(ភ្នំពេញ)៖ ដី ថ្ម និងខ្សាច់ ជាច្រើន​ឡាន​ត្រូវ​បាន​ដឹក​យ៉ាង​សកម្ម​ក្នុង​មួយ​ថ្ងៃៗ​ ដើម្បី​ចាក់​ពង្រីក​កោះ​ន​រាហ៍ ដែល​នៅ​ក្បែរ​កោះពេជ្រ​ផ្នែក​ខាង​កើត។ ​កោះស្ថិត​ក្នុង​សង្កាត់​និរោធ ខណ្ខ​ច្បារ​អំពៅ​នេះ ត្រូវ​បាន​រដ្ឋាភិបាល​ផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ ដើម្បី​អភិវឌ្ឍន៍​ជា​ទីក្រុង​រណប​ថ្មី លើ​ផ្ទៃដី​ប្រមាណ​១០០​ហិចតា ដោយ​គម្រោង​នេះ​ត្រូវ​ចំណាយ​ទឹក​ប្រាក់​ប្រមាណ​ពីរពាន់​លាន​ដុល្លារ​អាមេរិក​។

ទោះបីជា​ចំណាយ​អស់​ទឹកប្រាក់​រាប់​រយ​លាន​ដុល្លារ ក្នុង​​ការអភិវឌ្ឍ​ក្តី ប៉ុន្តែ​ពលរដ្ឋ​មួយ​ចំនួន​នៅ​តំប​ន់នោះ រួម​ទាំង​អ្នកជំ​នាញ​ផ្នែក​បរិស្ថាន​ផង បាន​បង្ហាញ​ការព្រួយ​បារម្ភ​ថា ការសាងសង់​ទីក្រុង​រណប​ទំនើប​នេះ នឹង​ឈាន​ទៅ​ដល់​ការលុប​ទន្លេ​មេគង្គ​ដើម្បី​ពង្រីក​កោះ ​ដែល​អាច​ប៉ះពាល់​ដល់​បញ្ហា​បរិស្ថាន មាន​ជីវៈចម្រុះនៅ​ក្នុង​ទឹក​ទន្លេ​ជា​ដើម។

កំពុង​អង្គុយ​លើ​គ្រែ​ឬស្សី​មួយ​នៅ​ខាង​មុខ​ផ្ទះ អ្នកស្រី ពោត ពេញ ពលរដ្ឋម្នាក់​ដែល​រស់នៅ​ភូមិ​ក្បាល​កោះ​នរាហ៍​រយៈពេល​ជាង​១០​ឆ្នាំមក​ហើយ​នោះ​រៀបរាប់​ថា ការអភិវឌ្ឍ​កោះ​នេះ​ត្រូវ​ចាក់​លុប​ទន្លេ​មេគង្គ ដោយ​ចាប់​ពី​ម្តុំ​ចំណុច​កណ្តាល​មក​គៀក​នឹង​ច្រាំង​ទន្លេ​ក្បែរ​ផ្ទះរ​បស់​អ្នកស្រី។ អ្នកស្រី​បន្ត​ថា ចាប់ពី​មាន​ការលុប​ទន្លេ​មក ខ្យល់​អាកាស​ហប់​ជាង​មុន និង​បាត់បង់​ចំនួន​ត្រី​ជា​ដើម។

លើកដៃ​ទៅ​ទន្លេ​មេគង្គ អ្នកស្រី​បញ្ជាក់​ថា៖ «ពី​មុនត្រី​រក​បាន ស្ទូច ដាក់មង​អី​ចេះ​តែ​បាន​តើ តែ​ឥឡូវ​អស់​ហើយ តាំង​ពី​ចាក់​ដី​មក​ស្ងាត់​ឈឹង ត្រី​ក៏​អស់​ទឹក​ក៏​រីង»។

ស្រ្តីវ័យ៦៨ឆ្នាំរូបនេះ​បន្ត​ទៀត​ថា ការលុបទន្លេ​ដើម្បី​បង្កើត​ទីក្រុង​ទំនើប​នេះ បាន​​ធ្វើ​​ឲ្យ​បាត់បង់​ភ្ញៀវ​ដែល​ធ្លាប់​មក​កំសាន្ត​ស្ទើរ​តែ​ទាំង​ស្រុង ខណៈ​ដែល​មិន​ទាន់​លុប​ទន្លេ មាន​មនុស្ស​តែងតែ​មក​អង្គុយ​លេង​កំសាន្ត ជាពិសេស​នៅ​ចុង​សប្តាហ៍។ អ្នកស្រី​បន្ថែម​ថា ទឹក​ទន្លេ​ពេល​នេះ​បាន​ប្រែ​ទៅ​ជា​ល្អក់ និង​មាន​សភាព​រីងស្ងួត ដោយសារ​ជា​រៀងរាល់​ឆ្នាំ​ក្នុង​ខែ​សីហា​ ទឹក​មាន​ច្រើន តែ​ឆ្នាំ​នេះ​ទឹក​មិន​ទាន់​មាន​ដូច​រាល់​ឆ្នាំ​នោះ​ទេ។

