ភ្នំពេញ៖ រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានប្រកាសថា រកបានចំណូលប្រមាណ៦លានដុល្លារ ចូលជាថវិការរដ្ឋក្នុងពេល៩ខែ តាមរយៈការលក់ស្លាកលេខយានយន្ដពិសេសផ្ទាល់ខ្លួន ខណៈដែលកម្ពុជាដាក់ចេញប័ណ្ណបើកបរអន្ដរជាតិជាលើកដំបូង។
ថ្លែងក្នុងពិធីសម្ពាធដាក់ឲ្យដំណើរការជាផ្លូវការប្រព័ន្ធស្វ័យប្រវត្តិកម្មផ្ទេរកម្មសិទិ្ធយានជំនិះ និងមណ្ឌលផ្ដល់សេវាសាធារណៈថ្មី នាថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២០ នៅផ្សារទំនើបជីបម៉ុងណូរ៉ូម៉ល លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថាថវិកានេះគឺចាប់រាប់ពីដើមខែមករា ដល់ខែកញ្ញា។
លោកបន្ថែមថា៖ «ក្នុងរយៈពេល៩ខែនេះ ក្រសួងបានលក់ស្លាកលេខរថយន្ដផ្ទាល់ខ្លូនជាង ២,០០០ គ្រឿងដោយប្រមូលបានជាង ៦លានដុល្លារ។»
ឆ្លៀតក្នុងឱកាសនោះ លោក ក៏បាននិយាយផងដែរថា៖ «ការដាក់លក់ស្លាកលេខពិសេសផ្ទាល់ខ្លួននេះ គឺជាការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋអ្នកប្រើប្រាស់រថយន្ដ។ ការដាក់ដំណើរនេះ គឺជាមធ្យោបាយបង្កើតនូវប្រាក់ចំណូលដែលនឹងជួយទ្រទ្រង់ដល់សេដ្ឋកិច្ចជាតិ។»
នៅថ្ងៃដដែលនោះដែរ លោករដ្ឋមន្រ្ដី ក៏បានធ្វើការណែនាំពីប័ណ្ណបើកបរអន្ដរជាតិ ដោយបានប្រកាសថាវាគឺជាថ្ងៃដំបូងដែលកម្ពុជាចាប់ផ្ដើមដាក់ចេញប័ណ្ណបើកបរអន្ដរជាតិដែលអ្នកបើកបរអាចប្រើប្រាស់ដើម្បីបើកបរក្នុង ៩៩ប្រទេស៕