(ភ្នំពេញ)៖ ​​ក្នុង​ទិវា​អន្ដរជាតិសម្រាប់​សិទិ្ធ​ទទួល​ព័ត៌​មាន​ជា​សកល ឆ្នាំ២០២០ អ្នកធ្វើការ​ពាក់​ព័ន្ធ​នឹង​វិស័យ​សារព័ត៌មាន​នាំគ្នា​លើកឡើង​អំពី​ផល​វិបាក​ក្នុងការ​ទទួល​បាន​ព័ត៌មាន​​ពី​មន្រ្តី​រដ្ឋាភិបាល។

នៅ​ថ្ងៃ​ទី​​ ២៨ ខែ​កញ្ញា ​ឆ្នាំ​២០២០នេះ អង្គ​ការ​យូ​ណេ​ស្កូ ប្រចាំកម្ពុជា ​បាន​ប្រារព្ធ​​​ទិវា​អន្ដរជាតិ​សម្រាប់​សិទិ្ធ​ទទួល​ព័ត៌​មាន​ជា​សកល ពាក់ព័ន្ធ​នឹង​សិទិ្ធ​​ទទួល​​ព័​ត៌​មាន​នៅ​ពេល​​មាន​វិ​បត្តិ​ ​​​ក្រោម​​​ពាក្យ​​ស្លោក​​មួយ​​ឃ្លា​​ «សិទ្ធិ​ទទួល​ព័ត៌​មាន​៖ សង្គ្រោះ​ជីវិត កសាង​ទំនុក​ចិត្ត នាំ​មក​នូវ​ក្ដី​សង្ឃឹម!»។ ​

ក្នុង​កម្ម​វិធី​នេះ​​មានការ​បង្ហាញ​​ពី​​តួ​នាទី​​សំ​ខាន់​​​នៃ​​ការ​ទទួល​បាន​ព័ត៌​មាន​ក្នុង​ការ​​ជួយ​សង្គ្រោះ​ជីវិត និង​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​​នៃ​វិបត្តិ​​ដូ​ចជា​ការ​រាត​ត្បាត​នៃ​ជំងឺ​កូ​វីដ-១៩ នា​ពេល​បច្ចុប្បន្ន​ និង​ក្នុង​ការ​រៀប​ចំ​គោល​នយោបាយ​ប្រ​កប​ដោយ​ចី​រ​ភាព​។

​លោក​ ណុប​ វី​ នាយក​ប្រ​តិ​បត្តិ​​នៃ​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​ (CamboJA) បាន​ថ្លែង​ក្នុង​កិ​ច្ច​ពិភា​ក្សា​នៃ​ការ​ប្រារព្ធ​ទិវា​​នេះ ដោយ​លើកឡើង​​អំ​ពី​​ឧ​បសគ្គ ​និង​បញ្ហា​ប្រឈម​របស់​អ្នក​​សារ​ព័ត៌មាន​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​អំ​ឡុង​ពេល​នៃ​ការ​រាត​​ត្បាត​ជំងឺ​កូ​វីដ១៩។​

លោក​បញ្ជាក់​ថា​៖ «​កាល​ពី​ខែ​មេសា​​យើង​បាន​រៀប​ចំ​កិច្ច​សហ​ការ​ជា​មួយ​អង្គការ​យូ​ណេ​ស្កូក្នុង​ការ​ស្ទង់​មតិ​។ ជា​លទ្ធ​ផល​​​​បង្ហាញ​​​​ថា​​៨​០ភាគរយ​នៃកា​រ​ស្ទង់​ម​តិឃើញថា ​អ្នក​សារ​ព័ត៌​មាន​​ជួប​បញ្ហា​​លំបាក​​ក្នុង​ការ​​ធ្វើ​​បទ​​សម្ភាសន៍​ជាមួយ​​អ្ន​ក​​ជំនាញ​​ផ្នែក​​សុខាភិបាល​​ក៏​​ដូចជា​ភ្នាក់ងារ​មន្រ្ដី​រាជ​​រដ្ឋាភិបាល​ ទាក់​ទង​នឹង​​ជំ​ងឺ​កូវីដ១៩»។

