ប្រជាពលរដ្ឋដែលរស់នៅ និងធ្វើដំណើរឆ្លងកាត់ផ្លូវបេតុងមួយជាប់របងសាលាបឋមសិក្សាភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រអ៊ូរទាំពីក្លិនសំរាមស្អុយរលួយរហូតពិបាកដកដង្ហើម និងត្រូវយកដៃខ្ទប់ច្រមុះ។
លោក ម៉ៅ សារិន ដែលមានផ្ទះនៅពីក្រោយផ្លូវនោះបាននិយាយថា អ្នកមកដាក់សំរាមនៅទីនោះអស់រយៈពេលប្រហែលជា៣ឆ្នាំមកហើយ និងថា បញ្ហាសំរាមនៅតាមដងផ្លូវជាប់របងសាលារៀនមួយនេះ បានធ្វើឲ្យប៉ះពាល់ខ្លាំងដល់សុខភាពរបស់ប្រជាពលរដ្ឋដែលនៅក្បែរនោះ ជាពិសេសក្មេងៗ ដោយសារមានក្លិនស្អុយខ្លាំងរហូតធ្វើឲ្យពិបាកដកដង្ហើម។ លោកបន្តថា បញ្ហាមួយនេះក៏ដោយសារការប្រមូលសំរាមរបស់ក្រុមហ៊ុននៅតាមផ្ទះមិនទៀងទាត់ មានពេលខ្លះ ពីរទៅបីថ្ងៃ ឬមួយអាទិត្យទើបពួកគេមកយក ដូច្នេះប្រជាពលរដ្ឋមួយចំនួនបានយកសំរាមរបស់ពួកគេមកដាក់នៅទីនោះ រហូតមានក្លិនស្អុយរលួយ។
លោកមានប្រសាសន៍ថា៖ «វាមានក្លិនស្អុយសុទ្ធដង្កូវ សូម្បីតែដើរកាត់ ជិះម៉ូតូកាត់ ខ្ទប់ច្រមុះអត់ហ៊ានដក ស្អុយខ្លាំងពេក ហើយកម្មកររោងចក្រគាត់ដើរ គាត់រអ៊ូស្អុយគ្រប់គ្នា ហើយជាពិសេសក្មេងៗ វារត់លេងរត់អី វាស្អុយ វាពិបាកដកដង្ហើមម៉ង»។
អ្នកស្រី សួង សុវណ្ណ អាជីវករលក់ដូរនៅតាមដងផ្លូវនោះ បាននិយាយថា បញ្ហាស្អុយសំរាមនេះដោយសារតែប្រជាពលរដ្ឋមិនសូវយល់ដឹងពីការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ធ្វើឲ្យហូរហៀរពេញផ្លូវ។
កញ្ញាបញ្ជាក់ថា៖ «ការប្រមូលសំរាមរបស់ក្រុមហ៊ុនគាត់គ្រាន់បើតើ ណាស់តែប្រជាពលរដ្ឋ មួយចំនួនគាត់ខ្វះការចេះដឹងក្នុងការចោលសំរាម»។
លោក រតនា ប្រាយុទ្ធ អ្នកធ្វើដំណើរនៅតាមដងផ្លូវនោះនិយាយថា រយៈពេលជាច្រើនខែមកហើយដែលទីនោះមានក្លិនស្អុយ ដោយសារពលរដ្ឋដាក់សំរាមខុសទីកន្លែងដែលគេតម្រូវឲ្យដាក់នៅតាមដងផ្លូវមួយនេះ។ លោកបន្តថា ពីមុនលោកឧស្សាហ៍ជិះកាត់ផ្លូវនេះ ប៉ុន្តែ បច្ចុប្បន្នជាខែភ្លៀងធ្វើឲ្យផ្លូវនោះកាន់តែស្អុយ ទើបលោកកាត់បន្ថយមិនសូវជិះកាត់ផ្លូវនេះដូចមុន។
លោកបញ្ជាក់ថា៖ «ស្អុយណាស់ណាមួយជាពិសេសខែនេះខែភ្លៀងហើយសំរាម ហើយសំរាមយកចេញមិនទាន់វាពិបាកណាស់»។
ចំណែកលោក ឃុន សម្ផស្ស ប្រធានអ្នកប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រីនៅខណ្ឌមានជ័យ បាននិយាយថា បញ្ហានេះក៏ព្រោះតែប្រជាពលរដ្ឋដែលរស់នៅទីនោះមានទម្លាប់បោះសំរាមចោលតាមដងផ្លូវជាប់របងសាលាបឋមសិក្សាភូមិឬស្សី និងនៅពីមុខថ្នល់។
«វាគឺជាទម្លាប់របស់ពួកគាត់ហើយ ដែលគាត់តែងតែចោលសំរាមនៅតាមដងផ្លូវ ជាប់នឹង ពីមុខសាលា ហើយយើងអាចដកអារទេះចេញពីផ្លូវនោះបាន ទាល់តែអាជ្ញាធរ នៅទីនោះរួមសហការ ដោយឈរចាំមើលប្រជាពលរដ្ឋ កុំឲ្យបោះ»។
