ករណី​​រំ​លាភ​​សេពសន្ថវៈ​​​លើ​​ស្រ្ដី និង​កុមារី​​​ក្នុង​​សង្គ​​ម​​ខ្មែរ​បច្ចុប្បន្ន​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​ព្រួយ។ ទន្ទឹម​នឹង​នោះ មានការ​លើកឡើង​ថា ការ​ស្លៀកពាក់​ស៊ិចស៊ី​ជា​​​មូល​ហេតុ​​ដែល​នាំ​ឲ្យ​មាន​ការ​រំលោភ​​។​

ក្នុង​​ករណី​រំលោភ​មួយ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ភ្ញាក់​ផ្អើល​ខ្លាំង​នោះ ​គឺ​​ករណី​រំលោភ​សម្លាប់​ក្មេងស្រី​អាយុ​១៤​​ឆ្នាំ​ម្នាក់​នៅ​​ក្នុង​​បន្ទប់​​ជួល​​នៅ​សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​រាជ​ធា​នី​​ភ្នំ​ពេញ​ កាល​​ពី​​ថ្ងៃ​​ទី​០១​ ​ខែ​កញ្ញា​ ឆ្នាំ​២០២០​ ​កន្លង​ទៅ​នេះ​។ ​ជន​រង​គ្រោះ​​ត្រូវ​​បាន​​ឃាតករ​​​ដែល​​​ជា​អ្ន​ក​ជិត​​ខាង​​អារ​ ក ​​សម្លាប់​​រួច​​រំលោភ​​តាម​​ក្រោយ​​ ​ខណៈពេល​​ម្ដាយ​​ជន​​រង​គ្រោះ​​បាន​​ទៅ​​ផ្សារ​វេលា​​ម៉ោង ៣:១៥ រសៀល។​​​

​ករណី​រំលោភ​ខាង​លើ​​ ជនសង្ស័យ​បាន​សារភាព​ពី​គ្រប់​ស​កម្មភាព​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ហើយ​ចម្លើយ​សារភាព​នេះ​ក៏​ស៊ី​សង្វាក់​ជាមួយ​ភស្តុតាង​​ទាំងអស់​នៅ​កន្លែង​កើតហេតុ ដែល​បាន​ដក​ហូត​យក​មក​រក្សា​ទុ​ក​ផង​ដែរ។ នេះ​​បើ​​តាម​​ការ​បញ្ជាក់​​របស់​​នាយក​​ប្រ​តិបត្តិអង្គ​ភាព​​ការ​ពារ​កុមារ​ តាម​រយៈ​​​បណ្ដាញ​​សង្គម​​ហ្វេស​​ប៊ុក​។​

​ករណី​​​រំលោភ​កុមារី​នេះ ​បាន​បង្កើត​ជាចម្ងល់​​​​​ថា ​​តើ​​​ការ​​ស្លៀក​​​ពាក់​​ពិត​​ជា​​​​កត្តា​​​​ធ្វើ​​​ឲ្យ​​​មាន​​​ការ​​រំលោ​ភ​​​​ពិតមែន​ ​​ឬ​យ៉ាងណា​?

បន្ទាប់​​ពី​​មាន​​ការ​​ចោទ​​ជា​​ចម្ងល់​​ហើយ​​ក្នុង​​នោះ​​ កញ្ញា​ បុណ្យ រចនា នាយិកាអង្គការក្លាហាន បានលើក​ឡើង​ថា ទស្សនៈ​ដែល​លើក​ឡើង​ថា​ការ​ស្លៀក​ពាក់​ខ្លី​​ជា​មូល​ហេតុ​នៃ​ការ​រំលោភ គឺការ​​ខុស​ឆ្គង​​ដែល​មិន​បាន​​ឆ្លុះបញ្ចាំង​ឬស​គល់​បញ្ហា​អោយ​ពិត​ប្រាកដ​ទេ។

«ការ​លើក​ឡើង​នេះ​​ធ្វើ​អោយ​ស្ថាន​ភាព​បញ្ហា​នេះ​កាន់​តែ​ដុន​ដាម​ថែម​មួយ​កម្រិត​ទៀត ពី​ព្រោះ​វាជា​ការ​​រំលោភ​បំពាន​សិទ្ធិ​សេរីភាព​របស់​ស្រ្ដី​ក្នុង​ការ​សម្រេច​ចិត្ត​ការ​ស្លៀក​ពាក់»។

ចំណែក​អ្នក​​ស្រី​ ​​មួង​​ កញ្ញា​ ​​​​ប្រធា​នគម្រោង​​​​​របស់​​​​​អង្គ​ការ​​នារី​​​ដើម្បី​​សន្តិភាព​​ ​(Women​ ​Peace​ ​Maker)​ ​និង​​​ជា​​​ម្ចាស់​​គម្រោង​​​ជួយ​​ដល់​​​ស្រ្ដី​​នៅ​​តាម​​​សហគមន៍ ​លើកឡើង​ថា ​ស្រ្ដី​​​មួយ​​​ចំនួ​ន​​​នៅ​​​ខ្វះ​​ខាត​​​ចំ​ណេះ​​ដឹ​ង​​ និង​​​​ភាព​​​ក្លាហាន​​​​ដើម្បី​​​រក​​សិទ្ធិ​​​សេរីភាព​​​របស់​​​ខ្លួន​​​នៅ​​ពេល​​​ជួ​​ប​​​ប្រទះ​ប​ញ្ហា​​ ​ដោយសារ​​​​បារម្ភអំ​​​ពី​ភាព​​អសោច​​កេរ្ដិ៍ ជា​​​ជាង​​ការ​និយាយ​​​​ចេញ​​មក​។

