អ្នករស់រានមានជីវិតពីរបបឃោរឃៅខ្មែរក្រហម និងជនរងគ្រោះមន្ទីរស២១ បាននិយាយក្នុងសប្តាហ៍នេះថា ពួកគាត់មិនបានចាប់អារម្មណ៍ នឹងការស្លាប់របស់អតីតមេគុកទួលស្លែង លោក កាំង ហ្គេចអ៊ាវ ហៅ ឌុច កាលពីពេលថ្មីៗនោះទេ ដោយសារពួកគាត់យល់ថាបានទទួលយុត្តិធម៌ខ្លះហើយ។
មុខរបរជាគ្រូបង្រៀន និងជាអតីតប្រធានសន្តិសុខ ស-២១ លោកឌុច ដែលបានស្លាប់កាលពីថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២០ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា សូវៀត គឺជាមេដឹកនាំខ្មែរក្រហមដំបូងគេបង្អស់ ដែលត្រូវបានគេយកមកកាត់ទោស ដោយសាលាក្តីកូនកាត់ដែលគេហៅថាអង្គបុរេជំនុំជម្រះវិសមញ្ញក្នុងតុលាការកម្ពុជា។
សាលាក្តីកូនកាត់មួយនេះ បានសម្រេចផ្តន្ទាទោសលោកឌុច ក្នុងឆ្នាំ២០១០ ដាក់ពន្ធនាគាររយៈពេល៣៥ឆ្នាំ ពីបទសម្លាប់រង្គាល និងមនុស្សឃាត ក្រោយបានរកឃើញថា ក្នុងរយៈពេលគ្រប់គ្រងមន្ទីរស-២១ រយៈពេល៣ឆ្នាំរបស់គាត់ គឺបានបណ្តាលឲ្យមានអ្នកស្លាប់ ជាង១២,២៧២នាក់។
ក៏ប៉ុន្តែនៅក្នុងកិច្ចសម្ភាសន៍ជាមួយ Newsroom Cambodia នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២០នេះ អ្នករស់រានមានជីវិត និងជនរងគ្រោះមន្ទីរស២១ មិនមានការភ្ញាក់ផ្អើលចំពោះដំណឹងស្លាប់របស់លោកកាំង ហ្គេចអ៊ាវនោះទេ។
លោកជុំ ម៉ី អាយុ៩០ឆ្នាំ អ្នកនៅរស់រានមានជីវិតពីគុកទួលស្លែងបាននិយាយដូច្នេះថា៖ «បើគាត់ទៅចឹងហើយ ឲ្យគាត់ទៅឲ្យផុតទៅ ហើយឲ្យគាត់ ចាប់ជាតិក្រោយ កុំសម្លាប់គេអញ្ចឹងទៀត»។
លោកជុំ ម៉ី គឺអ្នកនៅរស់រានជីវិតតែប្រមាណបីនាក់ទេ ពីគុកទួលស្លែង ហើយលោកធ្លាប់បានអះអាងថា គាត់អាចរស់បាន ក៏ដោយសារចេះជួសជុលម៉ាស៊ីនភ្លើងឲ្យពួកទាហានខ្មែរក្រហម។
លោកជុំ ម៉ីបាននិយាយបន្តថា៖ «ខ្ញុំថាយុត្តិធម៌វាបានហើយ ព្រោះតុលាការបានកាត់ទោសគាត់អស់មួយជីវិត ឥឡូវគាត់អស់ជីវិតហើយ នៅអនុវត្តទោសអីកើតទៀត?»។
ចំណែកឯពលរដ្ឋម្នាក់ទៀត ដែលធ្លាប់បានឆ្លងកាត់របបខ្មែរក្រហមដែរនោះ លោក នុត ម៉ី អាយុ៨៤ឆ្នាំ បានមានប្រសាសន៍ថា លោកហាក់មិនបានចាប់អារម្មណ៍ និងក៏មិនបានដឹងសោះឡើយពីការស្លាប់របស់លោកឌុច។
លោក នុត ម៉ី បាននិយាយថា៖ «ខ្ញុំស្គាល់តើឌុច តែអត់ដឹងផង អត់បានដឹងថាគាត់ស្លាប់ផង»។
ជាមួយគ្នានេះដែរ ពលរដ្ឋបីរូបដែលនៅក្បែរនោះដែលអះអាងថាសុទ្ធតែជាអ្នកដែលធ្លាប់ឆ្លងកាត់របបខ្មែរក្រហម ថ្លែងប្រាប់ Newsroom Cambodia ដូចៗគ្នាថា ពួកគាត់ពុំបានដឹងសោះឡើយពីមរណភាពរបស់ឌុច ហើយហាក់មិនមានការភ្ញាក់ផ្អើលនោះទេ ពេលអ្នកយកព័ត៌មានបានប្រាប់គាត់ពីដំណឹងនេះ៕