លោក​ ណុប​ វី​ បាន​បន្ត​ថា​ ​ទាក់​ទង​នឹង​​ព័ត៌មាន​​រសើប​​ដែល​មន្រ្ដី​​រដ្ឋាភិបាល​​មា​ន​ការប្រុង​​ប្រយ័ត្ន​​​​ក្នុង​​ការ​ឆ្លើយ​​តប​​ និង​​ពន្យារ​ពេល​​ផ្ដល់​​ព័ត៌មាន​​ដែល​​ធ្វើ​ឲ្យ​​​អ្នក​សារព័ត៌មាន​ខកខាន​ក្នុង​ការ​ចុះ​​ផ្សាយ​ជូន​​ប្រជាពលរដ្ឋ។ ​

អំឡុង​​ពេល​​រាតត្បាត​​ជំងឹ​កូវីដ១៩ ៩៤ភាគរយ​នៃ​អ្នក​សារព័ត៌មាន​ភាគច្រើនពឹង​​ផ្អែកលើ​សេចក្ដីថ្លែងការណ៍​​របស់​​រាជរដ្ឋាភិបាល​ក្នុង​​ការ​ទទួល​បាន​ព័ត៌មាន។ តាម​ការ​ស្ទង់មតិ​៦២​ភាគរយ​នៃ​អ្នក​សារ​ព័ត៌មាន​ពឹង​ផ្អែក​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយរបស់​រដ្ឋ។​ ការ​ស្ទង់​មតិ​ចុង​ក្រោយ​នេះ​បង្ហាញ​ថា ​៥៨​ភាគ​រយ​នៃ​អ្នក​សារព័ត៌មាន​ គឺ​ព្រួយបារម្ភនិងខ្លាច​រអារ​ពី​ការ​ចោទ​ប្រ​កាន់​ផ្នែក​ផ្លូវ​ច្បាប់ពី​​ព័ត៌មាន​ដែល​គាត់​យក​មក​ផ្សព្វផ្សាយ។​ នេះ​បើ​​​តាម​ការ​ថ្លែង​របស់​លោក​ ណុប វី។

អ្នកនាង​ ឡុង គីមម៉ារីតា អ្នក​សារ​ព័ត៌មានកាសែត​ភ្នំពេញ​ប៉ុស្ដិ៍​ ក៏​បាន​ប្រាប់ Newsroom អំពី​​ផល​លំបាក​របស់​ខ្លួន​ដែរ​ថា៖ «អំឡុង​ពេល​ផ្ទុះ​នៃជំងឺ​កូវីដ​១៩ដំបូង គឺ​ធ្វើ​ឲ្យ​អ្នក​សារ​​ព័ត៌មាន​ពិបាក​​ចុះ​​ទៅ​​សម្ភាសន៍​ ​និង​​ទាក់ទង​​ប្រ​ភព​​ផ្ទាល់។​ បញ្ហា​​ខ្លះ​ដែល​​ហួស​​​ពី​​សេចក្ដី​ថ្លែង​​ការណ៍​​គឺ​ពិបាក​ស្វែង​រ​​ក​​ប្រភព ​និង​រក​​ព័ត៌មាន​​ដែល​​គេ​​​ព្យាយាម​​លាក់​បាំង»។

អ្នកនាង​​បន្ថែម​​ថា មន្រ្ដី​រាជ​រដ្ឋាភិបាល​​ក៏​​ដូច​ជា​​មន្រ្ដី​សាធារណៈ គួរ​តែ​​បន្ទន់​​ឥរិយា​បថ​ជាមួយ​ការស្វាគម​​​អ្នក​​សារ​ព័ត៌មាន ដោយ​​កុំ​​ចាត់​​ទុក​​អ្នក​​កាសែត​​ជា​​សត្រូវ ​ព្រោះ​​រាល់​​សំនួរ​​គឺ​​ដើម្បី​​ផ្ដល់​ជា​​ព័ត៌មាន​មួយ​​ជាក់លាក់​​ជូន​​ដល់​​ប្រជា​ពលរដ្ឋ ​និង​សង្គម​ជាតិ។

