អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោកស្រី រ៉ូណា ស្មីត នៅ​ថ្ងៃ​អង្គារ​ ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​​ធានា​ឲ្យ​មាន​ការ​គោរព​ និង​ការពារ​​សិទ្ធិ​​សេរីភាព​ក្នុងការ​បញ្ចេញ​មតិ និង​ការ​ជួប​ជុំ​ដោយ​សន្តិវិធី​។​

​ក្នុង​សារ​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ស្រី រ៉ូណា ស្មីត បញ្ជាក់​ថា លោក​ស្រី​​សម្តែង​អំពី​កង្វល់​​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដោយសារ​មាន​ការចាប់​ខ្លួន​យុវជន​បរិស្ថាន​បីរូប និង​សកម្មជន​ផ្សេងទៀ​តកាលពីពេលថ្មីៗនេះ។

លោកស្រីបានសrសេរដូច្នេះថា​៖​ «ខ្ញុំ​មាន​កង្វល់​ចំពោះ​របាយ​ការណ៍​ថ្មីៗ​នេះ​អំពី​ការ​ចាប់​ខ្លួន​សកម្មជន​​បរិស្ថាន​ចំនួន​បីរូប​ ដែល​ឥឡូវ​នេះ​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ និង​បង្កើត​ភាព​វឹកវរ​នៅ​ក្នុង​សង្គម ​តាម​មាត្រា​៤៩៤​និង​៤៩៥​នៃ​ក្រម​ព្រហ្មទណ្ឌ។ ​បុគ្គល​មួយ​ចំនួន​ទៀត ​រាប់​ទាំង​ព្រះ​សង្ឃ​មួយ​អង្គ​ត្រូវ​បាន​ចាប់​ខ្លួន ​និង​ឃុំ​ខ្លួន​ចាប់​តាំង​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន»។​

លោកស្រី​បន្ថែម​ថា ​ក្នុង​របាយការណ៍​ដែល​លោក​ស្រី​ទទួល​បាន​ ក៏​បាន​លើកឡើង​ថា អង្គការ​សង្គម​​ស៊ីវិល​ចំនួន​៧ផ្សេងគ្នាត្រូវបានអាជ្ញាធរ​កម្ពុជា​ស្វែង​រក និង​ជូនដំណឹង​អំពី​ការចូល​ទស្សន​កិច្ច​នៅអ​ង្គការ​ទាំងនោះ ដោយ​ខាង​អាជ្ញាធរ។

យ៉ាង​ណា​ក្តី លោក​ស្រី​មិនបាន​បញ្ជាក់​អំពី​ឈ្មោះ​របស់​អង្គការ​​ទាំង​៧​នោះទេ។​

លោក​ស្រី​បញ្ជាក់​ក្នុង​សារ​នោះ​​ថា៖​ «សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ បង្កើតសមាគម និង​ការជួប​ជុំដោយសន្តិវិធី ត្រូវបានការពារដោយនិយាម និងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ក៏​ដូចជា​រដ្ឋ​ធម្មនុញ្ញកម្ពុជាផងដែរ។ ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ដល់​អាជ្ញាធរ​កម្ពុជា​ធានា​ថា​ សិទ្ធិ​ទាំង​នេះ​ត្រូវ​បាន​គោរព​ និង​ការពារ​ ហើយ​បង្កើត​បរិយាកាស​មួយ​ដែល​បុគ្គល​ម្នាក់ៗ​អាច​អនុវត្ត​សិទ្ធិ​ទាំង​​នេះ»។​

នៅថ្ងៃដដែល ស្ថានបេសកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហ​ប្រជាជាតិនៅទីក្រុងហ្សឺណែវ ក៏​បានចេញ​សេចក្ដីប្រកាសព័ត៌មាន​មួយ​ ឆ្លើយតបទៅ​នឹង​អ្នករាយការណ៍ពិសេសរូបនេះថា លោកស្រី រ៉ូណា ស្មីត បាន​ថ្លែង​ទស្សនៈ​ផ្ទាល់ខ្លួន​ រំខាន​ដល់​ស្ថានបេសកម្ម​អចិន្រ្តៃយ៍​កម្ពុជា​នៅ​ក្រុង​ហ្សឺ​ណែវ ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ច្បាប់​របស់​រដ្ឋាភិបាល​ក​ម្ពុជា​ដើម្បីរក្សាសណ្ដាប់ធ្នាប់​សង្គម។

