(ភ្នំពេញ)៖ ក្រុម​អ្នក​សេដ្ឋកិច្ច​បាន​លើក​ឡើង​ថា កម្ពុជា​អាច​ចំណាយ​ពេល​យ៉ាង​ហោច​ណាស់​រហូត​ដល់​ចុង​ឆ្នាំ​២០២១ ដើម្បី​ស្តារ​សេដ្ឋកិច្ច​ប្រទេស​នេះ​ឡើងវិញ​ពី​ផល​ប៉ះពាល់​នៃ​ជំ​ងឺ​កូវីដ ខណៈ​ដែល​អ្នក​ដែល​គ្មាន​ការងារ​ធ្វើ​ជាច្រើន​ ទំន​ង​ជា​ជួប​ផល​លំបាក​ក្នុង​ការស្វែង​រក​ការងារ និងការ​​សម្រប​ខ្លួន​ទៅ​នឹង​ការពិត​ថ្មី​នេះ។​

ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​ ជាង​១៦លា​ន​ករណី​នៅ​ទូទាំង​ពិភពលោក បាន​បណ្តាល​ឲ្យ​មាន​ការបិទ​ការធ្វើ​ដំណើរ​អន្តរជាតិ និង​កាត់បន្ថយ​ការធ្វើ​ពាណិជ្ជកម្ម​ចាប់​តាំង​ពី​មាន​ការរីក​រាល​ដាល​នៃ​ជំងឺ​រាតត្បាត​នៅ​ដើម​ឆ្នាំ​នេះ ដែល​ជា​កត្តា​បណ្តាល​ឱ្យ​មាន​ការធ្លាក់​ចុះ​សេដ្ឋកិច្ច​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ទូទាំង​ពិភពលោក។ វិស័យ​ទេសចរណ៍ និង​ការនាំ​ចេញ​ផលិតផល​ក្នុង​វិស័យ​កាត់ដេរ ដែល​ជា​វិស័យ​ចម្បងៗ ​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​នៅ​កម្ពុជា បាន​ទទួល​រងផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ រីឯ​ការងារ​ជាង​១លាន​កន្លែង​កំពុង​ស្ថិត​ក្នុង​ការប្រឈម។ នេះ​បើយោង​តាម​ការ​ព្យាករណ៍។

លោក ង៉ែត ជូ អ្នក​ជំនាញ​ហិរញ្ញវត្ថុ និង​ជា​វិនិយោគិន បាន​លើក​ឡើង​ថា ការងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​ពិភពលោក ទំនង​ជា​នឹង​ចាប់ផ្តើម​ឡើងវិញ​ នៅពេល​ដែល​វ៉ាក់សាំង​​ការពារ​វីរុស​កូរ៉ូណា​ត្រូវ​បាន​​គេ​រក​ឃើញ និង​ចែកចាយ​ទូទាំង​ពិភ​ព​លោក ដែល​យ៉ាង​ហោច​ណាស់​ក៏​ត្រូវការ​ពេល​រហូត​ដល់​ពាក់​កណ្តាល​ឆ្នាំ​២០២១​ដែរ។​ នេះ​មាន​ន័យ​ថា ការនាំចេញ​របស់​កម្ពុជា​នឹង​ងើប​ឡើង​វិញ​នៅ​ចុង​ឆ្នាំ២០២១ ទោះបី​ស្ថិត​ក្នុង​សេណារីយ៉ូ​ប្រកប​ដោយ​ភាព​សុទិដ្ឋិនិយម​ក៏​ដោយ។​ 

លោក​ជូ​មាន​ប្រសាសន៍​ថា ផល​ប៉ះពាល់​នៃ​ជំងឺ​កូវីដ​១៩​មក​លើ​សេដ្ឋកិច្ច នៅ​តែ​មាន ហើយ​ការងារ​របស់​ប្រជាជន​កម្ពុជា​​នៅ​តែ​បន្ត​ធ្លាក់​ចុះ ដរាប​ណា​មេរោគ​នេះ​នៅ​តែ​បន្ត​កើត​មាន​នៅ​ក្នុង​ពិភពលោក។

