ធនាគារពិភពលោក បានព្យាករណ៍នៅថ្ងៃទី២៩ ខែកញ្ញ ឆ្នាំ២០២០នេះថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនអវិជ្ជមាន -២ភាគរយសម្រាប់ឆ្នាំនេះ ដែលជាការធ្លាក់ចុះយ៉ាងគំហុកបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រថ្មីៗនេះរបស់កម្ពុជា បន្ទាប់ពីរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីវិបត្តិដែលបង្កឡើងដោយការរាលដាលជំងឺកូវីដ-១៩។
កំណើនអវិជ្ជមាននេះ យោងតាមធនាគារពិភពលោក អាចនឹងមានផលប៉ះពាល់ដល់ធ្ងន់ធ្ងរដល់សុខមាលភាពគ្រួសារនិងធ្វើឲ្យភាពក្រីក្រមានការកើនឡើង។
ធនាគារពិភពលោកបាននិយាយថា «អត្រាភាពក្រីក្រនៅកម្ពុជាទំនងជានឹងកើនឡើងវិញ ដោយសារតែកំណើនសេដ្ឋកិច្ចមានសភាពមិនសូវល្អ បន្ថែមដោយការបាត់បង់ការងារ, ការធ្លាក់ចុះក្នុងចំណូលគ្រួសារ, និងការឡើងថ្លៃទំនិញស្បៀងអាហារផង»។
«ការថមថយកាន់តែខ្លាំងនូវមូលធនមនុស្សក្នុងស្រុក ក៏ជាហានិភ័យមួយទៀតដែរ ដោយសារសកម្មភាពសិក្សានិងលទ្ធផលនៃការរៀនចេះធ្លាក់ចុះ នៅពេលដែលសាលារៀនត្រូវបានបិទទ្វារ»។
កូវីដ១៩ ក៏បានធ្វើឲ្យសេដ្ឋកិច្ច និងក្បាលម៉ាស៊ីនសំខាន់ៗរបស់កម្ពុជា មានដូចជាវិស័យសំណង់ ទេសចរណ៍ និងការនាំចេញទំនិញ បានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ កូវីដ ១៩ ក៏បានធ្វើឲ្យវិស័យសំណង់ និងអចលនទ្រព្យនៅទ្រឹងផងដែរ ដែលជាវិស័យដែលមានការពឹងពាក់ខ្លាំងទៅលើការវិនិយោគពីបរទេស។
វិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចរបស់កម្ពុជាបានដួលរលំ ដោយសារតែការរឹតត្បិតលើការធ្វើដំណើរនិងវិធានការរាំងខ្ទប់ឱ្យនៅមួយកន្លែង។ ចំនួនភ្ញៀវមកដល់បានធ្លាក់ចុះប្រហែល ៦៤,៦ភាគរយ ក្នុងកំឡុងពេល៦ខែដំបូងនៃឆ្នាំ២០២០។
ចំណែកការនាំចេញផលិតផលកាត់ដេរ, សម្ភារធ្វើដំណើរ និងស្បែកជើង បានធ្លាក់ចុះ ៧,២ភាគរយក្នុងកំឡុងពេល៦ខែដំបូងនៃឆ្នាំ២០២០ ហើយទន្ទឹមគ្នានោះការនាំចូលក្រណាត់សម្រាប់យកមកកាត់ដេរ បានធ្លាក់ចុះ ៨៥,៤ភាគរយ។
របាយការណ៍ដដែលនេះថា ការកាត់ប្រព័ន្ធអនុគ្រោះពន្ធ EBA បានធ្វើឲ្យប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជាចំនួន២០ភាគរយ។
យ៉ាងណាក្តី សកម្មភាពសេដ្ឋកិច្ចផ្ទៃក្នុងរបស់កម្ពុជាបានចាប់ផ្តើមកម្រើកបណ្តើរៗឆ្ពោះទៅរកប្រក្រតីភាពឡើងវិញហើយ ក្រោយពីមានការសម្រាលលើវិធានការរក្សាគម្លាតសុវត្ថិភាពសង្គម។
ធនាគារពិភពបាននិយាយដូច្នេះថា «តម្រូវការក្នុងស្រុក រួមមានការធ្វើដំណើរនិងសកម្មភាពទេសចរណ៍ក្នុងស្រុកផង កំពុងតែងើបឡើងវិញ។ កម្ពុជា និងចិន បានប្រកាសបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ (CCFTA) រួចហើយៗកិច្ចព្រមព្រៀងនេះទំនងជានឹងចូលជាធរមានក្នុងឆ្នាំ២០២១»។