(ភ្នំពេញ): អ្នកជំនាញផ្នែកសេដ្ឋកិច្ចលើកឡើងថា កម្ពុជានឹងខាតបង់ប្រយោជន៍ជាច្រើនប្រសិនបើមិនមានគោលនយោបាយច្បាស់លាស់ក្នុងដំណើរការធ្វើពាណិជ្ជកម្មសេរី បន្ទាប់ពីការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន។
មន្រ្តីរដ្ឋាភិបាលប្រកាសថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន ទើបនឹងត្រូវបានបិទបញ្ចប់សព្វគ្រប់នូវដំណាក់ការចរចាតាក់តែង ដែលត្រូវចំណាយពេល៦ខែ ហើយប្រទេសទាំងពីរគ្រោងនឹងចុះហត្ថលេខាជាផ្លូវការ នៅខែសីហាខាងមុខ។
លោក ឆេង គឹមឡុង នាយកមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី លើកឡើងថា ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន កម្ពុជាអាចនឹងរងផលប៉ះពាល់ដល់ការនាំចូលផលិតផលពីប្រទេសចិនច្រើនលើសលប់ ដែលជាហេតុអាចធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះ។ លោកបន្តថា ការចុះកិច្ចព្រមព្រៀងនេះ មិនសូវជាផ្តល់ផលចំណេញដល់កម្ពុជាប៉ុន្មាននោះទេ តែលោកថា វាជាការព្រួយបារម្ភពីការនាំចូលផលិតផលច្រើនសន្ធឹកសន្ធាប់ពីប្រទេសចិន ខណៈដែលច្រកពាណិជ្ជកម្មបើក ហើយការនាំចូលផលិតផលនានា មិនមានការបង់ពន្ធ។
លោកថា៖ «ការដែលធ្វើឲ្យមានពាណិជ្ជកម្មសេរីជាមួយចិន នឹងនាំឲ្យ កម្ពុជានឹងទទួលនូវទំនិញចិនច្រើនភ្លូកទឹកភ្លូកដី មានន័យថា ទំនិញទាំងអស់នោះនឹងមិនជាប់ពន្ធ […] អញ្ចឹងដែលធ្វើឲ្យទីផ្សារកម្ពុជាក្លាយជាទីផ្សារមួយដែលស្រូបដោយទំនិញចិន ជាជាងទំនិញកម្ពុជានាំចេញទៅក្រៅ»។
លោក គឹមឡុង បន្ថែមថា ក្រសួងពាក់ព័ន្ធនានា គួរតែយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាលក្រុមហ៊ុនក្នុងស្រុក ក្នុងការផ្តល់ការទំនុកបម្រុង និងលើកទឹកចិត្តក្នុងការផលិតផលិតផល ប្រកបដោយអនាម័យ និងប្រសិទ្ធភាព ហើយរកទីផ្សារដើម្បីនាំចេញទៅប្រទេសក្នុងតំបន់ និងក្នុងពិភពលោក។
លោកបន្តថា៖ «ខ្ញុំលើកទឹកចិត្តឲ្យរដ្ឋាភិបាលគិតគូរទៅដល់ ការវិនិយោគក្រុមហ៊ុនក្នុងស្រុក ការផ្តល់ជាការគាំទ្រផ្នែកបច្ចេកទេស និងការជួយជ្រោមជ្រែងជាប្រព័ន្ធណាមួយពីរដ្ឋាភិបាល ពីក្រសួងដែលពាក់ព័ន្ធទាំងអស់ ដូចជាក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម និងក្រសួងសេដ្ឋកិច្ច»។
លោក ង៉ែត ជូ អ្នកជំនាញផ្នែកសេដ្ឋកិច្ច ប្រាប់ Newsroom Cambodia ថា ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន (FTA) កម្ពុជាមិនសូវជាមានផលចំណេញប៉ុន្មានទេ ដោយសារតែពាណិជ្ជកម្មនៅកម្ពុជាមិនទាន់មានទំហំធំនៅឡើយ ខណៈប្រទេសចិននាំចូលទំនិញមកកម្ពុជាមានចំនួនច្រើនគួរឲ្យកត់សម្គាល់។
លោកថា៖ «យើងមានឱនភាពពាណិជ្ជកម្ម ដោយសារការនាំចេញវាតិចជាងការនាំចូល។ នាំចូលមក៧ដងនៃការនាំចេញរបស់យើង អញ្ចឹងហើយយើងខាតរយៈពេលខ្លី»។
លោកបន្ថែមថា ការចុះកិច្ចព្រមព្រៀងនេះមានភាពប្រថុយចំណេញ និងថា ភាពប្រថុយចំណេញនេះអាចប្រសើរឡើងបន្តិចប្រសិនបើរដ្ឋាភិបាលពង្រឹងសមត្ថភាពរបស់សហគ្រាសក្នុងស្រុកដើម្បីនាំចេញ។
