ការប្រកួតប្រជែងគ្នាដើម្បីផលប្រយោជន៍នយោបាយ យោធា និងសេដ្ឋកិច្ចរៀងៗខ្លួននៅកម្ពុជារវាងចិន និងសហរដ្ឋអាមេរិក កំពុងតែធ្វើឲ្យរាជធានីភ្នំពេញក្លាយជាសមរភូមិ ភូមិសាស្រ្តនយោបាយដ៏សំខាន់នៅអាស៊ីអាគ្នេយ៍។
ទំនាក់ទំនងកម្ពុជា និងអាមេរិក មានភាពរកាំរកូសយូរណាស់មកហើយ ក៏ប៉ុន្តែចំណងទ្វេភាគីនេះហាក់កាន់តែអាក្រក់ថែមទៀត នៅក្នុងឆ្នាំ២០១៧ នៅពេលដែលមានការចោទប្រកាន់ទីក្រុងវ៉ាស៊ីងតោនថា នៅពីក្រោយផែនការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលដែលធ្វើឡើងដោយអតីតគណបក្សប្រឆាំងដ៏ធំបំផុត គឺគណបក្យសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយតាមបណ្តឹងរដ្ឋាភិបាល។
គណបក្សសង្គ្រោះជាតិ និងរដ្ឋាភិបាលអាមេរិក ក៏បានច្រានចោលការចោទប្រកាន់នេះ ហើយបានអះអាងថា ខ្លួនប្រកាន់ខ្ជាប់នូវគោលនយោបាយអហិង្សាជានិច្ច។
ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកមកលើមន្រ្តីកម្ពុជាមួយចំនួនពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស រួមទាំងការអះអាងជាដដែលៗថា កងទ័ពចិននឹងមានមូលដ្ឋានរបស់ខ្លួននៅកម្ពុជា គឺជាស្ថានភាពតានតឹងបំផុតចុងក្រោយនេះ។
បន្ទាប់ពីផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្ម EBA ត្រូវបានផ្អាកដោយសហភាពអឺរ៉ុប ទីក្រុងប៉េកាំងបន្តផ្តល់ជំនួយសម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធ និងថ្មីៗនេះ បានបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជា ខណៈ អាមេរិកផ្តោតជំនួយរបស់ខ្លួនលើវិស័យសិទ្ធិមនុស្ស។
លោកបណ្ឌិត រ៉ូ វណ្ណៈ សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ នៅសាកលវិទ្យាល័យកម្ពុជា លើកឡើងថា ទំនាក់ទំនងកម្ពុជា-ចិន ជាទំនាក់ទំនង «ដែកថែប» ហើយកម្ពុជាត្រូវការពឹងអាស្រ័យទៅលើនយោបាយ សេដ្ឋកិច្ច ការវិនិយោគ និងទេសចរណ៍ របស់ចិន ដើម្បីធ្វើឲ្យមានកំណើនសេដ្ឋកិច្ច។
ក្នុងន័យសន្តិសុខ លោក បណ្ឌិត រ៉ូ វណ្ណៈ បានអះអាងថា ចិនជាចន្ទល់មហាអំណាចមួយ សម្រាប់កម្ពុជាធ្វើជាខ្នងបង្អែក ក្នុងករណីមានអស្ថិរភាពណាមួយជាមួយប្រទេសជិតខាង។
«សម្រាប់ទំនាក់ទំនងកម្ពុជា និងអាមេរិក ហាក់មិនទាន់មានភាពប្រសើរឡើងទេ ជាពិសេសពាក់ព័ន្ធទៅនឹងនយោបាយការបរទេស មានប្រយោជន៍ផ្សេងគ្នា»។
