ប្រជាពលរដ្ឋ​ដែលរស់​នៅ និង​​ធ្វើ​ដំណើរ​ឆ្លង​កាត់ផ្លូវបេតុងមួយជាប់​របងសាលា​បឋម​សិក្សា​ភូមិ​ឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌ​មាន​ជ័យ រអ៊ូរទាំ​​​ពី​ក្លិន​សំរាម​ស្អុយរលួយ​​រហូត​​ពិបាក​ដកដង្ហើម និង​ត្រូ​វ​យកដៃខ្ទប់ច្រមុះ​។

លោក ម៉ៅ សារិន ដែល​មាន​ផ្ទះ​នៅ​ពីក្រោយ​ផ្លូវ​នោះ​បា​ននិយាយ​ថា ​អ្នក​មក​ដាក់​សំរាម​នៅទីនោះ​​អស់​រយៈពេល​ប្រហែល​ជា​៣​ឆ្នាំ​មក​ហើយ និង​​ថា បញ្ហា​សំរាម​នៅ​តាម​ដង​ផ្លូវ​ជាប់​របង​សាលារៀន​មួយ​នេះ​​ ​​បា​ន​​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​​​នោះ ជាពិសេស​ក្មេងៗ ដោយសារ​មានក្លិនស្អុយខ្លាំង​រហូត​ធ្វើ​ឲ្យ​​ពិបាកដកដង្ហើម។ លោក​បន្ត​ថា បញ្ហា​មួយ​នេះ​ក៏​ដោយសារ​ការប្រមូល​សំរាម​របស់​ក្រុមហ៊ុន​នៅតា​មផ្ទះ​មិន​ទៀង​ទាត់ មាន​ពេល​ខ្លះ ពីរ​ទៅ​បី​ថ្ងៃ ឬ​មួយ​អាទិត្យ​ទើប​ពួកគេ​ម​ក​យក ដូច្នេះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​យក​សំរាម​របស់​ពួកគេ​​មក​ដាក់​នៅ​ទីនោះ រហូត​​​មាន​​ក្លិន​​ស្អុយ​​រលួយ​​។

លោក​មាន​ប្រសាសន៍ថា៖ «វា​មាន​ក្លិន​ស្អុយ​សុទ្ធ​ដង្កូវ សូម្បី​តែ​ដើរ​កាត់​ ជិះម៉ូតូ​កាត់​ ខ្ទប់​ច្រមុះ​អត់​ហ៊ាន​ដក​ ស្អុយ​ខ្លាំង​ពេក ហើយ​កម្មករ​រោងចក្រ​គាត់​ដើរ​ គា​ត់រអ៊ូ​ស្អុយ​គ្រប់​គ្នា ហើយ​ជា​ពិសេស​ក្មេងៗ វា​រត់​លេង​រត់​អី​ វាស្អុយ វាពិបាកដក​ដង្ហើមម៉​ង​»។​

អ្នកស្រី សួង សុវណ្ណ អាជីវករ​លក់ដូរ​នៅ​តាម​ដង​ផ្លូវ​នោះ បាន​និយាយ​ថា បញ្ហា​ស្អុយ​សំរាម​​នេះ​ដោយសារ​តែ​ប្រជាពលរដ្ឋ​​​មិនសូវយល់ដឹង​ពី​ការទុក​​ដាក់​សំរាម​​​ឲ្យ​បាន​​ត្រឹមត្រូវ ធ្វើ​ឲ្យ​ហូរហៀរ​ពេញ​ផ្លូវ។

កញ្ញា​បញ្ជាក់ថា៖ «ការប្រមូល​សំរាម​របស់​ក្រុមហ៊ុន​គាត់​គ្រាន់បើ​​តើ ​ណាស់​តែ​​ប្រជា​​ពលរដ្ឋ មួយ​​ចំនួន​គាត់​ខ្វះកា​រចេះដឹងក្នុងការចោល​សំរាម»។