លោក មាស នី អ្នកសិក្សាស្រាវជ្រាវពីការអភិវឌ្ឍសង្គមលើកឡើងថា មកទល់ពេលនេះ លោកមិនទាន់ឃើញកម្ពុជាបញ្ចេញគោលនយោបាយ ដើម្បីការពារផលប្រយោជន៍ខ្លួនឯងបន្ទាប់ពីការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅឡើយទេ។ លោកបន្តថា បើកម្ពុជាមិនមានគោលនយោបាយច្បាស់លាស់ក្នុងការធ្វើពាណិជ្ជកម្មសេរី និងការការពារផលប្រយោជន៍រួមទេ ប្រជាពលរដ្ឋអាចនឹងប្រឈមការធ្វើជាកម្មកររបស់បរទេសលើទឹកដីខ្លួនឯង។
លោកមានប្រសាសន៍ថា៖ «កម្ពុជា ក្នុងនាមជាប្រទេសតូច គួរតែបង្ហាញនូវគោលនយោបាយច្បាស់លាស់ថា តើគោលនយោបាយអ្វីខ្លះដែលកម្ពុជាមាន ដើម្បីការពារផលប្រយោជន៍ប្រជាពលរដ្ឋខ្លួនឯង ការពារសេដ្ឋកិច្ចរបស់ខ្លួនឯង កុំឲ្យវាមានភាពលើសលុប ដោយសារតែការធ្វើជំនួញជាមួយប្រទេសមួយដែលគេជាប្រទេសអ្នកមាន»។
លោកបន្តថា៖ «បើសិនជាយើងគ្មានគោលនយោបាយការពារផលប្រយោជន៍ខ្លួនឯង ឲ្យច្បាស់លាស់ទេ ពលរដ្ឋកម្ពុជានឹងគ្រាន់តែក្លាយជាពលកររបស់ក្រុមហ៊ុនរបស់ចិន ឬក៏អាចគ្រាន់តែធ្វើជាកម្មកររបស់គេដូចដែលយើងទៅធ្វើកម្មករនៅថៃ ប៉ុន្តែម្តងនេះយើងអាចនឹងធ្វើពលករនៅលើទឹកដីខ្លួនឯង»។
ចំណែកលោក គី សិរីវឌ្ឍន៍ អ្នកជំនាញផ្នែកសេដ្ឋកិច្ច ប្រាប់ Newsroom Cambodia ថា ការនាំចេញផលិតផលកម្ពុជាទៅប្រទេសចិនបានតិចតួច ដោយសារផលិតផលរបស់កម្ពុជា មិនត្រូវស្តង់ដារ និងមានតម្លៃថ្លៃជាងទីផ្សារនៅប្រទេសចិន។
លោកថា៖ «ទំនិញរបស់យើងនាំទៅចិនអត់បាន ដោយសារអី ដោយសារតែទីមួយយើងផលិតអត់ត្រូវស្តង់ដាររបស់គេ ទីពីរយើងនាំទៅចិនមិនបាន ដោយសារតែថ្លៃដើមខ្ពស់ជាងចិន»។
យ៉ាងណាក្តី លោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ថ្លែងក្នុងសន្និសីទកាសែតមួយ កាលពីថ្ងៃទី២៨ ខែកក្កដា នៅទីស្តីការគណៈរដ្ឋមន្រ្តីថា កិច្ចព្រមព្រៀងនេះមានសារសំខាន់ណាស់សម្រាប់កម្ពុជា ហើយផ្តោតលើការវិនិយោគលើការចូលមកវិនិយោគ និងនាំចេញទៅវិញ និងបង្កើតការងារដល់ប្រជាពលរដ្ឋ និងបង់ពន្ធជូនរដ្ឋកម្ពុជា។
លោកថា៖ «នេះជាឱកាសកម្រមានណាស់ កិច្ចព្រមព្រៀងនេះជាកិច្ចព្រមព្រៀងប្រវត្តិសាស្រ្តទីមួយ ដែលកម្ពុជាបានធ្វើទ្វេរភាគី មិនមែនជាកិច្ចព្រមព្រៀងធម្មតាទេ គេហៅថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេរភាគី ហើយដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ហើយបានផ្តល់ផលប្រយោជន៍ដល់កម្ពុជាច្រើនណាស់»។
លោកបន្ថែមថា៖ «វិនិយោគនេះគឺយើងផ្តោតលើអ្វីដែលចូលមកវិនិយោគ ហើយជំរុញការនាំចេញទៅវិញ ហើយបង្កើតការងារធ្វើ ហើយបង់ពន្ធបង់ដារឲ្យប្រទេសយើង ហើយយើងអាចបង្កើតមុខរបរផ្សេងៗដែលគាំពារដោយវិនិយោគគេចូលមក»។
បើតាមលោក សុខ សុភ័ក្ត្រ ក្នុងឆ្នាំ២០១៩ កម្ពុជានាំចេញផលិតផលទៅប្រទេសចិនប្រមាណ ១ពាន់លានដុល្លារ និងការនាំចូលផលិតផលពីប្រទេសចិនមកកម្ពុជាមានប្រមាណជិត ៧ពាន់លានដុល្លារ៕