លោក​បាន​ដាក់​ចេញ​នូវ​សេណារីយ៉ូ​ចំនួន​ពីរ ទីមួយគឺ​ជំងឺ​នៅ​តែ​បន្ត​មាន​រហូត​ដល់​៤ ទៅ ៥ឆ្នាំ​ទៀត​បើ​តាម​ការព្រមាន​របស់​អង្គការ​សុខភាព​ពិភពលោក។ ទីពីរ​គឺ ជំងឺ​នៅ​តែ​បន្ត​រហូត​ដល់​វ៉ាក់សាំង​នៃ​ជំងឺ​នេះ​ត្រូវ​បាន​គេ​ចែកចាយ​នៅ​ដំណាច់​ឆ្នាំ ដូច​ដែល​របាយការណ៍​មួយ​ចំនួន​នៅ​សហរដ្ឋ​អាមេរិក​បាន​ព្យាករណ៍​ទុក។

លោក​ជូបន្ថែម​ថា បើ​សំណាង​ល្អ នៅ​ចុង​ឆ្នាំ​នេះ​គេ​អាច​នឹង​រក​ឃើញ​វ៉ាក់សាំង​ដោយ​មាន​ប្រសិទ្ធភាព តែ​ត្រូវ​ចំណាយ​ពេល​ប្រមាណ​ជា​កន្លះ​ឆ្នាំ​ក្នុង​ការចែក​ចាយ​វ៉ាក់សាំង​នេះ​ទូទាំង​ពិភពលោក។ 

លោក​ថា៖ «ដូច្នេះ​សេដ្ឋកិច្ច (ពិភពលោក) អាច​ចាប់ផ្តើម​ស្ទុះ​ឡើង​វិញ​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០២១ ហើយ​តម្រូវការ​នាំ​ចេញ​អាច​នឹង​ងើប​ឡើង​វិ​ញ​នៅ​ចុង​ឆ្នាំ២​០២១។ ដូច្នេះ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​អាច​នឹង​ងើប​ឡើង​វិញ​នៅ​ចុង​ឆ្នាំ២០២១ ឬ​ដើម​ឆ្នាំ២០២២​ឯណោះ»។

លោក សេង ទិត្យ សាស្រ្តាចារ្យ​សេដ្ឋកិច្ច​វិទ្យា នៃ​វិទ្យាស្ថាន​ជាតិ​ពាណិជ្ជសាស្រ្ត​ ក្នុង​រាជធានី​ភ្នំពេញ​យល់ស្រប​ទៅ​នឹង​រយៈពេល​នៃការអូស​បន្លាយ​នេះ។ លោក​ថា ការរាល​ដាល​នៃ​ជំងឺ​នេះ​បា​នបង្ក​ឱ្យ​មាន​ការបាត់បង់​ការងារ​យ៉ាង​ច្រើន រោងចក្រ​មួយ​ចំនួន​បាន​បិទទ្វារ ហើយ​តម្រូវ​ការ​នៃ​ការបញ្ជា​ទិញ​មាន​ការធ្លាក់​ចុះ ដែល​រឿង​ទាំងអស់​នេះ​ត្រូវ​ការពេល​វេលា​ដើម្បី​ស្តារ​ឲ្យ​ងើប​ឡើង​វិញ។

លោក សេង ទិត្យ មានប្រសាសន៍​ថា៖ «វិស័យ​ដែលទា​ក់ទិន​នឹង​សេវាកម្ម​ ដូចជា​ទេសចរណ៍ សណ្ឋាគារ កាស៊ីណូ និង​ខារ៉ាអូខេ​ជាដើម គឺ​ទទួល​រង​ផល​ប៉ះពាល់​ខ្លាំ​ង នឹង​ធ្វើ​ឲ្យ​បាត់បង់​ការងារ​ជាច្រើន។ វិស័យ​ហិរញ្ញវត្ថុ និង​ធនាគារ​ក៏​នឹង​អាច​ទទួល​រង​ផល​ប៉ះពាល់​ផង​ដែរ បើ​វា​អូស​បន្លាយ​កាន់​តែ​វែង»។

លោក​បន្ថែម​ថា៖ «ខ្ញុំ​គិត​ថា​សេ​​ដ្ឋកិច្ច​អាច​នឹង​ទទួល​រង​ការប៉ះពាល់​ រហូ​ត​ដល់​វ៉ាក់​សាំង ឬ​ថ្នាំ​ព្យាបាល​​ជំងឺ​នេះ​ត្រូវ​បាន​គេ​រកឃើញ​ដោយ​ជោគជ័យ ដែល​យ៉ាង​ហោច​ណាស់​ក៏​រហូត​ដ​ល់​ឆ្នាំ​២០២១​ដែរ»។