អ្នកស្រីថា៖ «ទឹកពីមុនថ្លា មានល្អក់ខ្លះ ពីមុនខែហ្នឹងអីហូរត្របាញ់ ហូរវឹងតែម្តង ដល់​ពេល​ឥឡូវ​ហ្នឹង វាលែងហូរហើយ ។

ចំណែក​​ពលរដ្ឋ​រស់នៅ​ភូមិ​ក្បាល​កោះ​នរាហ៍​ម្នាក់​ទៀត អ្នកស្រី  ចាន់ ម៉ានី ដែល​មាន​ផ្ទះ​​​ទល់​មុខ​ទន្លេ​​ លើកឡើង​ថា ​នៅ​ពេល​ដែល​ឃើញ​មានការចាក់​ខ្សាច់​លុប​ទន្លេ​ដើម្បី​អភិវឌ្ឍន៍​ដូច្នេះ អ្នកស្រី​មា​ន​អារម្មណ៍​ថា​ស្តាយ​ទន្លេ និង​ជីវ​ចម្រុះ​នៅ​ក្នុ​ង​ទឹក ព្រោះ​ថា​ទន្លេ​នេះ​មាន​តាំង​ពី​យូរ​ណាស់​មក​ហើយ។ អ្នកស្រីបន្ថែមថា អ្នកស្រី បារម្ភ​ថា នា​ពេល​អនាគត​​​​ក្មេងៗ​ជំនាន់​ក្រោយ​មិន​ស្គាល់​ទន្លេ​បួន​មុខ ត្រឹម​តែ​ឮ​​គេ​ថា និង​តាម​មេរៀន។

អ្នកស្រី ម៉ានី និយាយ​ថា៖ «​មានអា​រម្មណ៍​ថា​​ដូចជា​​បាត់បង់​​ទន្លេ ធ្លាប់​តែ​​មើល​​មក​​មុខ​​ផ្ទះ​​មាន​ទន្លេ​​​វាល ហើយ​​សម្បូរ​​ត្រី​​ទៀត […] ស្តាយ​ទន្លេ​​ស្តាយ​​ភោគ​​ផល​​ធម្មជាតិ​​ដូចជា​​ត្រី​ពេល​លុប (ទន្លេ) ទៅ​វា​ធ្វើ​ឲ្យ​ខ្សត់​ខ្សោយ​ជាង​មុន​​ តែ​មិន​ដឹង​ធ្វើ​មិច​បើ​យើង​ជា​ប្រជាជន។ ខ្ញុំ​បារម្ភ​ក្មេង​ជំនា​ន់​ក្រោយ ខា្លច​ពួកគេ​មិន​ស្គាល់​ទន្លេ​បួន​មុខ ​​(ទន្លេ​ចតុមុខ) អស់​ហើយ»។

បើតាម​លិខិត​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​​ចុះ​ផ្សាយ​ថ្ងៃទី៨ ខែឧសភា​​បាន​​​ឱ្យ​​ដឹង​ថា ក្រុមហ៊ុន​អូ.ស៊ី.អាយ.ស៊ី (OCIC) របស់​ឧកញ្ញា​​ ពុង ឃាវសែ បាន​ទទូល​សិទ្ធិវិនិយោគពីរដ្ឋាភិបាល កាល​​ពី​ខែតុលា ឆ្នាំ២០១៨កន្លងទៅ ដើម្បី​អភិវឌ្ឍន៍​កោះ​នរាហ៍​ជា​ទីក្រុង​រណប​ ហើយ​ក្រុមហ៊ុន​នឹង​ស្ថាបនា​ស្ពាន​បេតុង​ខ្សែកាប​១ខ្សែ​ដើ​ម្បី​តភ្ជាប់​ពី​ទីក្រុង​កោះពេជ្រ ទៅ​កោះ​នរាហ៍​ផង​ដែរ។

ក្នុងលិខិ​ត​ដដែល​បាន​បញ្ជាក់​ថា ស្ពាន​នេះនឹ​ងជួយ​កាត់​បន្ថយ​ការក​កស្ទះច​រាចណ៍​របស់​ប្រជា​ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​នៅ​ស្ពាន​ព្រះមុន្នី​វង្ស​បាន​មួយ​កម្រិតធំ ពេល​ដែល​ស្ថាបនា​រួច។

