ក្រសួងសុខាភិបាលនៅថ្ងៃច័ន្ទនេះ បានប្រកាសថា អ្នកជំងឺកូវីដ១៩ម្នាក់ ជាជនជាតិអង់គ្លេស មានវ័យ៥៤ឆ្នាំ ត្រូវបានព្យាបាលជាសះស្បើយ និងពុំមានករណីរកឃើញអ្នកឆ្លងថ្មីនោះទេ សម្រាប់ថ្ងៃទី២៧ កញ្ញា ម្សិលមិញ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះបញ្ជាក់ថា បុរសជនជាតិអង់គ្លេសនោះមានអាសយដ្ឋាននៅអាផាតមិន (Apartment) មួយកន្លែងក្នុងសង្កាត់បឹងកក់២ រាជធានីភ្នំពេញ ជាអ្នកដំណើរមកពីចក្រភពអង់គ្លេស ឆ្លងកាត់ប្រទេសហូឡង់ និងបន្តជើងហោះហើរពីប្រទេសកូរ៉េខាងត្បូងមកប្រទេសកម្ពុជាកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០។
គួរជម្រាបថា រហូតមកដល់ពេលនេះ កម្ពុជាបានព្យាបាលអ្នកជំងឺកូវីដ១៩ឲ្យជាសះស្បើយ ចំនួន២៧៥នាក់ ដែលស្មើទៅនឹង៩៩.៦៤%។ ចំណែកនៅសល់គឺជាអ្នកជំងឺម្នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មានសញ្ជាតិហុងគ្រី៕