(ភ្នំពេញ)៖ បន្ទាប់ពី​លោក​ សុវណ្ណ រិទ្ធី អតីត​និពន្ធ​នាយក​ TVFB ត្រូវ​បាន​ដោះ​លែង​​​​​​​​ក្រោម​​ការ​ព្យួរ​ទោស​​ពី​បទ «ញុះ​ញង់​ឲ្យ​មាន​ចលាចលក្នុង​សង្គម» ក្រោយ​ជាប់​ឃុំ​អស់​រយៈពេល​ជាង​៥​ខែ សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា (ខេម​បូចា) បាន​សម្តែង​ការ​ព្រួយ​​បារម្ភ​លើ​សេរីភាព​សារព័ត៌មាន និង​ថា ​នេះ​ជា​ការ​គំរាម​កំហែង​ដល់​ការ​​បន្ត​ប្រើ​ប្រាស់​សេរីភាព​​អ្នក​សារ​ព័ត៌មាន​ដែល​កំពុង​បំពេញ​វិជ្ជាជីវៈ។​

ការ​ចេញ​សេចក្តី​ព្រួយ​បារម្ភ​របស់​ខេម​បូចា ធ្វើ​ឡើង​បន្ទាប់​ពី​សាលា​ដំបូង​រាជធានី​​ភ្នំពេញ​​​​បើក​សវនាការ​​ជំនុំ​​ជម្រះ ​ដោយ​សម្រេច​ផ្ដន្ទាទោស​អតីត​អគ្គ​នាយក​សារព័ត៌មាន TVFB រូបនេះ​ដាក់​ពន្ធ​នាគារ​រយៈ​ពេល​​​១៨​ខែ។ ចៅក្រម​បាន​ប្រកាស​ដោះ​លែង​​លោក សុវណ្ណ រិទ្ធី​ ​មក​ត្រឹម​ការ​អនុវត្ត​ទោស​ទោស​ក្នុង​ពន្ធនាគារ​​តែ​៥​ខែ ២៨ ​ថ្ងៃ​ ហើយ​​​ទោសសេស​សល់​គឺ​ត្រូវ​ព្យួរ។

ក្នុង​​​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សម្ព័ន្ធ​អ្នកសារព័ត៌មាន​​កម្ពុជា (ខេមបូចា) ចេញ​នៅ​ថ្ងៃ​ទី​៥ ខែ​តុលា ឆ្នាំ​២០២០ នេះ​បញ្ជាក់​ថា ​ខេម​បូចា​​សម្ដែង​ការ​ព្រួយ​បារម្ភ​ក្រោ​យ​ពេល​​​សាលា​​ដំបូង​រាជធានី​ភ្នំពេញ​បាន​​​ប្រើ​​ក្រម​​ព្រហ្ម​ទណ្ឌ​កាត់​ទោស​ឲ្យ​​​លោក​ សុវណ្ណ រិទ្ធី អតីត​និពន្ធ​នាយក​សារព័ត៌មាន​ TVFB​ មាន​ទោស​ជាប់​ពន្ធនាគារ​១៨​ខែ​ ទោះបីជា​ទោសនេះ​ត្រូវបាន​ប្រកាស​ព្យួរ។

«សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា (ខេម​បូចា) ស្វាគមន៍​ការ​ប្រកាស​ដោះ​លែងលោក​ សុវណ្ណ រិទ្ធី អោយ​មាន​សេរីភាព​ឡើង​វិញ។ ទោះ​ជា​យ៉ាង​ណា​ ខេមបូចា​មាន​ការ​ខក​ចិត្តចំពោះ​ការ​កំណត់​អោយ​លោក សុវណ្ណ រិទ្ធី មាន​ទោស​ដាក់​ពន្ធ​នាគារ​រហូត​ដល់​ទៅ​១៨ខែ»។