ឧបសគ្គ​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ

លោក ផុន ម៉ូនីហ្សា អាយុ​៣០ឆ្នាំ ជា​អតីត​បុគ្គលិក​ក្រុមហ៊ុន​ទេសចរណ៍​ស្រីរ័ត្ន​ធួរ​អ៊ែន​ត្រាវែល បាន​និយាយ​ថា លោក​ត្រូវ​បង្ខំ​ចិត្ត​មក​ធ្វើការងារ​ផ្សេង​ក្រៅ​ពីវិស័យ​ដែល​ខ្លួន​ធ្លាប់​មាន​បទ​ពិសោធន៍​កន្លង​មក ចាប់​តាំង​ពីលោក​បាត់បង់​ការងារ​ពី​ខែ​មេសា​មក។ លោក​​បន្ត​ថា លោក​បាន​ព្យាយាម​ប្រឡូក​​ក្នុង​​ការងា​​រ​អចលនទ្រព្យ (ភ្នាក់ងារ​លក់​ដី​ឡូត៍) ប៉ុន្តែ​មាន​អតិថិជន​តិចតួច​ណាស់​ដែល​ម​ក​ទិញ​ដី​ឡូត៍​ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​ធ្លាក់​ចុះ​បែប​នេះ។ ឪ

ម៉ូនីហ្សា ​បាន​និយាយ​ថា៖ «ខ្ញុំ​លក់​មិន​ដាច់​ទាល់​តែ​សោះ» ។

លោក​បន្ថែម​ថា សព្វថ្ងៃ​មាន​តែ​ចំណាយ​លើ​ថ្លៃ​សាំង​រថយន្ត​ដើម្បី​ជូន​ភ្ញៀវ​ទៅ​មើល​ដី តែ​ចំណូល​ពី​ការលក់​វិញ​គឺ​សូន្យ​​។ លោក​ក៏​បាន​ឆ្លៀត​ពេល​ចាប់ផ្តើម​ធ្វើ​ជា​អ្នក​ដឹក​ឥវ៉ាន់​តាម​ម៉ូតូ​ឲ្យ​អ្នក​លក់​ឥវ៉ាន់​តាម​អនឡាញ (online) ដោយ​សង្ឃឹម​ថា យ៉ាង​ហោច​ណាស់​អាច​ជួយ​សម្រួល​ក្នុង​ការសង​ត្រឡប់​ទៅ​លើ​កម្ចី​ធនាគារ​។ 

លោក ​ម៉ូនីហ្សា បញ្ជាក់​ថា៖ «ការងា​រនេះ​គ្រាន់​តែដើ​ម្បី​រក​ប្រាក់​បន្ថែម​សម្រាប់​បង់​រំលោះដី​ដែល​ខ្ញុំ​បាន​ទិញ​មុន​ពេល​កូវីដ​ប៉ុណ្ណោះ»។ ខ្ញុំ​ប្រហែលត្រូវខ្ចីលុយពីបងប្អូនរបស់ខ្ញុំ ឬ​លក់​ទ្រព្យ​សម្បត្តិ​របស់​ខ្ញុំ​ដើម្បី​សង​ថ្លៃ​ដី​ដែល​ខ្ញុំ​បាន​ទិញ ប្រសិនបើ​ខ្ញុំ​មិន​អាច​រក​ការងារ​ថ្មី​ក្នុង​ពេល​ពីរ ទៅ​បី​ខែ​ទៀត»។

យុវជន ង៉ែត សុផានិត អាយុ​២០​ឆ្នាំ ជា​បុគ្គលិក​ផ្នែក​ឆុង​កាហ្វេ​ក្នុង​ហាង​កាហ្វេ​មួយ​ឈ្មោះថា​ម៉ូម៉ូ ក្នុង​រាជធានី​ភ្នំពេញ​​លើក​ឡើង​ថា លោកព្រួយបារម្ភ​ថា លោក​អាច​នឹង​ក្លាយ​ជា​ជន​រងគ្រោះ​នៃ​​ភាព​អត់​ការងារ​ធ្វើ​ក្នុង​ពេល​ឆាប់ៗ​នេះ។ លោក​​ថា អតិថិជន​ដែល​មក​ពិសារ​នៅ​កន្លែង​នេះ មាន​ប្រហែល​តែ​ពាក់​កណ្តាល​ប៉ុណ្ណោះ​នៃ​ចំនួន​ដែល​ធ្លាប់​មក​។

