ក្រសួងសុខាភិបាល បានប្រកាសនៅថ្ងៃអាទិត្យ ទី០៤ ខែតុលា ឆ្នាំ២០២០នេះថា បានរកឃើញអ្នកផ្ទុកជំងឺកូវីដ ១៩ ពីរនាក់ថែមទៀត​ លើបុរសជាជនជាតិបារាំង អាយុ២៧ឆ្នាំ និងស្ត្រី ជនជាតិឥណ្ឌា អាយុ៣៧ ដែលបានធ្វើដំណើរតាមជើងហោះហើរមកកម្ពុជា។

បុរសបរទេស គឺជាអ្នកដំណើរពីប្រទេសបារាំង ដែលបានឆ្លងកាត់ប្រទេសសាំងហ្គាពួរ តាមជើងហោះហើរមកដល់កម្ពុជានៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០។

រីឯស្ត្រីវិញ គឺជាអ្នកដំណើរមកពីប្រទសឥណ្ឌា តាមជើងហោះហើរមកដល់កម្ពុជានៅថ្ងៃ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ផងដែរ។

តាមរយៈការធ្វើតេស្តលើកទី១ ក្រសួងបានរកឃើញថា ពួកគាត់ទាំងពីរនាក់អវិជ្ជមានកូវីដ ១៩ តែមកដល់ថ្ងៃទី៣ នៃការធ្វើចត្តឡីស័កដោយខ្លួនឯង ទើបលទ្ធតេស្តលើកទី២ បានបង្ហាញថា បុរស និងស្ត្រី ទាំងពីរនាក់នេះ វិជ្ជមានកូវីដ១៩។ នេះយោងតាមក្រសួងសុខាភិបាល។

គិតត្រឹមព្រឹក ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ កម្ពុជាមានអ្នកវិជ្ជមានកូវីដ ១៩ សរុប២៨០នាក់ ហើយព្យាបាលជាសះស្បើយចំនួន ២៧៥នាក់ ដែលបច្ចុប្បន្ននៅសល់អ្នកជំងឺ៥នាក់ទៀត កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យរាជធានី-ខេត្ត៕