(ភ្នំពេញ)៖ បន្ទាប់ពីលោក សុវណ្ណ រិទ្ធី អតីតនិពន្ធនាយក TVFB ត្រូវបានដោះលែងក្រោមការព្យួរទោសពីបទ «ញុះញង់ឲ្យមានចលាចលក្នុងសង្គម» ក្រោយជាប់ឃុំអស់រយៈពេលជាង៥ខែ សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) បានសម្តែងការព្រួយបារម្ភលើសេរីភាពសារព័ត៌មាន និងថា នេះជាការគំរាមកំហែងដល់ការបន្តប្រើប្រាស់សេរីភាពអ្នកសារព័ត៌មានដែលកំពុងបំពេញវិជ្ជាជីវៈ។
ការចេញសេចក្តីព្រួយបារម្ភរបស់ខេមបូចា ធ្វើឡើងបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញបើកសវនាការជំនុំជម្រះ ដោយសម្រេចផ្ដន្ទាទោសអតីតអគ្គនាយកសារព័ត៌មាន TVFB រូបនេះដាក់ពន្ធនាគាររយៈពេល១៨ខែ។ ចៅក្រមបានប្រកាសដោះលែងលោក សុវណ្ណ រិទ្ធី មកត្រឹមការអនុវត្តទោសទោសក្នុងពន្ធនាគារតែ៥ខែ ២៨ ថ្ងៃ ហើយទោសសេសសល់គឺត្រូវព្យួរ។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) ចេញនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ នេះបញ្ជាក់ថា ខេមបូចាសម្ដែងការព្រួយបារម្ភក្រោយពេលសាលាដំបូងរាជធានីភ្នំពេញបានប្រើក្រមព្រហ្មទណ្ឌកាត់ទោសឲ្យលោក សុវណ្ណ រិទ្ធី អតីតនិពន្ធនាយកសារព័ត៌មាន TVFB មានទោសជាប់ពន្ធនាគារ១៨ខែ ទោះបីជាទោសនេះត្រូវបានប្រកាសព្យួរ។
«សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) ស្វាគមន៍ការប្រកាសដោះលែងលោក សុវណ្ណ រិទ្ធី អោយមានសេរីភាពឡើងវិញ។ ទោះជាយ៉ាងណា ខេមបូចាមានការខកចិត្តចំពោះការកំណត់អោយលោក សុវណ្ណ រិទ្ធី មានទោសដាក់ពន្ធនាគាររហូតដល់ទៅ១៨ខែ»។
ខេមបូចាបន្ថែមថា ករណីរបស់លោក សុវណ្ណ រិទ្ធី គឺជាករណីទី១ ដែលអ្នកយកព័ត៌មានត្រូវបានកាត់ឲ្យមានទោសក្នុងអំឡុងពេលដែលគាត់រាយការណ៍ពីកូវីដ១៩ ហើយថា នេះបង្ហាញពីការគំរាមកំហែងដល់ការបន្តប្រើប្រាស់សេរីភាពអ្នកសារព័ត៌មានដែលកំពុងបំពេញវិជ្ជាជីវៈផេ្សងទៀត ដែលកំពុងរាយការណ៍ពីការរាលដាលជំងឺកូវីដ១៩។
សេចក្តីប្រកាសព័ត៌មានរបស់ខេមបូចាដដែល បានស្រង់សម្តីរបស់នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ណុប វី ថា៖ «លោក សុវណ្ណ រិទ្ធី គ្រាន់តែបានប្រើប្រាស់តួនាទីរបស់គាត់ជាអ្នកសារព័ត៌មានម្នាក់ ដោយស្រង់សម្ដីរបស់ប្រភពមកផ្សព្វផ្សាយ ដូច្នេះការដាក់ទោសលើអ្នកសារព័ត៌មានដោយប្រើប្រាស់ក្រមព្រហ្មទណ្ឌគឺនៅតែជាការគំរាមកំហែង និងបង្កើតអោយមានការភ័យខ្លាចដល់អ្នកសារព័ត៌មានផ្សេងទៀត ហើយឆ្លុះបញ្ចាំងថាច្បាប់ស្ដីពីរបបសារព័ត៌មានមិនត្រូវបានយកមកអនុវត្ត»។
ខេមបូចាក៏បានអំពាវនាវ និងស្នើសុំឲ្យតុលាការទម្លាក់ចោលបទចោទប្រកាន់ទាំងឡាយប្រឆាំងអ្នកសារព័ត៌មានផ្សេងទៀត និងអំពាវនាវទៅដល់ក្រសួងព័ត៌មានផ្ដល់ជូនឡើងវិញនូវអាជ្ញាប័ណ្ណមជ្ឈមណ្ឌលផ្សព្វផ្សាយ TVFB ជូនដល់លោក សុវណ្ណ រិទ្ធីដើម្បីឲ្យគាត់អាចបន្តអាជីពជាអ្នកសារព័ត៌មានបានជាបន្តទៀត។
លោក គុជ គឹមឡុង អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បដិសេធមិនធ្វើអត្ថាធិប្បាយ ដោយប្រាប់ថារវល់ប្រជុំ។
ចាប់ពីខែមេសាមក យ៉ាងហោចណាស់មានអ្នកសារព័ត៌មានចំនួន៣នាក់ ត្រូវបានចាប់ខ្លួនដោយសារការបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក ការសរសេរ ឬការរាយការណ៍តាមបណ្តាញសង្គមមួយនេះ។ ក្នុងនោះមានលោក សុវណ្ណ រិទ្ធី លោក សុខ ឧត្តម ដែលជាអ្នកសារព័ត៌មាននៅខេត្តកំពង់ឆ្នាំង និងចុងក្រោយ គឺលោក រស់ សុឃិត ចាងហ្វាងសារព័ត៌មានជាតិខ្មែរ៕