ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានប្រកាសការព្យាករណ៏ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះថា សេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំនេះ នឹងធ្លាក់ចុះក្នុងរង្វង់ -៤% មុននឹងមានសន្ទុះឡើងវិញក្នុងកម្រិត ៥,៩% នៅឆ្នាំក្រោយ។

ADB ក៏បាននិយាយថា បើទោះបីជាមានការធ្លាក់ចុះការបញ្ជាទិញពីអឺរ៉ុប និងអាមេរិកខាងជើង ដែលនាំឲ្យមានការបិទរោងចក្រសម្លៀងបំពាក់ ទំនិញធ្វើដំណើរ និងស្បែកជើងយ៉ាងច្រើនក៏ដោយ កំណើននៃការផលិតកង់ និងគ្រឿងអេឡិចត្រូនិច បានជំរុញឲ្យការនាំចេញទំនិញ កើនឡើង ៣០.៣% ឆ្នាំលើឆ្នាំ ក្នុងឆមាសទីមួយនៃឆ្នាំ២០២០។

ប្រសិនបើការនាំចេញនៃសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែកជើងបន្តងើបឡើង ADB បានព្យាករណ៍ថា កំណើនសរុបនៃផលិតផលឧស្សាហកម្មអាចនឹងកើន៥.១% នៅក្នុងឆ្នាំ២០២០នេះ។ 

ធនាគារអភិវឌ្ឍន៍អាស៊ី ក៏បានឲ្យដឹងដែរថា កូវីដ១៩បានជះឥទ្ធិលខ្លាំងដល់វិស័យទេសចរណ៍កម្ពុជា ដោយបានព្យាករណ៍ថាវិស័យសេវាកម្មនឹងមានធ្លាក់ចុះ ១៥.១% ក្នុងឆ្នាំ២០២០នេះ។

ADB បាននិយាយក្នុងសេចក្តីប្រកាសព័ត៌មានដូច្នេះថា «ការមកដល់នៃទេសចរអន្តជាតិបានធ្លាក់ចុះ ៩៨,១% ឆ្នាំលើឆ្នាំ នៅក្នុងត្រីមាសទី២ ដែលបានបង្ខំអាជីវកម្មជាង៣.០០០ ត្រូវបិទទ្វារ ហើយកម្មករប្រមាណ ៤៥.០០០នាក់ បាត់បង់ការងារ»៕