សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានជូនដំណឹងដល់សាស្ត្រាចារ្យ និងនិស្សិតថ្នាក់បរិញ្ញាបត្រឆ្នាំទី២ ទី៣ និង ទី៤ គ្រប់ផ្នែកទាំងអស់ថា ការចូលរៀនឡើងវិញនឹងចាប់ផ្តើមនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២០ខាងមុខនេះ។

ការសេចក្តីជូនដំណឹង ដែលចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ដោយសាកលវិទ្យាធិការរង លោក សឿន សោភ័ណ បានធ្វើឲ្យនិស្សិតប្រុស ស្រី មានការសប្បាយរីករាយជាខ្លាំង​​ពីព្រោះពួកគាត់អាចនឹងមានទំនាក់ទំនង និងការរៀនសូត្រឡើងវិញ។ 

តាមរយៈតាមទូរស័ព្ទ កញ្ញា សាត ស៊ីវន និស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច និងជានិស្សិតរៀនជំនាញ រដ្ឋបាលសាធារណៈ  បាននិយាយថា៖ «ខ្ញុំមានអារម្មណ៍សប្បាយចិត្ត ក្នុងការបានបង្កើតទំនាក់ទំនងជាមួយ និស្សិត និងសាស្ត្រាចារ្យ ឡើងវិញ»។

កញ្ញា សាត ស៊ីវន បានបន្តថា ការចូលរៀនក្នុងថ្នាក់ឡើងវិញក៏មានភាពងាយស្រួល ដូចជាការ សាកសួរលោកគ្រូផ្ទាល់ៗតែម្តង​​​ ក៏ប៉ុន្តែកញ្ញា នៅតែមានការព្រួយបារម្ភអំពីការរីករាលដាល នៃជំងឺកូវីត ១៩ ហើយសន្យាថានឹងរក្សាអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងគោរពតាមគោលការណ៍របស់សាលាផងដែរ។

ចំណែកនិស្សិតផ្សេងទៀត  កញ្ញា ពេញ ស្រីពេជ្រ និង កញ្ញា រុន សុភា និស្សិត នៃ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច រៀនផ្នែករដ្ឋបាលសាធារណៈ ឆ្នាំទី ២ បាននិយាយរៀបរាប់ អំពី អារម្មណ៍រំភើបដែលបានលឺ និងឃើញសេចក្តីជូនដំណឹងរបស់សាលាក្នុងការចូលរៀនវិញ។

កម្ពុជាបានប្រកាសឲ្យបើកសាលារៀនឡើងវិញជាបណ្តើរៗហើយ ក្នុងរយៈពេលប៉ុន្មានសប្តាហ៏ចុងក្រោយនេះ បន្ទាប់​ពី​បាន​បិទ​អស់​រយៈពេល​ជិត៧​ខែ​ ដោយសារ​តែ​ជំងឺកូវីដ ​១៩​។

គិតត្រឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ អ្នកព្យាបាលជាសះស្បើយពីកូវីដ ១៩ មានចំនួនសរុប២៧៤នាក់ នៅទូទាំងប្រទេស ដោយមានអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ ចំនួន០១។ នេះយោងតាមក្រសួងសុខាភិបាល៕

​​