ភ្នំពេញ៖ អ្នកដំណើរទៅស្រុកកំណើតមួយចំនួន បានត្អូញត្អែរ និងរិះគន់ម្ចាស់ឡានឈ្នួល ដែលបានតំឡើងថ្លៃរថយន្តក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ខណៈដែលប្រជាពលរដ្ឋមួយចំនួន ត្រូវបានរងផលប៉ះពាល់ខាងសេដ្ឋកិច្ចដោយវីរុសកូវីដ ១៩។
សម្លេងកញ្ចែរលាន់លឺមិនឈប់ ស្ទើរតែនិយាយស្តាប់គ្នាមិនលឺ សន្តិសុខសម្រួលចរាចរណ៍ខ្វាត់ខ្វែង ឲ្យឡានចេញដំណើរ ខណៈដែលព្រូឡានមួយក្រុម រត់ដេញតាមកង់បី តាមម៉ូតូ ដើម្បីចាប់ម៉ូយយ៉ាងរញេញ៉ៃ។ សម្លេងតថ្លៃតម្លៃឡានឈ្នួលបានលឺរំពងពាសពេញបេនឡានផ្សារធំថ្មី។
អង្គុយនៅលើកៅអី ព្រមទាំងមានឥវ៉ាន់សំពីងសំពោងផងនោះ លោក ធារ៉ា អាយុ ២៧ឆ្នាំ មកពីស្រុកអូររាំងឪ បានរ៉ាយរ៉ាប់ប្រាប់ Newsroom Cambodia នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ថា តម្លៃឡានបានឡើងខុសពីថ្ងៃធម្មតាហើយ រថយន្តឈ្នួលតែងតែឡើងថ្លៃបែបនេះ។
លោក បានបន្តថាថ្ងៃធម្មតាតម្លៃត្រឹមតែ១ម៉ឺនរៀលទេ ខណៈដែលកៀកភ្ជុំបិណ្ឌ ក៏បានឡើងដល់ ២ម៉ឺនរៀល។
លោកធារ៉ា បាននិយាយថា៖ «ខ្ញុំទៅអូររាំងឪរាល់ដង កាលយើងមិនទាន់ភ្ជុំអញ្ចឹង អាឡានសាំងយ៉ុងហ្នឹង តែ១ម៉ឺនរៀលអីអស់ហើយ។ ដល់ពេលវាភ្ជុំអញ្ចឹង វាឡើង១ម៉ឺនរៀលទៀត អញ្ចឹងវា២ម៉ឺនរៀល។ ខ្ញុំក៏គិតថាវាថ្លៃដែរ តែធ្វើម៉េច បើត្រូវទៅស្រុកអញ្ចឹង»។
អ្នកដំណើរម្នាក់ទៀតដែលកំពុងឈរចាំឲ្យឡានពេញមុនចេញដំណើរ រួមមានសម្ភារៈក្បែរខ្លួនមួយចំនួនផងនោះ កញ្ញា ស្រីពៅ អាយុ២៣ឆ្នាំ បាននិយាយថា ការតម្លើងថ្លៃរថយន្តស្ទើរជាទំលាប់ទៅហើយ។
ស្រីពៅ បានបន្តថានេះអាចនឹងប៉ះពាល់ខ្លះដែរ ដល់អ្នកដែលមានបញ្ហាលុយកាក់ ពីព្រោះថាមានម្ចាស់ឡានឈ្នួលផ្សេងទៀត បានតម្លើងតម្លៃលើសនេះ ២ដងទៀត។
កញ្ញា បានបន្ថែមថា៖ «វាពិបាកដែរ បើឡើងថ្លៃអញ្ចឹង ព្រោះបើយើងអត់ជិះ ក៏គេអត់បង្ខំយើងដែរ»។
កំពុងឈររងចាំឡានដោយបានកក់សំបុត្ររួចហើយ អ្នកស្រី សាវ៉េត គ្រោងឡើងឡានពីភ្នំពេញ ទៅខេត្តសៀមរាប។ គាត់បានប្រាប់ថា ជាធម្មតាតម្លៃឡានសមរម្យអាចទទួលយកបាន ត្រឹម៨ដុល្លារ ទៅ៩ដុល្លារ ប៉ុន្តែរដូវកាលភ្ជុំបិណ្ឌនេះតម្លៃសំបុត្របានឡើងដល់១១,៥ដុល្លារ។
លោកស្រី បានបន្តថាឆ្នាំនេះមានវិបត្តិកូវីដ១៩ផង គួរណាស់តែកុំតម្លើងថ្លៃ ពីព្រោះអ្នកខ្លះខំ សន្សំប្រាក់ដើម្បីទៅលេងស្រុកកំណើត ធ្វើបុណ្យទាន ជូនលុយ ទៅឪពុកម្តាយផង។
លោកស្រី បានបញ្ជាក់ថា៖ «គិតថាវាយ៉ាប់ដែរ តែយើងត្រូវធ្វើដំណើរហើយ បើមិនទៅ វាមិនកើត»។
លោកម្នាក់ដែលកំពុងអង្គុយបង្ហុយបារីមួយដើម ខណៈកំពុងរង់ចាំអ្នកដំណើរទិញនំបុ័ង ព្រមទាំងឥវ៉ាន់ផ្សេងទៀត ដើម្បីផ្ញើរបងប្អូននៅស្រុកកំណើត គាត់ជាជាម្ចាស់ឡានឈ្នួល ហើយសុំមិនបញ្ចេញឈ្មោះ។ គាត់បាននិយាយថា គាត់បានតម្លើង ថ្លៃត្រឹមតែ៤ពាន់រៀល ទៅ៥០០០រៀលទេ។
លោក បានបញ្ជាក់ថា៖ «ឥឡូវអ្នកជិះគាត់តថ្លៃណាស់ ហើយណាមួយឡានឈ្នួលផ្សេងទៀតក៏មានច្រើន គេដណ្តើមម៉ូយផង អីផង វាកូវីដអញ្ចឹងទៀត មិនសូវមានអ្នកជិះច្រើន»។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វ៉ន ពៅ បាននិយាយថា ទោះបីជាមានសេចក្តីអំពាវនាវ ក៏មានការឡើងថ្លៃជារៀងរាល់ឆ្នាំដដែល ហើយក៏គ្មានយន្តការជួយប្រជាពលរដ្ឋស្ងប់ចិត្ត ធ្វើដំណើរក្នុងពេលបុណ្យទាននោះទេ។
លោក វ៉ន ពៅ បាននិយាយដូច្នេះថា៖ «ជារឿងមួយគួរឲ្យសោកស្តាយមែនទែន អ្នករកស៊ីស្រុកខ្មែរយើង មើលទៅដូចគ្មានក្រមសីលធម៌ក្នុងការប្រកបរបរវិជ្ជាជីវៈទាល់តែសោះ»៕