​​​អ្នកស្រី​​បាន​​​ស្នើ​​​ទៅគ្រប់ភាគី​​​ពាក់​ព័ន្ធ​​​​ឲ្យ​បញ្ឈប់​ការ​បន្ទោស​ជន​រងគ្រោះ​​ថា​​រង​ការ​រំលោភ​បំពាន​ដោយសារ​ការ​ស្លៀក​ពាក់។​

«​ស្នើ​​សុំ​​​​បញ្ឈប់​​ការ​បន្ទោស​​ទៅ​​លើ​​​ជន​​រង​គ្រោះ​ដោយ​សារ​​គាត់​​ស្លៀក​ខ្លី ដើរ​លេង​​យប់​​ នៅ​ពេល​​​គាត់​​ទទួល​​រង​​ការ​បៀត​​បៀន​​ផ្លូវ​ភេទ ដោយ​​មិន​​​ដាក់​​គំនាប​​លើ​​ស្រ្ដី»។

​អ្នកស្រី មួង កញ្ញា បន្ថែម​ថា កម្ពុជា​មាន​ច្បាប់​ពាក់ព័ន្ធនឹង​អំពើ​ហិង្សាក្នុង​គ្រួសារ​ ប៉ុន្តែ​អ្នកស្រី​ថា​ច្បាប់​នេះ​ចែង​ទូលាយ​ ដោយ​​មិន​​បាន​​ពន្យល់​​​អំពី​​​ការ​បៀត​បៀន​​ ហើយនៅ​ពេល​ជន​រង​គ្រោះ​​គួរ​ធ្វើ​ដូច​ម្តេច​នៅ​ពេល​ដែល​ពួកគេ​ជួ​ប​​បញ្ហា​ជាដើម។ ​​ ​

«ពេលខ្លះ​ឃើញ​ក្នុង​ច្បាប់បាន​ចែង​​ថា​​ ​​ភាគី​​រំលោភ​អាច​​​សង​​សំណង​​​​ជា​ទឹក​ប្រាក់​​ដែល​​ធ្វើ​​​ឲ្យ​អ្នក​ប្រព្រឹត្ត​​​​គិត​​​ថា​​យក​​លុយ​​​សង​​គេ​ទៅ​​បាន​​ហើយ ដូច្នេះ​​​​ច្បា​ប់​​​គួរ​​តែ​​​ពង្រឹង​​​ឱ្យ​មាន​​ការ​​យល់​បន្ថែម​ទៅ​​លើ​​សង្គម​ទូទៅ​​ទាំងមូល​ដោយ​មាន​​ការ​បន្ថែម​​​​​​ឱ្យ​​​ពេញ​​លេញ»។

ទន្ទឹម​នឹង​ការ​កើត​មាន​ការ​រំលោភ​សេព​សន្ថវៈ និង​ការ​ប្រទាំង​ប្រទើស​គ្នា​លើ​ការ​យល់​ឃើញ​ពាក់​ព័ន្ធនឹងការ​ស្លៀកពាក់របស់​ស្រ្តី​រងគ្រោះ កាល​​ពី​ថ្ងៃ​ទី​១​ ខែសីហា​ ឆ្នាំ​២០២០ រដ្ឋាភិបាល​ក៏​បាន​បង្កើត​សេចក្តី​ព្រាង​ច្បាប់​ថ្មី​មួយ​ស្តី​ពី​សណ្តាប់​ធ្នាប់​សាធារណៈ ដោយ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​ដែល​មាន​៨ជំ​ពូក​​ និង​៤៣​មាត្រា​នោះ​ បាន​ចែង​អំពី​ការ​ហាម​ឃាត់​ស្រ្តី​មិនឲ្យ​ស្លៀក​ពាក់​ស៊ិចស៊ី​ជ្រុល​ហួស​ហេតុ។

ក្នុង​សេចក្ដី​​ព្រាង​​ច្បាប់នោះ​​​បាន​​ចែង​​ថា​​ ស្រ្ដី​ត្រូវ​បាន​ហាមឃាត់​ការស្លៀក​ពាក់​ខ្លី​ពេក​ រហូត​ខើច​លើ​ខើច​ក្រោម ការស្លៀកពាក់​ស្ដើង​លេច​កេរ្តិ៍​ភេទ ឬ​ការស្លៀកពាក់​បង្ហាញ​ផ្នែក​ខ្លះ​នៃ​កេរ្តិ៍​ភេទ បុរស​មិន​ត្រូវ​ដោះអាវ​ឱ្យ​ខ្លួន​ទទេ​នៅ​ទី​សាធារណៈ ឬ​ស្លៀកតែ​ខោ​ទ្រនាប់​ដើម្បី​បង្ហាញ​កេរ្តិ៍​ខ្មាស។​ រដ្ឋាភិបាល​អះអាងថា គោល​​បំណង​​​នៃ​​សេចក្តី​​ព្រាង​​​ច្បាប់​​​នេះ​​គឺ​​ដើម្បី​​រ​ក្សា​​ប្រ​ពៃ​ណី​ជាតិ​ ​និង​​សេចក្ដី​​ថ្លៃ​ថ្នូរ​​របស់​​ប្រជា​ពល​រដ្ឋ​។