សេចក្តី​ប្រកាស​​ព័ត៌មាន​​របស់​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ដដែល​បន្ថែម​ថា ការ​ថ្លែង​របស់​លោក​ស្រី រ៉ូណា ស្មីត អាច​ធ្វើ​ឲ្យ​សាធារណជន​មាន​ការ​ភាន់​ច្រឡំ និង​​ថា​ជាការ​ផ្តល់​កម្លាំង​ចិត្ត​​ឲ្យ​ក្រុម​​ណាមួយ​អាច​​កេង​ចំណេញ​ពី​ការ​ថ្លែង​នោះ។

​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​បញ្ជាក់​តាម​ន័យ​ដើម​ថា៖ «លោកស្រី​គួរ​តែ​គោរព​នូវ​ក្រមសីលធម៌ និង​សេចក្តី​ណែនាំ​ស្តីពី​ប្រតិបត្តិការ​របស់​អ្នក​កាន់​អណត្តិ​នៃ​នីតិវិធី​ពិសេស»។

ភ្លាមៗ លោក ជិន ម៉ាលីន​ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ និង​ជាអនុប្រធាន​គណៈកម្មការធិការ​សិទ្ធិ​មនុស្ស​​កម្ពុជា ក៏​បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃអង្គារ​ដែរ​​​ថា ការ​ថ្លែង​​របស់លោក​ស្រី រ៉ូណា ស្មីត លើបណ្ដាញសង្គម​​ អំពី​បញ្ហា​សិទ្ធិ​​មនុស្ស​នៅកម្ពុជា​គឺ​ជា​រឿង​ធម្មតា​​ក្នុងនាមជា​អ្នករាយការណ៍​ពិសេស។ លោក​បន្ថែមថា សារ​របស់​លោកស្រី ក៏​មិន​បាន​ចោទ​ប្រកាន់​ថា ការអនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច​កម្ពុជា​ជា​ការរំលោភ​សិទ្ធិ​មនុស្ស​នោះដែរ​​។

លោក​សរសេរ​បញ្ជាក់​តាម​ន័យ​ដើម​ថា៖ «ការដែល​លោកស្រី​ជំរុញ​ឱ្យ​សមត្ថកិច្ច​បញ្ជូន​ជន​ល្មើស​​ទៅ​តុលាការ សរ​បញ្ជាក់​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​ថា លោកស្រី​គាំទ្រ និង​យល់​ច្បាស់​នូវ​វិធាន​ការ​ច្បាប់​របស់​រដ្ឋាភិបាល​ចំពោះអ្នក​ដែល​អនុវត្ត​សិទ្ធិ​ដោយ​បំពាន និង​ឈាន​ទៅ​ការ​ប្រព្រឹត្ត​​​បទល្មើស ដែល​ជនជាប់ចោទ​ត្រូវ​ទទួល​ខុសត្រូវ​តាម​ផ្លូវ​ច្បាប់»។

នៅ​សប្តាហ៍​នេះ​ ក្រុម​យុវជន​ខ្មែរ​ថាវរៈ ​៣​អង្គនាក់ ​និង​​​អនុ​ប្រធាន​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ​​ម្នាក់​ត្រូវ​ឃាត់​ខ្លួន​ពាក់ព័ន្ធ​នឹង​​​គម្រោង​​​រៀបចំ​បាតុកម្ម​អហិង្សា​នៅ​ទីលាន​ប្រជា​ធិបតេយ្យ ​ដែល​គ្រោង​ធ្វើ​ពី​ថ្ងៃទី​៧​ដល់​ថ្ងៃទី​១៥ ​ខែ​កញ្ញា។ ​ ចំណែក​​ក្រុម​យុវជន​៣​នាក់​នៃ​ចលនា​មាតា​ធម្មជាតិ​ ត្រូវ​បាន​ចោទ​ប្រកាន់​ និង​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស ​កាល​ពី​សប្តាហ៍​មុន ពាក់​ព័ន្ធ​​នឹង​​ការ​បង្ហោះ​ព័ត៌មាន​ពី​យុទ្ធនាការ​ដើរទៅ​ភូមិគ្រឹះ​នាយក​រដ្ឋមន្ត្រី​ដើម្បី​​​សុំ​ឱ្យ​ដោះ​ស្រាយ​​​ករណី​លុប​បឹង​តា​មោក​៕​

 ​