ការប្រកួត​ប្រជែង​គ្នា​ដើម្បី​ផល​ប្រយោជន៍​នយោបាយ យោធា និង​សេដ្ឋកិច្ច​រៀងៗ​ខ្លួន​នៅ​​កម្ពុជា​​រវាង​ចិន និង​សហរដ្ឋ​​អាមេរិក ​កំពុង​តែ​ធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ​ក្លាយ​ជា​សមរភូមិ​ ភូមិ​សាស្រ្ត​នយោបាយ​ដ៏​សំខាន់​នៅ​​អាស៊ី​អាគ្នេយ៍។

ទំនាក់ទំនង​កម្ពុជា និង​អាមេរិក មានភាព​រកាំរកូស​យូរ​ណាស់​មក​ហើយ ក៏​ប៉ុន្តែ​ចំណង​ទ្វេភាគី​នេះ​ហាក់​​កាន់តែ​អាក្រក់​ថែម​ទៀត នៅ​ក្នុង​ឆ្នាំ២០១៧ នៅ​ពេល​ដែល​​មានការ​​ចោទ​ប្រកាន់​ទីក្រុង​វ៉ាស៊ីងតោន​ថា​ នៅពី​ក្រោយ​ផែនការ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​ដែល​ធ្វើ​ឡើង​​​ដោយ​អតីត​​គណបក្ស​ប្រឆាំង​ដ៏​ធំ​បំផុត គឺ​គណបក្យ​សង្រ្គោះជា​តិ​ ដែល​ត្រូវ​បាន​តុលាការ​កំពូល​​រំលាយ​តាម​បណ្តឹង​រដ្ឋាភិបាល។

គណបក្ស​សង្គ្រោះជាតិ និង​រដ្ឋាភិបាល​អាមេរិក ក៏​បាន​ច្រានចោល​ការចោទ​ប្រកាន់​នេះ ហើយ​បាន​អះអាង​ថា ខ្លួន​ប្រកាន់​ខ្ជាប់​នូវ​គោល​នយោបាយ​អហិង្សា​ជានិច្ច។

លោក ហ៊ុន សែនជួបឯកអគ្គរដ្ឋ​ទូត​អាមេរិក​លោក Patrick Murphy រូបភាពដោយ៖ ហ្វេសប៊ុក

ការដាក់ទណ្ឌកម្ម​​របស់​សហរដ្ឋ​អាមេរិ​កម​ក​លើ​មន្រ្តី​កម្ពុជា​មួយ​ចំនួ​ន​ពាក់ព័ន្ធនឹង​ការ​រំលោភ​សិទ្ធិ​​មនុស្ស រួម​ទាំង​ការអះអាង​ជា​ដដែលៗ​ថា កងទ័ពចិន​នឹង​មាន​មូលដ្ឋាន​របស់​ខ្លួន​នៅ​កម្ពុជា គឺ​ជា​​ស្ថានភាព​តានតឹង​បំផុត​ចុងក្រោយ​នេះ។

បន្ទាប់ពី​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះពន្ធ​ពាណិជ្ជកម្ម EBA ត្រូវ​បាន​ផ្អាក​ដោយ​សហភាព​អឺរ៉ុប ទីក្រុង​ប៉េកាំង​បន្ត​ផ្តល់​ជំនួយ​សម្រាប់​វិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ និង​ថ្មីៗ​នេះ បាន​បញ្ចប់​ការចរចា​លើ​កិ​ច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​កម្ពុជា ខណៈ អាមេរិក​ផ្តោត​ជំនួយ​របស់​ខ្លួន​លើ​វិស័យ​សិទ្ធិ​មនុស្ស។

លោក​បណ្ឌិត រ៉ូ វណ្ណៈ សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ នៅ​សាកល​វិទ្យាល័យ​កម្ពុជា លើក​ឡើង​ថា ទំនាក់​ទំនង​កម្ពុជា-ចិន​ ជា​ទំនាក់ទំនង‌‌ «ដែក​ថែប» ហើយ​កម្ពុជា​ត្រូវ​ការ​ពឹង​អាស្រ័យ​ទៅ​លើ​នយោបាយ សេដ្ឋកិច្ច ការវិនិយោគ និង​ទេសចរណ៍ របស់​ចិន ដើម្បី​ធ្វើ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច។

ក្នុង​ន័យ​សន្តិសុខ លោក បណ្ឌិត រ៉ូ វណ្ណៈ បាន​អះអាង​ថា ចិន​ជា​ចន្ទល់​មហា​អំណាច​មួយ សម្រាប់​កម្ពុជា​ធ្វើ​ជា​ខ្នង​បង្អែក ក្នុង​ករណី​មាន​អស្ថិរភា​ព​ណាមួយ​ជាមួយ​ប្រទេស​ជិត​ខាង។

«សម្រាប់​​ទំនាក់​ទំនង​​កម្ពុជា និងអាមេរិក ហាក់មិនទាន់​មាន​ភាព​ប្រសើរ​ឡើង​ទេ ជាពិសេស​ពាក់ព័ន្ធ​ទៅ​នឹង​នយោបាយ​ការបរទេស មាន​ប្រយោជន៍​ផ្សេង​គ្នា»។