អ្នក​ស្រី មួង កញ្ញា លើកឡើង​ថា ការ​ចេញ​សេចក្ដី​ព្រាង​ច្បាប់​ថ្មី​ស្ដីពី​សណ្ដាប់​ធ្នាប់​សាធារណៈ គឺ​​កាន់​តែ​​ក្លាយ​​ជា​​គំនាប​​សង្គម​​ខ្លាំង​​ទៅ​​លើ​ស្រ្តី​ខ្មែរ​ ដែលលោក​ស្រី​ថា ​​នេះ​​​ជា​​ការ​បិទ​​​សិទ្ធិ​​សេ​រី​ភាព​​ទៅ​​លើ​​ពួក​គេ​។​ លោក​ស្រី​​បន្ត​ថា​ គំនាប​​នេះ​​អាច​​ក្លាយ​​ជា​​បញ្ហា​​ប៉ះ​ពាល់​ដល់​​សុខ​ភាព​​ផ្លូវ​ចិត្ត​​​របស់​ស្រ្តី​​ផង​​ដែរ​។​

​​​លោកស្រី​ក៏​បាន​​​​សំ​ណូម​ពរ​​​ទាក់​ទង​​នឹង​​សេចក្ដី​​ព្រាង​ច្បាប់​​ថ្មី​​​នេះ​ថា​​៖ «ក្រសួង​​ពាក់​ព័ន្ធ ​ឬ​​​ច្បាប់​​ណា​មួយ​​គួរ​​ពិចារណា​​ឡើង​​វិញ ​ដើម្បី​​កែ​សម្រួល​​ចំណុច​​​​​ដែល​ទាក់ទង​​នឹង​​សេរីភាព​​នៃ​​ការ​ស្លៀក​ពាក់​ដើម្បី​​ឱ្យ​​​​ស្រ្ដី​មាន​​សិទ្ធិ​សេរីភាព​​ពេញ​លេញ​បង្ហាញ​ពី​​សេរីភាព និង​អារម្មណ៍​របស់​គាត់»។

អ្នក​នាំ​ពាក្យ​​ក្រ​សួង​កិច្ច​ការ​នារី​ប្រាប់​ Newsroom Cambodia ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​​​​ថា​ ករណី​​រំ​លោ​ភ​​​ដែល​​​ជន​​រង​គ្រោះត្រូវ​​បាន​​គេ​​ចោទ​​ថា​​មក​​​​ពី​​ការ​ស្លៀក​​ពាក់​ គឺ​គ្រាន់​​តែ​​ជា​​លេស​របស់​​ជន​​ប្រ​ព្រឹត្ត​តែប៉ុណ្ណោះ។

ក្នុង​នោះ​លោក​បាន​មាន​ប្រសាសន៍​ថា​​៖ «ការ​ចោទ​ប្រកាន់​រឿង​ស្លៀក​ពាក់​ខ្លី​ហ្នឹង​គឺ​គ្រាន់​តែ​ជា​លេស​ទេ​ ព្រោះ​​ការ​ចោទ​ប្រកាន់​អី​អស់​ហ្នឹង​សុទ្ធ​តែ​ជា​ការ​យល់​ឃើញ​របស់​មហា​ជន​ទេ ដូច្នេះ​តុលាការ​គេ​ធ្វើ​តាម​ច្បាប់​ដែលបាន​ចែង​​»។​​​​ បើ​តាម​របាយការណ៍​​សមា​គម​ការ​ពារ​​​សិទ្ធិ​​មនុស្ស​ និង​អភិវឌ្ឍ​ន៍​​នៅ​​កម្ពុជា​ (ADHOC) ករណី​រំ​លោភ​​​​​​សេព​សន្ថវៈ​មាន​ចំ​នួន​៩៣​ករណី​  ​គិត​ពី​ខែ​មករា ​ដល់​សីហា ​ឆ្នាំ​២០២០​នេះ​ ក្នុង​នោះ​ជន​រង​គ្រោះ​​មាន​​ចំ​នួន​៩៨​នាក់​។​ បើ​​ធៀប​​នឹង​ឆ្នាំ​២០១៩ ករណី​រំលោ​ភ​សរុប​មាន​​ចំ​នួន​១២៨​​ករណី​ ហើយ​ក្នុង​​នោះ​​​ជន​​រង​គ្រោះ​​មាន​​ចំ​នួន​​១៣៤​​នាក់​៕