សុផានិត​ និយាយ​ថា៖ «ហាង​កាហ្វេ​ដែល​ខ្ញុំ​ធ្វើការ​ស្ងាត់​ណាស់​។ ថៅកែ​ខ្ញុំ​មិន​បាន​កាត់​ប្រាក់​ខែ​ទេ ប៉ុន្តែ​ប្រសិនបើ​ស្ថានភាព​នេះ​នៅ​តែ​បន្ត​យូរ​ទៀត ខ្ញុំ​ពិត​ជា​មាន​ការព្រួយ​បារម្ភ​ណាស់​ថា ហាង​របស់​ខ្ញុំ​នឹង​ត្រូវ​បិទទ្វារ ហើយ​ខ្ញុំ​នឹង​បាត់បង់​ការងារ​មិន​ខាន»។

លោក ង៉ែត​ ជូ អ្នកជំនាញហិរញ្ញវត្ថុ មា​ន​ប្រសាសន៍​ថា ភាព​អត់ការងារ​ធ្វើ​ និង​បំណុល នឹង​ក្លាយ​ជា​ឧបសគ្គ​ប្រឈម​ពីរ​សម្រាប់​ប្រជាជន​កម្ពុជា​ក្នុង​ឆ្នាំ​ខាង​មុខ។

លោក ជូ មាន​​ប្រសាសន៍​​ថា៖ «ទោះចង់​ ឬ​មិ​ន​ចង់ ការអូស​បន្លាយ​ដ៏​យូរ​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​ដែល​បាត់បង់​ការងារ​មួយ​ចំនួន ធ្វើការ​លក់​ទ្រព្យ​សម្បត្តិ​ដើម្បី​ទ្រទ្រង់​ជីវភាព​រស់នៅ ឬ​ទូទាត់​បំណុល​ដែល​ខ្លួន​ជំពាក់​គេ»។

បុគ្គលិក ឬ​កម្មករ​ជា​ស្ត្រី​ដែល​ធ្លាប់​ធ្វើ​ការងារ​ក្នុង​រោងចក្រ (ជាង​៤០០​រោងចក្រ ត្រូវ​បាន​បិទ​ទ្វារ ឬ​ផ្អាក​សង្វាក់​ផលិតកម្ម ដែល​បាន​ធ្វើ​ឱ្យ​ការងារ​ប្រមាណ​១៥០.០០០​កន្លែង​​ត្រូវ​​បាត់​បង់) អាច​មក​ធ្វើកា​រងារ​ជា​មេផ្ទះ (កូន​កាំបិត ឬ​ចុងភៅ) ឬ​អ្នក​មើលថែ​រ​ទាំ​កូន​ចៅ​ឱ្យ​គេ។ ពួកគាត់​អាច​នឹង​ទទួល​បាន​ប្រាក់ខែ​មួយ​ចំនួន ហើយ​ទទួល​បាន​ការស្នាក់​នៅ និង​ការហូប​ចុក​គ្រប់គ្រាន់ ដូច្នេះ​យ៉ាង​ហោច​ណាស់ «ពួកគេ​នឹង​មិនជួប​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ទេ»។

លោក​បាន​បន្ត​ថា សម្រាប់​បុគ្គលិក ឬ​កម្មក​រ​ប្រុសៗ​ដែល​បាត់បង់​ការងារ ត្រូវ​ត្រឡប់​ទៅ​ធ្វើ​ការងារ​កសិកម្ម ដូចជា​ដាំ​ដំណាំ និង​ចិញ្ចឹម​សត្វ (ដូចជា​កង្កែប ត្រី និង​បង្កង​ជាដើម)។ ចង់​មិន​ចង់ «បើ​អ្នក​ដែល​អាច​បត់បែន​បាន គួរ​តែ​ធ្វើ​វា»។

កិច្ចខិតខំប្រឹងប្រែក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ

លោក វង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​អនុប្រធាន​ឧត្តម​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​ជាតិ មាន​ប្រសាសន៍​ក្នុង​សន្និសីទ​សារព័ត៌មាន កាល​ពី​ដើម​ខែ​កក្កដានេះ​ថា កម្ពុជា​​នឹង​មាន​ចំណាយ​កាន់​តែ​ច្រើន បើទោះបី​ជា​ចំណូល​ជាតិ​មាន​ការធ្លាក់​ចុះ​ក៏​ដោយ។