លោក​បាន​បន្ដ​ថា កម្ពុជា​បាន​ទទួល​រង​ការរិះគ​ន់​ពី​​សហរដ្ឋ​អាមេរិក​បន្ទាប់​ពី​មាន​វិបត្តិ​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិ​មនុស្ស ធ្វើ​ឲ្យ​​ទំនាក់​ទំនង​មិន​សូវ​ល្អ ក៏ប៉ុន្តែ​លោក​បាន​យល់​ឃើញ​ថា ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ថ្មី លោក Patrick Murphy ក៏​បាន​ធ្វើ​ឲ្យ​ទំនាក់​ទំនង​នេះ​ងើប​ឡើង​វិញ​ផង​ដែរ។

លោកបណ្ឌិត មាស នី អ្នក​អត្ថាធិប្បាយ​នយោបាយ លើកឡើង​ថា​ មាន​តែ​វៀតណាម​ទេ​ដែល​បា​ន​ចេញ​មុខ​ខ្លាំង​ជាងគេ​ក្នុង​ការប្រឆាំង​នឹង​ចិន ដូចជា​បាន​បង្ហាញ​នូវ​ជំហរ​ក្នុង​ការពង្រឹង​សម្ព័ន្ធភាព​ជាមួយ​សហរដ្ឋ​អាមេរិក នៅ​ពេល​ដែល​ប្រទេស​ខ្លះ​នៅ​ក្នុង​អាស៊ាន ដូចជា​ប្រទេស​ឡាវ និង​កម្ពុជា ហាក់​ដូច​ជា​រអា និង​ស្ថិត​នៅ​ក្នុង​ភាព​ស្ងៀមស្ងាត់ ដូចជា​បាន​ទទួល​នូវ​ឥទ្ធិពល​ពី​ចិន​ខ្លាំង​ជាង​គេ។

លោក​បណ្ឌិត មាស នី បន្ថែម​ថា ពីមុនមក កម្ពុជា​ក៏​ធ្លាប់​ចេញ​មុខ​ការពារ​ផល​ប្រយោជន៍​ចិន​ផងដែរ នៅ​ក្នុ​ង​សមុទ្រ​ចិន​ខាង​ត្បូង កាលពី​កម្ពុជាធ្វើ​ជា​ប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ឆ្នាំ​២​០១២។

លោក មាស នី មានប្រសាសន៍​ថា៖ «បើ​និយាយ​ពី​ជំនួយ មាន​ពីរ​ឥទ្ធិពល​នៅ​ក្នុង​កម្រិត​មួយ​ខុស​គ្នា បើ​យើង​មើល​ពី​ជំនួយ​សហរដ្ឋ​អាមេរិក ផ្ដោតខ្លាំង​ទៅ​លើ​ការ​គោរព​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ ប៉ុន្ដែ​សម្រាប់​ជំនួយ​របស់​ចិន មើល​ទៅ​ហាក់​ដូចជា​ប្រើ​ឥទ្ធិពល​ច្រើន​មក​លើ​រចនា​សម្ព័ន្ធ​នយោបាយ​រប​ស់​រដ្ឋ​នីមួយៗ»។

លោក មាស នី  បន្ថែម​ថា ប្រសិន​បើ​កម្ពុជាល​ម្អៀង​ទៅ​រក​មហា​អំណាច​ណាមួយ អាច​ធ្វើ​ឲ្យ​មាន​ការឃ្លាត​ចាក​ពី​រដ្ឋធម្មនុញ្ញ និង​ត្រូវ​ហែកហួរ​ដោយ​ប្រទេស​មហា​អំណាច ទីបំផុត​អាច​ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិ​ភូមិសាស្រ្ដ​នយោបាយ។

លោក គិន ភា ប្រធានវិទ្យាសា្ថន​ទំនាក់​ទំនង​អន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា ​លើកឡើង​ថា ទោះបីជា​ទំនា​ក់ទំនង​ជាមួយ​អាមេរិក​មិន​សូវ​ល្អ កម្ពុជា​នៅ​តែ​រក្សា​គោល​ជំហរ គឺ​មិន​អាច​កាត់​ផ្តាច់​ទំនាក់​ទំនង​ទីក្រុងវ៉ាស៊ីន​តោន ឬ​ទីក្រុង​ប៉េកាំង​នោះ​ទេ។

លោក គិន ភា បាន​និយាយ​ដូច្នេះ​ថា៖ «កម្ពុជា​មិន​ជ្រើស​យក​ប្រទេស​ណាមួយ​ជំនួស​ប្រទេស​ណាមួយ​ទេរវាង​ទំនាក់​ទំន​ងការបរទេស​របស់​ខ្លួន​ទាំង​នយោបាយ ការអនុត្ត​ជាក់​ស្ដែង  ទាំង​ក្របខណ្ឌ​រដ្ឋធម្មនុញ្ញ គឺ​កម្ពុជា​ប្រកាន់​នយោបាយ​ការបរទេស​មួយ គឺ​មិន​យក​ប្រទេស​ណាមួយ​ជា​សត្រូវ គឺ​រួម​រស់​ដោយ​សន្តិ​សហវិជ្ជមាន​ជាមួយ​បណ្ដា​ប្រទេស​ទាំងអស់ ដូច្នេះ ទំនាក់​ទំនង​ល្អ​ជាមួយ​ចិន មិនមែ​ន​មាន​ន័យ​ថា កម្ពុជា​ត្រូវ​តែ​ជា​សត្រូវ​សហរដ្ឋ​អាមេរិក​ទេ»។

