសិន​ជា​រារាំង​មិន​ឲ្យ​គាត់​តវ៉ា​នៅ​ដល់​មុខ​សាលា​ដំបូង​»។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​​ជុំ​វិញ​ករណី​នេះ។​

បើ​តាម​ក្រុម​គ្រួសារអតីត​សកម្ម​ជន​ទាំង​នោះ​​អះអាងថា ​អតីតសកម្មជនគណបក្សសង្គ្រោះជាតិ​​ទាំង​១៧​រូបនោះ​ ​កំពុង​ជាប់ឃុំពីបទញុះញង់ និងក្បត់ជាតិ។​ សកម្មជន​ខ្លះជាប់ឃុំជាង​​៣ខែ និង​ខ្លះទៀតមានរយៈពេល​​២ឆ្នាំ ហើយ​ថា រហូត​មក​ដល់​ពេល​នេះ ក្រុម​គ្រួសារ​បាន​តវ៉ា​ចំនួន​៦​ដង​មក​ហើយ​៕​