(ភ្នំពេញ)៖ ដី ថ្ម និងខ្សាច់ ជាច្រើនឡានត្រូវបានដឹកយ៉ាងសកម្មក្នុងមួយថ្ងៃៗ ដើម្បីចាក់ពង្រីកកោះនរាហ៍ ដែលនៅក្បែរកោះពេជ្រផ្នែកខាងកើត។ កោះស្ថិតក្នុងសង្កាត់និរោធ ខណ្ខច្បារអំពៅនេះ ត្រូវបានរដ្ឋាភិបាលផ្តល់សិទ្ធិឲ្យក្រុមហ៊ុនឯកជនមួយ ដើម្បីអភិវឌ្ឍន៍ជាទីក្រុងរណបថ្មី លើផ្ទៃដីប្រមាណ១០០ហិចតា ដោយគម្រោងនេះត្រូវចំណាយទឹកប្រាក់ប្រមាណពីរពាន់លានដុល្លារអាមេរិក។
ទោះបីជាចំណាយអស់ទឹកប្រាក់រាប់រយលានដុល្លារ ក្នុងការអភិវឌ្ឍក្តី ប៉ុន្តែពលរដ្ឋមួយចំនួននៅតំបន់នោះ រួមទាំងអ្នកជំនាញផ្នែកបរិស្ថានផង បានបង្ហាញការព្រួយបារម្ភថា ការសាងសង់ទីក្រុងរណបទំនើបនេះ នឹងឈានទៅដល់ការលុបទន្លេមេគង្គដើម្បីពង្រីកកោះ ដែលអាចប៉ះពាល់ដល់បញ្ហាបរិស្ថាន មានជីវៈចម្រុះនៅក្នុងទឹកទន្លេជាដើម។
កំពុងអង្គុយលើគ្រែឬស្សីមួយនៅខាងមុខផ្ទះ អ្នកស្រី ពោត ពេញ ពលរដ្ឋម្នាក់ដែលរស់នៅភូមិក្បាលកោះនរាហ៍រយៈពេលជាង១០ឆ្នាំមកហើយនោះរៀបរាប់ថា ការអភិវឌ្ឍកោះនេះត្រូវចាក់លុបទន្លេមេគង្គ ដោយចាប់ពីម្តុំចំណុចកណ្តាលមកគៀកនឹងច្រាំងទន្លេក្បែរផ្ទះរបស់អ្នកស្រី។ អ្នកស្រីបន្តថា ចាប់ពីមានការលុបទន្លេមក ខ្យល់អាកាសហប់ជាងមុន និងបាត់បង់ចំនួនត្រីជាដើម។
លើកដៃទៅទន្លេមេគង្គ អ្នកស្រីបញ្ជាក់ថា៖ «ពីមុនត្រីរកបាន ស្ទូច ដាក់មងអីចេះតែបានតើ តែឥឡូវអស់ហើយ តាំងពីចាក់ដីមកស្ងាត់ឈឹង ត្រីក៏អស់ទឹកក៏រីង»។
ស្រ្តីវ័យ៦៨ឆ្នាំរូបនេះបន្តទៀតថា ការលុបទន្លេដើម្បីបង្កើតទីក្រុងទំនើបនេះ បានធ្វើឲ្យបាត់បង់ភ្ញៀវដែលធ្លាប់មកកំសាន្តស្ទើរតែទាំងស្រុង ខណៈដែលមិនទាន់លុបទន្លេ មានមនុស្សតែងតែមកអង្គុយលេងកំសាន្ត ជាពិសេសនៅចុងសប្តាហ៍។ អ្នកស្រីបន្ថែមថា ទឹកទន្លេពេលនេះបានប្រែទៅជាល្អក់ និងមានសភាពរីងស្ងួត ដោយសារជារៀងរាល់ឆ្នាំក្នុងខែសីហា ទឹកមានច្រើន តែឆ្នាំនេះទឹកមិនទាន់មានដូចរាល់ឆ្នាំនោះទេ។
អ្នកស្រីថា៖ «ទឹកពីមុនថ្លា មានល្អក់ខ្លះ ពីមុនខែហ្នឹងអីហូរត្របាញ់ ហូរវឹងតែម្តង ដល់ពេលឥឡូវហ្នឹង វាលែងហូរហើយ ។
ចំណែកពលរដ្ឋរស់នៅភូមិក្បាលកោះនរាហ៍ម្នាក់ទៀត អ្នកស្រី ចាន់ ម៉ានី ដែលមានផ្ទះទល់មុខទន្លេ លើកឡើងថា នៅពេលដែលឃើញមានការចាក់ខ្សាច់លុបទន្លេដើម្បីអភិវឌ្ឍន៍ដូច្នេះ អ្នកស្រីមានអារម្មណ៍ថាស្តាយទន្លេ និងជីវចម្រុះនៅក្នុងទឹក ព្រោះថាទន្លេនេះមានតាំងពីយូរណាស់មកហើយ។ អ្នកស្រីបន្ថែមថា អ្នកស្រី បារម្ភថា នាពេលអនាគតក្មេងៗជំនាន់ក្រោយមិនស្គាល់ទន្លេបួនមុខ ត្រឹមតែឮគេថា និងតាមមេរៀន។
