(ភ្នំពេញ)៖ ជំងឺកូវីដ ១៩ បានធ្វើឲ្យ មានការថយចុះខ្លាំង ចំនួនពុទ្ធបរិស័ទមកចូលរួមពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាងឆ្នាំមុនៗ ដោយសារតែចំណូលពួកគាត់ត្រូវបានប៉ះពាល់ និងមានការភ័យខ្លាច ពីការឆ្លងវីរុសដ៏កាចសាហាវនេះ ផងដែរ។
ព្រះតេជគុណ ម៉ៅ វុទ្ធី ព្រះចៅអធិកាវត្ត ព្រះស៊ីសុវត្ថិរតនារាម ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្ដាល បានមានសង្ឍដីការថា នេះជាការព្រួយបាម្ភមួយ។
ព្រះតេជគុណ ម៉ៅ វុទ្ធី មានសង្ឃដីការថា៖ «កាលពីឆ្នាំទៅ បិណ្ឌពីរ បិណ្ឌបីអី បរិស័ទមកវត្តប្រមាណ មួយរយនាក់ជាងអី អាស្រ័យទៅតាមវេន តែឆ្នាំនេះ មានត្រឹមតែ ៥០ ទៅ ៦០នាក់អីទេ វាអាចជាការព្រួយបារម្មណ៍សម្រាប់ពួកគាត់ដែរ»។
ព្រះភិក្ខុ ជួន ខ្សេមក្សាន្ត គង់នៅវត្តថាន់ រាជធានីភ្នំពេញ មានសង្ឃដីការថា មានពុទ្ធបរិស័ទមកកាន់បិណ្ឌនៅវត្តថាន់ ពេញសាលាឆាន់ ចង្អៀតណែនស្ទើរ តែរកកន្លែងដើរមិនបានផង កាលពីឆ្នាំមុន។
ព្រះភិក្ខុ ជួន ខ្សេមក្សាន្ត បានមានសង្ឍដីការថា៖ «ដោយសារឆ្នាំកូវីដនេះ មានការស្បើយបរិស័ទ តែសម្រាប់វត្តថាន់ មិនដល់ថ្នាក់ ខ្សត់ចង្ហាន់ពេកទេ»។
ព្រះអង្គ បានបន្ថែមថា នេះដោយសារសេដ្ឋកិច្ចរបស់ពួកគាត់មានបញ្ហា ខណៈ អ្នកខ្លះអត់មានការងារធ្វើព្រោះតែកូវីដ ១៩ ធ្វើឲ្យខ្វះខាតថវិកា និងខ្លាចឆ្លងជម្ងឺផងដែរ។
អ្នកស្រី ណុប កន្នីកា ជាពុទ្ធបរិស័ទ បាននិយាយដូច្នេះថា៖ «បញ្ហាសេដ្ឋកិច្ចគឺជាក្ដីបារម្ភចម្បង ក្នុងការទៅកាន់បិណ្ឌនៅឯវត្ត ព្រោះទៅវត្តម្ដងៗ ត្រូវចំណាយ ៣០ ទៅ៤០ដុល្លារ ក្នុងការទិញទេយ្យទាន និងចង្ហាន់ ព្រះគេនព្រះសង្ឃ»។
កាលពីបុណ្យភ្ជុំឆ្នាំមុន កាន់បិណ្ឌ១៥ថ្ងៃ ទៅវត្តស្ទើរតែរាល់ថ្ងៃ ក៏ប៉ុន្តែលើកនេះ មួយសប្ដាហ៍ទៅភ្ជុំ បានប្រហែល ១ម្ដង ទៅពីរដងប៉ុណ្ណោះ ហើយបើនិយាយពីចង្ហាន់ និងការចូលរួមរបស់ពុទ្ធបរិស័ទវិញ ក៏មានការខ្សត់ខ្សោយជាងឆ្នាំមុនៗដែរ។ នេះបើតាមការរៀបរាប់បន្ថែមរបស់អ្នកស្រី ណុប កន្នីកា ជាពុទ្ធបរិស័ទ។
ចំណែក លោកយាយ អាយុ៦២ឆ្នាំ ឈ្មោះ ហៃ ញ័រ ពុទ្ធបរិស័ទចំណុះជើងវត្តស៊ីសុវត្ថិរតនារាម មានមុខរបរជាអ្នកធ្វើចំការ និងធ្វើនំលក់ មានការភ័យខ្លាចដែរ ចំពោះជម្ងឺនេះនៅពេលទៅវត្តម្ដងៗ។
លោកយាយ បានមានប្រសាសន៍ថា ជំងឺកូវីដ ១៩ បានធ្វើឲ្យប៉ះពាល់ដល់ការរកចំណូលប្រចាំថ្ងៃ យ៉ាងច្រើន ដោយសារតែអត់សូវមានការកម្មង់ទិញនំរបស់គាត់។
កញ្ញា ថន សុភ័ក្រ អាយុ ២៧ ជាអ្នកលក់ការ៉េមនៅវត្តខាងលើនេះ បាននិយាយថា អ្នកដែលមកវត្ត មានការរភ័យខ្លាច មិនហ៊ានមកធ្វើបុណ្យទេ ខណៈដែលអ្នកខ្លះបានសង្កេតឃើញថា ពុទ្ធបរិស័ទភាគច្រើន មិនបានពាក់ម៉ាស ឬអនុវត្តវិធីការពារកូវីដ ១៩នោះទេ។
យោងតាមក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ កម្ពុជា បានព្យាបាលឲ្យជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៧៤នាក់៕