អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres គ្រោងនឹងលើកឡើងអំពីរបាយការណ៍ប្រចាំឆ្នាំស្ដីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅថ្ងៃ៣០ ខែកញ្ញា ឆ្នាំ២០២០នេះ។
តាមរយៈទំព័រហ្វេសប៊ុករបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទកសិទ្ធិមនុស្សនៅកម្ពុជា UNHRC លោក António Guterres នឹងធ្វើបទបង្ហាញអំពីរបាយការណ៍ប្រចាំឆ្នាំរបស់លោកទៅក្រុមប្រឹក្សាសិទ្ធិមនុស្សស្តីពីការបំភិតបំភ័យ និងការសងសឹកដែលបានធ្វើឡើងដោយមន្រ្តីសន្តិសុខប្រឆាំងនឹងអ្នកដែលបានសហការជាមួយអង្គការសហប្រជាជាតិ តំណាង និងយន្តការរបស់ខ្លួន នៅក្នុងវិស័យសិទ្ធិមនុស្ស នៅកម្ពុជា។
ស្ថាប័នអង្គការសិទ្ធិមនុស្សមួយនេះ ក៏បានរំលឹកផងដែរថា នៅខែតុលា ឆ្នាំ ២០០៩កន្លងទៅ ក្រុមប្រឹក្សាសិទ្ធិមនុស្សបានស្នើសុំអគ្គលេខាធិការឲ្យរាយការណ៍ជារៀងរាល់ឆ្នាំ ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សលើប្រធានបទនេះ។
UNHRC បានបន្តថាកាលខែសីហា ឆ្នាំ ២០១៩ កន្លងទៅថា អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោកស្រី រ៉ូណា ស្មីត បានកត់សម្គាល់ថាខ្លួនទទួលរបាយការណ៍ជាច្រើនអំពីមន្ត្រីនគរនបាលមូលដ្ឋានដែលមិនបានអញ្ជើញចូលរួមព្រឹត្តិការណ៍វគ្គបណ្តុះបណ្តាល កិច្ចជុំដែលរៀបចំឡើងដោយអង្គការសង្គមស៊ីវិល តែមន្រ្តីអាជ្ញាធរទាំងនោះបានមកថតរូប សាកសួរព័ត៌មាន និងទាមទារលិខិតអនុញ្ញាត។
បន្ទាប់ពីមានអន្តរាគមន៍ពីការិយាល័យ OHCHR កិច្ចប្រជុំនោះត្រូវបានអនុញ្ញាតឲ្យបន្តធ្វើ ក៏តែទោះជាយ៉ាងនេះក៏ដោយ ក៏មន្ត្រីនគរបាល នៅថ្ងៃបន្ទាប់ បានមកទាមទារព័ត៌មានលម្អិតអំពីសកម្មភាព និងឈ្មោះអ្នកចូលរួមពីអង្គការ ហើយក្រុមគ្រួសាររបស់ពួកគេក៏ត្រូវបានឃ្លាំមើលយ៉ាងដិតដល់ផងដែរ។
ជាការឆ្លើយតប លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៏ បាននិយាយថា ការសន្និដ្ឋានថា មានការរឹតត្បិតសិទ្ធិសេរីភាពរបស់អង្គការសង្គមស៊ីវីល និងភ្នាក់ងារអង្គការសហប្រជាជាតិនោះ គឺជាការវិភាគមិនស៊ីជម្រៅ និងមិនបានជួបពិក្សាជាមួយនឹងក្រុមភាគីពាក់ព័ន្ធមានអាជ្ញាធរខាងសមត្ថកិច្ច ដើម្បីឱ្យមានតុល្យភាពនៃការធ្វើការសន្និដ្ឋាននោះទេ។
លោកគូសបញ្ជាក់ថា «ការលើកឡើងនៃការបូកសរុបនៃរបាយការខាងលើនេះ មិនបានធ្វើការពីគ្រោះយោបល់ ជជែកគ្នានិងប្រមួលព័ត៌មានពីគ្រប់ភាគីពាក់ព័ន្ធទេ ជាការសន្និដ្ឋានមួយដែលមិនគ្រប់ជ្រុងជ្រោយ មិនឆ្លើយតបទៅនឹងស្ថានពិតជាក់ស្ដែង នៃការអនុវត្តសិទ្ធិសេរីភាព ហើយមានការលំអៀង»៕