អ្នកស្រី ម៉ានី និយាយថា៖ «មានអារម្មណ៍ថាដូចជាបាត់បង់ទន្លេ ធ្លាប់តែមើលមកមុខផ្ទះមានទន្លេវាល ហើយសម្បូរត្រីទៀត […] ស្តាយទន្លេស្តាយភោគផលធម្មជាតិដូចជាត្រីពេលលុប (ទន្លេ) ទៅវាធ្វើឲ្យខ្សត់ខ្សោយជាងមុន តែមិនដឹងធ្វើមិចបើយើងជាប្រជាជន។ ខ្ញុំបារម្ភក្មេងជំនាន់ក្រោយ ខា្លចពួកគេមិនស្គាល់ទន្លេបួនមុខ (ទន្លេចតុមុខ) អស់ហើយ»។
បើតាមលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញចុះផ្សាយថ្ងៃទី៨ ខែឧសភាបានឱ្យដឹងថា ក្រុមហ៊ុនអូ.ស៊ី.អាយ.ស៊ី (OCIC) របស់ឧកញ្ញា ពុង ឃាវសែ បានទទូលសិទ្ធិវិនិយោគពីរដ្ឋាភិបាល កាលពីខែតុលា ឆ្នាំ២០១៨កន្លងទៅ ដើម្បីអភិវឌ្ឍន៍កោះនរាហ៍ជាទីក្រុងរណប ហើយក្រុមហ៊ុននឹងស្ថាបនាស្ពានបេតុងខ្សែកាប១ខ្សែដើម្បីតភ្ជាប់ពីទីក្រុងកោះពេជ្រ ទៅកោះនរាហ៍ផងដែរ។
ក្នុងលិខិតដដែលបានបញ្ជាក់ថា ស្ពាននេះនឹងជួយកាត់បន្ថយការកកស្ទះចរាចណ៍របស់ប្រជាពលរដ្ឋដែលធ្វើដំណើរនៅស្ពានព្រះមុន្នីវង្សបានមួយកម្រិតធំ ពេលដែលស្ថាបនារួច។
អ្នកពិគ្រោះយោបល់ឯករាជ្យផ្នែកធនធានទន្លេ និងបរិស្ថានលោក ហែម ឧត្តម បានប្រាប់ Newsroom Cambodia ថា ការអភិវឌ្ឍទីក្រុងទំនើបថ្មីនេះ ប្រាកដណាស់ថានឹងប្រែក្លាយកោះនរាហ៍ទៅជាតំបន់ដែលមានភាពទំនើប ស៊ីវិល័យ និងប្តូរពីភូមិដែលស្ងាត់ទៅជាមានសភាពអ៊ូអរ។ ប៉ុន្តែលោកថា គម្រោងដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុនឯកជនមួយនេះ ហាក់ខ្វះតម្លាភាព ដោយសារទាំងរដ្ឋាភិបាល និងក្រុមហ៊ុនមិនបានបង្ហាញការសិក្សាពីហេតុប៉ះពាល់ផ្នែកបរិស្ថាននោះទេ។ លោកបន្តថា ពួកគេបានព្យាយាមបិទបាំងព័ត៌មាន នៅពេលដែលមានការសួរនាំពីសាធារណៈជន។
លោក ឧត្តម បញ្ជាក់ថា៖ «គម្រោងអភិវឌ្ឍន៍ធំៗបែបនេះគឺត្រូវការឲ្យមានការ សិក្សាវាយតម្លៃអំពីហេតុប៉ះពាល់បរិស្ថាន ដើម្បីឲ្យយើងដឺង។ យើងអាចមើលឃើញថាមានផលប៉ះពាល់អី ហើយជាយោបល់របស់ប្រជាពលរដ្ឋមូលដ្នាន សាធារណៈជន និងសង្គមស៊ីវិលថា ពួកគាត់មានការព្រួយបារម្ភយ៉ាងម៉េច បន្ទាប់មកបានយើងផ្អែកទៅលើទាំងអស់ហ្នឹង យកមកពិចារណាថា តើគួរធ្វើ ឬមិនគួរធ្វើ បើធ្វើ ធ្វើទំហំប៉ុណ្ណឹង តូចជាងហ្នឹង ឬយ៉ាងណា?»។