លោក រតនា ប្រាយុទ្ធ ​អ្នក​ធ្វើ​​ដំណើរ​​នៅ​​តា​ម​ដង​ផ្លូ​វនោះ​​​​និយាយ​ថា រយៈពេលជា​​ច្រើនខែ​មក​ហើយ​​ដែល​ទីនោះ​មាន​ក្លិនស្អុយ ដោយសារ​ព​លរដ្ឋ​ដាក់​សំរាម​​​ខុ​ស​ទី​កន្លែង​ដែល​គេ​តម្រូវ​ឲ្យ​ដាក់​នៅ​តាម​ដង​ផ្លូវ​មួយ​នេះ។ លោក​បន្ត​ថា ពីមុន​លោក​ឧស្សាហ៍​ជិះ​កាត់​​ផ្លូវ​នេះ ប៉ុន្តែ ​​ បច្ចុប្បន្ន​ជា​ខែភ្លៀងធ្វើ​ឲ្យ​ផ្លូវ​នោះ​កាន់​តែ​ស្អុយ ទើប​​លោក​​​​កាត់​បន្ថយ​មិន​សូវ​​ជិះ​កាត់​ផ្លូវ​នេះ​ដូច​មុន។​

លោកបញ្ជាក់​ថា៖ «ស្អុយ​ណាស់​ណាមួយជាពិសេសខែនេះខែភ្លៀង​ហើយ​សំរាម ហើយ​សំរាម​យក​ចេញ​មិន​ទាន់​វា​ពិបាក​ណាស់»។​

ចំណែក​លោក ឃុន សម្ផស្ស ប្រធាន​អ្នក​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន​ស៊ីនទ្រី​នៅ​ខណ្ឌ​មាន​ជ័យ បាន​និយាយ​ថា បញ្ហា​នេះ​ក៏​ព្រោះតែ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីនោះ​មាន​ទម្លាប់​​បោះ​សំរាម​ចោល​តាមដងផ្លូវជាប់របងសាលាបឋមសិក្សាភូមិឬស្សី និងនៅពីមុខថ្នល់។

«វាគឺ​ជា​ទម្លាប់​របស់​ពួកគាត់​ហើយ ដែល​គាត់​តែងតែ​ចោល​សំរាម​នៅ​តាម​ដង​ផ្លូវ ជាប់​នឹង ពី​មុខ​សាលា  ហើយ​យើង​អាច​ដក​អារទេះ​ចេញ​ពី​ផ្លូវ​នោះ​បាន ទាល់តែ​អាជ្ញាធរ នៅ​ទីនោះ​រួម​សហការ ដោយ​ឈរ​ចាំមើល​ប្រជាពលរដ្ឋ កុំ​ឲ្យ​បោះ​»។​

លោក ទូច សំអុល ចៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​២​មាន​ប្រសាសន៍ថា​ ដោយសារ​តែ​​​ក្រុមហ៊ុន​ស៊ីនទ្រី​មិន​​ម​ក​​យក​សំរាម​​តាម​​ពេ​លកំណត់ ទើប​បណ្ដាល​ឲ្យ​ទៅជា​ស្អុយ​រលួយ​បែប​នេះ ហើយ​សំរាម​នៅ​ជាប់​របង​សាលា​បឋមសិក្សា​ភូមិឬស្សី​នោះ គឺជា​របស់​ប្រជាពលរដ្ឋ​ដែល​យក​ទៅដា​ក់​ ដោយសារ​តែផ្ទះ​រប​ស់​ពួកគេ​នៅ​ច្រក​ខាងក្នុង​។​ លោក​បន្ថែម​ថា ខាង​សង្កា​ត់​ក៏​បាន​រៀបចំ​បែប​បទ​ទៅ​ខាង​ក្រុមហ៊ុន​ស៊ីនទ្រី​ផង​ដែល​ចំពោះ​បញ្ហា​នេះ តែ​នៅ​មិ​នទាន់​មាន​អ្នក​មក​ទទួល​នៅ​ឡើយ។

លោក​បញ្ជាក់​ថា៖ «ខ្ញុំបាន​រាយការណ៍​ទៅ​ឲ្យ​សំរាម​ហើយ​អូន ពូ​បាន​រៀប​ពាក្យ​ឲ្យ​ខាង​ស៊ីនទ្រី​ហើយ តែ​អត់​ឃើញ​វា​មក​យក»។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លើកឡើង​ថា បញ្ហាការ​ទុក​ដាក់ និង​ប្រមូល​សំរាម​នេះ ខាង​សាលា​រាជធានី​ភ្នំពេញ ក៏​កំពុង​តែ​ព្យាយាម​ពន្លឿន​នីតិវិធី​ជ្រើសរើស រក​ក្រុមហ៊ុន​ថ្មី យ៉ាង​ហោច​ណាស់​បី​បន្ថែម​ទៀត​សម្រាប់​ប្រមូល​សំរាម ឲ្យ​បាន​ទាន់​ពេល​វេលា ។ លោក​បន្ត​ថា បច្ចុប្បន្ន​សូម​ចិត្ត​ប្រជាពលរដ្ឋ អធ្យាស្រ័យ​ចំពោះ​រឿង​នេះ។