លោកបានបន្ដថា កម្ពុជាបានទទួលរងការរិះគន់ពីសហរដ្ឋអាមេរិកបន្ទាប់ពីមានវិបត្តិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ធ្វើឲ្យទំនាក់ទំនងមិនសូវល្អ ក៏ប៉ុន្តែលោកបានយល់ឃើញថា ឯកអគ្គរដ្ឋទូតអាមេរិកថ្មី លោក Patrick Murphy ក៏បានធ្វើឲ្យទំនាក់ទំនងនេះងើបឡើងវិញផងដែរ។
លោកបណ្ឌិត មាស នី អ្នកអត្ថាធិប្បាយនយោបាយ លើកឡើងថា មានតែវៀតណាមទេដែលបានចេញមុខខ្លាំងជាងគេក្នុងការប្រឆាំងនឹងចិន ដូចជាបានបង្ហាញនូវជំហរក្នុងការពង្រឹងសម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិក នៅពេលដែលប្រទេសខ្លះនៅក្នុងអាស៊ាន ដូចជាប្រទេសឡាវ និងកម្ពុជា ហាក់ដូចជារអា និងស្ថិតនៅក្នុងភាពស្ងៀមស្ងាត់ ដូចជាបានទទួលនូវឥទ្ធិពលពីចិនខ្លាំងជាងគេ។
លោកបណ្ឌិត មាស នី បន្ថែមថា ពីមុនមក កម្ពុជាក៏ធ្លាប់ចេញមុខការពារផលប្រយោជន៍ចិនផងដែរ នៅក្នុងសមុទ្រចិនខាងត្បូង កាលពីកម្ពុជាធ្វើជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០១២។
លោក មាស នី មានប្រសាសន៍ថា៖ «បើនិយាយពីជំនួយ មានពីរឥទ្ធិពលនៅក្នុងកម្រិតមួយខុសគ្នា បើយើងមើលពីជំនួយសហរដ្ឋអាមេរិក ផ្ដោតខ្លាំងទៅលើការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ប៉ុន្ដែសម្រាប់ជំនួយរបស់ចិន មើលទៅហាក់ដូចជាប្រើឥទ្ធិពលច្រើនមកលើរចនាសម្ព័ន្ធនយោបាយរបស់រដ្ឋនីមួយៗ»។
លោក មាស នី បន្ថែមថា ប្រសិនបើកម្ពុជាលម្អៀងទៅរកមហាអំណាចណាមួយ អាចធ្វើឲ្យមានការឃ្លាតចាកពីរដ្ឋធម្មនុញ្ញ និងត្រូវហែកហួរដោយប្រទេសមហាអំណាច ទីបំផុតអាចធ្លាក់ចូលទៅក្នុងវិបត្តិភូមិសាស្រ្ដនយោបាយ។
លោក គិន ភា ប្រធានវិទ្យាសា្ថនទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា លើកឡើងថា ទោះបីជាទំនាក់ទំនងជាមួយអាមេរិកមិនសូវល្អ កម្ពុជានៅតែរក្សាគោលជំហរ គឺមិនអាចកាត់ផ្តាច់ទំនាក់ទំនងទីក្រុងវ៉ាស៊ីនតោន ឬទីក្រុងប៉េកាំងនោះទេ។
លោក គិន ភា បាននិយាយដូច្នេះថា៖ «កម្ពុជាមិនជ្រើសយកប្រទេសណាមួយជំនួសប្រទេសណាមួយទេរវាងទំនាក់ទំនងការបរទេសរបស់ខ្លួនទាំងនយោបាយ ការអនុត្តជាក់ស្ដែង ទាំងក្របខណ្ឌរដ្ឋធម្មនុញ្ញ គឺកម្ពុជាប្រកាន់នយោបាយការបរទេសមួយ គឺមិនយកប្រទេសណាមួយជាសត្រូវ គឺរួមរស់ដោយសន្តិសហវិជ្ជមានជាមួយបណ្ដាប្រទេសទាំងអស់ ដូច្នេះ ទំនាក់ទំនងល្អជាមួយចិន មិនមែនមានន័យថា កម្ពុជាត្រូវតែជាសត្រូវសហរដ្ឋអាមេរិកទេ»។
