អ្នក​​​​​រស់​​រាន​​​មាន​​​ជី​​វិត​ពី​របបឃោរឃៅ​​ខ្មែរ​​ក្រហ​ម ​និង​ជនរងគ្រោះ​​​មន្ទីរស២១ បាននិយាយក្នុងសប្តាហ៍នេះថា ពួកគាត់មិនបានចាប់អារម្មណ៍ នឹងការស្លាប់របស់អតីតមេគុកទួលស្លែង លោក​​ កាំង​ ហ្គេច​អ៊ាវ​​ ហៅ​ ឌុច កាលពីពេលថ្មីៗនោះទេ ដោយសារពួកគាត់យល់ថាបានទទួលយុត្តិធម៌ខ្លះហើយ។

មុខរបរ​ជា​គ្រូបង្រៀន និងជាអតីតប្រធានសន្តិសុខ ស-២១ លោកឌុច ដែលបានស្លាប់កាលពីថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២០ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា សូវៀត គឺជាមេដឹកនាំខ្មែរក្រហមដំបូងគេបង្អស់ ដែលត្រូវបានគេយកមកកាត់ទោស ដោយសាលាក្តីកូនកាត់ដែលគេហៅថាអង្គបុរេជំនុំជម្រះវិសមញ្ញក្នុងតុលាការកម្ពុជា។

សាលាក្តីកូនកាត់មួយនេះ បានសម្រេចផ្តន្ទាទោសលោកឌុច ក្នុងឆ្នាំ២០១០ ដាក់ពន្ធនាគាររយៈពេល៣៥ឆ្នាំ ពីបទសម្លាប់រង្គាល និងមនុស្សឃាត ក្រោយបានរកឃើញថា ក្នុងរយៈពេលគ្រប់គ្រងមន្ទីរស-២១ រយៈពេល៣ឆ្នាំរបស់គាត់ គឺបានបណ្តាលឲ្យមានអ្នកស្លាប់ ជាង១២,២៧២នាក់។

ក៏ប៉ុន្តែ​នៅក្នុងកិច្ចសម្ភាសន៍ជាមួយ Newsroom Cambodia ​នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២០នេះ អ្នក​​​​រស់​​រាន​​មាន​​ជី​​វិត ​និង​ជនរងគ្រោះ​​​មន្ទីរស២១ ​មិនមានការភ្ញាក់ផ្អើល​ចំពោះ​ដំណឹង​ស្លាប់​របស់លោកកាំង ​ហ្គេច​អ៊ាវនោះទេ។

លោកជុំ ម៉ី អាយុ៩០ឆ្នាំ អ្នក​នៅរស់​រាន​មាន​ជីវិត​ពី​គុក​ទួល​ស្លែងបាននិយាយដូច្នេះថា​៖ «បើគាត់ទៅចឹងហើយ ឲ្យគាត់ទៅឲ្យផុតទៅ ហើយ​ឲ្យ​គាត់ ​ចាប់​ជាតិ​ក្រោ​យ ​កុំសម្លាប់គេអញ្ចឹងទៀត»។

លោកជុំ ម៉ី គឺអ្នកនៅរស់រានជីវិតតែប្រមាណបីនាក់ទេ ពីគុកទួលស្លែង ហើយលោកធ្លាប់បានអះអាងថា គាត់អាចរស់បាន ក៏ដោយសារចេះជួសជុលម៉ាស៊ីនភ្លើង​ឲ្យពួកទាហានខ្មែរក្រហម។

លោកជុំ ម៉ីបាននិយាយបន្តថា៖ ​«ខ្ញុំថាយុត្តិធម៌វាបានហើយ ព្រោះតុលាការ​បានកាត់ទោសគាត់​​អស់មួយ​ជីវិត ឥឡូវ​​គាត់អស់ជីវិតហើយ នៅអនុវត្តទោស​អីកើត​ទៀត​?»។

ចំណែកឯពលរដ្ឋ​​ម្នាក់​ទៀត ដែលធ្លាប់បាន​ឆ្លង​កាត់របប​ខ្មែរ​ក្រ​ហ​ម​ដែរ​នោះ ​លោក នុត ម៉ី អាយុ៨៤ឆ្នាំ បានមាន​ប្រសាសន៍ថា លោក​ហាក់​មិន​បាន​ចាប់​អា​រ​​ម្មណ៍ ​​និងក៏មិន​បាន​ដឹង​សោះឡើយពី​ការ​ស្លាប់​របស់លោក​ឌុច​។​

លោក នុត ម៉ី បាននិយាយថា៖ «ខ្ញុំស្គាល់តើឌុច តែអត់ដឹងផង អត់បានដឹងថា​គាត់ស្លាប់ផង»។​

ជា​មួយ​គ្នា​នេះដែរ​ ​​ពល​រដ្ឋ​បី​រូប​ដែល​នៅ​ក្បែរ​នោះដែល​អះអាង​ថា​​សុទ្ធ​តែ​ជា​អ្នក​ដែល​ធ្លាប់ឆ្លង​កាត់របប​ខ្មែរ​ក្រហម ​​ថ្លែង​ប្រាប់​ Newsroom Cambodia ដូច​ៗ​គ្នា​ថា ពួកគាត់ពុំបាន​ដឹងសោះ​ឡើយ​ពីមរណភាព​របស់​ឌុច​ ហើយហាក់​មិ​ន​មាន​ការ​ភ្ញាក់​ផ្អើលនោះ​ទេ​ ពេលអ្នកយកព័ត៌មានបាន​ប្រាប់​គាត់​ពីដំណឹង​​នេះ​៕