ប្រទេសចិន​បាន​សន្យា​កាល​ពី​ឆ្នាំមុ​នថា នឹង​ផ្តល់​ជំនួយ​ដល់​កម្ពុជា​ចំនួ​ន៦​០០​លាន​ដុល្លារ សម្រាប់​ចាប់​ពី​ឆ្នាំ២០១៩ ទៅឆ្នាំ២០២១ ជាមួយ​នឹង​ការ​សន្យាទិ​ញ​អង្ករ​កម្ពុជា​ចំនួន៤០ម៉ឺនតោន​ ដោយ​ប្តេជ្ញា​ជំ​រុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​បាន​១០ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២៣ និង​ជំរុញ​ការវិនិយោគ​ចិន​បន្ថែម​ទៀត។

ប្រទេស​ចិន​ក៏​ជាអ្នក​វិនិយោគ​បរទេស​ធំ​ជាងគេ​របស់​កម្ពុជា​ផងដែរ ដោយ​មាន​ទុន​វិនិយោគ​ចំនួន​៥,៣​ពា​ន់លាន​ដុល្លារ ឬ​ប្រហែល​១ពាន់​លាន​ដុល្លារ ជារៀងរាល់​ឆ្នាំ នៅ​រវាង​ឆ្នាំ​២​០១៣ និង​ឆ្នាំ​២០១៧។ នេះ​យោង​តាម​ភ្នំពេញ​ប៉ុស្តិ៍​​ដែល​ដកស្រង់​ទិន្នន័យ​ផ្លូវ​ការ។

ចំណែក​ឯ​ការវិនិយោគទុន​របស់​អាមេរិក​នៅ​កម្ពុជា មាន​តម្លៃ​១៥១​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៧ គឺ​កើន​ឡើង​១១,៩% បើ​ធៀប​នឹង​ឆ្នាំ​២០១៦។

នៅ​ក្នុង​សុន្ទរ​កថា​ពី​ចម្ងាយ​នៃ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​តាមរយៈ​ប្រព័ន្ធ Video Conference កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា ប្រទេស​កំពុង​អភិវឌ្ឍន៍​តែង​ត្រូវ​បាន​ក្លាយ​ជា​មុខ​ព្រួញ​នៃ​ការដាក់​ទណ្ឌកម្ម​ចំពោះ​កិច្ច​ដំណើរ​ការ​ប្រឹងប្រែង​កសាង​ជាតិ​របស់​ខ្លួន​ដែល​មិន​បាន​ល្អ​ឥតខ្ចោះ​ស្រប​តាម​ស្តង់ដារ​របស់​ប្រទេស​អភិវឌ្ឍន៍​ ខណៈ​សមត្ថភាព​ប្រទេស​ទន់​ខ្សោយ​ទាំង​នោះ​នៅ​មាន​ការខ្វះខាត​ក្នុង​ការការពារ​សិទ្ធិ​ជា​មូល​ដ្ឋាន។

លោក​បាន​លើក​ឡើង​បន្តថា ការប្រកួ​ត​ប្រជែង​រវាង​ប្រទេស​មហា​អំណាច បានបង្ក​រារាំង​ខ្ទប់​ដល់​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ក្នុង​ការ​ជ្រើសរើស​យក​​ឯករាជ្យ និង អធិប​តេយ្យ​រ​បស់​ខ្លួន ដែល​ជា​មាគ៌ា​សម្រាប់​ការ​អភិវឌ្ឍ​ក៏​ដូចជា​ការជ្រើសរើស​ដៃ​គូ​មិត្តភាព ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍ។

លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្លែង​ថា កម្ពុជា​អត់​មាន​​មូលដ្ឋាន​ទ័ព​ចិន​ឈរជើង​នៅ​​កម្ពុជា​នោះ​ទេ​ ហើយ​បាន​អះអាង​ថា រដ្ឋាភិបាល​នៅ​តែ​រក្សា​ជំហរ​មិត្តភាព សាមគ្គីភាព ទ្វេភាគី​ជាមួយ​អាមេរិ​ក​ដដែល។

លោក សុខ ឥសាន ក៏បានប​ញ្ជាក់​ដែរ​ថា៖ «ក្នុង​ករណី​ណា​ក៏​ដោយ កម្ពុជា​ប្រកាន់​ភ្ជាប់​នូវ​គោល​នយោបាយ​អព្យា​ក្រឹត្យ អចិន្ត្រៃយ៍ ដូច​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ មិន​ឃ្លាត​ឆ្ងាយ​​ពី​រដ្ឋធម្មនុញ្ញ​បាន​ទេ»៕​