លោកបញ្ជាក់​ថា៖ «ក្នុង​ឆ្នាំ​២០២១ យើង​នឹង​ចំណាយ​លុយ​ច្រើន។ ចំណូល​របស់​ជាតិ​ក្នុង​ឆមាស​ទី១ ឆ្នាំ​២០២០​នេះ ភាគច្រើន​បាន​មក​ពី​ខែ​ចាស់ គឺ​៤​ខែ​ដំបូង ខណៈ​ពេល​ដែល ២ខែ​ចុងក្រោយ​នេះ​មាន​ការធ្លាក់​ចុះ​ខ្លាំង។ ដូច្នេះ មូលដ្ឋាន​សម្រាប់​ការប្រមូល​ពន្ធ​នៅ​ឆ្នាំ​ក្រោយ​នឹង​មិនមាន​ភាព​ប្រសើរ​ទេ ពីព្រោះ​អាជីវកម្ម​មួយ​ចំនួន​បាន​បិទ ហើយ​មួយ​ចំនួន​ទៀត​មិន​មាន​ប្រាក់​ចំណេញ»។

ទោះយ៉ាងណា រដ្ឋាភិបាល​​នឹ​ង​បញ្ចេញ​ថវិការ​ប្រមាណ​១,​២​ពាន់​លាន​ដុល្លារ តាមរយៈ​ជំនួយ​សង្គ្រោះ និង​ការបន្ធូរ​បន្ថយ​ពន្ធ ដើម្បី​ដោះស្រាយ​បញ្ហា​ធ្លាក់​ចុះ​នេះ។

គម្រោង​ចំណាយ​នេះ​រួម​មាន​ ចំណាយ​អន្តរាគមន៍ (បណ្តុះ​បណ្តាល​ជំនាញ សាច់ប្រាក់​ពលកម្ម និង​ដោះស្រាយ​បញ្ហា​ប្រជាជន  ឬ​ជំនួយ​សង្គម) និង​ការផ្តល់​ឥណទាន​៦០០​លាន​ដុល្លារ។ លោក​មាន​ប្រសាសន៍​បន្ថែម​ថា គោលដៅ​ចម្បង​គឺ​ធ្វើ​យ៉ាងណា​ជួយ​ប្រជាជន និង​អាជីវកម្ម «ឲ្យ​រស់​សិន»។

លោក វិស្សុត មាន​ប្រសាសន៍​ទៀត​ថា៖ «គ្មាន​នរណា​អា​ច​ទាយ​បាន​ទេ​ថា ផល​ប៉ះពាល់​នេះ​នឹង​មាន​រយៈពេល​យូរ​ប៉ុណ្ណា ឬ​មាន​ទំហំ​ប៉ុណ្ណា​នោះ​ទេ ពីព្រោះ​ជំងឺ​នេះ​វា (unprecedented) មិន​ធ្លាប់​មាន​ពី​មុន​មក»។ លោក​បន្ថែម​ទៀត​​ថា តាម​​ការព្យាករណ៍ សេដ្ឋកិច្ច​​កម្ពុជា​​អាច​​នឹង​ធ្លាក់​​ចុះ​​ពី​១,៩ ទៅ​៥ភាគរយ នៅ​ក្នុង​ឆ្នាំ​នេះ។

អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ហេង សួរ លើកឡើង​ថា រោងចក្រ​ជាង​៤០០ បាន​ផ្អាក​សង្វាក់​ផលិតកម្ម ហើយ​៨៣ បាន​បិទ​ទ្វារ។

លោកថា៖ «បើ​គ្មាន​វិធានការ​ដ៏​ស័ក្តសិទ្ធ​ពី​រាជ​រដ្ឋាភិបាល និង​ក្រសួង​សេដ្ឋកិច្ច​ទេ​នោះ ការបាត់បង់​នឹង​កាន់​តែ​ច្រើន»។

ផលប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​មក​លើ​សេដ្ឋកិច្ច

យោងតាមរបាយការណ៍ចុងក្រោយរបស់ធនាគារពិភពលោកស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចម្រាប់ប្រទេសកម្ពុជា វិបត្តិ​ពិភពលោក​បង្ក​ការ​គំរាម​កំហែង​យ៉ាង​ខ្លាំង​ដល់​ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា ដែល​មាន​ប្រវត្តិ​រីក​ចម្រើន​ក្នុង​រយៈពេល​៣០​ឆ្នាំ​នេះ។ វិស័យ​ចម្បងៗ​ចំនួន​៣​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង គឺ​វិស័យ​ទេសចរណ៍ ការនាំ​ចេញ​​ផលិត​ផល​រោងចក្រ និង​វិស័យ​សំណង់ ដែល​វិស័យ​ទាំង​នេះ​បាន​រួម​ចំណែក​ជាង​៧០ភាគរយ​នៃ​កំណើន​សេដ្ឋកិច្ច និង​៣៩,៤ភាគរយ នៃ​ការងារ​សរុប ក្នុង​ឆ្នាំ​២០១៩។

