មន្រ្តីគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) បានចោទប្រកាន់ អាជ្ញាធរមូលរដ្ឋាន និងមន្រ្តីរៀបចំការបោះឆ្នោត (គ.ជ.ប) ថាបង្កភាពយឺតរ៉ាវដល់ដំណើរការរៀបចំការចុះឈ្មោះដាក់អ្នកសង្កេតការណ៍របស់ខ្លួននៅក្នុងឃុំ សង្កាត់ ខណៈដែលមន្រ្តីខ្លះទៀតសេពគ្រឿងស្រវឹងនៅកន្លែងធ្វើការថែមទៀតផង។

តាមរយៈការឡាយវីដេអូរាប់ម៉ោងនៅក្នុងទំព័រហ្វេសបុក LDP កាលពីថ្ងៃទីទី១ និងទី២ ខែតុលា ឆ្នាំ២០២០ មន្រ្តីគណបក្សសម្ព័ន្ធដើម្បីប្រជាធិតេយ្យបាននិយាយថា បញ្ហាដែលបានជួបប្រទះនៅពេលទៅដាក់ពាក្យដាក់អ្នកសង្កេតការណ៍នោះ គឺមានមន្រ្តីខ្លះបានទាមទារឯកសារលើសពីតម្រូវការរបស់ គ.ជ.ប ខណៈដែលមន្រ្តីខ្លះអវត្តមានពីសាលាឃុំ និងខ្លះទៀតបានសេពគ្រឿងស្រវឹងនៅកន្លែងធ្វើការថែមទៀតផង។

មន្រ្តីគណបក្សសម្ព័ន្ធដើម្បីប្រជាធិតេយ្យ លោក លី សាងឡេង បាននិយាយថា «មានមេឃុំខ្លះអត់នៅកន្លែង រហូតដល់យើងតាម ហើយខ្លះវិញនៅសាលាឃុំហើយ កំពុងតែផឹកស្រា អាហ្នឹង នៅព្រៃវែង» ។

មន្រ្តី LDP ក៏បានរិះគន់ការមិនទទួលយកឯកសារជាទម្រង់បញ្ឈរ របស់ខ្លួនដោយថា មន្រ្តីមូលដ្ឋានទាមទារយកទម្រង់ផ្តេកតាម គ.ជ.ប។

លោក សោម សូរីដា អគ្គលេខាធិការរងនៃគ.ជ.ប បានបញ្ជាក់ប្រាប់ Newsroom Cambodia ថា ការចោទប្រកាន់នេះ មិនអាចទទួលយកបានទេ ហើយបានហៅការចោទនេះជាការលើកឡើងរបស់ភាគីតែម្ខាង។

លោក បាននិយាយថា LDP គួរផ្តល់ភស្តុតាងឲ្យបានគ្រប់គ្រាន់មកកាន់គ.ជ.ប។ លោកបានបន្ថែមថា៖ «ព័ត៌មាននេះជាព័ត៌មានតែម្ខាង មិនគួរធ្វើការបរិហារក្រៅប្រព័ន្ធនោះទេ ក្នុងករណីបែបនេះ គួរតែធ្វើលិខិតមក គ.ជ.ប សុំការបញ្ជាក់ ឬក៏ប្ដឹងតែម្ដង»។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប បានបកស្រាយប្រាប់ Newsroom Cambodia កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ ថាមន្រ្តី LDP មានការភ័ន្តច្រឡំថាបក្សខ្លួនបាត់បង់ឱកាសក្នុងការដាក់ភ្នាក់ងារគណបក្សនយោបាយ​ ដោយគិតថានៅថ្ងៃនៅទី១ ខែតុលា ឆ្នាំ២០២០ ថាជាថ្ងៃចុងក្រោយ។  

លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «វាមិនមានភាពយឺតយ៉ាវនោះទេ ព្រោះការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ នឹងធ្វើដល់ថ្ងៃទី២១ ខែធ្នូ ដូច្នេះពួកគាត់អត់ទាន់យឺតយ៉ាវនោះទេ»៕