ខេមបូចា​បន្ថែមថា​ ករណី​របស់​លោក សុវណ្ណ​ រិទ្ធី គឺ​ជា​ករណីទី​១ ដែល​អ្នក​យក​ព័ត៌មាន​ត្រូវ​បាន​កាត់​ឲ្យ​មាន​ទោស​ក្នុង​អំឡុង​ពេល​ដែល​គាត់​រាយ​ការណ៍​ពី​កូ​វីដ១៩ ហើយ​ថា នេះ​បង្ហាញ​ពី​ការ​គំរាម​កំហែង​​​ដល់​ការ​​បន្ត​ប្រើ​ប្រាស់​​សេរីភាព​​​អ្នក​សារ​ព័ត៌មាន​​ដែល​កំពុង​បំពេញ​វិជ្ជាជីវៈផេ្សង​ទៀត ដែល​កំពុង​រាយការណ៍​ពី​​ការ​រាល​ដាល​ជំងឺ​​កូវីដ១៩។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខេម​បូចា​ដដែល​ បាន​ស្រង់​សម្តី​​របស់​នាយក​ប្រតិបត្តិ​សម្ព័ន្ធអ្នក​សារ​ព័ត៌មាន​កម្ពុជា លោក​ ណុប វី ថា៖ «លោក​ សុវណ្ណ​ រិទ្ធី គ្រាន់តែ​បាន​ប្រើ​ប្រាស់​តួនាទី​របស់​គាត់ជា​អ្នកសារព័ត៌មាន​ម្នាក់ ដោយ​ស្រង់សម្ដីរបស់​​ប្រភពមក​ផ្សព្វផ្សាយ​ ដូច្នេះ​ការ​ដាក់​ទោស​លើ​អ្នក​សារព័ត៌មាន​ដោយ​ប្រើ​ប្រាស់​ក្រម​ព្រហ្ម​ទណ្ឌគឺនៅ​តែ​ជា​ការ​គំរាម​កំហែង​ និង​បង្កើត​អោយ​មាន​ការ​ភ័យ​​​ខ្លាច​ដល់​អ្នក​សារព័ត៌មាន​ផ្សេង​ទៀត ហើយ​ឆ្លុះ​បញ្ចាំង​ថាច្បាប់​ស្ដី​ពី​របប​សារ​ព័ត៌មាន​មិន​ត្រូវ​បាន​យក​មក​អនុវត្ត»។

ខេម​បូចា​ក៏​បាន​​អំពាវនាវ​ និង​ស្នើសុំ​ឲ្យ​​​តុលាការ​ទម្លាក់​​ចោល​​បទ​ចោទ​ប្រ​កាន់​ទាំង​ឡាយ​ប្រ​ឆាំង​អ្នក​សារព័ត៌មាន​​ផ្សេង​ទៀត និង​អំពាវ​នាវ​ទៅ​ដល់​ក្រសួង​ព័ត៌មាន​ផ្ដល់​ជូន​ឡើង​វិញ​នូវ​អាជ្ញាប័​ណ្ណ​មជ្ឈ​មណ្ឌល​ផ្សព្វ​ផ្សាយ​ TVFB ជូន​ដល់​លោក​ សុ​វណ្ណ​ រិទ្ធី​ដើម្បីឲ្យ​គាត់​អាច​បន្ត​អាជីព​ជា​អ្នក​សារ​ព័ត៌មាន​បាន​ជា​បន្ត​ទៀត។

លោក គុជ គឹមឡុង អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បដិសេធ​មិនធ្វើ​អត្ថាធិប្បាយ​ ដោយ​ប្រាប់​ថា​រវល់​ប្រជុំ។​

ចាប់​ពី​ខែ​មេសា​មក យ៉ាង​ហោចណាស់​មាន​​អ្នក​សារ​ព័ត៌មានចំនួន​​៣​នាក់​ ត្រូវ​បាន​ចាប់​ខ្លួន​​ដោយសារ​ការ​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ការ​សរសេរ ​ឬ​ការ​រាយ​ការណ៍​តាម​បណ្តាញ​សង្គម​មួយ​នេះ។​ ក្នុង​នោះ​មាន​លោក សុវណ្ណ រិទ្ធី​ លោក​ សុខ ឧត្តម ​ដែល​ជា​អ្នក​សារ​ព័ត៌មាន​នៅ​ខេត្ត​កំពង់ឆ្នាំង​ និង​ចុង​ក្រោយ ​គឺ​លោក​ រស់ សុឃិត ចាងហ្វាង​សារ​ព័ត៌មាន​ជាតិ​ខ្មែរ​៕