របាយការណ៍​នោះ​បាន​សរសេរ​ថា៖ «ការធ្លាក់​ចុះ​ដ៏​ធ្ងន់ធ្ងរ​នៃ​វិស័យ​សំខាន់ៗ​នេះ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច និង​ធ្វើ​ឱ្យ​ការងារ​យ៉ាង​ហោច​ណាស់​ចំនួន ១,៧៦​លាន​កន្លែង ត្រូវ​ប្រឈម​នឹង​ហានិភ័យ»។

លោក សេង​ ទិត្យ សាស្រ្តាចារ្យ​សេដ្ឋកិច្ច​វិទ្យា មាន​ប្រសាសន៍​ថា បុគ្គល​គ្រប់​រូប ឬ​គ្រួសារ​នីមួយៗ ពិត​ជា​អាច​ចូលរួម​ចំណែក​ក្នុង​ការស្តារ​សេដ្ឋកិច្ច​ឡើង​វិញ ដោយ​ពួកគេ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សុ​ខភាព​របស់​ពួក​គេ​ជា​មុន​សិន។

លោក​មាន​ប្រសាសន៍​ថា៖ «ដំបូង​យើង​ត្រូវ​រក​មធ្យោបាយ​ដោះស្រាយ៖ ត្រូវ​ថែររក្សា​សុខភាព និង​ចូលរួម​ការពារ​ខ្លួន​កុំ​ឲ្យ​ឆ្លង​ជំងឺ​នេះ»។ លោក​ក៏​បាន​ផ្តល់​យោបល់​ផង​ដែរ​ថា យើង​ត្រូវ​បែរ​ឆ្ពោះ​ទៅ​រ​​ក​វិស័យ​កសិកម្ម។ 

ទោះជាយ៉ាងនេះ​ក្តី លោក ង៉ែត ជូ អ្នកជំនាញ​ហិរញ្ញវត្ថុ​មិន​សូវ​ជា​មាន​សុទិដ្ឋិនិយម​ចំពោះ​រឿង​នេះ​ឡើយ។ លោក​គិត​ថា ប្រហែល​ជា​នឹង​មិនមាន​គ្រួសារ និង​បុគ្គល​ឯកជន​ច្រើន​ទេ​ដែល​អាច​ចូលរួម​ចំណែក​ក្នុង​ការស្តារ​សេដ្ឋកិច្ច​ឡើង​វិញ ខណៈ​ពេល​ខ្លួន​កំពុង​ប្រឈម​នឹង​វិបត្តិ​ពិភពលោក​នេះ​នៅ​ចំពោះ​មុខ។

លោក ង៉ែត ជូ មាន​ប្រសាសន៍​ថា៖ «បើ​ទាក់ទង​នឹង​គ្រួសារ និង​បុគ្គល​ឯកជន ពួកគេ​អាច​ចូលរួម​ចំណែក​បាន​តិចតួច​ណាស់​ក្នុ​ងការ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ ដោយសារ​កម្ពុជា​ពឹង​ផ្អែក​លើ​ការនាំ​ចេញ និង​ការទៅ​ធ្វើ​ការងារ​នៅ​បរទេស»។ ជា​ឧទាហរណ៍ បើ​យើង​​ពិនិត្យ​មើល​ការបាត់បង់​ការងារ​នៅ​ប្រទេស​ថៃ គឺ​មាន​អត្រា​ខ្ពស់ នេះ​បញ្ជាក់​ថា​ឱកាស​កាងារ​មាន​តិចតួច​ណាស់​សម្រាប់​ការធ្វើ​ចំណាក​ស្រុក​ទៅ​រក​ការងា​រ​នៅ​ក្រៅ​ប្រទេស។

លោកមា​ន​ប្រសាសន៍​បន្ថែ​ម​ថា៖ «ការបង្វែរ​ទៅ​រក​ការងារ​ផ្សេង គឺ​មាន​តែ​វិស័យ​កសិកម្ម​ទេ​ដែល​អាច​ស្រូប​បាន (ពលកម្ម) ហើយ​ក៏​មាន​ឧបសគ្គ​ច្រើន​ទៀត ដោយសារ​អ្នក​ធ្លាប់​ធ្វើការ​ក្រៅ​ពី​វិស័យ​កសិកម្ម​ អាច​នឹង​លំបាក​ងាក​មក​រក​វិស័យ​នេះ​វិញ​»៕