លោក​បញ្ជាក់​ថា៖ «យើង​បាន​គិតគូរ​រៀបចំ​ហើយ តាំង​ពី​យើង​ហ្នឹង បាន​ផ្សព្វផ្សាយ​អំពី​ការត្រៀម​លក្ខណៈ​ ដើម្បី​យើង​ជ្រើសរើស​យកអ្នក​​ផ្គត់ផ្គង់​សេវា​ប្រមូល​សំរាមឲ្យបាន​ច្រើន ទៀត​​ដើម្បី​រៀបចំ​ការងារ កើប​សំរាម​ឥឲ្យ​បាន​ល្អ»។

បណ្ឌិត​វិស្វកម្ម​ជំនាញ​ខាង​បរិស្ថាន លោកស្រី​ អាយរីណា ចាក្រាបូទី (Irina Chakraborty )  បាន​និយាយ​ថា បើទោះបី​ជា​ក្រុមហ៊ុន​បាន​ប្រមូល​សំរា​មរួច​ហើយ​ក្ដី ក៏​ប៉ុន្តែ​ពួកគេ​មិន​បាន​សម្អាត​ទីនោះ​ទេ ដូច្នេះ​ក្នុ​ងការ​កាត់​បន្ថយ​បញ្ហា​ស្អុយ​សំរាម​នេះ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​នោះ គប្បី​ត្រូវ​លាង​សម្អាត​បន្ទាប់ពី​ក្រុមហ៊ុន​ប្រមូល​រួច។ លោកស្រី​ថា ដោយសារ​តែ​សំរា​មខ្លះ ជា​ប្រភេទ​កាក​សំណល់​ម្ហូប​​អាហារ គ្រឿង​ភេសជ្ជៈ និង​របស់​រឹង នោះ​ជា​មូលហេតុ​ដែល​យើង​ត្រូវ​លាង​សម្អាត។

លោកស្រី​បន្ថែម​ថា បញ្ហា​ក្លិន​សំរាម​នេះ អាច​បង្កឲ្យ​ប្រជាពលរដ្ឋ​ដែ​លរស់នៅ​ទីនោះ​មា​ន ការ​ឈឺ​ក្បាល​វិល​មុខ ជាមួយ​នឹង​ការរស់នៅ​ដោយ​បរិយាកាស​មិន​ល្អ។ លោកស្រី​​ថា​ ការ​​យក​​កាក​សំណល់​​ធ្វើ​​ជី​កំប៉ុស​ក្នុង​គ្រួសារ​ខ្នាត​តូច អាច​ជា​ដំណោះស្រាយ​ដ៏​ល្អ​មួយ​ដើម្បី​កាត់​បន្ថយ​ក្លិន និង​បរិមាណ​កាក​សំណល់ ខណៈពេល​ដែល​ពួកគេ​ក៏​អាច​ដាំ​ដំណាំ​បន្លែ​ដោយ​ខ្លួន​ឯង។

អ្នកស្រី​និយាយ​ថា៖ «ប្រសិនបើ​យើង​មិន​សម្អាត​វា​ទេ នោះ​ថ្ងៃ​បន្ទាប់ (ពីការប្រមូល) សំរាម​នឹង​ប្រែ​ជា​ស្អុយ ក៏​ព្រោះតែ​គ្រឿង​ភេសជ្ជៈអស់​ទាំង​នោះ ហើយ​គ្មាន​អ្នកណាម្នាក់​លាង​សម្អាត​វា​»។​

យោងតាម​គេហ​ទំព័រ​ក្រសួង​បរិស្ថាន​កម្ពុជា សំណល់​សំរាម ដែល​បាន​បង្កើត​ឡើង​ក្នុង​មួយ​ឆ្នាំមា​នប្រ​មាណ​ជាង​៤​លានតោន ក្នុងនោះប្រមាណ​២០% ជា​សំណល់​ប្លាស្ទិក។ នៅ​តាម​បណ្តា​​ខេត្ត​​រាជធានី​ធំៗ​ដែល​បង្កើត​បរិមាណ​សំរាម​ច្រើន​រួមមាន រាជធានី​ភ្នំពេញ​ ប្រមាណ​ជា ៣០០០​តោនក្នុ​ងមួយថ្ងៃ​៕​