ប្រទេសចិនបានសន្យាកាលពីឆ្នាំមុនថា នឹងផ្តល់ជំនួយដល់កម្ពុជាចំនួន៦០០លានដុល្លារ សម្រាប់ចាប់ពីឆ្នាំ២០១៩ ទៅឆ្នាំ២០២១ ជាមួយនឹងការសន្យាទិញអង្ករកម្ពុជាចំនួន៤០ម៉ឺនតោន ដោយប្តេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឲ្យបាន១០ពាន់លានដុល្លារនៅឆ្នាំ២០២៣ និងជំរុញការវិនិយោគចិនបន្ថែមទៀត។
ប្រទេសចិនក៏ជាអ្នកវិនិយោគបរទេសធំជាងគេរបស់កម្ពុជាផងដែរ ដោយមានទុនវិនិយោគចំនួន៥,៣ពាន់លានដុល្លារ ឬប្រហែល១ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំ នៅរវាងឆ្នាំ២០១៣ និងឆ្នាំ២០១៧។ នេះយោងតាមភ្នំពេញប៉ុស្តិ៍ដែលដកស្រង់ទិន្នន័យផ្លូវការ។
ចំណែកឯការវិនិយោគទុនរបស់អាមេរិកនៅកម្ពុជា មានតម្លៃ១៥១លានដុល្លារក្នុងឆ្នាំ២០១៧ គឺកើនឡើង១១,៩% បើធៀបនឹងឆ្នាំ២០១៦។
នៅក្នុងសុន្ទរកថាពីចម្ងាយនៃមហាសន្និបាតអង្គការសហប្រជាជាតិតាមរយៈប្រព័ន្ធ Video Conference កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ប្រទេសកំពុងអភិវឌ្ឍន៍តែងត្រូវបានក្លាយជាមុខព្រួញនៃការដាក់ទណ្ឌកម្មចំពោះកិច្ចដំណើរការប្រឹងប្រែងកសាងជាតិរបស់ខ្លួនដែលមិនបានល្អឥតខ្ចោះស្របតាមស្តង់ដាររបស់ប្រទេសអភិវឌ្ឍន៍ ខណៈសមត្ថភាពប្រទេសទន់ខ្សោយទាំងនោះនៅមានការខ្វះខាតក្នុងការការពារសិទ្ធិជាមូលដ្ឋាន។
លោកបានលើកឡើងបន្តថា ការប្រកួតប្រជែងរវាងប្រទេសមហាអំណាច បានបង្ករារាំងខ្ទប់ដល់សិទ្ធិស្វ័យសម្រេចរបស់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការជ្រើសរើសយកឯករាជ្យ និង អធិបតេយ្យរបស់ខ្លួន ដែលជាមាគ៌ាសម្រាប់ការអភិវឌ្ឍក៏ដូចជាការជ្រើសរើសដៃគូមិត្តភាព ដើម្បីសន្តិភាព និងការអភិវឌ្ឍ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាថ្លែងថា កម្ពុជាអត់មានមូលដ្ឋានទ័ពចិនឈរជើងនៅកម្ពុជានោះទេ ហើយបានអះអាងថា រដ្ឋាភិបាលនៅតែរក្សាជំហរមិត្តភាព សាមគ្គីភាព ទ្វេភាគីជាមួយអាមេរិកដដែល។
លោក សុខ ឥសាន ក៏បានបញ្ជាក់ដែរថា៖ «ក្នុងករណីណាក៏ដោយ កម្ពុជាប្រកាន់ភ្ជាប់នូវគោលនយោបាយអព្យាក្រឹត្យ អចិន្ត្រៃយ៍ ដូចបានចែងក្នុងរដ្ឋធម្មនុញ្ញ មិនឃ្លាតឆ្ងាយពីរដ្ឋធម្មនុញ្ញបានទេ»៕