អភិបាលក្រុងសៀមរាប លោក នួន ពុទ្ធារ៉ា បាននិយាយកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ ថាប្រជាពលរដ្ឋភាគច្រើនបានរុះរើសំណង់របស់ខ្លួចរួចហើយ បន្ទាប់ពីរយៈពេលកំណត់១០ថ្ងៃ ដែលអាជ្ញាធរបានទុកពេលឲ្យ ដើម្បីយកទីកន្លែងដើម្បីសាងសង់ផ្លូវ ៣៨ខ្សែថ្មី នៅក្នុងក្រុង។
រដ្ឋបាលខេត្តសៀមរាប បានជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅ ឬសាងសង់រំលោភលើដីចំណីផ្លូវ ឲ្យធ្វើការរុះរើចាប់ពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ ហើយក៏បានប្រកាសថានឹងគ្មានសំណងអ្វីនោះឡើយ។
លោក នួន ពុទ្ធារ៉ា បាននិយាយប្រាប់ Newsroom Cambodia ដូច្នេះថា «ក្នុងកាលកំណត់ឲ្យរុះរើហ្នឹងមកទល់ថ្ងៃនេះ ភាគច្រើនពួកគាត់ (ប្រជាពលរដ្ឋ) សហការរុះរើបានច្រើនហើយតែមិនទាំងស្រុង នៅខ្លះទៀតមានការយឺតយ៉ាវព្រោះប៉ុន្មានថ្ងៃនេះវាមានភ្លៀង»។
លោក នួន ពុទ្ធារ៉ា មិនបាននិយាយពីចំនួនប្រជាពលរដ្ឋដែលបានរុះរើហើយនោះទេ ហើយបានរៀបរាប់ថាតាមផែនការគ្រឿងចក្រត្រូវចាប់ផ្តើមធ្វើនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០នេះ ប៉ុន្តែលោកថានឹងនៅបន្តមើលតាមស្ថានភាពជាក់ស្តែងសិន។
លោកបាននិយាយថាការសាងសង់ផ្លូវទាំងនេះមិនបានរំលោភលើដីឯកជននោះឡើយ ពោលគឺធ្វើតែនៅលើដីផ្លូវសាធារណៈតែប៉ុណ្ណោះហើយ ការប៉ះពាល់វិញ ភាគច្រើនគឺប៉ះរបង និងសំយាបផ្ទះ ពីព្រោះប្រជាពលរដ្ឋមួយចំនួនបានសាងសង់ចូលដីផ្លូវ តាំងពីយូរមកហើយ។
លោកបានមានប្រសាសន៏ថា៖ «វាមានប៉ះពាល់ដល់ប្រជាពលរដ្ឋមួយចំនួនដែរ ប៉ុន្តែជារួមប្រជាពលរដ្ឋសាទរ ហើយនាំគ្នាសហការ ចុះរុះរើតាំងពីពេលជូនដំណឹងរហូតមកដល់ពេលនេះ»។
លោកសោម លីន ជាអ្នកលក់ដូរ និងជាប្រជាពលរដ្ឋមួយរូបដែលរស់នៅភូមិតាភុល ឃុំស្វាយដង្គំ ស្រុកសៀមរាប ខេត្តសៀមរាប បានរៀបរាប់ទាំងសកម្មភាពកំពុងរើតូបលក់ឥវ៉ាន់ទាំងភ្លៀងរលឹមថា លោកមិនមានបញ្ហាចំពោះរឿងដែលអាជ្ញាធរឲ្យរុះរើ នោះទេពីព្រោះថា ការរុះរើនេះធ្វើឡើងចំពោះប្រជាពលរដ្ឋគ្រប់គ្នា។
លោកបានបន្ថែមថាបើទោះបីជាប៉ះពាល់ចូលប្លង់រឹងបន្តិចបន្តួចក្តី ក៏នៅតែមិនមែនជាបញ្ហាព្រោះឲ្យតែបានផ្លូវធ្វើដំណើរ ហើយបង្កលក្ខណៈងាយស្រួលដល់ការរកស៊ីទៅ គឺវាល្អណាស់ទៅហើយ។
លោក សោម លីនបាននិយាយថា៖ «អត់អីទេព្រោះជាតម្រូវការតែប៉ុណ្ណឹងទៅហើយវាស្មើភាពគ្នា ណាមួយមិនមែនប៉ះតែខ្ញុំផង អ្នកតូចអ្នកធំអីវាទៅទាំងអស់ហ្នឹង»៕