កាលពីថ្ងៃទី២១ ខែកក្កដា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក៏បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយស្នើដល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រួតពិនិត្យឱ្យបានជុំវិញការអភិវឌ្ឍនេះ និងជំរុញឲ្យក្រសួងបរិស្ថានបញ្ជូនក្រុមការងារចុះវាយតម្លៃជាបន្ទាន់ ដោយថា តាមការសង្កេតឃើញជាក់ស្តែងរបស់គណបក្ស គម្រោងនេះកំពុងតែធ្វើផ្ទុយនឹងច្បាប់ ។
គណបក្សក្រៅសភានេះសរសេរថា ៖ «ការអភិវឌ្ឍពង្រីកកោះនរាហ៍នឹងឈានទៅលុបទន្លេមេគង្គក្រោមប្រមាណជិតពាក់កណ្តាល ដើម្បីបម្រើផលប្រយោជន៍ឯកជន ដែលផ្ទុយនឹងច្បាប់ ក៏ដូចជាខុសឆ្ងាយពីផ្ទាំងបិទប្រកាសព័ត៌មានអំពីការអភិវឌ្ឍកោះនរាហ៍។ ការណ៍នេះអាចនឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន ជាពិសេសការរារាំងផ្លូវមច្ឆាជាតិ (ត្រី) បង្កទឹកជំនន់ និងការបាក់ច្រាំងទន្លេនាពេលអនាគត»។
ឆ្លើយតបជុំវិញការលើកឡើងទាំងនោះ អ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា មានប្រសាសន៍ថា កន្លងមករាល់គម្រោងអភិវឌ្ឍន៍នានាដែលសាងសង់ហើយពាក់ព័ន្ធនឹងបរិស្ថាន គឺត្រូវឆ្លងកាត់ការវាយតម្លៃរបស់ក្រសួងបរិស្ថានជានិច្ច។ លោកបន្ថែមថា គម្រោងអភិវឌ្ឍន៍នៅតំបន់កោះនរាហ៍ ក៏កំពុងតែត្រូវបានវាយតម្លៃពីផលប៉ះពាល់ទៅលើបរិស្ថានផងដែរ។ ប៉ុន្តែអ្នកនាំពាក្យរូបនេះមិនបានបញ្ជាក់អំពីលទ្ធផលនៃការវាយតម្លៃនោះទេ។
លោកបញ្ជាក់ថា៖ «រាល់គម្រោងអភិវឌ្ឍន៍ទាំងអស់ មិនថាគម្រោងណាជាគម្រោងណា ដែលមានការពាក់ព័ន្ធផ្សេងៗ ត្រូវឆ្លងកាត់ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន។ ហើយគម្រោងកោះនរាហ៍នេះគឺបានកំពុងឆ្លងកាត់លើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន»។
បើតាមលោក ហែម ឧត្តម កន្លងមកសកម្មភាពផ្សេងៗដែលលោកហៅថាជាសកម្មភាពបំផ្លាញទន្លេមេគង្គមានជាបន្តបន្ទាប់ ដូចជាការបូមខ្សាច់ សំណល់ប្លាស្ទិច និងកាកសំណល់រោងចក្រជាដើម បានធ្វើឱ្យទន្លេនេះកាន់តែមានសភាពទ្រុឌទ្រោមទៅៗ ហើយបញ្ហាបម្រែបម្រួលអាកាសធាតុ គ្រោះរាំងស្ងួត និងទឹកជំនន់បានកើតឡើងជាបន្តបន្ទាប់ក្នុងឆ្នាំនេះ និងឆ្នាំមុនៗ។ លោកថា រដ្ឋាភិបាលគួរតែដាក់ការពិចារណា រកទីកន្លែងផ្សេងដើម្បីអភិវឌ្ឍន៍ ជាជាងការលុបទន្លេ។
លោក ឧត្តម បញ្ជាក់ថា៖ «យើងខាតបង់ទិន្នផលត្រី ខាតបង់ដំណាំស្រែចម្ការ កសិកម្មរបស់យើង។ អីចឹងថាតើការអភិវឌ្ឍន៍ថ្មីជាផ្សារទំនើប ជាក្រុងរណប ខុនដូ អីអស់ហ្នឹងវាអាចប៉ះប៉ូវការបាត់បង់បានដែរឬអត់ ជាតម្លៃលុយ និងជីវៈចម្រុះបរិស្ថាន»៕