អ្នកពិគ្រោះ​យោបល់​ឯករាជ្យ​ផ្នែកធនធាន​ទន្លេ និង​បរិស្ថាន​លោក ហែម ឧត្តម បានប្រាប់ Newsroom Cambodia ថា ការ​អភិវឌ្ឍ​ទីក្រុង​ទំនើប​ថ្មី​នេះ ប្រាកដ​ណាស់​ថា​នឹង​ប្រែ​ក្លាយ​កោះ​នរាហ៍​ទៅ​ជា​តំបន់​ដែល​មាន​ភាព​ទំនើប ស៊ី​វិល័យ និង​ប្តូរ​ពី​ភូមិ​ដែល​ស្ងាត់​ទៅ​ជា​មាន​សភាព​អ៊ូអរ។ ប៉ុន្តែ​លោក​​ថា គម្រោង​ដែល​អភិវឌ្ឍ​ន៍​ដោយ​ក្រុមហ៊ុន​ឯកជន​មួយ​នេះ ហាក់​ខ្វះ​តម្លាភាព ដោយសារ​​ទាំង​រដ្ឋាភិបាល និង​ក្រុមហ៊ុន​មិន​បាន​បង្ហាញ​ការសិក្សា​ពី​ហេតុ​ប៉ះពាល់​ផ្នែក​បរិស្ថាន​នោះ​ទេ។ លោកបន្តថា ពួកគេ​បាន​ព្យាយាម​បិទ​បាំង​ព័ត៌មាន នៅ​ពេល​ដែល​មាន​ការសួរ​នាំ​ពី​សាធារណៈជន​​។

លោក ឧត្តម បញ្ជាក់​ថា៖ «គម្រោង​អភិវឌ្ឍន៍​ធំៗ​បែប​នេះគឺ​ត្រូវការ​ឲ្យមា​ន​ការ សិក្សា​វាយ​តម្លៃ​អំពី​ហេតុ​ប៉ះពាល់​បរិស្ថាន ដើម្បី​ឲ្យ​យើង​ដឺង។ យើង​អាច​មើល​ឃើញ​ថា​មាន​ផល​ប៉ះពាល់​អី ហើយ​ជា​យោបល់​រប​ស់​ប្រជាពលរដ្ឋ​មូលដ្នាន សាធារណៈជន និង​សង្គម​ស៊ីវិល​ថា ពួកគាត់​មាន​ការព្រួយ​បារម្ភ​យ៉ាងម៉េច បន្ទាប់​មក​បាន​យើង​ផ្អែក​ទៅ​លើទាំ​ងអស់​ហ្នឹង យក​មក​ពិចារណា​ថា តើ​គួរ​ធ្វើ ឬមិ​នគួ​រ​ធ្វើ បើ​ធ្វើ ធ្វើទំ​ហំប៉ុណ្ណឹង តូចជា​ងហ្នឹង ឬ​យ៉ាងណា?»។​

កាលពីថ្ងៃទី២១ ខែកក្កដា គណបក្ស​ប្រជាធិបតេយ្យ​មូ​លដ្ឋាន ក៏​​បាន​បង្ហោះសារ​លើ​ទំព័រ​ហ្វេសប៊ុក​​របស់​ខ្លួន ​​ដោយ​ស្នើដ​ល់​​លោក​​នាយក​​រដ្ឋមន្រ្តី​ ហ៊ុន សែន ​ត្រួត​ពិនិត្យ​​ឱ្យ​បាន​​​ជុំវិ​ញ​ការអភិវឌ្ឍ​នេះ និង​ជំរុញ​ឲ្យ​ក្រសួង​បរិស្ថាន​បញ្ជូន​ក្រុម​ការងារ​ចុះវា​យត​ម្លៃ​ជា​បន្ទាន់ ដោយ​ថា តាម​ការសង្កេត​ឃើញ​ជាក់ស្តែង​របស់​គណបក្ស គម្រោង​នេះកំ​ពុងតែ​ធ្វើ​ផ្ទុយ​នឹង​ច្បាប់ ។

