(ភ្នំពេញ)៖ ក្នុងទិវាអន្ដរជាតិសម្រាប់សិទិ្ធទទួលព័ត៌មានជាសកល ឆ្នាំ២០២០ អ្នកធ្វើការពាក់ព័ន្ធនឹងវិស័យសារព័ត៌មាននាំគ្នាលើកឡើងអំពីផលវិបាកក្នុងការទទួលបានព័ត៌មានពីមន្រ្តីរដ្ឋាភិបាល។
នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២០នេះ អង្គការយូណេស្កូ ប្រចាំកម្ពុជា បានប្រារព្ធទិវាអន្ដរជាតិសម្រាប់សិទិ្ធទទួលព័ត៌មានជាសកល ពាក់ព័ន្ធនឹងសិទិ្ធទទួលព័ត៌មាននៅពេលមានវិបត្តិ ក្រោមពាក្យស្លោកមួយឃ្លា «សិទ្ធិទទួលព័ត៌មាន៖ សង្គ្រោះជីវិត កសាងទំនុកចិត្ត នាំមកនូវក្ដីសង្ឃឹម!»។
ក្នុងកម្មវិធីនេះមានការបង្ហាញពីតួនាទីសំខាន់នៃការទទួលបានព័ត៌មានក្នុងការជួយសង្គ្រោះជីវិត និងកាត់បន្ថយផលប៉ះពាល់នៃវិបត្តិដូចជាការរាតត្បាតនៃជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ន និងក្នុងការរៀបចំគោលនយោបាយប្រកបដោយចីរភាព។
លោក ណុប វី នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA) បានថ្លែងក្នុងកិច្ចពិភាក្សានៃការប្រារព្ធទិវានេះ ដោយលើកឡើងអំពីឧបសគ្គ និងបញ្ហាប្រឈមរបស់អ្នកសារព័ត៌មានក្នុងការទទួលបានព័ត៌មានអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩។
លោកបញ្ជាក់ថា៖ «កាលពីខែមេសាយើងបានរៀបចំកិច្ចសហការជាមួយអង្គការយូណេស្កូក្នុងការស្ទង់មតិ។ ជាលទ្ធផលបង្ហាញថា៨០ភាគរយនៃការស្ទង់មតិឃើញថា អ្នកសារព័ត៌មានជួបបញ្ហាលំបាកក្នុងការធ្វើបទសម្ភាសន៍ជាមួយអ្នកជំនាញផ្នែកសុខាភិបាលក៏ដូចជាភ្នាក់ងារមន្រ្ដីរាជរដ្ឋាភិបាល ទាក់ទងនឹងជំងឺកូវីដ១៩»។
លោក ណុប វី បានបន្តថា ទាក់ទងនឹងព័ត៌មានរសើបដែលមន្រ្ដីរដ្ឋាភិបាលមានការប្រុងប្រយ័ត្នក្នុងការឆ្លើយតប និងពន្យារពេលផ្ដល់ព័ត៌មានដែលធ្វើឲ្យអ្នកសារព័ត៌មានខកខានក្នុងការចុះផ្សាយជូនប្រជាពលរដ្ឋ។
អំឡុងពេលរាតត្បាតជំងឹកូវីដ១៩ ៩៤ភាគរយនៃអ្នកសារព័ត៌មានភាគច្រើនពឹងផ្អែកលើសេចក្ដីថ្លែងការណ៍របស់រាជរដ្ឋាភិបាលក្នុងការទទួលបានព័ត៌មាន។ តាមការស្ទង់មតិ៦២ភាគរយនៃអ្នកសារព័ត៌មានពឹងផ្អែកលើប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ។ ការស្ទង់មតិចុងក្រោយនេះបង្ហាញថា ៥៨ភាគរយនៃអ្នកសារព័ត៌មាន គឺព្រួយបារម្ភនិងខ្លាចរអារពីការចោទប្រកាន់ផ្នែកផ្លូវច្បាប់ពីព័ត៌មានដែលគាត់យកមកផ្សព្វផ្សាយ។ នេះបើតាមការថ្លែងរបស់លោក ណុប វី។
អ្នកនាង ឡុង គីមម៉ារីតា អ្នកសារព័ត៌មានកាសែតភ្នំពេញប៉ុស្ដិ៍ ក៏បានប្រាប់ Newsroom អំពីផលលំបាករបស់ខ្លួនដែរថា៖ «អំឡុងពេលផ្ទុះនៃជំងឺកូវីដ១៩ដំបូង គឺធ្វើឲ្យអ្នកសារព័ត៌មានពិបាកចុះទៅសម្ភាសន៍ និងទាក់ទងប្រភពផ្ទាល់។ បញ្ហាខ្លះដែលហួសពីសេចក្ដីថ្លែងការណ៍គឺពិបាកស្វែងរកប្រភព និងរកព័ត៌មានដែលគេព្យាយាមលាក់បាំង»។
អ្នកនាងបន្ថែមថា មន្រ្ដីរាជរដ្ឋាភិបាលក៏ដូចជាមន្រ្ដីសាធារណៈ គួរតែបន្ទន់ឥរិយាបថជាមួយការស្វាគមអ្នកសារព័ត៌មាន ដោយកុំចាត់ទុកអ្នកកាសែតជាសត្រូវ ព្រោះរាល់សំនួរគឺដើម្បីផ្ដល់ជាព័ត៌មានមួយជាក់លាក់ជូនដល់ប្រជាពលរដ្ឋ និងសង្គមជាតិ។
ឆ្លើយតបទៅនិងការលើកឡើងខាងលើ លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មានបានថ្លែងក្នុងកិច្ចពិភាក្សាថា កន្លងមកក្រសួងព័ត៌មាន និងក្រសួងមហាផ្ទៃមានការប្រកាសរួមមួយស្ដីពីការបង្កើតមន្រ្ដីអ្នកនាំពាក្យថ្នាក់ក្រោមជាតិ បន្ថែមលើអ្នកនាំពាក្យថ្នាក់ជាតិ។
«រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់បំផុត ដោយបានរៀបចំការផ្ដល់ព័ត៌មានទៅអ្នកសារព័ត៌មានតាមរយៈការបង្កើតអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលដោយមានស្មើភាព ពីគ្រប់ស្ថាប័នភាគីពាក់ព័ន្ធ និងការបើកសន្និសីទសារព័ត៌មានរៀងរាល់សប្ដាហ៍។»
ចំណែកលោក លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល ថ្លែងក្នុងកិច្ចពិភាក្សានោះដែរថា៖ «ទាក់ទងនឹងព័ត៌មានរសើប ដោយសារតែព័ត៌មានមិនទាន់ច្បាស់ការណ៍ ដូច្នេះយើងមិនអាចបញ្ចេញបានទេ។ ប៉ុន្តែប្រសិនបើករណីដែលព័ត៌មានច្បាស់ហើយ យើងនឹងធ្វើសេចក្ដីប្រកាសតាមរយៈក្រសួងសុខាភិបាលជូនដល់សាធារណជន និងអ្នកសារព័ត៌មាន»។
ក្នុងកិច្ចពិភាក្សានោះក៏បានលើកឡើងថា អំឡុងពេលរាតត្បាតជំងឺកូវីដ១៩នេះ មិនត្រឹមតែអ្នកសារព័ត៌មានទេដែលប្រឈមនឹងបញ្ហាក្នុងការទទួលបានព័ត៌មាន ប៉ុន្តែស្រ្ដី ជនជាតិភាគតិច និងជនពិការ ក៏ជួបបញ្ហាក្នុងការទទួលបានព័ត៌មានផងដែរ៕