លោក ទូច សំអុល ចៅសង្កាត់ស្ទឹងមានជ័យ២មានប្រសាសន៍ថា ដោយសារតែក្រុមហ៊ុនស៊ីនទ្រីមិនមកយកសំរាមតាមពេលកំណត់ ទើបបណ្ដាលឲ្យទៅជាស្អុយរលួយបែបនេះ ហើយសំរាមនៅជាប់របងសាលាបឋមសិក្សាភូមិឬស្សីនោះ គឺជារបស់ប្រជាពលរដ្ឋដែលយកទៅដាក់ ដោយសារតែផ្ទះរបស់ពួកគេនៅច្រកខាងក្នុង។ លោកបន្ថែមថា ខាងសង្កាត់ក៏បានរៀបចំបែបបទទៅខាងក្រុមហ៊ុនស៊ីនទ្រីផងដែលចំពោះបញ្ហានេះ តែនៅមិនទាន់មានអ្នកមកទទួលនៅឡើយ។
លោកបញ្ជាក់ថា៖ «ខ្ញុំបានរាយការណ៍ទៅឲ្យសំរាមហើយអូន ពូបានរៀបពាក្យឲ្យខាងស៊ីនទ្រីហើយ តែអត់ឃើញវាមកយក»។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លើកឡើងថា បញ្ហាការទុកដាក់ និងប្រមូលសំរាមនេះ ខាងសាលារាជធានីភ្នំពេញ ក៏កំពុងតែព្យាយាមពន្លឿននីតិវិធីជ្រើសរើស រកក្រុមហ៊ុនថ្មី យ៉ាងហោចណាស់បីបន្ថែមទៀតសម្រាប់ប្រមូលសំរាម ឲ្យបានទាន់ពេលវេលា ។ លោកបន្តថា បច្ចុប្បន្នសូមចិត្តប្រជាពលរដ្ឋ អធ្យាស្រ័យចំពោះរឿងនេះ។
លោកបញ្ជាក់ថា៖ «យើងបានគិតគូររៀបចំហើយ តាំងពីយើងហ្នឹង បានផ្សព្វផ្សាយអំពីការត្រៀមលក្ខណៈ ដើម្បីយើងជ្រើសរើសយកអ្នកផ្គត់ផ្គង់សេវាប្រមូលសំរាមឲ្យបានច្រើន ទៀតដើម្បីរៀបចំការងារ កើបសំរាមឥឲ្យបានល្អ»។
បណ្ឌិតវិស្វកម្មជំនាញខាងបរិស្ថាន លោកស្រី អាយរីណា ចាក្រាបូទី (Irina Chakraborty ) បាននិយាយថា បើទោះបីជាក្រុមហ៊ុនបានប្រមូលសំរាមរួចហើយក្ដី ក៏ប៉ុន្តែពួកគេមិនបានសម្អាតទីនោះទេ ដូច្នេះក្នុងការកាត់បន្ថយបញ្ហាស្អុយសំរាមនេះ ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ គប្បីត្រូវលាងសម្អាតបន្ទាប់ពីក្រុមហ៊ុនប្រមូលរួច។ លោកស្រីថា ដោយសារតែសំរាមខ្លះ ជាប្រភេទកាកសំណល់ម្ហូបអាហារ គ្រឿងភេសជ្ជៈ និងរបស់រឹង នោះជាមូលហេតុដែលយើងត្រូវលាងសម្អាត។
លោកស្រីបន្ថែមថា បញ្ហាក្លិនសំរាមនេះ អាចបង្កឲ្យប្រជាពលរដ្ឋដែលរស់នៅទីនោះមាន ការឈឺក្បាលវិលមុខ ជាមួយនឹងការរស់នៅដោយបរិយាកាសមិនល្អ។ លោកស្រីថា ការយកកាកសំណល់ធ្វើជីកំប៉ុសក្នុងគ្រួសារខ្នាតតូច អាចជាដំណោះស្រាយដ៏ល្អមួយដើម្បីកាត់បន្ថយក្លិន និងបរិមាណកាកសំណល់ ខណៈពេលដែលពួកគេក៏អាចដាំដំណាំបន្លែដោយខ្លួនឯង។
អ្នកស្រីនិយាយថា៖ «ប្រសិនបើយើងមិនសម្អាតវាទេ នោះថ្ងៃបន្ទាប់ (ពីការប្រមូល) សំរាមនឹងប្រែជាស្អុយ ក៏ព្រោះតែគ្រឿងភេសជ្ជៈអស់ទាំងនោះ ហើយគ្មានអ្នកណាម្នាក់លាងសម្អាតវា»។
យោងតាមគេហទំព័រក្រសួងបរិស្ថានកម្ពុជា សំណល់សំរាម ដែលបានបង្កើតឡើងក្នុងមួយឆ្នាំមានប្រមាណជាង៤លានតោន ក្នុងនោះប្រមាណ២០% ជាសំណល់ប្លាស្ទិក។ នៅតាមបណ្តាខេត្តរាជធានីធំៗដែលបង្កើតបរិមាណសំរាមច្រើនរួមមាន រាជធានីភ្នំពេញ ប្រមាណជា ៣០០០តោនក្នុងមួយថ្ងៃ៕