គណបក្ស​ក្រៅ​សភា​នេះស​រសេ​រ​ថា ៖ «ការអភិវឌ្ឍ​ពង្រីក​កោះ​នរាហ៍​នឹង​ឈាន​ទៅ​លុប​ទន្លេ​មេគង្គ​ក្រោមប្រ​មាណ​ជិត​ពាក់​កណ្តាល ដើម្បី​បម្រើ​ផល​ប្រយោជន៍​ឯកជន ដែល​ផ្ទុយ​នឹង​ច្បាប់ ក៏​ដូច​ជា​ខុស​ឆ្ងាយ​ពី​ផ្ទាំង​បិទ​ប្រកាស​ព័ត៌មាន​អំពី​ការអភិវឌ្ឍ​កោះ​ន​រាហ៍​។ ការណ៍​នេះ​អាច​នឹង​បង្ក​ផល​ប៉ះពាល់​ធ្ង​ន់ធ្ងរ​ដល់​បរិស្ថាន ជាពិសេស​ការរារាំង​ផ្លូវ​មច្ឆាជាតិ (ត្រី) បង្ក​ទឹក​ជំនន់ និង​ការបាក់​ច្រាំង​ទន្លេ​នា​ពេល​អនាគត»។

ឆ្លើយ​តប​ជុំវិញ​ការលើកឡើង​ទាំង​នោះ អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​លោក នេត្រ ភក្ត្រា មាន​ប្រសាសន៍​ថា កន្លង​មក​រាល់​គម្រោង​អ​ភិវឌ្ឍន៍​នានា​ដែល​សាងសង់​ហើយ​ពាក់ព័ន្ធ​នឹង​បរិស្ថាន គឺ​ត្រូវ​ឆ្លង​កាត់​ការវាយតម្លៃ​រ​បស់​ក្រសួង​បរិស្ថាន​ជានិច្ច។ លោក​បន្ថែម​ថា គម្រោង​អភិវឌ្ឍន៍​នៅ​តំបន់​កោះ​នរាហ៍ ក៏​កំពុង​តែ​ត្រូវ​បាន​វាយ​តម្លៃ​ពី​ផល​ប៉ះពាល់​ទៅ​លើ​បរិស្ថាន​ផង​ដែរ។ ប៉ុន្តែ​អ្នកនាំពាក្យ​រូប​នេះមិ​នបា​នបញ្ជាក់​អំពី​លទ្ធផល​នៃ​ការវាយ​តម្លៃ​នោះ​ទេ។

លោក​បញ្ជាក់​ថា៖ «រាល់គម្រោងអភិវឌ្ឍន៍ទាំងអស់ មិ​នថាគម្រោង​ណាជា​គម្រោង​ណា ដែល​មាន​ការពាក់ព័ន្ធ​ផ្សេងៗ ត្រូវ​ឆ្លង​កាត់​ការវាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន។ ហើយ​គម្រោង​កោះ​នរាហ៍​នេះ​គឺ​បាន​កំពុង​ឆ្លង​កាត់​លើ​ការវាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន»។

បើតាម​លោក​ ហែម ឧត្តម កន្លង​មក​សកម្មភាព​ផ្សេងៗ​ដែល​លោក​ហៅ​ថា​ជា​សកម្មភាព​​បំផ្លាញ​​ទន្លេ​មេគង្គ​មាន​ជា​​បន្ត​បន្ទាប់ ​ដូច​ជា​ការបូម​​ខ្សាច់ សំណល់​ប្លាស្ទិច និង​កាក​សំណល់​រោងចក្រ​ជាដើម បាន​ធ្វើ​ឱ្យ​ទន្លេ​នេះ​កាន់​តែ​មាន​សភាព​​ទ្រុឌទ្រោម​ទៅៗ ហើយ​បញ្ហា​បម្រែ​បម្រួល​អាកាសធាតុ​ គ្រោះរាំ​ងស្ងួត និង​ទឹកជំនន់​បាន​កើត​ឡើង​ជា​បន្តបន្ទាប់​ក្នុង​ឆ្នាំ​នេះ និង​ឆ្នាំមុនៗ​។ លោកថា រដ្ឋាភិបាល​គួរ​តែ​ដាក់​ការពិចារណា រក​ទី​កន្លែង​ផ្សេង​ដើម្បី​អភិវឌ្ឍន៍​ ជាជាង​ការលុប​ទន្លេ​​។

លោក ឧត្តម ​បញ្ជាក់ថា៖ «យើង​ខាត​បង់​ទិន្នផល​ត្រី ខាតបង់​ដំណាំ​ស្រែច​ម្ការ កសិកម្ម​របស់​យើង។ អីចឹង​ថា​តើ​ការ​អភិវឌ្ឍន៍​ថ្មី​ជា​ផ្សារ​ទំនើប ជា​ក្រុង​រណប ខុនដូ អីអស់​ហ្នឹង​វា​អាច​ប៉ះប៉ូវ​ការបាត់បង់​បាន​ដែ​រ​ឬ​អត់ ជាតម្លៃលុយ និងជីវៈចម្រុះបរិស្ថាន»៕​