ឆ្លើយ​តប​ទៅ​និង​ការ​លើក​ឡើង​ខាង​លើ លោក មាស  សុភ័ណ្ឌ អ្នក​នាំ​ពាក្យ​ក្រសួង​​ព័ត៌មាន​បាន​​ថ្លែង​​ក្នុង​​កិច្ច​​ពិភា​ក្សា​​ថា កន្លង​មក​ក្រសួង​ព័ត៌មាន​ និង​ក្រសួង​មហា​ផ្ទៃ​មាន​ការ​ប្រ​កាស​រួម​មួយ​ស្ដី​ពីការ​បង្កើត​មន្រ្ដី​អ្នក​នាំ​ពាក្យថ្នាក់​ក្រោម​ជាតិ បន្ថែម​លើ​អ្នក​នាំ​ពាក្យថ្នាក់​ជាតិ​។

«រាជ​រដ្ឋា​ភិបាល​កម្ពុជា​បាន​យក​ចិត្ត​ទុក​ដាក់​បំផុត​ ដោយ​បាន​រៀប​ចំការ​ផ្ដល់​ព័ត៌មាន​ទៅ​អ្នក​សារ​ព័ត៌មាន​តាម​រយៈ​ការ​បង្កើត​អង្គភាព​អ្នក​នាំ​ពាក្យរាជរដ្ឋាភិបាល​ដោយ​មាន​ស្មើភាព ​ពី​គ្រប់​ស្ថាប័ន​​ភាគី​ពាក់​ព័ន្ធ និង​ការ​បើក​សន្និ​សីទ​សារព័ត៌មាន​រៀង​រាល់​សប្ដាហ៍។​»

ចំណែក​លោក​ លី សូវ៉ាន់​ អ្នក​នាំ​ពាក្យ​ក្រ​សួង​សុ​ខា​ភិ​បាល​ ថ្លែង​ក្នុង​កិច្ច​ពិភាក្សា​នោះ​ដែរ​​ថា៖ «ទាក់​ទង​នឹង​ព័ត៌មាន​រសើប​ ដោយ​សារ​តែ​ព័ត៌មានមិន​ទាន់​ច្បាស់​ការណ៍ ដូ​ច្នេះ​​យើង​​មិន​​អាច​បញ្ចេញ​​បាន​​ទេ។​ ប៉ុន្តែ​​ប្រ​សិ​ន​​បើ​​ករណី​​ដែល​​ព័ត៌មាន​​ច្បាស់​​ហើយ​​ យើង​នឹង​​ធ្វើ​​សេចក្ដី​​ប្រ​កាស​តាម​រយៈ​ក្រសួង​​សុខាភិបាល​​ជូ​ន​​ដ​ល់​​សាធារណជន ​និ​ង​​អ្នក​សារ​ព័ត៌មាន»។

​ក្នុង​កិច្ច​ពិភាក្សា​នោះ​ក៏​បាន​លើកឡើង​ថា អំ​ឡុង​​ពេល​​រាតត្បាត​​ជំងឺ​​កូវីដ​១៩នេះ​ មិន​​ត្រឹម​​តែ​​អ្នក​សារ​​ព័ត៌មាន​​ទេ​​ដែល​ប្រឈម​​នឹង​​បញ្ហា​​ក្នុង​​ការ​ទទួល​បាន​ព័​ត៌មាន​ ប៉ុ​ន្តែ​​ស្រ្ដី​ ជនជាតិ​ភាគតិច​ និង​​ជន​ពិការ​ ក៏​​ជួប​បញ្ហា​​ក្នុង​ការទទួល​បាន​ព័ត៌មាន​​ផង​ដែរ៕​